AIS រៀបចំរត់ប្រណាំង​​យកមូលនិធិ​​ជួយ​មន្ទីរពេទ្យ​​គន្ឋបុប្ផា​

ដើម្បីអបអរសាទរ​ពិធី​​ចម្រើន​​ព្រះជន្ម​​សម្តេចម៉ែ​ និង​ដើម្បីលើក​​កំ​ពស់​​សុខ​ភាព​​ សាលា​រៀន​​​ និង​វិទ្យា​ស្ថាន​​​ អន្តរ​ទ្វីប​​អាមេរិក​​កាំង​​ ​បាន​រៀបចំ​កម្ម​​​វិធី​​រត់​ប្រណាំ​ង​​ ដើម្បី​ប្រមូល​មូលនិធិ​​ជួយ​មន្ទីរពេទ្យ​គន្ឋបុប្ឆា​។

1លោកកែវ ទ្បង់ឌី​ អនុ​ប្រធាន​សា​លា​​រៀន​​ និង​វិទ្យាស្ថាន​ អន្តរ​ទ្វីប​អាមេរិកកាំង​ ​បាន​ថ្លែង​បន្ទាប់​ពី​កម្ម​​វិធី​រត់​ប្រណាំង​ ដែល​បាន​ធ្វើ កាល​ពីព្រឹក​​ថ្ងៃ​អាទិត្យ​ទី១៤​ មិថុនា​ កន្លង​​មក​​​បាន​ថ្លែង​ថា នេះ​ជា​​លើក​​ទី១​ ដែល​សាលារៀន​អន្តរ​ទ្វីប​អាមេរិ​កកាំង​ បាន​រៀប​ចំ​​កម្ម​វិធី​រត់​ប្រណាំង​ ដើម្បី​ប្រមូល​ថវិកា​ដាក់​ក្នុង​មូល​និធិ​​ម៉េងលី​ ជេគួច​ ដើម្បី​​យក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​​គន្ឋបុប្ឆា​ ដែល​​ជា​មន្ទីរ​ពេទ្យ​ដ៏​ធំ​ ​និង​បាន​​ធ្វើ​ការ​​ងារ​​​ថែរ​ទាំ​ ព្យាបាល​កុមារ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។ លោកបន្ត​ថា​ មូល​និធិ​​ ម៉េងលី​ ជេគួច​ មាន​ក្រុមហ៊ុន​ចំណុះ​ចំនួន​៧​ និង​បាន​នឹង​កំពុង​ធ្វើ​ការ​​ងារ​​សប្បុរ​ស​​ធំ​យ៉ាង​ច្រើ​ន​ ជាក់​ស្តែង​យើង​បាន​ចុះផ្តល់​អាហារ​សុខភាព​ និង​បញ្ញា​ដល់​​សិស្សា​នុ​សិស្ស​ ដូនជី​ តាជី ​​នៅ​ស្ទើរ​ទូទាំង​ប្រទេស​។

លោកបន្តថា “កម្មវិធី​រត់​ប្រណាំង​នេះ​ មាន​អ្នក​ចូលរួម​ចុះ​ឈ្មោះ​ចំនួន​៧​នាក់​ ហើយ​​​ការ​រត់​ប្រណាំង​នេះជា​ការ​បង្ហាញ​ស្មារតី​រួប​រួមគ្នា​ បង្ហាញនូវ​ស្មារ​តី​​ខ្មែរ​ជួយ​ខ្មែរ​ និង​បង្ហាញ​ពីទឹកចិត្ត​ស្នេហាជាតិ​របស់​សិស្សា​នុសិស្ស​ ថ្នាក់​ដឹកនាំ​ បុគ្គ​​លិក​របស់​សាលា​ និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​”។​ លោក​បន្តថា​ “យើង​​សប្បា​យ​​​រីករាយ​ ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​មូល​និធិ​គន្ឋបុប្ឆា​ ដើម្បី​ជួយ​​លើក​​កំពស់​​វិស័យ​សុខភាព​ និងបង្ហាញ​ពីការ​ជួយ​គ្នា​ទៅវិញ​ទៅមក​”។

កម្មវិធីនេះ​ផ្តួច​ផ្តើម​គំនិត​ដោយ​លោក​ឧកញ៉ា​ គួច ម៉េងលី​ ដែល​ជាចាងហ្វាង​​ និង​ជានាយក​សាលា​ និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​។

លោកកែវ ទ្បង់ឌី​ បាន​បន្ត​ថា ​“ និម្មិតរូប​នៃការ​រត់នេះមិន​មែន​ដើម្បី​ឈ្នះចាញ់​ មិនមែន​កសាង​ឯកត្ត​កម្ម​ថ្មីអ្វី​នោះដែរ​ តែ​ដើម្បី​បង្ហាញ​ពីការ​ចេះស្រលាញ់​គ្នា​រវាង​​ខ្មែរ​ និងខ្មែរ​ និង​ដើម្បី​គៀង​គរ​ថវិកា​ និង​កាយវិការ​ដ៏ប្រពៃ​របស់​ខ្មែរ​យើង”​។ លោ​​ក​បន្ត​ថា​“ខ្ញុំ​សង្កេត​ឃើញថា​ប្រជាជន​ខ្មែរ​យើង​ ចាប់​ផ្តើម​មាន​ចលនា​ជួយគ្នា​​ស្រ​លាញ់​គ្នា​ និង​គៀងគរ​ថវិកា​ដើម្បី​បុព្វហេតុ​អ្វី​មួយ​នោះ​ កាន់​តែ​មានសភាព​ផុស​​ផុល​ជាង​មុន​ ហើយ​ក្នុង​នាម​ជាខ្មែរ​មួយ​រូប​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​”។

បច្ចុប្បន្ន​សាលារៀន​ និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​ មាន​សិស្សានុសិស្ស​​កំពុង​សិក្សា​ចំនួន​​១០.០០០​នាក់​​ និង​មាន​សិស្សា​​នុ​សិស្ស​បាន​បញ្ចប់​ការ​សិក្សា​កន្លង​​មក​ជាង​៤០ ០០០នាក់។

លោក ទ្បង់ ឌី បានបន្តថា សាលា និង​វិទ្យាស្ថាន​អន្តរ​ទ្វីប​អាមេរិកាំង​ និង​បន្ត​បណ្តុះ​បណ្តាល​ចំណេះ​ជំ​នាញ​​ថ្មី​ ដល់​សិស្សានុ​ សិស្ស​ ដែល​ជាទំពាំង​ស្នង​ឬស្សី​ជំ​នាន់​ក្រោយ​ ឲ្យ​មាន​ចំណេះ​ជំនាញ​ល្អ​ផងដែរ​ ព្រោះ​តាមការ​ស្រាវជ្រាវ​របស់​សាក​ល​វិទ្យា​ ល័យ​ហាវ៉ឺត​ របស់​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញថា​ មនុស្ស​​ដែល​ជោគជ័​យ​ជា​ទូទៅ​គាត់​មិន​ត្រឹម​តែ​ពឹង​លើ​ចំណេះ​ដឹង​របស់​គាត់​ទេ គឺគាត់​ត្រូវពឹងផ្អែក​លើ​​អាក្ប​កិរិយា​​ល្អ​របស់​គាត់​ និង​ពឹងផ្អែក​លើការ​ចូល​រួម​​កិច្ច​ការ​សង្គម​របស់គាត់​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative