ចំនួនបេក្ខជន​ ដាក់​ពាក្យ​ប្រលង​បាក់ឌុប​នៅឆ្នាំនេះ​ ថយចុះ​ជាង​ឆ្នាំមុន

មន្ត្រី​ក្រសួងអប់រំ​យុវជន​ និងកីឡា​បានឲ្យដឹង​ថា​ ការ​ប្រឡង​​​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយ​ភូមិ​ (បាក់ឌុប)​ នៅឆ្នាំ​នេះ​មាន​​​បេក្ខជន​​ដាក់​ពាក្យ​ប្រលង​ចំនួន​ ៨៨៤៨៨នាក់ ក្នុងនោះ​មាន​​បេក្ខជន​​ស្វ័យរិន​​ និង​​បំពេញ​​វិជ្ជា​​ចំនួន​​ ៤៦៩៥​នាក់​ផង​ដែរ​។

4លោក ឈុន ចាន់ណារិន​ មន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជា​​រៀង​រាល់​ឆ្នាំ​ ​ក្រសួង​​អប់រំ​​យុវជន​ ​និង​​កីឡា​​តែងតែ​​ធ្វើការ​​រៀបចំ​​ការ​ប្រឡង​​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប​​នៅ​​ដើម​ខែ​​​សីហា​​ ​ប៉ុន្តែ​​សម្រាប់​​ឆ្នាំ​​សិក្សា​​​២០១៤​-២០១៥​ នេះ​​ក្រសួង​​បាន​​ផ្លាស់ប្តូរ​​ការ​បរិ​ច្ឆ​ទ​​នៃ​ការ​ប្រលង​​ទៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​វិញ​ដោយ​មាន​ បេក្ខជន​ដាក់​ពាក្យ​ ប្រលង​ចំនួន​៨៨៤៨៨នាក់​ ចែក​ជា​១៥៦មណ្ឌល​ស្មើ​នឹង​៣៥៧៨បន្ទប់​។ ក្នុង​ចំណោម​បេក្ខជន​ ទាំង​នោះ​មាន​បេក្ខជន​ប្រលង​ផ្នែក​វិទ្យាសាស្ត្រ​មានចំនួន​ ៧៧៩៥៩​នាក់​ និង​បេក្ខជន​​ប្រលង​វិទ្យាសាស្ត្រសង្គម​មាន​ ចំនួន​១០៥២៩នាក់​។  លោកបាន​បន្ត​ថា​ ចំនួននេះ​ បើធៀប​ទៅនឹងឆ្នាំ២០១៤​ កន្លង​ទៅឃើញ​ថាមាន​ការ​ថយ​ចុះ​ចំនួន​៤៩៦៨នាក់​ គឺឆ្នាំ​មុនមាន​បេក្ខជន​ប្រលង​ ចំនួន​ ៩៣៤៥៦នាក់​ ចែកចេញ​ជា១៥៤​មណ្ឌល​ក្នុង​​នោះ​ថ្នាក់​​វិទ្យាសាស្ត្រ​ ១៤០​មណ្ឌល​ និង​​ថ្នាក់​វិទ្យាសាស្ត្រ​​​សង្គម​ ១៤មណ្ឌល​ស្មើ​នឹង​ ៣៧៧៩​បន្ទប់​។ កាលពី​ឆ្នាំ​២០១៣​ មាន​បេក្ខជន​ចូល​រួម​ប្រលង​១០៧៨៣៥​នាក់​ នឹងឆ្នាំ​២០១២​ មាន​បេក្ខជន​ ចូល​រួម​ប្រលង​ចំនួន​១១៤៤១៤នាក់។

ឆ្នាំ២០១៤​ក្រសួង​អប់រំ​យុវជន​ និង​កីឡាបាន​រៀបចំ​ការប្រលង​បាក់ឌុប​ នៅ​ថ្ងៃ​ទី៤​ ខែសីហា​ សំរាប់​លើក​ទី១​ ហើយ​លើក​ទី២​ ធ្វើ​ឡើង​នៅថ្ងៃ​ទី១៣​ ខែតុលា​ ឆ្នាំ២០១៤​។ ប៉ុន្តែ​សំរាប់​ឆ្នាំ​នេះក្រសួង​មិនមាន​គំរោង​ប្រលងលើកទី២​ដូចឆ្នាំ​មុន​នោះទេ។

លោក​ ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និងកីឡាបាន​មានប្រសាសន៍​ កាលពី​ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០១៥​ នៅក្នុង​ ពិធី​សម្ពោធ​អគារ​ថ្មី​​នៅក្នុង​ ​សាលា​​អន្តរជាតិ​​ណត​ប្រី​ដ​ (NORTHBRIDGE​ INTERNATIONAL​ SCHOOLCAMBODIA)​ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​២០០៤​ ឬ​ផ្លូវ​សឡាថាការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប)​ នៅឆ្នាំ​នេះ ក្រសួង​មិន​មាន​ការប្រលង​លើកទី២ទេ​ លើកលែង​តែមានឧបសគ្គណាមួយ​ដែលយើង​មើលមិនឃើញ​កើតឡើង​នៅពេល​ប្រលង។

ពាក់ព័ន្​ធនឹងមូលហេតុ​នៃការលុប​ចោលការប្រលង​លើកទី២នេះ​ លោក​ ហង់ ជួនណារ៉ុន​ បាន​ពន្យល់​ថា​ ការលុប​ចោល​ ប្រលង​បាក់ឌុប​លើកទី២​នេះ ដោយសារ​តែវាធ្វើ​ឲ្យប៉ះពាល់​ដល់ការ​សិក្សា​របស់សិស្ស​ពោល​ គឺសិស្ស​ខាតពេល​សិក្សា​ ដូចជា​ការបើក​បវេសនកាល​មានការយឺត​យ៉ាវជាដើម។ ម្យ៉ាង​ទៀត​បើយើងមិន​ប្រលងលើក​ទី២ទេ​វាក៏មិន​ធ្វើឲ្យប៉ះពាល់​អ្វីដែរ​។ លោក រដ្ឋមន្ត្រី​ បញ្ជាក់​ថាមិនមែន​មកពី​បញ្ហាថវិកា​ ទើបនាំ​ឲ្យលុបការ​ប្រលងលើក​ទី២នោះទេ​។ លោករដ្ឋ​មន្ត្រីថា​«ការមិន​មាន​ ប្រលងលើកទី២​នេះនឹង​ជួយជំរុញ​ឲ្យសិស្ស​ខិតខំរៀនពី​ដើមឆ្នាំ​ ទៅហើយ​បើសិស្ស​ខំរៀន​នោះលទ្ធផល​ នឹង​បានល្អ​ប្រសើរ​ ជាង​ឆ្នាំ​មុនតែ​បើលទ្ធផល​មានប្រហាក់​ប្រហែល​នឹងឆ្នាំមុន​ប្រលងលើក​ទី១​ ក្រសួងនឹង​ពិចារណា​ ជាក្រោយ​តើ​ប្រលង​លើក​ទី២​ឬអត់»។

លោក រស់ សា​លីន​ អ្នកនាំពាក្យ​​ក្រសួង​​អប់រំ​ យុវជន​ និង​​កីឡា​​បាន​ឲ្យ​​ដឹងថា​​ ការប្រឡង​ឆ្នាំ​នេះនៅតែ​មាន​​វិធានការ​​រឹតបន្តឹង​​នឹង​​វិន័យ​​ម៉ឺងម៉ាត់​​ដដែល​​ ក្នុង​ការប្រឡង​ និង​បើក​ឱកាស​​ឲ្យ​មានការ​ចូល​រួម​តាមដាន​ឃ្លាំមើល​​ពីគ្រប់​​មជ្ឈដ្ឋាន​ ពិសេស​​មានការ​​អង្កេត​​ការណ៍​​ពី​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ និង​បណ្ដា​​អង្គការ​សង្គម​ស៊ីវិល​​ពាក់ព័ន្ធ​បន្ថែមទៀត​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative