ឆាប់ចេញ​ទឹកកាម

ឆាប់ចេញ​ទឹកកាម​ជាបញ្ហា​ចម្បង​របស់​បុរស ហើយជា​សំណួរឈាន​មុខគេ​ផងដែរ ដែលបុរស​តែងចោទ​សួរនៅ​ពេលជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងផ្នែក​ផ្លូវភេទ។ ឆាប់ចេញ​ទឹកកាម​ជាបាតុភូត​កើតជា​រឿយៗ ហើយមាន​បុរស​៥០% ទទួលរង​នូវការ​ឆាប់ចេញ ទឹកកាម​យ៉ាងហោច​ណាស់១ដង ក្នុងមួយ​ជីវិត​របស់ខ្លួន។ ប៉ុន្ដែ​មិនមែន​ជាបញ្ហា​ធំដុំទេ ព្រោះថា​ការឆាប់​ចេញទឹក​កាមអាច​ព្យាបាលកែតម្រូវ​បានយ៉ាង​ប្រសើរ និងមាន​ប្រសិទ្ធិភាព។ កុំបារម្ភ​អី!

រូបភាពទស្សនាវដ្តីសុខភាពយើង

ចេញ​ទឹកកាម ជាអ្វី?

ការចេញ​ទឹកកាម គឺជាការ​បាញ់ចេញ​នៃទឹក​កាមតាម​បង្ហូរនោម ដែលមាន​២ដំណាក់​កាលគឺ ៖

- ដំណាក់កាល​ហៀបចេញ​ទឹកកាម ជាពេល​ដែលទឹក​កាមមក​ពេញនៅ​ម្ដុំសាច់​ដុំប្រូស្ដាត។ បុរស​អាចទទួល​អារម្មណ៍​ដឹង និង​ត្រួតត្រា​ដំណាក់កាល​នេះបាន។

- ដំណាក់កាល​បាញ់ចេញ​ទឹកកាម ជាពេល​ដែលទឹក​កាមត្រូវ​បាន​បាញ់ចេញ ដោយសារ​ការកន្ដ្រាក់​ច្របាច់​របស់​សាច់ដុំ ប្រូស្ដាត។ បុរស​មិនអាច​ត្រួតត្រា​ដំណាក់កាល​នេះបាន​ឡើយ។ ព្រោះថា​ជាករណី​រេផ្លិច​ភ្ញោច​មិនអាច​ត្រួតត្រា​បាន បញ្ជាដោយ​ប្រព័ន្ធ ប្រសាទ​ទាំងពីរ​ប្រភេទ និងការ​កន្ដ្រាក់សាច់​ដុំទាំង​ពីរក្រុម។

ឆាប់ចេញ​ទឹកកាម ជាអ្វី?

តាមការ​អង្កេតបាន​បង្ហាញថា យ៉ាងហោច​ណាស់មាន​បុរស៣០%​ឆាប់ចេញ​ទឹកកាម ហើយស្ថិតិ​ខ្លះថា​មានដល់​ទៅ៥០%​ឯ ណោះ។ បុរសយក​ចិត្ដទុក​ដាក់នឹង​បញ្ហានេះ​ខ្លាំងណាស់។ បុរស​បាញ់ទឹកកាម​ចេញ ដោយគ្រាន់​តែមាន​អារម្មណ៍​ផ្លូវភេទ ជួនមិនទាន់ ទាំងមាន​ការស៊ក​បញ្ចូលលិង្គ​ទៅក្នុង​ប្រដាប់ភេទ​ស្ដ្រីផង ឬជួនកាល​គ្រាន់តែ​ស៊កចូល​ទៅក្នុង​ទ្វារមាស​បានតែ​១នាទី​ប៉ុណ្ណោះ​ជាមួយ​ដៃគូ តែមួយ​គត់ដដែលៗ បែបនេះ​ជាការ​ឆាប់ចេញ​ទឹកកាម។ គេអាច​បែងចែក​ការឆាប់​ចេញទឹក​កាម ជាឆាប់ចេញ​ទឹកកាម​ជ្រុល និងរហ័ស ចេញ​ទឹកកាម។ បុរស​ឆាប់ចេញ​ទឹកកាម​ជ្រុល ពិបាក​ត្រួតត្រា​ការ​ស្រើបស្រាល ឬកាមតណ្ហា​របស់ខ្លួន​ណាស់ ជួនអាច​ចេញទឹក​កាម ដោយមិន​ទាន់ទាំង​ចង់បញ្ចេញ​ទឹកកាម​ផង ឬមិនទាន់​ទាំងបាន​រួមភេទផង។ ចំណែក​បុរសរហ័ស​ចេញទឹក​កាម ក៏មិនអាច​ត្រួតពិនិត្យ ការ​ស្រើបស្រាល​បានដែរ ដោយខ្លួន​គ្រាន់តែ​ស៊កលិង្គ​ទៅក្នុង​ទ្វារមាស​របស់ស្ដ្រី​ជាដៃគូ ជួនមិនបាន​១នាទីផង ជួនបាន​តែ២ ឬ៣នាទី ប៉ុណ្ណោះ ស្រាប់តែ​រេផ្លិច​ភ្ញោចបាញ់​ចេញទឹកកាម​ឆ្វាចទៅ​ហើយ។

នៅឆ្នាំ១៩៧០ លោកម៉ាស្ទ័រ និងចនសុន បានឱ្យ​និយមន័យ​ឆាប់ចេញ​ទឹកកាម ដោយគិត​គូរទាំង​ស្ដ្រីជាដៃ​គូរួម​ភេទផងដែរ។ ពួកគាត់​បានឱ្យ​និយមន័យ​ថា បុរសអាច​មានបញ្ហា​ឆាប់ចេញ​ទឹកកាម កាលណា​បុរសចេញ​ទឹកកាមដោយ​ស្ដ្រីជាដៃ​គូមិនទាន់​បានទទួល សេចក្ដី​សុខដល់​កំពូល បើរួមភេទ​១០០ដង កើតសភាព​បែបនេះ​លើសពី​៥០ដង។

នៅក្នុងវិស័យ​វេជ្ជសាស្ដ្រ គេបាន​បែងចែក​ការចេញ​ទឹកកាម​ជាពីរប្រភេទ គឺឆាប់ចេញ​ទឹកកាម​ប្រភេទទី១ និងឆាប់​ចេញទឹក កាមប្រភេទ​ទី២។

- ឆាប់ចេញ​ទឹកកាម​ប្រភេទទី១ ៖ ជាករណីកើត​ឡើងតាំង​ពីការ​រួមភេទ​លើកដំបូង ស្ទើរតែ​គ្រប់ករណី​ច្រើនតែ​បណ្ដាលមក ពីកត្ដា​ផ្លូវចិត្ដ​ផ្លូវ​អារម្មរណ៍។

- ឆាប់ចេញ​ទឹកកាម​ប្រភេទទី២ ៖ ជាករណី​កម្រ ហើយកើត​មានឡើង​បន្ទាប់ពី​មានជីវ​ភាពផ្លូវ​ភេទធម្មតា ស្ងៀមៗ​ស្រាប់ តែឆាប់​ចេញទឹក​កាម។ បែបនេះ​ច្រើនតែ​បណ្ដាលមក​ពីហេតុផល​ផ្លូវកាយ ឬក៏អាច​មកពីហេតុ​ផលផ្លូវចិត្ដ​ផ្លូវអារម្មរណ៍៎​ផងដែរ។

មូលហេតុ​ឆាប់ចេញ​ទឹកកាម

ឆាប់ចេញ​ទឹកកាម ជាបញ្ហា​កើតមាន​ញឹកញាប់ ភាគច្រើន​បណ្ដាលមក​ពីកត្ដា​ផ្លូវចិត្ដ និងកត្ដា​អារម្មណ៍​ផ្លូវភេទ​ខ្លាំង​លើសលប់។ ជារឿយៗ ឆាប់ចេញ​ទឹកកាម​ពាក់ព័ន្ធ​ទៅនឹង​កត្ដាជា​ច្រើន តែពេល​នេះ សូមអនុញ្ញាត​លើកយក​កត្ដាមួយ​ចំនួន​ដូចជា ៖

- វិបត្ដិផ្លូវចិត្ដផ្លូវអារម្មរណ៍ ៖ ដូចជា​ការកើត​ទុក្ខមិន​សុខចិត្ដ អាការ​ស្ដ្រេស្ស ឬការ​តានតឹង​ផ្លូវចិត្ដ​ជាដើម។ បុរសងាយ​នឹង ទទួលយក​រាល់​សកម្មភាព ឬកាយវិការ​របស់ដៃគូ​ខ្លួន ពេលខ្លួន​ឆាប់ចេញ​ទឹកកាម​ដែលគ្រប់គ្រង​មិនបាន រិតតែ​មានសភាព​ផ្លូវចិត្ដគ្រប សង្កត់មួយ​កម្រិតទៀត។ បែបនេះ បន្ថែមទម្ងន់​ទៅលើការ​ឆាប់ចេញ​ទឹកកាម​មួយកម្រិត​ទៀត។

- ការមាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​ខ្លាំងហួស​ហេតុ ៖ ដូចជា​មើលឃើញ​រូបភាព​សិចស៊ី​ដាស់អារម្មណ៍​ខ្លាំង ការបបោស អង្អែល ឬជញ្ជក់លិទ្ធ​ប្រដាប់ភេទ​ជាដើម ក៏ជម្រុញឱ្យ​ឆាប់ចេញ​ទឹកកាម​ផងដែរ។

- ការអប់រំក៏ជា​កត្ដាជះឥទ្ធិពល​ផងដែរ ៖ ជាអាទិការ​អប់រំ​ដែលបង្ហាញ​រូបភាព​អវិជ្ជមាន​ទាក់ទង​នឹងផ្លូវភេទ និងការ​រួមភេទ អាចបង្កើត​ការព្រួយ​បារម្ភ ពិរុទ្ធភាព និងសេចក្ដី​អៀនខ្មាស។

- បញ្ហាទំនាក់​ទំនង​រវាង​ដៃគូ​រួមភេទ ៖ ជាពិសេស​បញ្ហា​ផ្លូវចិត្ដ ដូចជា​ភ័យខ្លាច សេចក្ដី​តានតឹង​ក្នុងចិត្ដ ទំនាស់ទាស់​ទែងគ្នា អត្ដសញ្ញាណ​ផ្លូវភេទ​(ការរួមភេទ​ដូចគ្នាបែប​លាក់លៀម)ជាដើម ព្រមទាំង​អារម្មណ៍​ឈ្នះចាញ់​លើរឿង​ផ្លូវភេទ ដូចជា​ខ្លាចដល់​សេចក្ដី សុខដល់​កំពូលមុន​គ្នាជាដើម ទាំងនេះ​ជាកត្ដា​ជម្រុញឱ្យ​មានការ​ឆាប់ចេញ​ទឹកកាម​បានដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការត្រូវធ្វើ ពេលមាន​បញ្ហាឆាប់​ចេញទឹកកាម

ឆាប់ចេញ​ទឹកកាម មិនមែន​ជាបញ្ហា​ធ្ងន់ធ្ងរទេ។ ពីព្រោះថា​ដំណាក់កាល​ទាំងពីរ​នៃការ​រួមភេទ​(ការឡើងរឹង​នៃលិង្គ និង ការចេញ​ទឹកកាម) កើតមាន​ឡើងជា​ធម្មតា។ តាមពិតទៅ វាគ្រាន់តែ​ជារឿង​ទាក់ទង​នឹងរយៈ​ពេលខ្លី និងចង្វាក់​ឆាប់តែ​ប៉ុណ្ណោះ។ ដើម្បីទប់ទល់​នឹងការ​ឆាប់ចេញ​ទឹកកាម​នេះ ត្រូវចាប់ផ្ដើម​ពីការ​អប់រំ​ផ្លូវភេទ និងការ​សិក្សាអំពី​សុខភាព​ផ្លូវភេទ។ ភាពសុខដុម​នឹងគ្នា សេចក្ដី​ស្នេហា និងការ​យោគយល់​គ្នានៅ​ក្នុងរង្វង់​ប្ដីប្រពន្ធ ឬដៃគូ​ផ្លូវភេទ ជាឱសថទិព្វ​ជួយដោះស្រាយ​បញ្ហាឆាប់​ចេញ​ទឹកកាមនេះ។

គ្រប់ករណី​នៃការ​ឆាប់ចេញ​ទឹកកាម ប្ដីប្រពន្ធ ឬដៃគូរ​រួមភេទ​គួរតែ​និយាយ​ជាមួយគ្នា និងចេះ​ពិភាក្សាគ្នា ទើបជា​ដំណោះ ស្រាយ។ ព្រោះវា​អាចមាន​ឥទ្ធិពល​ជាវិជ្ជមាន​ទៅលើជីវភាព​ផ្លូវភេទ និងផ្លូវចិត្ដ​របស់គូស្វាមី​ភរិយា ឬដៃគូ​ស្នេហា។

ដូច្នេះ សូមកុំពង្រីក​រឿងនេះ​ឱ្យរិត​តែធ្ងន់ធ្ងរ ពីប៉ុនកូន​ដៃទៅ​ប៉ុនមេដៃ។ បុរសត្រូវ​ចាប់ផ្ដើម​និយាយរឿង​នេះប្រាប់​ស្ដ្រីជាភរិ យា ឬជាដៃគូ​របស់ខ្លួន។ ពីព្រោះថា​បញ្ហាឆាប់​ចេញទឹកកាម​របស់លោកអ្នក ត្រូវការ​សេចក្ដី​ស្រឡាញ់ និងការ​ជួយជ្រោមជ្រែង​របស់ គាត់​ផងដែរ។

ចំណុចទី១​ដែលបុរស​ត្រូវយល់ដឹង គឺស្វែងយល់​ឱ្យស្គាល់ពេល​វេលា​ហៀបចេញ​ទឹកកាម ប្រយោជន៍​ចាប់ផ្ដើម​ត្រួតត្រាបាន។ បន្ទាប់មក​លោកអ្នក​អាចចាប់​ផ្ដើមច្របាច់​លិង្គខ្លួន។ ជាទូទៅ លោកអ្នក​អាចចាប់​ផ្ដើមការ​បបោសអង្អែល​ផ្លូវភេទ ដូចទម្លាប់​ធម្មតា របស់​លោកអ្នក។ ពេលដែល​ការចេញ​ទឹកកាម​ខិតជិត​មកដល់ ហើយហៀប​នឹងចេញ​ទឹកកាម សូមលោកអ្នក​ចាប់ច្របាច់​ក្បាលលិង្គ ដោយ​ម្រាមដៃ​មួយនៅ​ពីក្រោម មួយទៀត​នៅពីលើ ប្រមាណ​ជាបី បួនវិនាទី ឬក៏សកម្មភាព​នេះអាចឱ្យ​ស្ដ្រីជាដៃ​គូរួមភេទ​ជួយច្របាច់ ក៏បាន។ បែបនេះ​ជួយពន្យារ​ការឈាន​ដល់សេចក្ដី​សុខដល់កំពូល ដែលជា​រូបភាព​បាញ់ចេញ​ទឹកកាម។ សូមរង់ចាំ​មួយសន្ទុះ​សិន មុននឹង ចាប់ផ្ដើម​ការរួមភេទ​ជាថ្មីបន្ដទៀត។ សូមធ្វើ​របៀបនេះ​សាចុះសាឡើង រហូតដល់​លោកអ្នក​ទទួលលទ្ធផល​ពន្យារពេល ឬលើកពេល ការឆាប់​ចេញទឹកកាម​បាន។ បើលោកអ្នក​មានបទពិសោធន៍​រួមភេទ​តិចតួច លោកអ្នកពិត​ជាពិបាក​ប្រើប្រាស់​វិធីនេះណាស់ ព្រោះ លោកអ្នក​មិនអាចពឹង​វិធីនេះសម្រាប់​ត្រួតត្រា​ការឆាប់​ចេញទឹកកាម​នេះបានឡើយ។

ប្រសិនបើ​វិធីនេះ​មិនទទួល​បានជោគ​ជ័យទេ សូមលោកអ្នក​អញ្ជើញទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជម្ងឺទូទៅ គ្រូពេទ្យ​ជំនាញ ខាងផ្លូវ​ទឹកនោម ឬខាងផ្លូវភេទ ពីព្រោះថា​មានតែពួក​គាត់ទេ ទើបអាច​ជួយរក​មូលហេតុ​ឆាប់ចេញ​ទឹកកាម និងវិធី​ព្យាបាល​ប្រកប ដោយ​ប្រសិទ្ធិភាព​បាន។

នៅលេខក្រោយ ទស្សនាវដ្ដី​សុខភាពយើង នឹងលើកយក​វិធីទប់ស្កាត់​ការឆាប់​ចេញទឹកកាម និងវិធីព្យាបាល​ផ្សេងៗទៀត យកមក​ជម្រាបជូន ដើម្បីគ្រាន់​ជាការស្វែង​យល់ល្អិតល្អន់​ជាងនេះ។ សូមលោកអ្នក​អានរង់​ចាំអាន​ដោយ​អនុគ្រោះ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦