កម្ពុជា​ពង្រឹង​ការត្រួតពិនិត្យ ច្រក​តាម​ព្រលាន​យន្តហោះ​ ទប់​ស្កាត់​​ការឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូពា៍

ស្រប​ពេល ដែល​មានការឆ្លង​​​រីករាលដាល​​ជំងឺផ្លូវ​ដង្ហើម​​មជ្ឈិមបូពា៍​​នៅប្រទេស​​កូរ៉េ​​ខាង​ត្បូង​​នោះ​​ ក្រសួង​​សុខា​ភិ​បា​ល​​​​​បាន​​នឹង​កំពុង​​តែពង្រឹង​​ការត្រួត​​ពិនិត្យ​​តាមច្រកចេញ​​ចូល​ព្រលានយន្ត​ហោះ​​ភ្នំពេញ​​អន្តរ​ជាតិ​​ និង​ព្រលាន​​យន្ត​ហោះ​​ខេត្ត​សៀមរាប​ ​ដើម្បី​ទប់ស្កាត់​​ការជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូពា៍​(MERS)​នេះ​ដល់ប្រជាពលរដ្ឋ​។

3លោក​វេជ្ជបណ្ឌិត​​ ម៉ម ប៊ុនហេង​​ រដ្ឋមន្ត្រី​​ក្រសួង​​សុខាភិបាល​​បាន​មាន​​ប្រសាសន៍​​កាល​​ពីថ្ងៃ​ទី​០៨​ ​ខែមិថិនា​​ នៅក្នុង​​បទ​សម្ភាស​​ក្រៅ​​​ពិធី​​ផ្សព្វផ្សាយ​​ផែន​ការ​យុទ្ធ​សាស្ត្រ​​​ជាតិ​ គណៈ​វិជ្ជា​​ជីវៈ​​សុខា​ភិបាល​​ ២០១៥​​‑២០២០​​ នៅ​​សណ្ឋាគារ​​អាំងទ័រ​កុង​​ទី​ណង់​តាល់​​ ថា​កាល​ដែល​ក្រសួង​​​ដាក់គោល​​ដៅ​ត្រួត​​ពិនិត្យ​នៅតាម​ព្រលាន​​យន្ត​ហោះ​​​ទាំងពីរនេះ​​ ដោយសារ​តែអ្នក​ធ្វើដំណើរ​ភាគ​ច្រើន​ធ្វើដំណើរ​តាមយន្តយន្ត​។ ដូចនេះ​យើងត្រូវ​តែធ្វើការ​បង្កើនការ​ត្រួតពិត្យ​ទៅ​លើអ្នក​ដំណើរដែល​ឆ្លងកាត់​ ព្រលានយន្ត​ហោះទាំងពីរ​នេះ​ ពិសេស​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរ​មកពីប្រទេសកូរ៉េ​ខាងត្បូង ​ដើម្បី​ឲ្យប្រាកដ​ប្រជា​ថា​ពួក​គេ​មិនបាន​ឆ្លងជំងឺនេះ​។

ចំពោះ​វិធានការ​ទប់ស្កាត់​កុំឲ្យ​មានឆ្លងជំងឺ​នេះ ​លោករដ្ឋមន្ត្រី​ បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​អនុវត្ត​ការ​លាងដៃ​​ឲ្យ​បាន​ញឹកញាប់​។ ជៀសវាង​ការប៉ះពាល់​ដោយផ្ទាល់ជា​មួយ​ឈាម​ទឹករំអិល​ ឬវត្ថុ​រាវ​ រាងកាយ​សត្វ​ មនុស្សដែល​រស់​ ឬស្លាប់​ដែល​ឆ្លងវីរុស​ ឬ​បរិស្ថាន​ ដែល​ប្រឡាក់​ដោយសារធាតុ​រាវ​ឆ្លង​​ទាំងនោះ ​រួមមាន​សំលៀក​បំពាក់​ប្រលាក់​ កំរាល​ពូក​ ឬម្ជុល​ជា​ដើម​។ ជៀសវាង​ប៉ះពាល់​ដោយ​ផ្ទាល់​​ជា​មួយ​អ្នកមាន​ក្តៅ​ផ្តាសាយ​និងក្អក​។ បើក្នុង​ករណី​មានរោគ​សញ្ញា​ដូចជា​ អស់​កម្លាំង​ គ្រុនក្ដៅ​ ក្អក​ ពិបាក​ដកដង្ហើម​រងារញាក់​ និង​ឈឺបំពង់ក​ជាដើម​ក្នុងអំឡុង​ពេលធ្វើ​ដំណើរ​​ឬវិល​ត្រឡប់​​មក​ពី​​ប្រទេស​​នៅ​ក្នុ​ង​​តំបន់​​មជ្ឈិម​បូព៍ាសូម​ទៅរកគ្រូពេទ្យ​និងគ្រឹះស្ថាន​សុខាភិបាល​ដែលនៅជិត​ផ្ទះបំផុត​ និង​ប្រាប់​​​​​ពត៌មាន​​​ដល់គ្រូពេទ្យ​ពីប្រវត្តិ​ធ្វើ​​ដំណើរ​​របស់លោកអ្នក​។ ព្រោះយើង​បានត្រៀម​មន្ទីរពេទ្យ​​មួយចំនួន​​រួចហើយ​​​ ដើម្បីជួយ​សង្គ្រោះ​ក្នុងករណី​មានឆ្លងជំងឺ​​នេះ​​នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត​ មន្ទីរពេទ្យខេត្ត​កំពត​ មន្ទីរពេទ្យ​ខេត្តសៀមរាប​ មន្ទីរពេទ្យ​កំពង់ចាម​ និងមន្ទីរពេទ្យ​ខេត្តស្វាយរៀង។

លោករដ្ឋមន្ត្រី​ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ថា បើ​ទោះបី​ជារហូត​មកដល់​ពេលនេះ​ កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​យ៉ាងណា​ក៏ដោយ​ ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ​ ហើយត្រូវអនុវត្តតាម​ការ​ណែនាំខាង​​លើ​ដើម្បី​​បញ្ជៀស​​កុំ​ឲ្យឆ្លង​មេរោគ​ដ៏កាចសាហាវ​នេះ។

កាលពី ថ្ងៃទី៥ មិថុនា​ កន្លង​ទៅ​ក្រសួង​សុខាភិបាល​កម្ពុជា​ និងអង្កការ​សុខភាព​ពិភពលោក​(WHO)​ បាន​ធ្វើ​ការ​ប្រកាស​រួមគ្នា​​ដោយ​បាន​ណែនាំឲ្យ​ប្រជាពលរដ្ឋ​ ដែលមាន​គំរោង​ទៅកាន់​ ឬវិល​ត្រឡប់​មកពី​ប្រទេស​នៅ​មជ្ឈមបូពា៍​ និង​ថ្មីៗ​នេះនៅ​​ប្រទេស​កូរ៉េ​​​ខាងត្បូង ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំ​ពោះ​ជំងឺ​ផ្លូវ​ដង្ហើមមជ្ឈិមបូពា៍​ និង​វិធាន​ការ​ការពារ​ចំពោះជំងឺ​នេះផង​ដែរ​។

យោងតាម​សេចក្តី​ប្រកាស​រួម​ របស់​ក្រសួង​សុខាភិបាល​ និង​WHO​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥​ មិថុនា​ ដដែល​នោះបាន​ឲ្យ​ដឹង​ថា​នៅទូទាំង​ពិភពលោក​វិញ​គិត​ត្រឹម​ ថ្ងៃទី​០៣​ មិថុនា​នេះដែរ​ មាន​ប្រជាពល​រដ្ឋ​ ចំនួន​១១៧៩​ករណី​ បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូពា៍​ក្នុង​នោះមាន​ ៤៤២​ករណីបាន​ស្លាប់​។ គួរ​បញ្ជាក់​​ថាជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ាកូរ៉ូ​ណាវីរុស​ ហៅកាត់​ថា​ MERS​ មាន​ប្រភព​មកពី​តំបន់​មជ្ឈិមបូព៌ា​ប្រទេស​​អារ៉ាប៊ីតសាអូឌីត​ ​នៅ​ឆ្នាំ​២០១២​ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​​ជំងឺ​នេះភាគ​ច្រើន​​ត្រូវ​បាន​រាយការណ៍​មកពី​ប្រទេសនៅ​ក្នុងតំបន់​មជ្ឈិមបូព៍ា។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative