ក្រសួងសុខាភិបាល​គ្រោងនឹង​ចុះបញ្ជិកាឱសថ​តាមប្រព័ន្ធ​អនឡាញ​នាពេល​ខាងមុខ

ក្រសួង​សុខាភិបាល​ គ្រោងនឹងចុះបញ្ជិកា​ឱសថតាមប្រព័ន្ធ​អនឡាញ​ ដើម្បីបង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​រកទទួល​ទាន​លើវិស័យ​ឱសថនេះ។

4លោកវេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ថា ចុះ​បញ្ជិកា​​ឱសថ​តាមប្រព័ន្ធ​អនឡាញ​​នេះ​​​ក្រសួង​សុខា​ភិបាល​​ កំពុង​រៀបចំ​ដោយ​សហការ​​ ជាមួយអង្កការ​សុខភាព​ពិភពលោក​ ព្រោះថា​នៅ​តាមបណ្តាប្រទេសមួយ​ចំនួននៅអាស៊ាន​ ក៏មិនទាន់​ធ្វើបានដែរ​ គឺមាន​តែ​ម៉ាឡេស៊ី​ និងសាំងហ្គាពួរ​ទេដែលមាន​ប្រព័ន្ធការ​ចុះបញ្ជិកា​តាម​ប្រព័ន្ធ​​អនឡាញ​នេះ។

លោករដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍បន្តថា​ «ការរៀបចំ​ឲ្យមានប្រព័ន្ធ​នេះ ​វាមាន​សារៈសំខាន់ណាស់​ដល់អ្នករកស៊ី​ព្រោះថា​ ពួកគេ​ចំណេញ​ពេលវេលា​ ដោយ​មិន​ចាំបាច់មកកាន់​ ក្រសួងសុខាភិបាលទេ​ ដោយ​គេគ្រាន់តែ​បំពេញ​ បែបបទ​តាម​ប្រព័ន្ធ​អនឡាញ​ហើយបញ្ជួន​មកក្រសួង​ ហើយ​ក្រសួងនឹង​ត្រួត​ពិនិត្យ​ បើឃើញថាត្រឹមត្រូវ​ហើយ ក្រសួងនឹង​ចេញ​អាជ្ជា​ប័ណ្ណ ឲ្យតែបើមិនគ្រប់តាម​លក្ខខណ្ឌ​ទេ​នឹងមិន​ចេញឲ្យទេ»។

បច្ចុប្បន្ននេះ ការចុះបញ្ជិកាឱសថ​ និងសេវាផ្សេង​ទៀតត្រូវមកកាន់​ក្រសួងសុខាភិបាល​ តាម​ច្រក​ចេញ​​ចូល​​​តែ​មួយ​​ដែល​មាន​ដាក់តារាងតំលៃ​ និងរយៈពេលដែលត្រូវមក​ទទួលបានទៅតាម​ផ្នែក​រៀងៗ​ខ្លួន។

បើតាមលោករដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល​ និងរៀបចំកែច្បាប់​ការចុះបញ្ជិកាថ្មី​ ដោយប្តូរពីពាក្យ​ពីចុះបញ្ជិកាមក​ជាការចេញ​ អាជ្ញាប័ណ្ណវិញ​។ ការផ្លាស់ប្តូរនេះ​ដើម្បីឲ្យស៊ីគ្នា​ជាមួយនឹងប្រទេស​នៅក្នុងសហគមន៍​អាស៊ាន។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative