សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​​សម្តេច​តេ​ជោ​​ ចុះ​អនុស្សារណ​​ ជា​មួយ​​ក្រុមហ៊ុន​ LG Electronic​ ដើម្បី​​ការងារ​មនុស្សធម៌​លើ​វិស័យ​សុខាភិបាល

សមាគម​គ្រូពេទ្យ​​ស្ម័គ្រចិត្ត​ យុវជន​​សម្តេច​តេ​ជោ​ និង​ក្រុមហ៊ុន​ LG Electronic​ បាន​ចុះ​អនុស្សារណៈ​​យោគយល់​គ្នា​​ក្នុង​គោលដៅ​​បង្កើន​កិច្ចសហប្រតិបត្តិការ ​​កា​រងារ​មនុស្សធម៌​ លើ​វិស័យ​សុខា​ភិ​បាល​ ក្នុងការ​ចុះជួយ​​ព្យាបាល​​ប្រជាពល​រដ្ឋ​​ ដោយ​ឥតគិតថ្លៃ​​នៅតាម​បណ្តា​​ខេត្ត​នានា។

3ពិធី​ចុះ​អនុស្សារណ​យោគ​យល់​​​​គ្នា​​​រវាង​ស្ថាប័ន​​ទាំងពីរ​ ​ត្រូវបាន​ប្រារព្ធ​​ធ្វើឡើង​ ​កាលពី​ថ្ងៃទី​ ១២​ ខែមិថុនា​ ឆ្នាំ២០១៥​ នៅ​សណ្ឋាគារ​ភ្នំពេញ​​ ដែល​ចុះ​ហត្ថលេខា​​ ដោយ​លោក​បណ្ឌិត​​ ហ៊ុន ម៉ា​ណែ​ត​ តំណាង​ក្រុមប្រឹក្សាភិបាល​ សមាគម​​គ្រូ​ពេទ្យ​​ស្ម័គ្រចិត្ត​​ យុវជន​សម្តេច​តេ​ជោ​ ជាមួយ​លោក​ Kim Bong Soak​ តំណាង​​ក្រុមហ៊ុន​ LGElectronics​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ បាន​​ថ្លែងអំណរ​គុណ​ដល់​គណៈ​គ្រប់គ្រង​​បុគ្គលិក​ក្រុមហ៊ុន​ LG Electronics​ ដែល​បាន​គាំទ្រ​​ និង​ចូល​រួម​ជាមួយ​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​យុវជន​សម្តេច​តេ​ជោ​ ក្នុងការ​ចូលរួម​​សកម្មភាព​​មនុស្សធម៌ តាម​រយៈ​ការផ្តល់​សេវា​សង្គម​​ជួយ​ដល់​ប្រជាពលរដ្ឋ​ នាពេល​​កន្លងមក​ ​និង​ទៅ​ថ្ងៃ​អនាគត​។ លោក​បណ្ឌិត​បាន​​បន្តថា​« ការចុះ​​អនុស្សារណ​​យោគយល់​គ្នា​ រវាង​​ស្ថាប័ន​ទាំងពីរ​​នាពេលនេះ​ បាន​​បង្កើន​​លទ្ធភាព​ ​និង​ប្រសិទ្ធភាព​ ដល់​សមាគម​​ក្នុង​ការងារ​មនុស្សធម៌​ និង​ជា​យន្តការ​​ដើម្បី​ផ្តល់ឱកាស​​ឱ្យ​យុវជន​ ដែល​ជា​និស្សិត​​ពេទ្យ​ស្ម័គ្រចិត្ត​ និង​សប្បុរសជន​​មានឱកាស​បំរើ​ជូន​​ប្រជាជន​ នៅតាម​ទីជនបទ​​តាម​រយៈ​​ការព្យាបាល​​ដោយ​ឥតគិតថ្លៃ​»។

លោក Kim Bong Soak​ បាន​ថ្លែងថា​ LG Electronic​ មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​​រកប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ​ ក្រុមហ៊ុន​បាន​ចូល​រួម​កិច្ចការ​​ជាស​កល​ និង​កិច្ចការ​មនុស្សធម៌​​នៅបណ្តា​ប្រទេស​នានា។​ ជាក់​ស្តែង​​ថ្ងៃនេះ​​ក្រុមហ៊ុន​បាន​ចាប់អារម្មណ៍​ សកម្មភាព​​មនុស្សធម៌​​ដ៍​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​យុវជន​សម្តេច​តេ​ជោ​ នាពេល​កន្លងមក​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​​ក្រុម​ហ៊ុន​ បាន​ចុះ​អនុស្សារណ​​យោគយល់​គ្នា​រវាង​ស្ថាប័ន​ទាំងពីរ​ ​និង​បានផ្តល់​មូល​ប្ប​ទា​នប​ត្រ​ ដែលមាន​ទឹកប្រាក់​ចំនួន​ ១៥០.០០០​ដុល្លា​សហរដ្ឋអាមេរិក​ ដើម្បី​បង្កើន​លទ្ធភាព​ និង​ប្រសិទ្ធភាព​ ដល់​សមាគម​ ក្នុង​ការងារ​មនុស្សធម៌​ បំរើ​​ជូន​ប្រជាជន​​នៅតាម​ទីជនបទ​ តាមរយៈ​ការព្យាបាល​​ដោយ​ឥតគិតថ្លៃ។

គួរបញ្ជាក់​ផងដែរ​ថា​ សកម្មភាព​របស់​សមា​គម ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ​យុវជន​សម្តេច​តេ​ជោ​ បានការ​យក​ចិត្តទុកដាក់​គិតគូរ​ពី​​សុខ​ទុក្ខ​​ប្រជាពលរដ្ឋ ​ពី​សំណាក់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​​របស់​សមាគម​ ចុះ​ពិនិត្យ​​ព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ ដែល​មកដល់ពេលនេះ​សំរេចបាន​​លទ្ធផល​ នៃ​ការព្យាបាល​ប្រជាពលរដ្ឋ​​បាន​ចំនួន​ប្រមាណ​ជាង​ ៩០.០០០នាក់​ហើយ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative