កុមារ​​​ចាក់ថ្នាំ​បង្ការ​មានសុខភាព​ល្អ

បរិយាកាស​នៅប្រទេសកម្ពុជា​មានការផ្លាស់​ប្ដូរជានិច្ច ពីមួយរដូវ​ទៅមួយរដូវ ធ្វើឱ្យទារក​ដែលកើត​មកហើយ រស់នៅ​ក្នុងសង្គមជួប​ប្រទះនូវជម្ងឺ​ជាច្រើន ដូចជាជម្ងឺ​របេង កញ្ជ្រិល គ្រុនស្វិត​ដៃជើង តេតាណូស ខាន់ស្លាក់ រលាក​ស្រោមខួរ ក្អកមាន់ រលាកថ្លើម​ប្រភេទបេ​ជាដើម។ ជម្ងឺទាំង​នេះ ច្រើនតែ​កើតឡើង​ទៅលើកុមារ ដែលមិនបាន​ចាក់ថ្នាំ​ការពារ។ កុមារគ្រប់រូប​អាចចាក់ ថ្នាំការពារ​ជម្ងឺទាំងអស់​នេះបាន។ ប្រសិនបើ​កុមារមិនបាន​ចាក់ថ្នាំការពារ​ជម្ងឺទាំងអស់​នេះទេ កុមារនឹងមាន​គ្រោះថ្នាក់​ដល់ស្លាប់។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាល​ពីមុន ឪពុកម្ដាយ​នៅមិនទាន់​យល់ គាត់មិនចង់​ឱ្យកូនចាក់​ថ្នាំបង្ការទេ ដោយខ្លាច​ចាក់ទៅធ្វើ​ឱ្យកូនរបស់​គាត់ក្ដៅខ្លួន។ បច្ចុប្បន្ន​នេះ ការផ្សព្វផ្សាយ​របស់ក្រសួង​សុខាភិបាល​តាមរយៈសារព័​ត៌នានាៗ ដូចជា​វិទ្យុ ទូរទស្សន៍​ជាដើម នោះធ្វើឱ្យឪពុក​ម្ដាយកាន់តែ យល់​ច្បាស់ ហើយបាននាំ​កូនមកចាក់​ថ្នាំបង្ការដល់​មន្ទីរពេទ្យ​ផ្ទាល់តែម្ដង។

ហេតុអ្វីបាន​ជាកុមារត្រូវ​ចាក់ថ្នាំបង្ការ?

តាមកម្ម​វិធីជាតិ ការចាក់ថ្នាំ​បង្ការធ្វើទៅ​លើកុមារអាយុ​ក្រោម៥ឆ្នាំ ព្រោះថាតាម​ការសិក្សាបាន​បង្ហាញថា នៅប្រទេស​កម្ពុ ជា អត្រានៃ​ការស្លាប់របស់​កុមារដែលមាន​អាយុក្រោម៥​ឆ្នាំមានអត្រា​ខ្ពស់។ ការចាក់ថ្នាំ​បង្ការមាន​៧មុខ គឺថ្នាំវ៉ាក់​សាំង ជម្ងឺ​របេង រលាកថ្លើម​ប្រភេទបេ ក្អកមាន់ ខាន់ស្លាក់ តេតា​ណូស គ្រុនស្វិត​ដៃជើង និងវ៉ាក់​សាំងជម្ងឺ​កញ្ជ្រិល។ កុមារគ្រប់រូបអាច​មានគ្រោះថ្នាក់ ដល់ស្លាប់ ដោយសារជម្ងឺ​ធ្ងន់ធ្ងរ​ទាំងនេះ។

ជម្ងឺ​កញ្ជ្រិលនេះ ក្រៅពីធ្វើឱ្យ​កុមារកើតជម្ងឺ​ខ្វះអាហារូបត្ថម្ភ និងខួរក្បាល​រីកលូតលាស់​មិនបានល្អ វាបណ្ដាល​ឱ្យកុមារខ្វាក់ ភ្នែក ដោយសារខ្វះ​ជីវជាតិអា ទៅជាជម្ងឺ​ឡើងបាយ​ភ្នែក ដែលនាំឱ្យ​កុមារខ្វាក់ភ្នែក​បាន។ រីឯជម្ងឺ​តេតាណូស កើតឡើង​តាមមុខរបួស ដែលកខ្វក់ វាក៏អាច​សម្លាប់មនុស្ស​បានដែរ បើសិនជា​យើងមិនចាក់​ថ្នាំការពារ។

ដូច្នេះ ការសំខាន់​ត្រូវនាំកូន​ទៅមន្ទីរពេទ្យ​ដើម្បីទទួល​ការចាក់ថ្នាំ​ការពារ សមដូច​ឃ្លាមួយបាន​ពោលថា ការពារប្រសើជា ជាង​ព្យាបាល។ ចាក់ថ្នាំ​បង្ការអស់​លុយតិច ហើយការពារ​បានជម្ងឺគ្រប់​មុខទៀតផង។ បើយើងមិន​ចាក់ទេ ដល់ពេល​កូនឈឺ យើងត្រូវ ចំណាយថវិការ​ច្រើន ពេលវេលា​ក៏ច្រើន ហើយកុមារ​អាចស្លាប់ ឬអាច​ពិការបាន។

ពេលណា​ត្រូវចាក់ថ្នាំ​បង្ការ?

ត្រូវនាំកុមារ​ទៅចាក់ថ្នាំបង្ការ​តាមពេល​កំណត់ និងតាមកម្ម​វិធីជាតិ។ ថ្នាំបង្ការ​ជម្ងឺរបេង និងជម្ងឺរលាក​ថ្លើមប្រភេទបេ ត្រូវ ចាក់ទៅលើ​ទារកទើប​កើត។ នេះគឺជាការ​ចាក់ថ្នាំបង្ការ​ពីទីសូន្យ។ នៅពេលកុមារ​អាយុបាន៦​សប្ដាហ៍(១​ខែកន្លះ) យើងចាប់​ផ្ដើមចាក់ ថ្នាំបង្ការ​លើកទីមួយ មាន​ជម្ងឺខាន់​ស្លាក់ ក្អកមាន់ រលាកថ្លើម​ប្រភេទបេ ជម្ងឺគ្រុនស្វិត​ដៃជើង និង​តេតាណូស។ នៅអាយុ​បាន១០ សប្ដាហ៍(២​ខែកន្លះ) យើងចាក់ថ្នាំ​បង្ការទាំងនេះ រំលឹកជា​លើកទី២។ នៅអាយុបាន​១៤សប្ដាហ៍​(៣ខែកន្លះ) យើងចាក់​រំលឹកជា​លើកទី ៣។ លុះអាយុ​៩ខែ យើងចាក់​ការពារជម្ងឺ​កញ្ជ្រិលវិញម្ដង។

បច្ចុប្បន្ន​នេះ ក្រៅពីចាក់ថ្នាំ​បង្ការ​ទាំងនេះ មានថ្នាំ​បង្ការផ្សេង​ទៀតជា​ច្រើនប្រភេទ​នាំចូលពី​ប្រទេសដទៃ ដូចជា​មានថ្នាំចាក់ ការពារ​ជម្ងឺផ្ដា​សាយ រលាកស្រោម​ខួរជាដើម។ ការចាក់ថ្នាំ​បង្ការធ្វើទៅ​តាមប្រភេទ​ថ្នាំរបស់​ប្រទេសនីមួយៗ និងចាក់ទៅ​តាមអាយុ ផងដែរ។ បើសិនជា​កុមារមិនបាន​ចាក់ថ្នាំបង្ការតាម​ប្រតិទិនរបស់​កម្មវិធី​ជាតិទេ នៅពេល​កុមារនោះ​អាយុបាន១ឆ្នាំ យើងក៏អាច ចាក់បាន​ដែរ។ យើងចាប់​ផ្ដើមចាក់ថ្នាំ​បង្ការជម្ងឺ​របេង គ្រុនស្វិត​ដៃជើង ក្អកមាន់ តេតាណូស និង​កញ្ជ្រិល ព្រោះថ្នាំ​ការពារនេះ អាច ចាក់បាន​នៅក្នុងអាយុ​ចន្លោះពី​ក្រាម២ឆ្នាំ។ រីឯថ្នាំគ្រុន​ស្វិតដៃជើង និងកញ្ជ្រិល បើកុមារ​មិនទាន់បានចាក់អ្វីសោះ អាចចាប់ផ្ដើមចាក់ពី អាយុ២ ទៅ៥ឆ្នាំ។ ថ្នាំរលាកថ្លើមប្រភេទបេ ត្រូវចាក់បីដង ជារៀងរាល់១ខែម្ដងៗ ហើយចាក់​រំលឹកឡើងវិញ​នៅ១ឆ្នាំ​ក្រោយ បន្ទាប់ មករាល់​៥ឆ្នាំ ឬ១០ឆ្នាំ​ម្ដងទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

បម្រាម​ខ្លះៗ ចំពោះការ​ចាក់ថ្នាំបង្ការ

មានបម្រាម​ខ្លះក្នុងការចាក់​ថ្នាំបង្ការ​ដល់កុមារ។ បម្រាមជា​ដាច់ខាតនោះ​មាន ទី១មិនត្រូវ​ផ្ដល់ថ្នាំបង្ការ​ជម្ងឺរបេងដល់​កុមារ ដែលយើង​ដឹងថាកុមារ​នោះផ្ទុកមេរោគ​អេដស៍ ឬកើតជម្ងឺ​អេដស៍ហើយ​នោះទេ។ ទី២មិន​ត្រូវផ្ដល់ថ្នាំ​បង្ការជម្ងឺ​ខាន់ស្លាក់ ក្អកមាន់ តេ តាណូស​ជាលើក​ទី២ ឬទី៣ នៅពេល​ដែលកុមារ​ធ្លាប់ប្រកាច់ ឬមិនទទួល​ក្នុងកំឡុងពេល​៣ថ្ងៃបន្ទាប់​ពីការចាក់លើកទី១​នោះទេ។ ទី៣មិនត្រូវ​ផ្ដល់ថ្នាំបង្ការ ជម្ងឺខាន់ស្លាក់​ដល់កុមារ ដែលធ្លាប់​ប្រកាច់ជា​រឿយៗ ឬមួយ​កុមារមានជម្ងឺ​ប្រព័ន្ធប្រសាទ​កណ្ដាល​នោះទេ។

ចំពោះកុមារ​មានសុខភាព​មិនសូវល្អ ដូចជាគ្រុន​ក្ដៅខ្លាំង កម្ដៅចាប់​ពី៣៨អង្សាសេ​កន្លះឡើងទៅ ហើយមានជម្ងឺ​បន្ទាប់បន្សំ ផ្សេងៗ​ទៀត យើងមិនអាច​ចាក់ថ្នាំបង្ការ​បានទេ។ នៅតាមកន្លែង​ខ្លះបន្ទាប់ពី​ចាក់ថ្នាំ​បង្ការ គ្រូពេទ្យ​មានផ្ដល់ថ្នាំគ្រាប់​បន្ថែម ដូចជាវីតា មីនអា ថ្នាំព្រូន ជាលើកដំបូង​ដល់កុមារ ដែលមាន​អាយុចាប់ពី១២​ខែឡើងទៅ។ ត្រូវឱ្យ​ថ្នាំព្រូន និងថ្នាំវីតា​មីនអា ដើម្បីចៀស​វាងជម្ងឺ ខ្វាក់មាន់ ជារៀងរាល់​៦ខែម្ដង​ផងដែរ។

ប្រការគួរ​ប្រតិបត្ដិ​ពេលចាក់​ថ្នាំបង្ការ

នៅពេល​ចាក់ថ្នាំ​បង្ការ គ្រូពេទ្យក៏​ជម្រាបឪពុក​ម្ដាយផងដែរអំពី​ថ្នាំដែលកូន​របស់គាត់ត្រូវ​ទទួលថាជា​ថ្នាំអ្វី និងប្រាប់​អំពីឥទ្ធិ ពលថ្នាំដែល​រំខានក្រោយ​ពេលចាក់ ដើម្បីកុំឱ្យ​ឪពុកម្ដាយ​មានការ​បារម្ភ។ ឥទ្ធិពល​បន្ទាប់បន្សំ​ពេលចាក់ថ្នាំ​បង្ការលើកទី១ ករណីការ ពារជម្ងឺ​របេង មានចេញ​កន្ទួលតូចៗ​ពណ៌ក្រហម​ប៉ោងនៅលើដៃ​របស់ទារក បន្ទាប់មក​មានដំបៅ។ តែវានឹងជា​សះស្បើយដោយ​ខ្លួនឯង វិញ ដោយបន្សល់​ទុកស្លាក​ស្នាម។ ថ្នាំចាក់ការពារ​ជម្ងឺគ្រុនស្វិត​ដៃជើង មិនមាន​ឥទ្ធិពលអ្វីទៅ​លើកុមារទេ។ ថ្នាំបង្ការ​គ្រុន ខាន់ស្លាក់ តេតាណូស និងថ្នាំបង្ការ​ក្អកមាន់ ពេលចាក់​ហើយ ធ្វើឱ្យកុមារ​គ្រុនក្ដៅ មួម៉ៅ និងឈឺចាប់។ អាការ​ទាំងនេះ មិនមានអ្វី​ធ្ងន់ធ្ងរទេ ហើយក៏មិន​ចាំបាច់ធ្វើការ​ព្យាបាលពិសេស​ណាមួយទេ។ អាការ​គ្រុនក្ដៅបែប​នេះ មានន័យថា ថ្នាំដែលយើង​ចាក់កំពុងបញ្ចេញ​ឥទ្ធិពល។ នៅពេលមាន​អាការបែបនេះ ឪពុកម្ដាយ​គ្រាន់តែឱ្យថ្នាំ​ប៉ារាសេតាមុល ហើយហាម​មិនឱ្យយក​កន្សែងមក​ដណ្ដប់ពី​លើពោះទេ។ ថ្នាំ បង្ការ​កញ្ជ្រិលក៏មាន​ក្ដៅខ្លួនដែរ ហើយជួនកាល​មានចេញ​កន្ទួលកញ្ជ្រិល​ស្រាលៗ នេះជាការចេញ​ឥទ្ធិពលបន្ទាប់​បន្សំរបស់​ថ្នាំទេ។

ជាធម្មតាមួយ​សប្ដាហ៍ក្រោយ​ពីទទួលថ្នាំ​បង្ការ កុមារមាន​អាការក្ដៅខ្លួន​រយៈពេល១​ថ្ងៃទៅ៣ថ្ងៃ មានន័យថា​ថ្នាំបង្ការកំពុង តែបញ្ចេញ​ឥទ្ធិពល ដើម្បីការពារ​នឹងជម្ងឺ។ ប្រសិនបើ​កុមារបានចាក់​ថ្នាំបង្ការតាម​កម្មវិធី​ជាតិនេះ ជាការល្អ​ប្រសើរបំផុត។

សូមឪពុកម្ដាយ​គ្រប់រូបយក​បុត្រធីតាទៅ​ចាក់ថ្នាំបង្ការ​ឱ្យបានគ្រប់ៗគ្នា ដើម្បីចៀស​វាងនូវជម្ងឺ​ទាំងអស់​ខាងលើ។ ការចាក់ថ្នាំបង្ការ​នេះ មិនមានគុណ​វិបត្ដិអ្វីធ្ងន់ធ្ងរ​ដល់កុមារទេ គ្រាន់តែមាន​ការក្ដៅខ្លួនបន្ដិច​បន្ដួចប៉ុណ្ណោះ។ ប្រសិនបើ​ឪពុកម្ដាយមាន​ចម្ងល់ សូម ទៅជួបពិគ្រោះ​ជាមួយគ្រូពេទ្យ​នៅតាមមណ្ឌល​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative