ម្ចាស់ផ្ទះជួល​​ ជាង៤០០០​​ទីតាំង​​​ ស្មើ​​នឹង​៨១១៩៨​​បន្ទប់​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋាករ​​ទឹក

គិត​មកដល់​​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ យុទ្ធនាការ​​ក្នុង​​ការ​​ចុះ​​កិច្ច​សន្យា​លក់​ទឹក​ ​ជាមួយ​​ម្ចាស់​​ផ្ទះ​ជួល​​ និង​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ​​ ​សំរេច​បានចំនួន​ ​៤១៩៩​​ទីតាំង​​ម្ចាស់​ផ្ទះ​​ស្មើ​នឹង​​៨១១៩៨​បន្ទប់​​ ដោយ​​​គិត​​ជា​ភាគរយ ​៨៩,៧៤​​ភាគ រយ។

5យុទ្ធនាការ​​លើ​កិច្ចសន្យា​​ជាមួយ​​ម្ចាស់​ផ្ទះ​​ជួល​​នេះ​​ ក្នុង​ន័យ​​ដែល​​រដ្ឋាករទឹក​​ស្វយ័ត​​ក្រុងភ្នំពេញ​​ បាន​​បញ្ចុះ​​ថ្លៃ​ទឹក​​១.០៣០​រៀល​​ក្នុង​​​មួយ​​​ម៉ែត្រ​គូប​​​ និង​​​បញ្ចុះ​​តម្លៃ​ថែ​​ទាំ​លូ​​​១០%​​​ សម្រាប់​​ម្ចាស់​​ផ្ទះ​ជួល​​​ និង​​​បន្ត​​លក់​​ថ្លៃ​​​ទឹក​​​១.២០០​​រៀល​​​ក្នុង​​​១​ម៉ែត្រ​គូប​​​ ចំពោះ​​​កម្មករ​​ និស្សិត​​ ដែល​ជួល​ផ្ទះ​​។

យោង​តាម​​ស្ថិតិ​​របស់​រដ្ឋាករ​ទឹក​ បាន​បង្ហាញថា​​ ក្នុង​​តំបន់​​សេវា​​ផ្គត់ផ្គង់​​ទឹក​ស្អាត​​ បច្ចុប្បន្ន​​របស់​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ​​មាន​​អតិថិ​ជន​​​​ចំនួន​​៤.៣៥៦​​​នាក់​ ដែល​​បាន​​ធ្វើ​​អាជីវកម្ម​​បន្ទប់​ជួល​​។ សរុប​បន្ទប់​​​ជួល​​​ទាំងអស់​​​មាន​​​ចំនួន​​​៩០.៤៧៨​​​​បន្ទប់​។​ ជា​មួយ​នឹង​​តម្លៃ​​លក់​ថេរ​​១.០៣០​រៀល​ ​ក្នុង​មួយ​​ម៉ែត្រគូប​ ​និង​​វិធានការ​​កាត់បន្ថយ​ ​បន្ទុក​​ចំណាយ​​បន្ថែម​​របស់​​ម្ចាស់ផ្ទះ​ និង​​កម្មករ​​ នៅ​តាម​​បន្ទប់​​ជួល​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ​នឹង​​ដាក់​​កម្មវិធី​​ចុះ​ជួប​​ផ្ទាល់​​ជាមួយ​​ម្ចាស់ផ្ទះ​ ដើម្បី​​ចរចា​រ​សម្រប​សម្រួល​​ឲ្យ​​ម្ចាស់​ផ្ទះ​​ឯកភាព​​ លក់​​បន្ត​ទៅ​​កម្មករ​​ ជួល​​បន្ទប់​​ ក្នុង​តម្លៃ​​ត្រឹម​​១.១០០​​រៀល ​​ទៅ​​១.២០០​​រៀល​ ​ក្នុង​​មួយ​ម៉ែត្រ​​គួប​។

ដូច្នេះ​អ្នក​​នៅ​តាម​​បន្ទប់​ជួល​ រួម​​ទាំង​​កម្មករ​ សិស្ស​ និស្សិត​​ក្រីក្រ​ ត្រូវ​បាន​​បន្ធូរ​បន្ថយ​​បន្ទុក​​ចំណាយ​​លើ​ថ្លៃ​​ទឹក​ពី​​៣០០​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប​​។ ក្នុង​​តម្លៃ​​លក់​​ឲ្យ​ម្ចាស់​ផ្ទះ​​១.០៣០​រៀល​​ក្នុង​មួយ​​ម៉ែត្រ​គូប​​នេះ​​ចំណូល​​ របស់​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុងភ្នំពេញ​ នឹង​​ត្រូវ​​កាត់​បន្ថយ​​ប្រមាណ​​៨៦៤​​លាន​​រៀល​​ក្នុង​មួយឆ្នាំ៕

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative