ម្សៅលាយថ្នាំគ័រទីកូអុីត បំផ្លាញស្បែកមុខ

សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​ខ្មែរយើងខ្លះបានទិញ​ផលិតផល​មួយចំនួន ដែលមាន​លាយ​ថ្នាំគ័រទីកូអ៊ីត ដោយពុំ​បានដឹង​ជាមុន ដើម្បី​យកទៅ​ធ្វើជា​ថ្នាំព្យាបាល​មុខជាំ ព្យាបាល​មុខកើត​មុន ឬព្យាបាល​ជម្ងឺសន្លាក់​ដោយ​ចិត្ដឯង។ ផលិតផល​ទាំងនោះ ភាគច្រើន​ជាម្សៅក្រែម​លាបស្បែក​មុខ ឬម្សៅលាយ​មានលក់​នៅតាម​ទីផ្សារ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ថ្នាំលាប​ប្រភេទ​គ័រទីកូអ៊ីត ត្រូវបាន​រកឃើញ និងយក​មក​ប្រើប្រាស់ ដើម្បី​ព្យាបាល​ជម្ងឺសើ​ស្បែកតាំង​ពីឆ្នាំ​១៩៥២ ដោយ លោកសុល ប៊ែកហ្សេ និងលោក វិតថែន។ ការប្រើប្រាស់​ថ្នាំលាប​គ័រទីកូអ៊ីត​ក្នុងការ​ព្យាបាល​ស្បែកមាន​ភាព​ទូលំទូលាយ ជាពិសេស ទៅលើជម្ងឺ​រលាកស្បែក​ជម្ងឺប្រតិកម្មស្បែក ជម្ងឺផ្សូរីយ៉ាស៊ីស ជម្ងឺលុយពុស ជម្ងឺស្បែក​ក្រិនជាដើម។

ផលប្រយោជន៍ នៃការ​ប្រើប្រាស់​ថ្នាំ​គ័រទីកូអ៊ីត

គ័រទីកូអ៊ីត​ជាថ្នាំមាន​អត្ថប្រយោជន៍​ច្រើន ក្នុងការ​ព្យាបាល​ជម្ងឺ​ផ្សេងៗ ទៅតាម​ការ​វិនិច្ឆ័យ​រោគ​របស់​គ្រូពេទ្យ។ សម្រាប់ថ្នាំ លាបប្រភេទ​គ័រទីកូអ៊ីត​នេះ ត្រូវបាន​បែងចែក​ជា៤កម្រិត ហើយ​កម្រិត​នីមួយៗ នឹងត្រូវ​យកទៅ​ប្រើប្រាស់​នៅកន្លែង​ដោយឡែក​ពីគ្នា នៃស្បែក។ វាមាន​ឥទ្ធិពល​សំខាន់ៗ ដូចជា ៖

– ទប់ស្កាត់​ការរលាក

– ទប់ស្កាត់ការលូតលាស់​លឿនពេក នៃកោសិកា

– កាត់បន្ថយការរីក​សរសៃ​ឈាម

អត្ថប្រយោជន៍​នៃថ្នាំ​គ័រទីកូអ៊ីត​មានច្រើន ដែលគេ​ប្រើប្រាស់​នៅក្នុង​វិស័យ​សុខាភិបាល។ ប៉ុន្ដែការ​ប្រើប្រាស់​ត្រូវមាន​វេជ្ជ បញ្ជា ឱ្យបាន​ត្រឹមត្រូវ ក្រោម​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​គ្រូពេទ្យ​អាចត្រួត​ពិនិត្យ​នូវអាការ​ជម្ងឺ និង​អាច​ព្យាបាលបាន​ត្រឹមត្រូវ។

ផលវិបាកនៃការ​ប្រើប្រាស់​ថ្នាំ​គ័រទីកូអ៊ីត

ការប្រើប្រាស់​ថ្នាំគ័រទីកូអ៊ីត ដោយមិន​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ និងមិន​មានពេល​កំណត់​ជាក់លាក់ ដោយពុំ​បានទទួល​ការត្រួត ពិនិត្យពី​គ្រូពេទ្យ នាំឱ្យ​ការប្រើប្រាស់​ខុសគោល​ដៅ។ ជាពិសេស​ការប្រើប្រាស់​លើស្បែកមុខ អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ ស្បែកមុខ និងសុខភាព​ជាទូទៅ​របស់អ្នក​ជម្ងឺផង​ដែរ ដូចជាៈ

– ការបង្កឱ្យមុខចេញ​មុនកាន់​តែខ្លាំង ដែលមាន​សុទ្ធតែខ្ទុះ

– ការចេញជាំនៅ​លើមុខ និងធ្វើឱ្យ​មុខឡើង​ក្រហម​ស្ដើង និងមាន​សរសៃឈាម​ច្រើន

– ស្បែកមាន​សង្វា និងស្បែកស​ដោយកន្លែង

– ស្បែកងាយរងការឈ្លានពាន​ពីមេរោគ ដូចជាពពួក​ផ្សិត វីរុស​ជាដើម ឬអាចឱ្យ​មានសភាព​ធ្ងន់ធ្ងរ ដូចជាមុខ​ឡើងប៉ោង មូល ឬរួម និងពោះឡើង​ធំ ធ្វើឱ្យកម្រាស់​ឆ្អឹងស្ដើង និងធ្វើឱ្យ​កើតជម្ងឺ​ទឹកនោម​ផ្អែម។

ដំបូន្មាន​អ្នកជំនាញ​

ថ្នាំគ័រទីកូអ៊ីត ជាថ្នាំព្យាបាល​ជម្ងឺធ្ងន់ធ្ងរ​បានមូយ​ចំនួនធំ តែទន្ទឹម​នឹងនោះ វាក៏មាន​ផលវិបាក​ច្រើនដែរ។ ជាពិសេស ថ្នាំលាប មានជាតិ​គ័រទីកូអ៊ីត អាចបង្ក​ឱ្យមាន​ផលវិបាក​អាក្រក់​ច្រើនដល់​ស្បែកមុខ។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍ថា មុននឹង​សម្រេចចិត្ដទិញ​ថ្នាំព្យាបាល​មុខ ទោះជា​ប្រភេទ​ថ្នាំចាក់ ក្រែមលាប ឬជាថ្នាំ​លេបក្ដី គួរតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុនសិន។ ជាពិសេស សូមកុំ​និយម​លាបម្សៅលាយ​ដែលគ្មាន​ប្រភព​ច្បាស់លាស់ មានលាយ​ជាតិថ្នាំ​គ័រទីកូអ៊ីត វាអាច​បំផ្លាញ​ស្បែកមុខ​របស់លោកអ្នកបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative