ក្រសួង​សុខាភិបាល​​ផ្សព្វផ្សាយ​​ផែនការ​​យុទ្ធសាស្ត្រ​​ជាតិ​​គណៈវិជ្ជា​​ជីវៈ​​សុខា​ភិបាល​​២០១៥​‑២០២០​

ក្រសួង​​សុខាភិបាល​​ បានធ្វើការ​​ផ្សព្វផ្សាយ​​ផែនការយុទ្ធ​សាស្ត្រ​ សំរាប់​គណៈវិជ្ចាជីវៈ​ ២០១៥​​‑២០២០​ កាល​ពីថ្ងៃ​ទី០៨​ ខែមិថុនា​ ឆ្នាំ២០១៥​ នៅសណ្ឋាគារ​ អាំងទ័រកុង​ទីណង់​តាល់​ ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

4លោកសាស្ត្រាចារ្យ​ ធា​ គ្រុយ​ ប្រធានគណៈ​គ្រូពេទ្យ​ជាតិ​ បាន​​មាន​ប្រសាសន៍​ថា​ ផែន​ការ​​យុទ្ធសាស្ត្រ​ជាតិ​ គណៈវិជ្ជា​ជីវៈ​សុខាភិបាល​ ២០១៥​‑២០២០​ បង្កើតឡើង​​ក្នុង​​គោល​បំណង​ដើម្បី​ពង្រឹង​ និង​កែលំអគុណភាព​ នៃ​ការ​ធ្វើ​និយ័ត​កម្ម​ អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ទាំងអស់​។ លោក​សាស្ត្រាចារ្យ​ បាន​បន្តថា​គោល​បំណង​ នែផែនការ​រយៈពេល​៥ឆ្នាំនេះ​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​មាន​ផល​ប៉ះពាល់​ ទៅ​លើ​ប្រសិទ្ធភាព​នៃនិយ័តកម្ម​អ្នក​ប្រកប​របរវិជ្ជា​ជីវៈវេជ្ជសាស្ត្រ​នៅ​កម្ពុជា​។ ការ​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​សិទ្ធ​អំណាចសមត្ថភាព​ និង​រចនា​សម្ព័ន្ធ​ របស់​ក្រុម​គណៈទាំង៥​ ដែល​គ្រប់គ្រង​លើវេជ្ជបណ្ឌិត​ ទន្តបណ្ឌិត​ ឆ្មប​​គិលានុ​ប្ប​ដ្ឋា​យិកា​ និងឱសថការី។ ការ​ធ្វើ​ការងារ​ផ្ទៃក្នុង​ភាព​ជាដៃ​គូមិន​ថា​តែជាមួយ​ ក្រសួង​​សុខាភិបាល​ ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ធ្វើការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ក្រសួងយុត្តិធម៌​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតផងដែរ​ និង​លើក​កំពស់​ការ​ភ្ជាប់​ទំនាក់ទំនង​ រវាង​និយ័តកម្ម​វិជ្ជាជីវៈ​សុខាភិបាល​ និង​យន្តការ​កែលំអរ​គុណភាព​ និង​សុវត្តិភាព​ផ្សេងៗ​​ នៅក្នុងវិស័យ​សុខាភិបាល​ឯកជន​ និង​សាធារណៈ​ក្នុង​ប្រទេសកម្ពុជា​។

លោកវេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ បានមានប្រសាសន៍​ថា​ គណៈវិជ្ជា​ជីវៈសុខាភិបាល​ទាំង៥នេះ​ រួមាន​ គណៈគ្រូពេទ្យ​កម្ពុជា​ បង្កើត​ឡើង​ក្នុងឆ្នាំ​២០០០​ គណៈទន្តពេទ្យ​កម្ពុជា ​បង្កើត​ឆ្នាំ២០០៥​ គណៈ​ឆ្មប​កម្ពុជា​ បង្កើត​ឆ្នាំ​២០០៦​ គណៈគិលានុប្បដ្ឋាក​ កម្ពុជា​បង្កើត​ឆ្នាំ​២០០៨​ និង​គណៈឱសថការី​កម្ពុជា​ បង្កើត​ឆ្នាំ​២០១០​ ត្រូវ​បានបង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ក្នុងគោល​បំណង​ បង្កើន​ការយកចិត្ត​ទុក​ដាក់​​ទៅ​លើការ​ធានា​គុណភាព​ និងសុវត្តិភាព​ សំរាប់​ប្រព័ន្ធ​ថែទាំសុខភាព​ ទាំងសេវា​សាធារណៈ​ និង​ឯកជន​ នៅក្នុង​ប្រទេសកម្ពុជា​ និងដើម្បី​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ ឲ្យ​បានល្អប្រសើរ​សំរាប់​គ្រប់គ្រង​ អ្នក​ប្រកប​ វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​បំពេញ​តាមសេចក្តី​ត្រូវការ​បរិបទ​វប្បធម៌​ និងធនធានកម្ពុជា។​

លោករដ្ឋមន្ត្រី​ បានបន្តថា​គោលដៅសំខាន់មួយទៀត​ គឺដើម្បី​ឆ្លើយ​តប​ ទៅនឹ​ងកា​រ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ នាពេល​ដ៏ខ្លី​ខាង​មុខនេះ ​ព្រោះថាកម្ពុជា​ និងអាស៊ាន​បានចុះកិច្ច​ព្រមព្រៀង​ ទទួលស្គាល់គ្នា​ទៅវិញ​ទៅមក​លើមុខ​ជំនាញ​ចំនួន​៣​ រួម​មាន​គ្រូពេទ្យ​ គិលានុប្បដ្ឋាក​ និងទន្តពេទ្យ​។ ដូចនេះយើង​ត្រូវការ​ គ្រូពេទ្យឆ្មប​ និងទ​ន្តពេទ្យ​ មួយ​ដែលមាន​ជំនាញ​ច្បាស់​លាស់​ មាន​​ក្រមសី​លធម៌​ និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ លោករដ្ឋមន្ត្រី​បន្ថែម​ថា ដើម្បី​ឲ្យសមស្រប​តាមអ្វី​ដែលបាន​លើកឡើង​នោះ ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​ ត្រូវចុះឈ្មោះជាមួយ​ គណៈវិជ្ជាជីវៈ​ទាំង៥​ ដើម្បី​ក្លាយជា​អ្នក​ប្រកប​​វិជ្ជាជីវៈ​ស្របច្បាប់។ បើ​មិន​បានចុះទេ​មានន័យថា​មិនស្របច្បាប់ទេ​។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ បានបញ្ជាក់​ថា​ «ក្រុមគណៈវិជ្ជា​ជីវៈ​សុខាភិបាល​ទាំង៥​ ដើរតួនាទី​សំខាន់​ខ្លាំង​ក្នុងការ​ការពារ​ ដល់​សាធារណៈជន​ តាម​រយៈការ​ធ្វើនិយ័តកម្ម​ លើអ្នកប្រកប​វិជ្ជាជីវៈ​ ដែលជាអ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ដល់សហគមន៍»។​លោក​រដ្ឋមន្ត្រី​បន្ថែមទៀតថា​ តួនាទីនេះ​វាខុស​ពីតួនាទី​ របស់​សមាគមវិជ្ចា​ជីវៈសុខាភិបាល​ ដែល​ដើរ​តួនាទី​ សំខាន់​ក្នុង​ការ​លើក​ប្រយោជន៍​ដល់អ្នកវិជ្ជា​ជីវៈសុខាភិបាល។​

លោករដ្ឋមន្ត្រី​បានឲ្យ​ដឹងទៀតថា​ ផែនការយុទ្ធសាស្ត្រជាតិ​គណៈវិជ្ជា​ជីវៈសុខាភិបាល​ ២០១៥​‑២០២០​​ ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​នោះ​ត្រូវធ្វើយ៉ាងណាឲ្យ​អ្នកប្រកប​វិជ្ជាជីវៈ​នៅកម្ពុជា​ទាំងអស់​ មកចុះ​បញ្ជិកា​នៅគណៈវិជ្ចា​ជីវៈទាំង៥នេះ ​ហើយ​ត្រូវ​ចាត់​ទុក​ថា​អ្នក​ដែលមិន​បានមកចុះ​បញ្ជិកាទេ​ គឺ​ខុស​ច្បាប់​​មិនអាច​ប្រកបរបរ​បានឡើយ​។ ការធ្វើ​បែបនេះ​ ដើម្បី​ធានា​ពីការផ្តល់​សេវា​ប្រកប​ដោយ​គុណ​ភាព​​ និងលប់​បំបាត់​សេវាសុខាភិបាល​ខុសច្បាប់ផងដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative