កម្ពុជា​​នឹង​ប្រារព្វ​​ទិវា​​ពិភពលោក​​នៃ​អ្នកបរិច្ចាគ​ឈាម​ ​ក្រោម​ប្រធាន​បទ ​«សូម​អរគុណ​​ចំពោះ​ការជួយ​សង្គ្រោះ ជីវិត​ខ្ញុំ »

លោក​វេជ្ជបណ្ឌិត ​​ហុក ​គឹម​ចេង​ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​ផ្ដល់​ឈាម​​ បាន​មានប្រសាសន៍​​នៅក្នុង​ស​ន្នី​សីទ​​​​សារព័ត៌មាន​មួយ​​ កាលពី​រសៀល​ថ្ងៃទី១០​ មិថុនា ២០១៥​ នៅ​មជ្ឈមណ្ឌល​ជាតិ​​ ផ្ដល់​ឈាម​​ថា​ មជ្ឈមណ្ឌល​ជាតិ​​ផ្ដល់​ឈាម​ នៃ​ក្រសួង​សុខាភិបាល​ នឹង​រៀបចំ​អបអរ​ទិវា​ពិភពលោក​​នៃ​អ្នកបរិច្ចាគ​ឈាម​​​ ក្រោម​ប្រធានបទ​  «សូម​អរគុណ​​ចំពោះ​ការជួយ​​សង្គ្រោះ​​ជីវិត​ខ្ញុំ ​» នៅ​ថ្ងៃទី១៤ ខែមិថុនា​ ​ឆ្នាំ​២០១៥​​ ដើម្បី​ថ្លែងអំណរគុណ​​ដល់​សប្បុរ​សជន​ ​ដែល​បាន​បរិច្ចាគ​ឈាម​​ និង​​ស្វែងរក​​សប្បុរសជន​ស្ម​គ្រ័​ចិត្ត​​បន្ថែមទៀត​បរិច្ចាគ​ឈាម​​ ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​​ផ្ដល់​ឈាម​​ ដើម្បី​យក​​អំណោយ​​ឈាម​ដ៏​ថ្លៃថ្លា​​ជួយ​ដល់​ជនរងគ្រោះ​ កំពុង​ត្រូវការ​ឈាម​​សង្គ្រោះ​ជីវិត​​ជាបន្ទាន់ ។

4លោក​វេជ្ជបណ្ឌិត​​បាន​បន្តថា​ « បច្ចុប្បននេះ​​ យើង​មិនទាន់​មាន​ឈាម​គ្រប់គ្រាន់​​សម្រាប់​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស​ដែល​​ត្រូវការ​ឈាម​បន្ទាន់​​នៅឡើយ​ទេ​ ​ដោយក្នុង​មួយ​ថ្ងៃ​គ្រាន់តែ​នៅ​​រាជធានី​ភ្នំពេញ​ ត្រូវការ​ឈាម​​ចន្លោះ​ពី ៨០ទៅ​១០០​ប្លោក​ សម្រាប់​​ជួយសង្គ្រោះ​​ជនរងគ្រោះផ្សេងៗ​ ហើយ​ទូទាំងប្រទេស​​ ត្រូវការ​ឈាម​​ប្រមាណ​១៥០ប្លោក​ រៀងរាល់ថ្ងៃ​។ ដូចនេះ​យើង​ត្រូវការ​ឈាម​​បន្ថែមទៀត​​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​​បន្ទាន់» ។

លោក​បា​នប​ន្តែ​ម​​ឲ្យ​ដឹងថា​ «ការបរិច្ចាគ​ឈាម​ វា​មិន​ធ្វើអោយប៉ះពាល់​​ដល់​សុខភាព​ រឺ​អាយុជីវិត​អ្នក​បរិច្ចាគ​​នោះទេ​ ឈាម​មនុស្ស​យើង​​ទោះបី​មិន​បរិច្ចាគ​ ​ក៏​គង់​តែ​​វា​ងាប់​ទៅវិញ​ និង​ផលិត​ឈាម​ថ្មី​ជំនួស​ ហើយ​មនុស្សម្នាក់ៗ​អាច​បរិច្ចាគ​ឈាម​​បាន ៣ទៅ៤ដង ក្នុង​មួយឆ្នាំ​ទៅតាម​សុខភាព »។

លោក ឡៅ ប៊ុន​សារ៉ាក់​ ដែលជា​សប្បុរសជន​​ បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​​ជាតិ ​ផ្ដល់​ឈាម​ចំនួន​៣៤លើក ​​មកហើយ​បានអោយដឹងថា​ ការផ្ដល់​ឈាម​បាន​ជួយសង្គ្រោះ​ជីវិត​​អ្នកដទៃ​ដែល​កំពុង​ត្រូវ​ការ​បន្ទាន់​ហើយ​មិន​ត្រឹមតែ​​ប៉ុណ្ណោះ​ការ​បរិច្ចាគ​​ឈាម​នេះ បើ​គិត​តាមផ្លូវ​​ព្រះពុទ្ធសាសនា​វិញ​ គឺ​ពិតជា​មានគុណ​ធំធេង​​ណាស់ ​និង​ទទួលបាន​បុណ្យ​​កុសល​ច្រើន។ លោក​បាន​បន្តទៀតថា​​ ទោះបីចាយើងមិនបាន​ជួយក្នុងសង្គមបានជាដុំកំភួន​ក៏ដោយ ក៏ការបរិច្ចាគ​ឈាម​នេះ​​ ​បាន​ចូលរួមចំណែក​ជួយដល់​សង្គម​យ៉ាង​ធំធេងដែរ។​ ដូចនេះ​លោក​សង្ឃឹមថា​ យុវជន​ជាច្រើន​របស់​កម្ពុជា​​យើង នឹង​ក្លាហាន​ហ៊ាន​បរិច្ចាគ​​ឈាម​ផ្ទាល់​ជូន​មជ្ឈមណ្ឌល​​ជាតិ​ផ្ដល់​ឈាម​​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​ បាន​ឲ្យ​ដឹង​ទៀតថា​ ​យើង​បាន​ផ្សព្វផ្សាយ​​ និង​អប់រំ​ដល់​យុវជន​ នៅតាម​សាលា​ និង​ស្ថាប័ន​ផ្សេងៗក្នុង​គោលបំណង​​អោយ​ពួកគាត់​បរិច្ចាគ​ឈាម​​ ដើម្បី​សង្គ្រោះ​ជីវិត​​ជនរងគ្រោះ​ ហើយ​រាល់​សកម្មភាព​​របស់​យើង​​ក៏​តែង​តែមាន​ការចូលរួម​ពី​​ក្រុមហ៊ុន​វី​តា​ល់​​ទាំង​ការរៀបចំ ​និង​ការវត្ថុ​អនុ​សាវ​រី​ ដល់​សប្បុរសជន។

លោក អ៊ុម វណ្ណៈ​ តំណាង​ក្រុមហ៊ុន​​វី​តា​ល់​​បានអោយដឹង​ដែរ​ថា​ ក្រុមហ៊ុន​វី​តា​ល់​​រីករាយ​សហការ​​ជាមួយ មជ្ឈមណ្ឌល​ជាតិ​​ផ្ដល់​​ឈាម​រៀបចំ​​ និង​អប់រំ​ដល់​យុវជន​ ក្នុងការ​បរិច្ចាគ​ ដើម្បី​ជួយសង្គ្រោះ​​ជនរងគ្រោះ​ ហើយ​ក្រៅ​សកម្មភាព​​នេះ វី​តា​ល់​​ក៏មាន​មូលនិធិ​​មួយ​ដែលមាន​​ឈ្មោះថា​មូលនិធិ២៥៛​ សម្រាប់​ជួយ​ដល់​​ស្ថាប័ន​សប្បុរសធម៌​​នានា ជាក់ស្ដែង​​កន្លងមក​វី​តា​ល់​​ក៏បាន​យក​​ថវិកា​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ សម្រាប់​ជួយសង្គ្រោះ​​ជីវិត​​កុមារ​កម្ពុជា​ផងដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative