​៦ខែឆ្នាំនេះ​ អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​ រកឃើញ​ជនអន្តោ​ប្រវេសន៍​​ខុសច្បាប់​ជាង​​៧០០នាក់

មន្ត្រីអគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​ នៃ​ក្រសួង​មហាផ្ទៃ​ បានឲ្យដឹងថា​ចាប់តាំងពីខែ​ មករារហូតមក​ដល់ដើម​ខែមិថុនា​ ​ឆ្នាំ​​២០១៥ នេះសមត្ថកិច្ច​​ បានរកឃើញជនអន្តោប្រវេសន៍​រស់នៅខុសច្បាប់​ ក្នុងប្រទេស​កម្ពុជា​ចំនួន​ជាង​ ៧០០​នាក់​ ​ក្នុង​នោះ​​មាន​​ជនជាតិ​វៀតណាម​មាន​ជាង៥០០​នាក់​។

4ប៉ុន្តែបើ​ គិត​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤​ រហូត​បច្ចុប្បន្ន​​នេះ​ អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​ បណ្ដេញ​​ចេញ​ជន​អន្តោប្រវេសន៍​​​ខុស​ច្បាប់​​បាន​ជាង​២​ពាន់​នាក់​​ ក្នុង​នោះ​​មាន​ជនជាតិ​​វៀតណាម​ ចំនួន​ជិត២​​ពាន់​នាក់​។ កាល​ពី​ឆ្នាំ​២០១៤​ ​​គេ​រក​​ឃើញ​​ជន​បរទេស​រស់នៅខុស​ច្បាប់ចំនួន​ ១៣០៧​នាក់​ ក្នុង​នោះ​មាន​​ជនជាតិ​វៀតណាម​ ១០៥៩​នាក់។

លោក អ៊ុក ហៃសិលា​ ប្រធាន​​នាយកដ្ឋាន​​ស៊ើប​អង្កេត​ និង​អនុវត្ត​​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​ បានមានប្រសាសន៍​ឲ្យដឹងថា​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​នៃ​​ក្រសួង​​មហាផ្ទៃ​បាន​ រក​ឃើញ​​ជន​អន្តោ​ប្រវេសន៍​​ខុស​ច្បាប់​​​កើន​ឡើង​​ជា​បន្តបន្ទាប់​ ក្រោយ​ពី​យើង​ធ្វើការការ​រឹត​​បន្តឹង​​លើ​ការ​ត្រួត​ពិនិត្យ​​កន្លែង​ស្នាក់នៅ​​របស់​ពួក​គេ ​ ។

លោក​មាន​ប្រសាសន៍​បន្ត​ថា​ ជាក់ស្តែងកាល​​ពី​យប់​ថ្ងៃ​ទី​១០​ មិថុនា​ សមត្ថកិច្ច​ឆែកឆេរ​​រក​ឃើញ​ស្ត្រី​​ជន​ជាតិ​វៀតណាម​ ៦​នាក់ ដែល​បម្រើ​​សេវា​កម្សាន្ត​ខារ៉ាអូខេ​​ នៅ​សង្កាត់​វត្តភ្នំ​ និង​ភ្ញៀវ​ ២​នាក់​ផ្សេង​ទៀត​ ហើយ​នៅ​ថ្ងៃ​ទី​១១​ មិថុនា​ រក​ឃើញ​ជាង​៤០​នាក់​ថែម​ទៀត​​នៅ​សង្កាត់​ផ្សារដើមថ្កូវ​។ ភាគ​ច្រើន​នៃ​​ជន​ជាតិ​​វៀតណាម​ ទាំង​នោះ​គឺ​ជា​ជាង​​ឈើ​ធ្វើ​តុ​ទូ​។ លោកបានបញ្ជាក់ថា​​ក្នុង​​ចំណោមជនជាតិ​វៀតណាម​ ៤១​នាក់​ ​មាន​លិខិត​ឆ្លង​ដែន​ ២១​នាក់​ ហើយ៩​នាក់​ លិខិត​ឆ្លង​ដែន​​មាន​ទិដ្ឋាការ​ពីរ ​តែ​អត់​​សៀវភៅ​ការងារ​ រីចំណែកឯអ្នក​ផ្សេង​ទៀត​​ដែល​មិន​មាន​ឯកសារ​នោះ​ គឺ​យើង​ប្រកាស​បណ្ដេញ​​ចេញ​ដូច​ជនជាតិ​ដទៃ​​ទៀត​ដែរ។

ពាក់ព័ន្ធនឹងមូលហេតុ​​នៃ​ចំនួន​ជនជាតិ​វៀតណាម​ ចូលមកប្រទេសកម្ពុជា​ច្រើនលោក​ អ៊ុក ហៃសិលា​ បាន​ពន្យល់ថា​​ ដោយ​ សារ​តែ​ចរន្ត​ស្វែង​រក​ការងារ​ធ្វើ ​និង​អាជីវកម្ម ព្រម​ទាំង​​មាន​អ្នក​វិយោគ​​កើន​ឡើង​ច្រើន​​ដែល​ត្រូវ​ការ​ធនធាន​មនុស្ស​។ ដូចនេះជនជាតិវៀតណាម​ ​មក​រស់នៅ​ស្រុក​ខ្មែរ​​យូរហើយ​​ធ្វើ​ជា​មេការ​សំណង់​ ជាង​ឈើ​ ហើយដល់​ពេល​​ខ្វះ​កម្មករ​ ​ភាគ​ច្រើន​គាត់​​ទៅ​​យក​កម្មករ​ពី​វៀតណាម​ មក​ធ្វើ​ការ​ឲ្យ​គាត់​ អ៊ីចឹង​​ហើយបាន​ចេះ​​តែ​មាន​ជនជាតិ​វៀតណាម​ ចេះ​តែ​លួច​ចូល​​មក​ខុស​ច្បាប់​ច្រើន។

រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​ទិន្នន័យ​​ជាក់លាក់​ណា​មួយ​បង្ហាញ​ថា​ មានវៀតណាម​ ចំនួន​ប៉ុន្មាន​​រស់​នៅ​កម្ពុជា​ នោះ​ទេ​ ប៉ុន្តែ​​តាម​ការ​ប៉ាន់ស្មាន​​របស់​សមាគម​វៀតណាម​ បាន​បង្ហាញ​ថា​ ​ជនជាតិ​វៀតណាម​ មាន​​ចំនួន​​ជាង​ ១​លាន​នាក់។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative