ការប្រើប្រាស់សារធាតុគីមី​ ក្នុងចំណីអាហារទំនងជាថយចុះ

ការប្រើប្រាស់សារធាតុ​គីមី​ ក្នុង​ចំណី​អាហារ​ក្នុង​ផលិតផល​ចំ​ណី​អាហារ​ ទំនងជាថយ​ចុះ​ដោយសារ​ការយល់ដឹង​របស់​ប្រជា​ពល​​រដ្ឋ​កាន់តែ​ប្រសើរ​ទ្បើង​។

09លោកគីម មាសសុខសីហា​ អគ្គនាយករង​នៃអគ្គនាយក​ដ្ឋាន​កាំ​កុងត្រូល​ ក្រសួង​​ពាណិជ្ជកម្ម​ បានថ្លែង​ឲ្យដឹង​នៅ​​ ព្រឹក​ថ្ងៃ​ទី៦​ មិថុនា​ ​នេះ​ថា​ តាម​ការ​ចុះ​ស្រាវ​ជ្រាវ​ នៅលើ​ទីផ្សារ​ យើង​​នៅតែសង្កេត​​ឃើ​ញថា​ ការប្រើប្រាស់​សារធាតុ​គីមី​នៅតែ​បន្ត​មាន​ទៅលើ​ចំណី​អាហារ​​​ស្រស់​ ដូចជា​ពពួក​គ្រឿង​​​សមុទ្រ​​ ប្រហិត​ ស្កត្នោត​ និង​ផលិតផល​​ចំណី​​អាហារ​ស្រស់​ដទៃទៀត។ ​លោកបន្តថា​ ទោះជា​យ៉ាង​ណាអត្រា​​ប្រើ​​ប្រាស់​សារធាតុគីមី​ លើផលិតផល​ចំណីអាហារ​​មានការថយ​​ចុះ​​បើ​ធៀប​នឹង​កាល​ពី៥ឆ្នាំមុន។

លោកបន្តថា​ ពួកជនខិលខូច​ នៅតែបន្ត​ប្រើប្រាស់​ដូចជា​​កាល​ពី​ពេលថ្មីៗ​នេះក្រុម​សមត្ថកិច្ច​ជំនាញ​ បានរកឃើញ​មានការ​​ប្រើ​​ប្រា​ស់​​សារធាតុគីមី​ហាមឃាត់​ ទៅលើគ្រឿង​សមុទ្រ​ ដែលដាក់លក់​នៅ​​តាម​បណ្តោយ​ផ្លូវ​ លេខ២៧១​ ម្តុំ​ត្រទ្បោកបែក​ ក្រុង​ភ្នំ​ពេញ​។ លោ​ក​បន្តថា​ ជាវិធាន​ការណ៍​គឺប្រសិនជា​សមត្ថកិច្ច​រកឃើញ​ ចំណីអាហា​រ​​ណាមានដាក់សារធាតុ​ហាម​ឃាត់​ ដែល​ប៉ះ​ពាល់​ដល់សុខភាព​ គឺ​យើង​នឹងដក​ហូត​ និង​កសាង​សំណុំរឿង​ទៅតុលាការ​ ជាក់​ស្តែង​កា​លពី​ឆ្នាំមុន​យើង​ បាន​កសាង​បញ្ចូន​ អ្នក​ប្រើប្រាស់​សារធាតុ​​ហាម​ឃា​ត់​​ចំនួន៣០​ ទៅ៤០ករណីទៅ​តុលាការ។

លោក ចាន់ បូរិន​ អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដាជាតិ​កម្ពុជា ​បាន​ថ្លែង​ឲ្យដឹង​កាលពីសប្តាហ៍​មុនថា ផលិតផល​ដែលផលិត​ដោយ​សហ​គ្រា​ស​​ខ្នាតតូច​ និងមធ្យមនៅកម្ពុជា​ ដែលដាក់លក់ និង​ចរាចរ​​លើទី​ផ្សារ​​​ប្រមាណ​២០ភាគរយប៉ុណ្ណោះ​ មានបិទស្លាក​ សម្គាល់​ផលិតផល​​មានគុណភាព​ និង​សុវត្ថិភាព​ប្រើប្រាស់​របស់វិទ្យាស្ថា​នជាតិស្តង់ដា​​កម្ពុជា​ ហើយ​សហគ្រាសខ្នាត​តូច​ និង​ មធ្យមពី​២០​ទៅ៣០​ភាគរយ​​ប៉ុណ្ណោះ ​​បានមកចុះ​បញ្ជីរ​នៅវិទ្យាស្ថានជាតិ​ស្តង់ដាកម្ពុជា។​

លោកស្រីបណ្ឌិត​ សៀង ហ៊ុយ​​ អនុប្រធាន​វិទ្យាស្ថាន​​វិទ្យាសាស្រ្ត​​ និងបច្ចេកវិទ្យា​នៃរាជបណ្ឌិតសភា​កម្ពុជា​ ដែលបាន​ដឹកនាំ​ ការ​ស្រាវ​ជ្រាវ​លើចំណីអាហារ​ផលិត​ក្នុងស្រុក​ និងផលិតផល​នាំចូល​ពីបរទេ​ស​កាលពី​ឆ្នាំ២០១០​ បានថ្លែង​ថា​​ផលិតផល​ដែល​ មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ ដែលយើង​បាន​រក​​ឃើញជា​ផលិតផល​ក្នុងស្រុកច្រើ​ន​​ជាងផលិតផល​នាំចូល​ ហើយ​ផលិត​ផល ដែល​ដាក់​សារធាតុ​គីមី​​ច្រើន​មានដូចជាបន្លែស្រស់ គ្រឿងសមុទ្រ ប្រហុក ត្រីងៀតជាដើម។​

​លោកស្រីបន្តថា​ “អ្នកដាក់​សារធាតុហាម​ឃាត់​ទាំង​នោះ ​មិនមែ​ន​​មិន​​ដឹងថា​ សារធាតុ​គីមី​ទាំង​​នោះ​បង្ក​ផល​ប៉ះពាល់​ដល់​ សុខ​ភាព​នោះ​ទេ​តែពួកគេ​នៅតែ​ប្រើប្រាស់​ ដើម្បី​រក្សាផលិតផល​របស់​ខ្លូន​ឲ្យ​​បាន​យូរ​ និង​ដើម្បី​ឆ្លើយតប​ទាន់​តម្រូវ​ការ​ទី​ផ្សារ​ ”​។ លោក​ស្រីបន្តថា “ការអនុវត្តន៍​ច្បាប់​មិន​បាន​ត្រឹមត្រូវ​ ការ​អប់រំ​នៅមានកម្រិត​​ និងអំពើ​ពុក​រលូយបានធ្វើឲ្យមាន បញ្ហាទាំង អស់នេះ ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative