កម្ពុជា​ប្រារព្វ​ទិវា​​ពិភពលោក​ ​នៃ​អ្នកបរិច្ចាគ​ឈាម​​លើកទី​១២

មជ្ឈមណ្ឌលជាតិ​ផ្ដល់ឈាម​ សហការជាមួយ​ សហភាព​សហព័ន្ធយុវជន​កម្ពុជា​ ក្រោម​ការ​ជួយ​​ឧបត្ថម្ភ​ ​ពី​ក្រុម​ហ៊ុន​ទឹក​​បរិសុទ្ធ​​វីតាល់​​ កាល​ពីព្រឹក​ថ្ងៃ​​ ទី​១៤​​ ខែ​មិថុនា​​ ឆ្នាំ​២០១៥​ បាន​ប្រារព្វ​​ទិវា​​ពិភព​លោក​​នៃ​​អ្នក​បរិច្ចាគ​ឈាម​​ក្រោម​​ប្រធាន​បទ​ «សូម​​អរគុណ​​ចំពោះ​​ការ​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​»​ ក្រោម​អធិបតី​ភាព​លោក​​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​វេជ្ជ​បណ្ឌិត​ ដុង អាលអាញ​ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជការ​សប្បុរស​ជន​ សិស្ស​ និស្សិត​ មក​ពី​តាម​សកល​វិទ្យាល័យ​នានា​ព្រម​ទាំង​សិល្បករ​សិល្បការនី​ជា​ច្រើន​ទៀត​។

3លោក​វេជ្ជ​បណ្ឌិត​​ ហុក​​ គឹម​ចេង​ ​ប្រធាន​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្ដល់​​ឈាម​​ បាន​​មាន​ប្រសាសន៍​​នៅ​ក្នុង​​ពិធី​នោះថា​ការ​ប្រារព្វ​ទិវា​​ពិភព​​លោក​​ នៃ​​អ្នក​បរិច្ចាគ​​ឈាម​ ក្រោម​​ប្រធាន​បទ​ «សូម​​អរគុណ​​ចំពោះ​​ការ​ជួយ​​សង្គ្រោះ​​ជីវិត​​ខ្ញុំ​»​ ដែល​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភព​លោក​ទាំង​មូល​ បាន​នឹង​កំពុង​ប្រារព្វ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចំនួន​​៥ គឺ​ទី១​ ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្តល់​ឈាម​​ជួយ​​សង្គ្រោះ​ជីវិត​ ទី២​ ជំរុញ​លើក​កំពស់ការ​ធ្វើ​អំណោយ​ឈាម​ស្ម័គ្រ​ចិត្ត​ទៀត​ទាត់​ ទី៣​ បង្កើត​ឲ្យ​មាន​ការអប់រំ​ជាសាធារណៈ​ដ៏​ទូលំ​ទូលាយ​ អំពី​សេចក្តី​ត្រូវ​ការ​អំ​ណោយ​ឈាម​ដោយ​ទៀតទាត់​ ពី​ព្រោះ​ឈាម​និង​ផលិតផល​ឈាម​មាន​រយៈ​ពេល​ផុត​កំណត់​ប្រើខ្លី​ហើយ​ដែល​ត្រូវ​លើក​ទឹកចិត្ត​ដល់​សប្បុរស​ជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ធ្វើការផ្តល់ឈាម​ឲ្យ​បាន​ទៀតទាត់​ ទី៤​ ផ្តោត​លើការ​យកចិត្ត​ទុកដាក់​ទៅលើ​សុខភាព​ លើសកម្ម​ភាព​ការ​ថែរក្សា​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាមដែលជាកត្តា​ចាំបាច់​បំផុត​ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​អ្នក​ផ្តល់ឈាម​ និង​ចេតនា​ផ្តល់​ឈាម​ឲ្យ​បានទៀត​ទាត់​ និង​ទី៥​ ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ទៀតពី​ក្រសួង​សុខាភិបាល​ ដើម្បី​សំ​ដែង​នូវ​ការ​កោត​សរសើរ​អំពើ​សប្បុរស​ជន​បរិច្ចាគ​ឈាម​ទៀង​ទាត់​ និង​ផ្តល់​ធន​ធាន​​គ្រប់​គ្រាន់​ ដើម្បី​ថែរក្សា​អ្នក​ផ្តល់​ឈាម​ប្រកប​ដោយគុណ​ភាព។

លោ​កវេជ្ជបណ្ឌិត​​បាន​បន្ត​ថា​ « បច្ចុប្បន​នេះ​​យើង​​មិន​ទាន់មាន​​ឈាម​​គ្រប់​គ្រាន់​ ​សម្រាប់​​ជួយ​សង្គ្រោះ​​ជីវិត​​មនុស្ស​​ដែល​​ត្រូវ​ការ​​ឈាម​​បន្ទាន់​​នៅឡើយ​​ទេ​ដោយ​ ក្នុង​មួយ​ថ្ងៃ​គ្រាន់​តែ​នៅ​​រាជធានី​​ភ្នំពេញ​ ត្រូវការ​​ឈាម​​ចន្លោះ​​ពី ៨០​ទៅ១០០ប្លោក​ សម្រាប់​​ជួយ​សង្គ្រោះ​​ជនរង​គ្រោះ​ផ្សេងៗ​ ហើយ​ទូទាំង​ប្រទេស​​ត្រូវការ​​ឈាម​​ប្រមាណ​១៥០ប្លោក​ រៀងរាល់​ថ្ងៃ​។ ដូចនេះ​​យើង​​ត្រូវការ​​ឈាម​​បន្ថែមទៀត​​ដើម្បី​សង្គ្រោះ​​ជីវិត​​មនុស្ស​​បន្ទាន់»​។ លោក​បា​នប​ន្តែ​ម​​ឲ្យ​ដឹងថា​ «ការបរិច្ចាគ​​ឈាម​ វា​មិន​​ធ្វើអោយ​ប៉ះពាល់​​ដល់​សុខភាព​ រឺ​​អាយុជីវិត​​អ្នក​បរិច្ចាគ​​នោះទេ​ ឈាម​​មនុស្ស​​យើង​ទោះបី​​មិន​​បរិច្ចាគ​​ក៏​គង់តែ​​វា​ងាប់​​ទៅវិញ និង​ផលិត​​ឈាម​​ថ្មី​​ជំ​នួស​ហើយ​​មនុស្សម្នាក់ៗ​អាច​​បរិច្ចាគ​ឈាម​​បាន៣​ទៅ៤ដង​ក្នុង​មួយឆ្នាំ​​ទៅតាម​​សុខភាព »។

លោកប្រធាន​មជ្ឈម​ណ្ឌលជាតិ​ បាន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រប់ខេត្ត​ទាំង​អស់​ សម្ព័ន្ធ​យុវជន​សេនានាគ​ សមាគម​សប្បុសជន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ ក្រុមហ៊ុន​​ឯកជន​នានា​ ពិសេស​​ក្រុមហ៊ុន​​អិនវីស៊ី​ ខប​ភើរ៉េសិន​វីតាល់​ ក្រុមហ៊ុន​កូកាកូ​ឡា​ ក្រុម​ហ៊ុននុំ​ស្រួយ​​លីលី​​ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ ដែលបាន​បង្ក​លក្ខណៈ​ក្នុង​ការ​លើក​កំពស់​ការបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ត។

លោកវេជ្ជបណ្ឌិត​​ ម៉ម ប៊ុនហេង​ បានមានប្រសាសន៍​ថា ​កម្ពុជា​បានប្រារព្វ​ទិវា​ពិភពលោក​នៃអ្នក​បរិច្ចាគ​​ឈាមជារៀង​រាល់ឆ្នាំ​ចាប់តាំង​ពីឆ្នាំ២០០៤​ហើយ ឆ្នាំនេះជាខួប​លើកទី១២​ ដែលជា​ឪកាសថ្មី​ម្តងទៀត​ ដើម្បី​ថ្លែងអំណរ​គុណ​ជា​អនេក​ប្បកាល​ចំ​ពោះ​​សប្បុរស​ជន​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ ជា​ពិសេស​ជនរង​គ្រោះ​អ្នក​ជំងឺ​ទាំង​អស់​ក៏បាន​ថ្លែងអំណរ​គុណ​ព្រមៗ​គ្នា​ដល់​សប្បរស​ជន​​បរិច្ចាគ​ឈាម​ ដែលបាន​ជួយជីវិត​គាត់​​ឲ្យរស់រាន​មានជីវិត​ឡើងវិញ​។ លោករដ្ឋ​មន្ត្រី​ ជំរុញ​ឲ្យសប្បុរស​ជន​បន្ត​បរិច្ចាគ​ឈាម​បន្ត​ទៀតដើម្បី​ជួយដល់​អ្នកត្រូវការ​ឈាមជាចាំបាច់​ព្រោះថាការបរិច្ចាគឈាមនាពេលបច្ចុប្បន្ននេះនៅមានកំរិតនៅឡើយ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative