ក្រសួងសុខាភិបាល​ បើកយុទ្ធនាការ​ចុះស្រាវជ្រាវជំងឺ​របេង​នៅតាមពន្ធនាគារ​

ទោះបីជា​អត្រា​ឈឺ​ និងស្លាប់ដោយសារជំងឺរបេង​ ត្រូវបានកាត់បន្ថយ​យ៉ាងណាក៏ដោយ​ មជ្ឈមណ្ឌលជាតិ​​កំចាត់​រោគរបេង​ និងហង់សិន​នៃក្រសួងសុខាភិបាល​ បានបើកយុទ្ធនាការចុះ​ស្រាវជ្រាវរកករណីជំងឺ​របេង​ថ្មី តាមបែបសកម្ម​នៅតាម​ពន្ធនា​គារ​ចំនួន១៤នៅទូទាំង​ប្រទេស។

5លោកវេជ្ជបណ្ឌិត​​ ម៉ៅ តាន់អ៊ាង​ ទីប្រឹក្សាអម​ក្រសួង​សុខាភិបាល​ និងជាប្រធានមជ្ឈមណ្ឌល​ជាតិ ​កំចាត់ជំងឺរបេង​ និងហង់សិន ​បានមានប្រសាសន៍ថា​ យុទ្ធនាការ​ចុះស្រាវជ្រាវរកករណី​ជំងឺរបេងថ្មី​ តាមបែបសកម្មនៅ​តាមពន្ធនាគារនេះ​ ធ្វើឡើងក្នុង​គោល​​បំណង​ ដើម្បីស្វែងករណីរ​បេងថ្មីៗបន្ថែមទៀត​ ព្រោះ​ថានៅក្នុង​ពន្ធនាគារ​ ជាកន្លែងដែលមាន​មនុស្សនៅកកកុញ​ និងប្រមូលផ្តុំច្រើន​ងាយស្រួល​ក្នុងការចំលងជំងឺរបេង​។ លោកបានបន្តថាយុទ្ធនាការ​នេះចាប់ផ្តើមពី​ខែមិថុនា​នេះ រហូតដល់​ខែតុលា ឆ្នាំ២០១៥ ​ដោយចាប់ផ្តើមធ្វើការ​ស្រាវ​ជ្រាវនៅ​ពន្ធនាគារខេត្ត​កំពង់ចាម​ និងពន្ធនាគារត្រពាំងថ្លុង​។ បន្ទាប់មកយើង​នឹងពង្រីកបន្តបន្ទាប់​ទៀតដូចជា​ ពន្ធនាគាខេត្តកំពង់ស្ពឺ​ ពន្ធនាគារតាកែវ​ ពន្ធនាគារតាខ្មៅ​ ខេត្តកណ្តាល​ ពន្ធនាគារ​ខេត្តព្រៃវែង​ ពន្ធនាគារ​ខេត្តស្វាយរៀង​ ពន្ធនាគារ​ខេត្តកំពត​ ពន្ធនាគារខេត្តកោះកុង​ ពន្ធនាគារ​ខេត្តព្រះសីហនុ​ ពន្ធនាគារ​ខេត្តសៀមរាប​ ពន្ធនាគារ​ខេត្តកំពង់ធំ​ ពន្ធនាគារ​ខេត្តព្រះវិហារ​ និងពន្ធនាគារខេតក្រចេះ។​

លោកបញ្ជាក់ថា ​«នៅក្នុងពន្ធនាគារ​​ មានអ្នកទោសប្រមូល​ផ្តុំគ្នាច្រើន ​មកពីគ្រប់មជ្ឈដ្ឋានហើយ​យើងមិនដឹងថា​អ្នកទោស ណា​មិនមានជំងឺរបេង ​ឬអត់នោះទេ​ មានតែធ្វើរោគវិនិច័្ឆយទេ​ទើបដឹង ដើម្បីដុំឲ្យមេរោគ​នេះចំលងពីមនុស្សម្នាក់​ទៅមនុស្សម្នាក់ទៀតបាន​។ បើរកឃើញថាមាន​ អ្នកទោសណាម្នាក់​ មានមេរោគរបេង​យើងដាក់ការព្យាបាលភ្លាម​ ដើម្បីកុំឲ្យចំលង​ដល់អ្នកផ្សេងទៀត​ហើយដើម្បីធ្វើការងារនេះ​រលូនទៅបានលុះត្រា​តែមានការចូលរួមពីមន្ត្រី​ពន្ធនាគារ»។

លោកវេជ្ជបណ្ឌិត ​ម៉ៅ តាន់ អ៊ាង ​បានមានប្រសាសន៍ឲ្យដឹងទៀតថា​ ចំពោះការងាររបេងនៅក្នុងពន្ធនាគារ​​នេះដែរ គិតមក​ ដល់​​ឆ្នាំ២០១៤​ កន្លងទៅនេះ​ សេវារបេងក្នុងពន្ធនាគារ​សរុបមានចំនួន​២៦​កន្លែង​ ក្នុងចំណោម២៧​កន្លែង នៅទូទាំង​ប្រទេសហើយយើង​បានស្រាវជ្រាវរកឃើញ​ទណ្ឌិតដែលមានឆ្លងជំងឺរ​បេង​ចំនួន២២៩នាក់។

លោកបានបន្ថែមថា​ ក្រៅពីចុះស្រាវជ្រាវរក​ករណី​របេងតាមពន្ធនាគារ​ហើយ មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង ​និងហង់សិន ក៏បានចុះស្រាវជ្រាវរ​កករណីរបេង​ តាមបែបសកម្មនេះ​ នៅតាមស្រុកប្រតិបតិ្ត​ចំនួន៤៣​ ដោយសហការជា​មួយអង្គការជា​ដៃ គូរ​ចំនួន៥ដោយចុះតាមសហគមន៍​ និងតាមវត្តអារាម​ដោយផ្តោតលើជនងាយ​រងគ្រោះដោយសារជំងឺ​របេងនេះ​ ដូចជាកុមារអ្នកផ្ទុកមេរោគអេដស៍​ អ្នកជំងឺទឹកនោមផ្អែម​ព្រះសង្ឃលោកអាចារ្យ​ ដូនជី និងក្មេងវត្ត។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative