រដ្ឋាភិបាលចិន​ ផ្តល់ម៉ាស៊ីន​អេកូ​ចំនួន២០០គ្រឿង​ដល់ក្រសួង​សុខាភិបាល

រដ្ឋាភិបាលសាធារណរដ្ឋ​ប្រជាមានិត​ចិន​ បានផ្តល់ម៉ាស៊ីន​អេកូ​(Ultra Sound)​ចំនួន​២០០​គ្រឿង​​ ដល់ក្រសួង​សុខា​​ភិ​បាល​​ សំរាប់​​ពិនិត្យ​ស្ថានភាព​​របស់​អ្នកជំងឺ​​ឲ្យកាន់តែប្រសើរ​​ និង​ច្បាស់លាស់​​ ដើម្បី​លើកកំពស់​នូវ​គុណភាព​ព្យាបាល​ជំងឺរបស់គ្រូពេទ្យ។

4ពិធីប្រគល់ និងទទួល​ ម៉ាស៊ីន​អេកូ​​ ចំនួន​២០០​គ្រឿងនេះ​​ បាន​​​​ប្រព្រឹត្ត​​ទៅ​កាល​​ ពី​​ព្រឹកថ្ងៃ​​ទី​១៥​ ​ខែ​មិថុនា​ ឆ្នាំ​២០១៥​​ នៅ​ឃ្លាំងឱសថចោមចៅ​ ក្រោម​អធិបតីភាព​លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ និងលោកស្រី ​ពូជៀនហ្គ័រ​ ឯកអគ្គរដ្ឋទួត​វិសមញ្ញ​ ​និង​ពេញសមត្ថភាព​នៃសាធារណរដ្ឋ​ប្រជាមា​និត​ចិនប្រចាំប្រទេសកម្ពុជា។

លោកស្រីទួត​ បានមានប្រសាសន៍ថា​ ម៉ាស៊ីនអេកូ​ដែលផ្តល់ដោយ​ប្រទេសចិន​ទាំង​នេះ គឺ​មាន​គោល​បំណង​​ជួយដល់គ្រូពេទ្យកម្ពុជា​ ក្នុងការធ្វើរោគវិនិច្ច័យ​ពីស្ថានភាពរបស់អ្នកជំងឺ​​ឲ្យកាន់តែត្រឹមត្រូវ​​ និង​ច្បាស់លាស់​ និងលើកកំពស់​នូវគុណភាព​ព្រាបាលជំងឺរបស់គ្រូពេទ្យ​។ លោកស្រីបានបន្តថា​ «ខ្ញុំទទួល​ដំណឹង​​ពីក្រសួងសុខាភិបាលថា​ ម៉ាស៊ីនអេកូទាំងនេះ​ នឹងត្រូវបញ្ជួនទៅកាន់មន្ទីរពេទ្យ​ និង​មជ្ឈមណ្ឌលព្យាបាល​ តាម​បណ្តា​ខេត្ត​ ហើយ​ខ្ញុំសង្ឃឹមជឿជាក់​ថាម៉ាស៊ីនអេកូនេះ​ នឹង​ជួយ​ដល់​បណ្តា​​មន្ទីរពេទ្យ​ខេត្ត​នានា ក្នុងការលើកកំពស់​គុណភាព​សេវា​កម្ម​​ព្យាបាលជំងឺ​ ដើម្បីធ្វើឲ្យអ្នកជំងឺ​ទទួលការព្យាបាល​ជាបន្ទាន់​ និងអាចជាសះស្បើយ​បានឆាប់»។

លោកស្រី​ ពូជៀនហ្គ័រ ​បានមានប្រសាសន៍​ឲ្យដឹងទៀតថា​ តាំងពីយូរលង់ណាស់មកហើយ​ ប្រទេស​ចិន​​ បានចាត់ទុក​ការជួយ​ឧបត្ថម្ភ​ចំពោះការកែលំអរជីវភាព​ប្រជាជនកម្ពុជា​ ជា​គោល​ដៅ​អទិភាព​​។ ក្នុងនោះការព្យាបាល​ជំងឺ​ និងរក្សាសុខភាព​ក៏ជា​វិស័យ​ដ៏សំខាន់មួយ​របស់​ជំនួយ​ប្រទេស​ចិន​​។ លោកស្រីទួតបានរំលឹកថា​ កាលពីថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៥​ កន្លងមកនេះ​រដ្ឋាភិបាលនៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ បានផ្តល់រថយន្ត​គិលាន​សង្គ្រោះចំនួន២០០គ្រឿង​ ដល់​ក្រសួង​សុខាភិបាល​​ ដើម្បី​​ដាក់​ពង្រាយ​​នៅ​ទូទាំង​ប្រទេស​ សំរាប់​ដឹក​អ្នក​ជំងឺអ្នក​រងគ្រោះ​ថ្នាក់​ផ្សេងៗ​​ ពិសេស​គ្រោះ​ថ្នាក់​ចរាចរណ៍​។ លោកស្រី​​បញ្ជាក់​​ថា​​ ខ្ញុំមាន​សេចក្តី​សប្បាយ​រីករាយ​​ ដោយបាន​ឃើញរថយន្ត​សង្គ្រោះ​​បន្ទាន់​ទាំង​២០០​គ្រឿង​នេះ​​ កំពុង​ធ្វើ​ដំណើរ​តាម​​ផ្លូវ​តូច​ធំ​​ ដើម្បី​ដឹក​អ្នក​ជំងឺ​សង្គ្រោះ​អាយុជីវិត​​មនុស្ស​បានទាន់​ពេលវេលា​​ ចំណែក​ម៉ាស៊ីន​អេកូ​ចំនួន​​២០០​គ្រឿង​​ ដែល​ប្រគល់​ឲ្យ​​ក្រសួង​សុខាភិបាល​​​ក្នុងថ្ងៃ​នេះ ក៏​ជាសម្ភារៈ​​របស់​មន្ទីរ​ពេទ្យ​តាម​បណ្តា​ខេត្ត​ត្រូវ​ការ​សង្គ្រោះបន្ទាន់​ដែរ​​។ ទង្វើ​ទាំងនេះ​បាន​បង្ហាញ​នូវ​​មនោសញ្ចេតនា​ដ៏ស្មោះត្រង់​​ និង​ជ្រាលជ្រៅ​របស់​ប្រជាជនចិន​​ចំពោះ​ប្រជាជន​កម្ពុជា​»។

6លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​​ បាន​ចាត់ទុក​ថា​នេះ​​គឺជា​ជំនួយ​ឥត​សំណង​​របស់​រដ្ឋាភិបាល​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​ និង​​ប្រជាជន​ចិន​​មួយ​ក្នុង​ចំណោម​​បណ្តា​ជំនួយ​ជាច្រើ​ន​​ ដែល​រដ្ឋាភិបាល​ និង​ប្រជាជន​​ចិន​បាន​ផ្តល់​ដល់​ប្រជាជន​កម្ពុជា​​។ លោករដ្ឋមន្ត្រី​បានបន្ត​ថា​​ «អំណោយ​ដ៏ថ្លៃថ្លា​ថ្មី​នេះ​​ ឆ្លើយ​តប​យ៉ាង​សំខាន់​​ទៅនឹង​សេចក្តី​ត្រូវការ​ចាំបាច់​​របស់​ប្រជាជន​កម្ពុជា​​នៅទូទាំង​​ប្រទេស​​ និង​បានបញ្ជាក់​ជាថ្មី​ នូវការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​រដ្ឋាភិបាល​​ និង​ប្រជាជន​ចិន​ ដល់សុខមាល​ភាព​​របស់​ប្រជាជន​កម្ពុជា​​ ជា​ពិសេស​ក្នុង​ការ​ជួយ​​ជំរុញ​ការ​លើក​កំពស់​​សុខភាព​ និង​ប្រសិទ្ធ​ភាព​​សេវា​សុខាភិបាល​​ ព្រមទាំង​ជា​សក្ខី​ភាព​​ នូវការ​រឹតចំណង​មិត្តភាព​សាមគ្គីភាព​​ដ៏រឹងមាំ​​ និង​សហប្រតិ​​បត្តិ​ការ​ជា​យុទ្ធ​សាស្ត្រ​​​គ្រប់ជ្រុង​ជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​​ និង​សាធារណរដ្ឋ​ប្រចាមានិត​ចិន»​។

លោករដ្ឋមន្ត្រី ​បានបន្ថែម​ថា​ម៉ាស៊ីន​អេកូទាំង​២០០​គ្រឿងនេះ​​ នឹង​ត្រូវបែងចែក​នៅតាម​មន្ទីរ​ពេទ្យ​​ រាជធានី​ខេត្ត​នានា​​ នៅ​ទូ​ទាំង​​ប្រទេស​ ហើយលោក​រដ្ឋមន្ត្រី​​ ស្នើ​ឲ្យមន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​​ ប្រើ​ប្រាស់​ម៉ាស៊ីន​អេកូ​នេះ​​ ឲ្យ​មាន​ប្រសិទ្ធភាព​​ខ្ពស់​ ​និង​​យក​ចិត្ត​ទុកដាក់​ថែទាំ​ឲ្យបាន​គង់វង្ស​​យូរអង្វែង​​ ដើម្បី​​ជាប្រយោជន៍​ដល់អ្នកជំងឺ​ដែលជា​បងប្អូន​ប្រជាពលរដ្ឋ​យើង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative