យុគ ចិន្ដា សម្រស់ស្អាត​បែបធម្ម​ជាតិ

សព្វថ្ងៃនេះ អ្នកនាងយុគ ចិន្ដា​ជាពិធី​ការិនី​ដ៏ឆ្នើម​មួយរូប ប្រចាំ​នៅ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា​ សុីធីអែន​។​ ថ្វីត្បិត​តែ អ្នកនាងមាន​វយ័​៣១​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្ដែ​សម្រស់​របស់​អ្នកនាង​នៅតែ​ស្រស់ស្អាត​ជានិច្ច។ទោះបីជា​អ្នកនាង​មមាញឹក​ក្នុង​ការងារ​យ៉ាងណា​ក៏ ដោយ ក៏​អ្នកនាង​មិនដែល​ធ្វេសប្រហែស​ក្នុងការ​ថែរក្សា​សម្រស់​ឡើយ។ តើ​អ្នកនាង​មាន​វិធី​ថែរក្សា​សម្រស់​បែបណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកនាង​ចិន្ដា​បាន​បង្ហាញ​ប្រាប់ពី​វិធី​ថែរក្សា​សម្រស់​ និង​សុខភាព​របស់​អ្នកនាង​ប្រាប់ដល់​ទស្សនាវដ្ដី​ សុខភាព​យើង​ និងក៏ដូចជា​មិត្ដ​អ្នកអាន​ផងដែរ។

ការថែរក្សាសក់

នៅ​ក្នុង​ផ្នែក​សម្ផស្ស ចិន្ដា​យក​ចិត្ដ​ទុក​ដាក់​ច្រើន​ជាង​គេ​ គឺសក់ ​ព្រោះថា​ជាមួយ​គ្នា​នឹង​ការងារ​ជា​ពិធីការិនី​ អ្នកនាងត្រូវការ តុបតែង​សក់ញឹក​ញាប់។​ អ្នកនាង​មិន​ចូលចិត្ដ​កៀប​សក់ទេ​ ព្រោះខ្លាច​នាំឱ្យ​សក់ខូច​ ដោយ​សារ​អ្នកនាង​ជាអ្នក​ស្រឡាញ់​សក់ពណ៌​​ខ្មៅ តា​បែប​ធម្មជាតិ​នោះ អ្នកនាង​មិនចូល​ចិត្ដប្ដូរ​ពណ៌សក់​ទេ។

ដូច្នេះ​ក្នុង​ការថែរក្សា​សក់​ អ្នកនាង​ត្រូវ​ចំណាយ​ពេល​ពី១ ទៅ​២ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​អប់សក់។​ លើសពី​នេះ ២​សប្ដាហ៍ ម្ដង ឬ១ខែម្ដង មុន​នឹង​កក់សក់​ ចិន្ដា​តែង​លាប​ថ្នាំមួយ​ប្រភេទ​ ជា​ប្រភេទ​ប្រេង ទុក​វារយៈ​ពេល៥នាទី​ ទើបធ្វើ​ការកក់​សក់ជា​មួយ សាប៊ូ​។ ការ​លាប​ប្រេងនេះ​ គឺដើម្បី​ជួយសក់​កុំឱ្យ​សក់ស្ងួត​ ឬបែក​ចុង។​ បន្ទាប់​ពីកក់សក់​ហើយ​ នៅពេល​ផ្លុំសក់​ឱ្យស្ងួត​ហើយ​ ចិន្ដា​ប្រើ ថ្នាំ​លាប សម្រាប់​ជួយ​បំប៉ន​សរសៃ​សក់ និង​បន្ទាប់​មកប្រើ​ថ្នាំមួយ​ទៀត សម្រាប់​ដាក់នៅ​លើស្បែក​ក្បាល ជួយ​ការពារ​កុំឱ្យសក់​ជ្រុះ ព្រោះ​ថានៅ​ពេល​យើង​ធ្វើសក់​ច្រើន​ដង ធ្វើឱ្យ​សក់​យើង​ក្ដៅឆាប់​ផុយ​។

ការថែរក្សារោមភ្នែក និងចិញ្ចើម

ចិន្ដា​ស្រឡាញ់​រោម​ចិញ្ចើម​ក្រាស់​ និង​រោម​ភ្នែក​វែង​បែប​ធម្មជាតិ​។ នៅរាល់​ពេល​លុប​លាង​ម្សៅ​ចេញ​ពីលើ​ផ្ទៃមុខ​ ចិន្ដា​តែង តែ​លាង​រោម​ភ្នែក​ជា​មុន​។ ពេល​លាង​រោម​ភ្នែក​ ចិន្ដា​មិន​ប្រើ​ជាមួយ​របស់​អ្វី​ច្រើន​ទេ គឺអ្នក​នាង​ប្រើជា​មួយ​ផលិតផល​សាប៊ូកូន​ក្មេង ម្យ៉ាង​តែ​ប៉ុណ្ណោះ​ ដែល​អ្នក​នាង​យល់​ថាលាង​ទៅ​ជ្រះ​ល្អ។

ការថែបបូរមាត់

តាមការ​សង្កេត​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្ដី ចិន្ដា​ច្រើន​ប្រើ​ក្រែម​ដែល​មិន​សូវ​មាន​លក្ខណៈ​ដិតៗទេ។ ​ចិន្ដា​ចូល​ចិត្ដប្រើ​ក្រែម​ ដែល​សម​ទៅតាម​ពណ៌បបូរ​មាត់ធម្មជាតិ​របស់​អ្នក​នាង​ ព្រោះអ្នក​នាង​យល់​ថាសក្ដិសម។​ ការប្រើ​ប្រាស់​ក្រែម​ច្រើនពេកលាប​ទៅលើ បបូរ​មាត់​ យូរ​ទៅនាំ​ឱ្យក្រែម​ជាប់​នឹង​សាច់​បបូរ​មាត់​ នាំ​ឱ្យបបូរមាត់​ទៅជា​ខ្មៅ។​ ដូច្នេះ​ហើយ​ ទើប​ចិន្ដា​ថែរ​ក្សា​បបូរមាត់ ​ដោយប្រើ ផលិត​ផល​ម្យ៉ាង​ ជាក្រែម​លាបនៅលើ​បបូរមាត់សម្រាប់​ជួយបបូរ​មាត់​ នៅរាល់​ពេលមុន​ចូលគេង​ និងមុនពេល​តុបតែង​មុខ ដើម្បី​ជួយ ការពារ​កុំឱ្យ​ក្រែម​វាជាប់​លើសាច់​បបូរមាត់។​ ព្រោះ​ការប្រើក្រែម​ជាប់នឹង​សាច់បបូរមាត់​ វាធ្វើឱ្យ​មាត់យើង​ប្រេះ ពណ៌ក្រែម​កាន់​នៅ លើ​មាត់យើង នាំឱ្យ​មាត់របស់់យើង​ខ្មៅបាន​។ ថ្វីត្បិតតែ​ចិន្ដាតុបតែង​បបូរមាត់​ជាមួយក្រែម​ជាច្រើនឆ្នាំ​មកហើយ តែបបូរ​មាត់អ្នក​នាង មិន​ខ្មៅទេ ដោយ​សារអ្នក​នាងចេះ​ថែរក្សា។

ការថែទាំស្បែកមុខ និងស្បែកខ្លួន

ការថែរក្សា​ស្បែកមុខ​ក៏ដូចគ្នានឹង​សក់ដែរ ​ចិន្ដាមានការ​យកចិត្ដទុកដាក់​ជាខ្លាំងដូចគ្នា​ដែរ។​ ទោះបីជាចិន្ដា​ហត់នឿយ​នឹងការ ងារ​យ៉ាងណា​ក៏ដោយ ក៏អ្នក​នាងត្រូវសម្អាត​លើផ្ទៃមុខបន្ទាប់​ពីចប់កម្ម​វិធី។ ចិន្ដាធ្វើការ​សម្អាតមុខ​ដោយផ្ចិតផ្ចង់​ខ្លាំងណាស់ ជួន​អ្នក នាង​ត្រូវចំណាយ​អស់រយៈពេល​កន្លះម៉ោង​ក្នុងការសម្អាត​មុខម្ដងៗ។

ជាដំបូង​ ចិន្ដាលាង​សម្អាតម្សៅ​តុបតែងមុខ​ ដោយ​យក​សាប៊ូកូនក្មេង​មកលាង​ត្របកភ្នែក។​ បន្ទាប់មក​ទើបយក​ឡេមក​ លាង​ម្សៅ​លើមុខម្ដង​ហើយ​ម្ដងទៀត ដើម្បី​ឱ្យជ្រះជាតិ​ម្សៅលើផ្ទៃមុខ​ ហើយ​ទើបចាប់ផ្ដើម​លាបហ្វម​លាងមុខ​។ កាប្រើហ្វម​នេះ ចិន្ដា មិនលាង​ដោយដៃទេ​ គឺដោយប៉ុង ប៉ុង​ត្រូវ​ផ្លាស់ប្ដូរ​ចោលនៅ​ពេលវា​រឹង។ ការ​លាងស្បែកមុខ​ អ្នកនាង​មិនសូវ​ប្រើជា​មួយទឹក​ក្ដៅប៉ុន្មាន ទេ ព្រោះ​វាធ្វើឱ្យ​ស្បែកមុខ​ឆាប់ជ្រួញ។​ បន្ទាប់ពី​ជូតមុខជា​មួ​យហ្វមរួច​រាល់ហើយ​ ចិន្ដាប្រើ​ទឹកថ្នាំម្យ៉ាង​ទៀត​សម្អាត​លើផ្ទៃមុខ​ម្ដង ទៀត។​

ចិន្ដា​មានស្បែក​ស្ងួត​ស្រាប់ នៅ​ពេលចេញ​ទៅធ្វើការ​ អ្នកនាងតែង​តែប្រើឡេលាបមួយ​ថ្ងៃ២ដង គឺពេល​ព្រឹក និង​ពេល​យប់ ចូលគេង។​ ជាទម្លាប់​របស់ចិន្ដា ​នៅរាល់ពេលយប់​ មុនចូលដំណេក ​ចិន្ដាលាប​ឡេម្យ៉ាង​នៅលើ​រង្វង់ផ្ទៃមុខ ​នៅលើរង្វង់ភ្នែក​ ដើម្បីជួយ កាត់​បន្ថយ​វ័យកុំឱ្យ​មានជ្រួញ ដើម្បីបំប៉ន​ស្បែកមុខ។​ មួយសប្ដាហ៍ ​ឬពីរសប្ដាហ៍​ម្ដង ចិន្ដាលាប​ឡេដែលជួយ​ឱ្យស។ នៅពេលមុ​នចេញ ដើរ​ទៅណាមក​ណាម្ដងៗ ចិន្ដាតែង​លាបឡេជា​ប្រចាំ ដូចជា​ឡេចិញ្ចឹម​ស្បែក ឡេ​ការពារ​កម្ដៅថ្ងៃជា​ដើម។

ថែរក្សាក្រចក

ចិន្ដាមិនសូវ​ចូលចិត្ដទុកក្រចក​ និងការលាបពណ៌​ក្រចក ទាំងក្រចក​ដៃ និងជើង គឺ​ចូលចិត្ដកាត់ឱ្យអស់។​ ប៉ុន្ដែអ្នកនាង​ថែ ម្រាមដៃ និង​ក្រចកដែរ។ មុនពេល​ចូលគេង អ្នកនាង​មានប្រើឡេ​ម្យ៉ាង សម្រាប់​លាបនៅតាម​ថ្នាំងម្រាម​ដៃ ម្រាមជើង​ និងតាមចុងៗ ក្រចក ដើម្បី​កុំឱ្យដៃស្ងួត ​និងដើម្បីឱ្យក្រច​កមានពណ៌ផ្កាឈូក​ដូចពណ៌ធម្មជាតិ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព

កាលពីមុន អ្នកនាង​ធ្លាប់ធាត់ដល់​៥៧គីឡូ អ្នកនាងសម្រក​ទម្ងន់ដោយការ​បន្ថយការញុំា គឺញ៉ាំតែបុកល្ហុង​រាល់ល្ងាចចូល​ជាង បីខែ ហើយ​បន្ថយការញាុំបាយ គឺញ៉ាំតែ២ស្លាប​​ព្រាតែប៉ុណ្ណោះ។​ អ្នកនាងចូលចិត្ដ​ម្ងន់ខ្លួនក្នុង​រវាងពី៥០ ទៅ​៥២គីឡូក្រាម​។​ ផ្លែឈើ ដែលចិន្ដា​ចូលចិត្ដញ៉ាំជាងគេ គឺផ្លែប៉ម​ពណ៌ខៀវ ​ព្រោះវាមិនសូវផ្អែម​ ធ្វើឱ្យមិនសូវឡើងទម្ងន់ ​ផ្ដល់សារប្រយោជន៍ច្រើន​ដល់សុខភាព ​និង​សម្រស់រាងកាយ។​ ចិន្ដាបរិភោគបន្លែគ្រប់មុខ​(ជាពិសេសចូលចិត្ដញ៉ាំបន្លែ) និងសាច់ត្រី ព្រោះ​គិតថាវាជាអាហារ​ជួយសុខភាព​ល្អ។

នៅមុនពេលចូល​គេង អ្នកនាងញ៉ាំប្រភេទ​ទឹកដោះគោដែល​មិនមានជាតិ​ផ្អែមមួយកែវ និងញ៉ាំទឹក១កែវទៀត។​ ពេល ព្រឹករាល់​ពេលភ្ញាក់ពីគេង អ្នកនាងញ៉ាំទឹកមួយកែវ​ទៀតជាទម្លាប់។​ ចិន្ដាមិន​ទទួលទានអាហារ​ណាដែលញ៉ាំ​ទៅធ្វើឱ្យក្ដៅខ្លួន​ទេ។​ អ្នក នាង​ការពារខ្លួនមិនឱ្យត្រូវ​ទឹកភ្លៀង​ និងខ្យល់ខ្លាំង ​ព្រោះធ្វើឱ្យអ្នកនាង​កើតផ្ដាសាយ។​ ប្រការជាពិសេសនោះ ​គឺនៅរាល់ពេលឈឺថ្កាត់​ ផ្សេងៗ ​អ្នកនាងមាន​ពេទ្យប្រចាំខ្លួន ​គឺមិនទៅទិញ​ថ្នាំផ្ដេសផ្ដាសឡើយ។​ នៅពេលឈឺម្ដងៗ​គ្រូពេទ្យតែងមកពិនិត្យ​ដល់ផ្ទះ។

បណ្ដាំផ្ញើរបស់យុគ ចិន្ដា

បើសិនជា​ចង់ស្គម សូមកុំប្រើ​ថ្នាំធ្វើឱ្យស្គម ព្រោះនាំឱ្យប៉ះពាល់​ដល់សុខភាព​ គឹត្រូវកាត់បន្ថយការញ៉ាំ។​ បើធ្លាប់ញ៉ាំ​ច្រើន ដង មក​ញ៉ាំឱ្យតិច​ដងវិញ។​ មិនត្រូវញ៉ាំអាហារ​ដែលមានជាតិ​ខ្លាញ់ច្រើនពេក និងផ្លែ​ឈើណាដែលផ្អែមពេក​ទេ។​ សម្រាប់អ្នក​ដែលចង់ បានរូបរាងស្អាត​ ស្បែកស្អាត ​គាត់​ត្រូវយកចិត្ដ​ទុកដាក់ក្នុង​ការប្រើប្រាស់​ផលិតផលណាដែល​ត្រូវនឹងស្បែករបស់​គាត់ មិនត្រូវ​ជឿទៅ តាម​គេថានោះ​ទេ។​ ប្រសិនបើ​ប្រើផលិតផល​ណាដែលត្រូវនឹងស្បែក​គាត់ហើយ​ សូមឱ្យប្រើផលិតផល​នោះរហូត។​

ជាការ​ប្រសើរ ត្រូវ​ទៅពិគ្រោះ​ជាមួយអ្នក​ជំនាញខាង​ស្បែក ដើម្បី​ឱ្យប្រើផលិត​ផលត្រូវនឹង​ស្បែក។​ សម្លៀកបំពាក់​ជាកត្ដា ​មួយលើក​សម្រស់មួយ​កម្រិតដែរ។​ ប៉ុន្ដែយើងត្រូវ​ចេះជ្រើសរើស​ពណ៌ណាដែល​សមនឹងខ្លួន​យើងដែរ ព្រោះពណ៌ខ្លះពាក់​ទៅមើល ឃើញធំ ពណ៌ខ្លះ​ទៀតពាក់ទៅមើល​ឃើញស្គម។​ ហើយអ្នកខ្លះ​ទៀតទាល់តែ​ពាក់សម្លៀកបំពាក់​ណាដែលចេញសាច់​ខ្លាំង ទើបមើល ​ទៅឃើញ​ស្អាត។ នៅពេលធ្វើ​ការហត់ច្រើន យើងត្រូវសម្រាក​ឱ្យបានគ្រប់​គ្រាន់ និងញ៉ាំអាហារ​ឱ្យគ្រប់គ្រាន់់។

ប្រការទាំង​ប៉ុន្មានខាង​លើនេះ គ្រាន់តែជា​វិធីថែទាំ​សម្រស់ផ្ទាល់ខ្លួន​របស់អ្នក​នាងយុគ ចិន្ដា​តែប៉ុណ្ណោះ។​ ដូច្នេះ ទស្សនាវដ្ដី សុខ​ភាពយើង​ សូមឱ្យ​មិត្ដអ្នក​អានស្រង់យក​តែចំនុច​ដែលលោក​អ្នកយល់ថាល្អ​បានហើយ។​

ប្រវត្ដិ​រូបសង្ខេប​

  • ឈ្មោះ ៖ យុគ ចិន្ដា
  • ទម្ងន់ ៖ ៥១គីឡូ
  • កម្ពស់ ៖ ១ម៉ែត្រ ៦៣
  • ទំហំទាំងបី ៖ ទ្រូង៣៤ ចង្កេះ២៦ ត្រកៀក៩៥
  • មានបងប្អូន ៖ ៥នាក់ (ជាកូនទី២)
  • អាយុ ៖ ៣១ឆ្នាំ
  • អាជីព ៖ ជា​អ្នកផលិតកម្ម​វិធី និងជាពិធីការិនី​ប្រចាំទូរទស្សន៍ CTN
  • ជាប់អាជីពកា​រងារ ៖ ឆ្នាំ១៩៩៣
  • ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយក្រុមគ្រួសារ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative