បុគ្គលិកណាហ្គាវើល​ រួមជាមួយលោក​គ្រូ​អ្នគ្រូ​សិស្សានុសិស្ស​ ចូលរួម​ដាំកូនឈើ​ដើម្បី​ការពារ​បរិស្ថាន

បុគ្គលិកក្រុមហ៊ុន​ ណាហ្គាវើល​ លោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្ស​ នៃវិទ្យាល័យ​ហ៊ុនសែន​ព្រែកកំពឹស​ កាលពី​ពេល​ថ្មីៗ​នេះ បាននាំយកកូនឈើ​ចំនួន១០០ដើម​ ទៅដាំ​នៅក្នុង​បរិវេណ​​​វិទ្យាល័យហ៊ុនសែន​ព្រែកកំពឹស​ ស្ថិតក្នុង​សង្កាត់​ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ គោលបំណងចម្បង​ដើម្បីលើកកម្ពស់​យល់ដឹង​ដល់សិស្សានុសិស្ស​អំពីសារសំខាន់​​ នៃការយក​ចិត្តទុក​ដាក់ដល់បរិស្ថាន​ដែលពួកគេកំពុងរស់​នៅជាមួយ​ និងដើម្បី​ចូលរួម​អប​អរ​សាទរ​ទិវា​បរិស្ថានពិភពលោក​។

4ចូលរួម​នៅក្នុងពិធីនោះដែរ​ រួម​មាន​លោក​ James Ma​ នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក​ និង​ការងារ​​សង្គមណាហ្គាវើល​ និង​ក្រុម​ការងារ​លោកគ្រូ​អ្នគ្រូ​ សិស្សានុ​​សិស្ស​​ និង​តំណាង​សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា​​ផងដែរ។

លោក James Ma​ បាន​មាន​ប្រសាសន៍ថា​ ក្រុមហ៊ុន​ណាហ្គាវើល​ តែងតែ​ព្រួយ​បារម្ភ​អំពីបញ្ហាបរិស្ថាន​។ ដូចនេះទើប​ក្រុមហ៊ុន​ បានផ្តួចផ្តើម​បង្កើត​កម្មវិធី​បរិស្ថាន​ ដើម្បីអប់រំ​ និង​បង្កើនការយល់ដឹង​ក្នុងចំណោម​ក្មេងជំនាន់​ក្រោយ​ ស្តីពី​សារសំខាន់នៃការ​ ការពារ​បរិស្ថាន​របស់​យើង​។​

លោកបានបន្តថា​ «ថ្ងៃនេះយើងដាំកូនឈើ​ជាកិច្ចខិតខំ​ របស់យើង​ក្នុងការកាត់បន្ថយបញ្ហា​ប្រែ​ប្រួល​អាកាសធាតុ​។ វាក៏អាច​ ជួយផ្តល់ម្លប់​សម្រាប់សិស្សានុសិស្ស​ នៅពេលថ្ងៃក្តៅ​ផងដែរ​ និងជួយធ្វើឲ្យ​មានសោភ័ណភាព​ នៅក្នុងបរិវេណ​សាលារៀន​ ទៀត​ផង»។​ លោកបានបន្ថែម​ថា​ តាមរយៈកម្ម​វិធី​បរិស្ថាន​របស់យើង​ យើងបានដាំកូនឈើប្រមាណ​ជា១.០០០​ (មួយពាន់)​ ដើមនៅតាម​បណ្តាខេត្ត និងរាជធានីភ្នំពេញ​។ លើសពីនេះទៅទៀតយើង​មានគំរោងរៀបចំដាំកូន​ឈើចំនួន២.០២០​ (ពីរ​ពាន់​ម្ភៃ)ដើម​ នៅតាមសាលារៀន​មួយចំនួនត្រឹមចុងឆ្នាំនេះ​។

លោក Jonathan​ ប្រធានផ្នែក​និរន្តរភាពបរិស្ថាន​របស់ណាហ្គាវើល​ បានមានប្រសាសន៍ថា​ «នៅ​ក្នុង​ថ្ងៃទិវាបរិស្ថាន​ពិភពលោក​ យើងដាំកូនឈើ​ ដើម្បីលើកស្ទួយ​ការយល់ដឹងបរិស្ថាន​ និងលើកទឹកចិត្ត​ អ្នកពាក់ព័ន្ធ​ទាំងអស់​ ឲ្យជួយការពារ​បរិស្ថាន​របស់​ យើង​។ ម្យ៉ាងវិញទៀត​ ដើមឈើ​នឹង​ជួយកាត់​បន្ថយ​​ឥទ្ធិពល​នៃការបំពុលបរិយាកាស​ទៅលើសុខភាព​របស់កុមារ​»។

លោកបានបន្តទៀតថា​ «នៅពេលបច្ចុប្បន្ន​សីតុណ្ហភាព​ បានកើនឡើងហើយវាមាន​ផល​ប៉ះ​ពាល់​យ៉ាង​​​ខ្លាំង​លើការរស់​នៅ​ របស់ប្រជាជន​នៅជុំវិញពិភពលោក​។ ដូចនេះយើងគ្រប់រូបមាន​តួ​នាទី​ការពារ​បរិស្ថាន​​។ ខ្ញុំពិតជាសប្បាយចិត្តណាស់​ ដែល​ឃើញកុមារ​យក​​ចិត្ត​ទុក​ដាក់​ថែរក្សា​បរិស្ថាន​។ ខ្ញុំមានសេចក្តីរីករាយ​ដែលបានចែករំលែកបទ​ពិសោធន៍របស់​យើង អំពី​របៀប​ដាំដើមឈើ»​ ។

លោក តិមា សោភា​ អភិបាលរងខណ្ឌ​ដង្កោ​ និងជាប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ប្រចាំ​ខណ្ឌដង្កោ​ បានមាន​ ប្រសាសន៍​ថា​ «ខ្ញុំសប្បាយចិត្ត​ណាស់ដែលបានចូលរួមទិវា​បរិស្ថាន​ពិភព​លោក​ ដែលរៀបចំដោយក្រុមហ៊ុន​ណាហ្គាវើល​ និងសាលារៀន​។ ខ្ញុំធ្លាប់ឮថា​ ក្រុមហ៊ុន​ណាហ្គាវើល​​ផ្តល់តែ​ការងារ​​ដល់បុគ្គលិកប៉ុណ្ណោះ​ ប៉ុន្តែពេលនេះ​ធ្វើឲ្យខ្ញុំភ្ញាក់​ផ្អើល​ ណាស់​ ដែលក្រុមហ៊ុនណាហ្គាវើល​ បានរៀបចំ​ទិវាបរិស្ថាន​ពិភពលោកនេះឡើង​ ដើម្បី​លើកស្ទួយការ​យល់ដឹង​បរិស្ថាន​ក្នុងការ​ ការពារ​មាតា​​ធម្មជាតិរបស់យើង​។ ថ្ងៃនេះជាឱកាសល្អណាស់​សម្រាប់យើងទាំងអស់គ្នា​ ដើម្បី​សង្គ្រោះ​ភព​ផែន​ដី​​របស់​​យើង​តាមរយៈការដាំដើមឈើ​។ យើងសូមអរគុណដល់​ក្រុមហ៊ុន​ណាហ្គាវើល​ ដែល​បាន​នាំ​យក​ដើមឈើ​មកដាំនៅ​ទីនេះ។​ ក្រុមហ៊ុន​ផ្សេងៗគួរតែអនុវត្ត​តាម​របស់​ក្រុមហ៊ុនណាហ្គាវើល» ។

លោក សំ ប៊ុណ្ណា នាយកវិទ្យាល័យ​ព្រែកកំពឹស​បានមានប្រសាសន៍ថា​ ក្រុមហ៊ុនណាហ្គាវើល​ គឺ​ជា​ក្រុមហ៊ុន​​ដំបូង​គេបង្អស់​ ដែល​ផ្តល់កូនឈើសម្រាប់​ដាំនៅសាលារបស់យើង​។ គ្មាន​ក្រុមហ៊ុន​ណា​​ធ្លាប់បានធ្វើដូចនេះទេពីមុនមក​។

លោកនាយកបានសន្យាថា​ «នឹងយកចិត្តទុកដាក់ថែរក្សាកូនឈើ​ដែលបានដាំទាំងនេះ​ ដើម្បី​ឲ្យ​វា​ផ្តល់​បរិស្ថាន​ល្អ​ប្រសើរ​ជាង​មុនសម្រាប់កុមារ​។ សកម្មភាពដាំកូនឈើ​ របស់​ក្រុមហ៊ុន​ណាហ្គាវើល​​ បានបណ្តុះគំនិតឲ្យកុមារចេះ​ស្រឡាញ់​ បរិស្ថាន​របស់​ពួកគេ​ស្គាល់​ពី​តម្លៃ​​ដើមឈើ​ និងចេះកែ​លម្អ​បរិវេណ​ជុំវិញសាលារៀន​របស់ខ្លួនផងដែរ​ហើយតាំងនាម​ឲ្យ​សិស្សានុសិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​ ខ្ញុំសូមថ្លែងអំណរគុណ​ដល់ក្រុមហ៊ុន​ណាហ្គាវើល​ ចំពោះសណ្តានចិត្ត​ និងកិច្ចខិតខំ​ ប្រឹងប្រែង​ជួយ​សាលារៀន​របស់យើង»។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative