៥ខែឆ្នាំ​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​សំលាប់​មនុស្ស១២២៤នាក់ ​និង​របួសធ្ងន់​ជាង២៣០០នាក់

ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ បាន​ឲ្យ​ដឹងថា​នៅក្នុង​រយៈពេល៥ខែ​ ឆ្នាំ២០១៥នេះ ​គ្រោះថ្នាក់ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ២៥១៤ករណី លើ២៦០៣ករណី ពោលគឺ​ថយចុះ​៨៩​នាក់ ស្មើ៣ភាគរយ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​នៅតែ​បន្ត​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។

2លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ​បាន​ថ្លែង​ដឹង​កាល​​ពីដើម​សប្តាហ៍​នេះ​នៅក្នុង​ពី​ធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ដល់​កងកម្លាំង​នគរ​បាល​​ចរាចរណ៍​ដែល​មកពី​បណ្តា​ខេត្ត-រាជធានី នៅ​អគ្គស្នង​ការ​​នគរបាល​ជាតិ​ឲ្យ​ដឹងថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​នៅ កម្ពុជា​កំពុង​ស្ថិតក្នុង​ភាព​ព្រួយបារម្ភ​ខ្លាំង​បំផុត។ លោក​ប្រធាន​នាយកដ្ឋាន បាន​បាន​លើក​ឡង​របាយការណ៍​មក​បញ្ជាក់ថា​នៅក្នុង៥ខែ​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង ចំនួន២៥១៤ករណី លើ២៦០៣ករណី ពោលគឺ​ថយចុះ​៨៩នាក់ ស្មើនឹង៣ភាគរយ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន១២២៤ លើ ១១៧៧កើន៥៩នាក់ ​ស្មើនឹង៥ភាគរយបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤កន្លងទៅ។ រីឯ​ចំនួន​អ្នករបួសធ្ងន់​មាន​ចំនួន​២៣៥៩នា​ក់ថយចុះ១៤៣នាក់ និង​អ្នករបួស​ស្រាល​ថយចុះ១០១នាក់ បើធៀបនឹងរយៈពេលដូចគ្នា។

លោក​បានបន្តទៀតថា ​ប៉ុន្តែ​យ៉ាង​ណាក៏ដោយក្នុង​រយៈពេល​ជាង២សប្តាហ៍​កន្លងមក​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ បាន​ថយចុះ​យ៉ាងគំហុកបន្ទាប់ពី​កងកម្លាំង​នគរបាល​បាន​ចុះ​ចាត់​វិធាន​ក្តៅ​លើ​អ្នកបើកបរ រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ក្នុង​ឆ្នាំ២០១៤​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន២២២៦នាក់​ភាគច្រើន​បាន កើតឡើង ដោយសារ​មិនមាន​ការទទួលខុសត្រូវ មិន​គោរព​ច្បាប់ កត្តា​ផ្លូវ និង​កត្តា​មនុស្ស​ជាដើម។

ក្នុងការ​ទប់ស្កាត់​បញ្ហា​នេះ​អគ្គ​ស្នង​នគរបាលជាតិសហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល​នៃ​គ្រឿង​ស្រវឹង IARP ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អា​មេ​រិច បាន​បណ្តុះបណ្តាល​បង្កើន​សកម្មភាព​ដល់​កងក​ម្លាំ​ង​នគរបាល​ចរាចរណ៍​លើ​ជំនាញ និង​នីតិវិធី​រឹតបន្តឹង​ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ទាំង​ពេល​ថ្ងៃ និង​ពេលយប់។

លោក គង់ សុវណ្ណ នាយក​អង្គការ IARP ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ការសហការ​បណ្តុះបណ្តាល​ជូន​កម្លាំង​នគរបាល​នាពេលនេះ គឺ​យើង​ចង់​ឲ្យ​កងកម្លាំង​នគរបាល​រួមគ្នា​ចាត់វិធានការនិង​អនុវត្ត​កត្តា​គន្លឹះ​​ចំនួន​៥រួមមាន១.ការទប់ស្កាត់និង​កាត់បន្ថយ​ក្រុមយុវជនដែល​មិនទាន់​គ្រប់​អាយុ​ក្នុងការ​ប្រើប្រាស់​ជាតិ​ស្រវឹង ២.លើកកម្ពស់​ក្រមសីលធម៌ នៃ​ការធ្វើ​ទីផ្សារ​ស្រវឹង៣.ផ្តល់ព័ត៌មាន​ជា​ប្រយោជន៍ និង​ដំណោះស្រាយ​សមស្របថ្មីៗ ដល់​អ្នកប្រើប្រាស់, ៤.ការទប់ស្កាត់ និង​កាត់បន្ថយ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹងនិង​ទី៥.ត្រូវមាន​យន្តការផ្សេងៗទៀត​ដើម្បី​ជំរុញ​ដល់​អ្នក​ស្រវឹង​ទាំងអស់ ត្រូវមាន​វប្បធម៌​ពិសារ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative