ក្រសួងការងារ កំណត់​យក​ដើម​ខែតុលា​ សំរេច​ប្រាក់​​ឈ្នួល​អប្បបរមា​ ដល់​កម្មករ​សម្រាប់​​ឆ្នាំ២០១៦

លោក អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បានមាន​ប្រសាសន៍​ថា​ ក្រសួង​បានកំណត់​យកដើម​ ខែ​តុលា​ ឆ្នាំ២០១៥​ បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្​សាការងារ​ដើម្បី​​សម្រេច​​​ប្រាក់​​ឈ្នួល​អប្បបរមា​ ផ្នែកវាយន​ភ័ណ្ឌ​ កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិតស្បែក​ជើង​ សម្រាប់​​ឆ្​នាំ២០១៦​ខាងមុខ​នេះ។​

1លោក​រដ្ឋមន្ត្រី ​បាន​លើកឡើង​បែបនេះ​ នៅ​ក្នុង​ពិធីបើក​សន្និ​សីទ​ថ្នាក់​ជាតិ​ ស្តី​ពីទំនាក់​ទំនង​វិជ្ជា​ជីវៈ​លើកទី៦​ កាល​ពីថ្ងៃ​ទី​១៦​​ មិថុនា​​ នៅសណ្ឋា​ការអាំង​ទែកុង​ទី​ណង់តាល់​។

ពាក់ព័ន្ធនឹងបញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ លោករដ្ឋ​មន្ត្រី បាន​​​មាន​​ប្រសាសន៍​​បន្ម​ត់​ថា​​ យើង​បាន​បង្កើត​នូវរូប​មន្ត​ប្រកប​​ដោយ​លក្ខណៈ​វិទ្យា​សាស្ត្រ ដែល​ភាគីពាក់​ព័ន្ធទាំ​ងអស់​ពេញចិត្ត​នឹង​ទទួល​យក​ហើយ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ធ្វើ​ការ​កែសម្រួល​ប្រាក់ឈ្នួល​​អប្បបរមា​នេះ ត្រូវ​បានសម្រេច​ប្រើប្រាស់​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ដោយកំណត់​យក​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​រួមមាន​៖ ផលិត​ភាព​ ភាព​ប្រកួត​ប្រជែង​ ស្ថានភាព​ទីផ្សារ​ការងារ​ និង​កម្រិត​​ចំណេញ​របស់​វិស័យ​ និង​លក្ខណៈ ​វិនិច្ឆ័យ​​បែប​សង្គម​រួមមាន​៖ ស្ថានភាព​គ្រួសារ​ អត្រា​អតិ​ផរណា​ និង​ការ​​ចំណាយ​​​ក្នុងការ​រស់​នៅ សម្រាប់​ជាមូលដ្ឋាន​គ្រឹះ​ យក​មក​គណនា​ប្រាក់​ឈ្នួល​អប្បបរមា​។   លោករដ្ឋមន្ត្រី​បាន​បន្ថែម​ទៀតថា ​ជាមួយ​នេះយើង​បានកំណត់​កាល​វិភាគ​សម្រាប់​ជាកាល​​បរិច្ឆេទ​នៃការ​ចាប់ផ្តើម​ពិភាក្សា​​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​​វាយន​ភ័ណ្ឌ​​​កាត់​​ដេរ​​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ ដូច​ខាង​​ក្រោម​​៖ ១-កំណត់​យក​ខែកក្កដា​ ឆ្នាំ​២០១៥​ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​​ប្រាក់​ឈ្នួល​អប្បបរមា​​ផ្នែក​​វាយនភ័ណ្ឌ ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​​ស្បែក​​ជើង​ ជា​​លក្ខណៈ​​ផ្ទៃ​​ក្នុង​​​របស់​ភាគីនី​មួយៗ​។ ២-កំណត់​យក​ខែសីហា​ ឆ្នាំ​២០១៥​ ជាការ​ចាប់​ផ្តើម​ពិភាក្សា​​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​​វាយនភ័ណ្ឌ​ កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​​ស្បែក​​ជើង​ ជា​​លក្ខណៈ​​ទ្វេ​ភាគី​។ ៣-កំណត់​យកខែកញ្ញា​ ឆ្នាំ២០១៥​ ជាការចាប់​ផ្តើម​ពិភាក្សា​​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង​ ជាលក្ខណៈ​​ត្រី​ភាគី​ ​និង​ទី៤-​កំណត់​យកដើម​ខែតុលា​ ឆ្នាំ២០១៥​ បើកកិច្ច​ប្រជុំ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ដើម្បី​សម្រេច​​​ប្រាក់​ឈ្នួល​អប្បបរមា​ ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ សម្រាប់​ឆ្នាំ​២០១៦​។

លោក អ៊ិត សំហេង​ បានបញ្ជាក់​ថានេះមាន​ន័យថា​ ភាគីទាំងបី​រួមមាន​ ក្រុមសហជីព ​ពិភាក្សាគ្នា​តើសំរេច​យកប្រាក់​ឈ្នួល​អប្បបរិមា​នៅឆ្នាំ២០១៦​ ខាងមុខនេះ​ប៉ុន្មាន​ ហើយ​និយោជក​ ក៏ពិភាក្សាគ្នា​ដែរអាច​មានលទ្ធភាព​ក្នុងការផ្តល់​ប្រាក់ឈ្នួល​ប៉ុន្មាន​​ ហើយភាគី​រដ្ឋាភិបាល​ ក៏ពិភាក្សា​ដើម្បី​សំរប​សំរួល​ឲ្យភាគី​ទាំងពីរ​អនុម័ត​យកប្រាក់​ឈ្នួល​ប៉ុន្មាន​សំរាប់​ឆ្នាំ​២០១៦។

លោកបន្តថា​ ក្នុងការ​ពិភាក្សា​នេះ​គឺកំណត់​យកមក​ពិភាក្សា​លើ​លក្ខណៈ​វិនិច្ឆ័យ​លើ៧​ចំណុច​ខាងលើ​។ បន្ទាប់​ពីភិភាក្សា​រួច​ហើយ​នឹងចាត់​តំណាង​នីមួយៗ ​ចូលរួម​ជជែក​គ្នា​ហើយបើ​អនុម័ត​ ហើយនឹង​ដាក់ឲ្យ​ក្រុមប្រឹក្សា​ការងារ​ហើយក្រុម​ប្រឹក្សា​ការ​ងារ​ក៏នឹង​ស្នើសុំសំរេច​ពីរដ្ឋាភិបាល​ចុងក្រោយ។

លោករដ្ឋមន្ត្រី​ បានឲ្យ​ដឹងទៀត​ថា​ «ចំពោះ​ប្រាក់ឈ្នួល​អប្បបរមា​ យើងនៅ​មិនទាន់​បាន​កំណត់បាន​នៅ​ឡើយ​ដោយរង​ចាំ​ការសិក្សា​មួយច្បាស់​លាស់​ ហើយការ​សិក្សា​នោះផ្អែក​លើទិន្ន័យ​ផ្តល់ដោយ​វិទ្យាស្ថាន​ស្ថិតិ​ដែលបាន​ស្រាវជ្រាវ ​ជាផ្លូវការ​របស់​ជាតិ​»។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative