កម្ពុជា​បើក​​យុទ្ធនាការ​​ កាត់​បន្ថយ​ការ​ស្លាប់​របស់​​កុមារ​​ពី​ជំងឺ​​រលាក​សួត​

ក្រសួងសុខាភិបាល​​ សហ​ការ​ជាមួយ​​អង្គការ​យូ​នី​សេ​ហ្វ​ និង ​KOICA​ បើក​យុទ្ធនាការ​ស្តីពី​ការផ្លាស់​ប្តូរ​ឥរិយាបថ​ ទាក់​ទង​​ការ​ស្វែងរក​ និង​ការថែទាំ​សមស្រប​​មួយ​ សម្រាប់​ជំងឺ​​រលាក​សួតកុមារ ​និង​ទារក​​ទើប​កើត​ ដើម្បី​ចូលរួម​​កាត់បន្ថយ​ការ​ស្លាប់ និង​គ្រោះថ្នាក់​​ដោយសារ​ជំងឺ​​រលាក​សួត​ (ជំងឺ​ផ្លូវដង្ហើម)​ នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរឡើង។

3យុទ្ធនាការ​នេះ​​ បានធ្វើ​​ឡើងនៅ​​មន្ទី​សុខាភិបាល​​ ខេត្តកំពង់​ស្ពឺ​ កាល​ពី​ថ្ងៃ​ទី០៨​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ ក្រោម​អធិបតីភាព​​លោក​សាស្ត្រាចារ្យ ​អេង ហួត​ រដ្ឋលេខា​ធិការ​ក្រសួង​សុខា​ភិបាល​​ ប្រធាន​​អង្គការ​យូ​នី​សេ​ហ្វ​ ​និង​ KOICA​ និង​​មន្ត្រី​​ពាក់ព័ន្ធ​​ជាច្រើនរូប​​ទៀត​នេះ​។ យុទ្ធនាការ​នេះ​​ ធ្វើឡើង​​ក្នុង​គោល​​បំណង​​រួមចំណែក​ កាត់បន្ថយ​​ការស្លាប់​ និង​គ្រោះថ្នាក់​ ​ដោយសារ​ជំងឺ​​រលាក​សួត​ដល់​​កុមារ​ និង​ជា​សារ​ដាស់​តឿន​​ដល់មាតាបិតា​ និង​អាណា​ព្យាបាល​ ដែលមាន​កូន​តូចៗ ​ឲ្យ​ប្រញាប់​​រុះ​រាន់​​យក​កូន​​ទៅ​មណ្ឌល​​សុខភាព ​ឬ​មន្ទីរពេទ្យ​ ពេលកុមារ ​ឬ​ទារក​តូចៗ​មាន​រោគសញ្ញា​​គ្រោះថ្នាក់។

លោកស្រី​ រ៉ា​ណា​ហ្វ្លា​វើ​រ​ ប្រធាន​អង្គការ​ យូ​នី​សេ​ហ្វ​ ប្រចាំ​​កម្ពុជា​​បានថ្លែងអំណរ​គុណ​​ដល់​ KOICA​ ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការងារ​​នេះហើយ​អង្គការយូ​នីសេ​ហ្វ​ ​រំពឹងថា​នឹង​បន្ត​កិច្ច​សហការ​ ប្រកប​ដោយ​ផ្លែផ្កា​ ដើម្បី​ឲ្យ​​យុទ្ធនាការ​នេះ​​ទទួលបាន​​ជោគជ័យ។

លោកស្រី ​Baek Sook Hee​ ប្រធាន​អង្គការ ​KOICA ​បាន​សម្តែង​ពី​ក្តី​​រីករាយ ដែល​បាន​​ចូលរួមចំណែក​ ជួយ​ដល់​​កុមារ​កម្ពុជា​ ដែល​គម្រោង​នេះ​ បានចាប់ផ្តើម​​តាំងពី​ឆ្នាំ២០១៣​ មកហើយ​យុទ្ធនាការ​នេះ​ នឹង​បង្កើន​ទំនាក់​ទំនង​​កាន់តែ​ល្អប្រសើរ​រវាង​កម្ពុជា​ និង​ប្រទេស​កូរ៉េ។

លោក​សាស្ត្រាចារ្យ​ អេង ហួត​ បាន​មាន​ប្រសាសន៍ថា​ « ក្រសួង​សុខាភិ​បាល​ សូម​គាំទ្រ​​យ៉ាង​ពេញ​ទំហឹង​ដល់​យុទ្ធសាស្ត្រ​​ប្រាស្រ័យ​​ទាក់ទង​ ដែលមាន​​ឥទ្ធិពល​​ដល់​ការផ្លាស់ប្តូរឥរិយាបថ​ ទាក់ទង​​នឹង​ការស្វែង​រក​ និង​ការ​ថែម​ទាំ​​សមស្រប​ សម្រាប់​​ជម្ងឺ​រលាក​សួត​កុមារ ​និង​ទារក​ទើប​កើត » ។

លោក​រដ្ឋលេខាធិការ​ ​បា​ន​អំពាវនាវ ​ដល់​អង្គភាព​សារ​ធា​រណៈ​ដទៃ​ទៀត និង​អង្គភាព​​ជំនាញ​នានា​ ដែល​ពាក់ព័ន្ធ​សូម​​ចូលរួម​​ផ្សព្វផ្សាយ​ តាម​លទ្ធភាព​​ដែល​អាច​ទៅបាន​​ ដើម្បី​​ជាការ​លើក​ទឹកចិត្តស្ត្រី​ជា​មាតា​​នៅ​ទូទាំងប្រទេស​​កម្ពុជា ឱ្យមាន​ចំណេះដឹង​ និងយល់​ពី​អត្ថ​ប្រយោជន៍​​ ក្នុងការ​ថែទាំ​​សមស្រប​ចំពោះ​កុមារ ។

យោងតាម​ល​ទ្ឋ​ផល​​អង្កេត​ថ្នាក់ជាតិ ​បឋម​របស់​វិទ្យាស្ថាន​ជាតិ​​ស្ថិតិ​នៃ​ក្រសួងផែនការ​ ដែល​ធ្វើ​ជាមួយ​ប្រជាពលរដ្ឋ​​ចំនួន​ ១៦,៣៥៦គ្រួសារ ​នៅ​ទូទាំងប្រទេស​​បានចេញ​កាលពីពេល​ថ្មីៗនេះ​ ​បាន​បង្ហាញថាអត្រា​មរណៈ​របស់​​ទារក​ទើបនឹង​កើត​បាន​កាត់បន្ថយ​​ពី២៨នាក់ ​ក្នុង​ឆ្នាំ២០០៥​ មក​នៅត្រឹម២៧នាក់​​ នៅ​ឆ្នាំ២០១០ ​និង​ធ្លាក់​ចុះមក​នៅ​ត្រឹម១៨នាក់ ​ក្នុង​ឆ្នាំ២០១៤​ក្នុងចំណោម ១០០០កំណើត​​រស់។ អត្រា​មរណៈ​របស់​​កុមារ​អាយុ​ក្រោម​១ឆ្នាំ​ បាន​កាត់បន្ថយ​​ពី៦៥នាក់​ នៅ​ឆ្នាំ២០០៥​ មក​នៅ​ត្រឹម​៤៥នាក់​នៅ​ឆ្នាំ២០១០​ និង​ធ្លាក់​ចុះមក​​នៅត្រឹម២៨នាក់​ ​ក្នុងចំណោម១០០០កំណើត​រស់។​

ចំណែក​អត្រា​មរណៈ​​របស់​កុមារអាយុ​ក្រោម៥ឆ្នាំ​ ​បាន​ធ្លាក់ចុះ​​ពី៨៣នាក់​​ នៅ​ឆ្នាំ២០០៥​ មក​នៅត្រឹម​៤៥នាក់​ ​នៅ​​ឆ្នាំ២០១០​ និង​​ធ្លាក់​ចុះមក​នៅត្រឹម៣៥នាក់​ ​នៅ​ឆ្នាំ២០១៤ ក្នុងចំណោម​១០០០កំណើត​រស់​។ អត្រា​នៃ​ការ​មាន​កូន​សរុប​ក្នុង​​ស្ត្រីម្នាក់បាន​​ថយចុះ​ពី៣.៤ ​នៅ​ឆ្នាំ២០០៥ មក​​នៅត្រឹម៣.០ ​នៅ​ឆ្នាំ២០១០​ និង​ធ្លាក់​មកដល់២.៧​នៅ​ឆ្នាំ២០១៤នេះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative