អាជ្ញាធរ​រាជធានី​​ភ្នំពេញ​​ ព្រមានប្រើវិធានការ​​ក្តៅ​ទៅ​លើ​គ្លីនិក​ឯកជន​​ណា​​មិន​គោរព​​ច្បាប់​

សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការព្រមាន​ ចំៗ​ទៅលើ​ម្ចាស់​គ្លីនិក​ឯកជន​ក្នុង​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន ដែល​នៅតែ​រឹងរូស​មិន​ព្រម​​អនុវត្ត​​ តាម​ការ​ណែនាំ​​របស់​ក្រសួងសុខាភិបាល​​ ស្ដីពី​ការ​ហាមឃាត់​​មិន​​ឲ្យ​រថយន្ត​​គិលាន​សង្គ្រោះ​​គ្លីនិក​​ឯកជន​​ដឹក​អ្នក​​រងរបួស​ ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​តាម​ដងផ្លូវ​។

2ការព្រមាន​នេះ​​ ត្រូវ​បាន​ធ្វើឡើង​​ក្នុង​កិច្ចប្រជុំ​មួយ​ ​កាលពី​​ថ្ងៃទី​១១​​​ មិថុនា ​នៅ​​សាលា​​រាជ​ធានី​​ភ្នំពេញ​ ក្រោម​អធិបតីភាព​លោក​​ ប៉ុន សិរី​ អភិបាលរង​​រាជធានី​​ភ្នំពេញ​ ដោយមាន​ការចូលរួម​​ពី​មន្ទីរ​សុខាភិបាល​​រាជធានី​ភ្នំពេញ​​ និង​មន្ត្រីពាក់​ព័ន្ធ​មួយ​ចំនួន​​ទៀត។

លោក​សាស្ត្រាចារ្យ​ សុខ សុគន្ធ​ នាយក​មន្ទីរ​សុខា​ភិបាល​រាជធានី​​ភ្នំពេញ​ ​​បាន​អំពាវ​នាវឲ្យ​មាន​កិច្ចសហការ​​ជាទូទៅ​ ​ក្នុង​ការ​ទប់ស្កាត់​​មិន​ឲ្យ​មាន​រថយន្ត​​គិលាន​​សង្គ្រោះ​​របស់​គ្លីនិក​ឯកជន​ ​ចេញទៅ​ដឹក​ជនរងគ្រោះ​ ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​ទៀត​ទេ​។ លោកបានមាន​ប្រសាសន៍ថា​ « បើក្នុងករណីគ្លីនិក​ណា​មួយ​ ​នៅ​តែ​មាន​ទៀត​ មន្ទីរ​នឹង​ចាត់វិធានការ​​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​​ចំពោះ​អ្នក​រឹងរូស​​មិន​អនុវត្ត​តាម​លិខិត​​ណែនាំ​លេខ​០៤៩​ ​របស់​ក្រសួង​សុខាភិបាល​ព្រោះថា​ រថយន្តគិលានសង្គ្រោះ​​របស់​គ្លីនិក​ឯកជន​​ មិន​មាន​បំពាក់​​ឧបករណ៍​បរិក្ខារ​​ពេទ្យ​ឲ្យបាន​​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ជនរងគ្រោះ​​អាច​នឹង​ស្លាប់​មុន​​ទៅ​ដល់​មន្ទីរពេទ្យ​ រី​តំលៃ​សេវា​ក៏​ថ្លៃ​ទៀត​»។

លោក​បានបន្តែមទៀ​ថា​ « ជា​បទ​ពិសោធ​ក​ន្លងមក គ្លីនិក​ឯកជន​​ខ្លះ​បង្ខំ​ឲ្យ​អ្នក​របួស​​ យក​ប្លង់​ផ្ទះ​ទៅបញ្ចាំ​​ដើម្បី​បាន​ប្រាក់​​មក​ឲ្យ​​ថ្លៃ​ព្យាបាល ​ហើយ​បើ​លំបាក​ពេក​យក​​មក​បញ្ចាំ​នៅ​គ្លីនិក​​របស់ខ្លួន​តែម្តង​ក៏​បាន។ អំពើ​ខាង​លើនេះ​ មិន​ខុស​អ្វី​ទៅ​​នឹង​អំពើ​ចាប់ជំរិត​​ដែល​អសីលធម៌​នោះ​ទេ»។

ទន្ទឹម​នេះ​ លោក​ក៏​បាន​ចាប់អារម្មណ៍​​ចំពោះ​រថយន្ត​គិលាន​សង្គ្រោះ​របស់​រដ្ឋ​​ដែលកន្លងមក​តែង​​​មាន​​ការ​រិះគន់​​ ពី​ភាព​យឹត​យ៉ាវ​​ឬ​ទំនាក់ទំនង​ហៅ​មិនបាន​ខុស​ពី​សេវា​ឯកជន​ ពេល​កើត​មាន​គ្រោះថ្នាក់​​ចរាចរ​ភ្លាម​​ឃើញ​រថយន្ត​​ទៅដល់​ភ្លាម​។ ចំណុច​​អសកម្ម​​របស់​រថយន្ត​គិលាន​សង្គ្រោះ​របស់​រដ្ឋ​​ ក៏​ត្រូវតែ​កែលំអផងដែរ។

លោក​ប៊ុន សេរី​ អភិបាលរង​រាជធានី​​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ ការណែនាំ​​មាន​ច្រើនដង​មក​​ហើយល្មម​ដល់​ពេល​ត្រូវ​រឹត​​បន្តឹង​វិធាន​​ការ​ច្បាប់​ហើយ។ ក្នុងនាម​គណៈកម្មការ​​ប្រតិបត្តិ​រថយន្ត​គិលាន​សង្គ្រោះ​​បន្ទាន់​រាជធានី​ភ្នំពេញ​ លោក​សុំ​​ឲ្យ​មាន​កិច្ច​សហការ​​ពី​ម្ចាស់​គ្លីនិក​ឯកជន​ ព្រោះ​បើ​អនុវត្ត​ដោយ​ខ្លួនឯង​ អស់លោក​នឹង​អនុវត្ត​​ផ្ទុយ​ពី​លិខិត​លេ​ខ​០៤៩​​ របស់​ក្រសួង​សុខាភិ​បាល។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative