វិធីថែរក្សា​ក្រចក

ការនិយម​លេងម៉ូដ​ក្រចកដៃ​ក្រចកជើង គឺជា​ចំណូល​ចិត្ដរបស់​ស្ដ្រីនា​សម័យ​នេះ ដោយ​មានការ​តុបតែង​ផ្សេងៗប្លែកៗ ដូចជាការ​រចនា​គូសវាស​ជា​រូបភាព​ផ្កាភ្ញី​នៅលើ​ក្រចក​ជាដើម។ ដោយកាន់​​​តែ​​​ទំនើប ឥទ្បូវនេះ​មានទាំង​ការត​ក្រចក​ពីខ្លី​ទៅវែង​យ៉ារហ័ស ទាន់ចិត្ដ​ដែលជា​ទីពេញ​និយម​របស់​មនុស្ស​សម័យ​ថ្មី។

រូបភាពទស្សនាវដ្តីសុខភាពយើង

ភាពស្រស់​ស្អាតនរណា​ក៏ចង់​បានដែរ ហេតុនេះ​ហើយបាន​ជាមាន​ការ​តុបតែង​លម្អរ​ស្ទើរតែ​គ្រប់ផ្នែក​ទាំងអស់​នៃរាងកាយ ទោះបី​ជាពេល​ខ្លះ ត្រូវ​ចំណាយ​ប្រាក់​អស់ច្រើន​យ៉ាងណា​ក្ដី។ សង្គម​ជឿន​លឿន ប្រជាពលរដ្ឋ​យើងភាគ​ច្រើន ជាពិសេស​ស្ដ្រីតែ​ម្ដង មាន វិធីសាស្ដ្រ​ជាច្រើន​ក្នុងការ​តុបតែង​ខ្លួន។ ដោយហេតុ​នេះហើយ ទើបក្នុង​ទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង សូមរួម​ចំណែក​លើកយក ផ្នែកមួយ​នៃរាងកាយ​របស់ស្ដ្រី គឺការ​តុបតែង និងការ​ថែរក្សា​ក្រចក​តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​អ្នកនាង​គង់ កូលីន។

ការតុបតែង​ក្រចកជាអ្វី?

ការតុបតែង​ក្រចកគឺ​ការរចនា​លម្អរ ឱ្យមាន​សោភ័ណភាព រួមផ្សំ​ជាមួយផ្នៃក​ដទៃទៀត ដើម្បីភាព​លេចធ្លោ​នៃសម្រស់។ ការតុបតែង​ក្រចក​ចែកចេញ​ជាច្រើន​ដំណាក់កាល​ដូចជាៈ

– ការកាត់សាច់​ក្រចក

ជាទូទៅ អ្នកជំនាញ​ខាងក្រចក​តែងតែ​ប្រើឧបករណ៍ ជាកន្ដ្រៃ​មក​កាត់សាច់​ក្រិនដុះ​សងខាង​ក្រចក ដើម្បី​តម្រឹម​កុំឱ្យ​សាច់ ដែលដុះ​ក្រិននោះ​ទ្បើងខ្ពស់​ជាង​ក្រចក​ដែលធ្វើ​ឱ្យ​បាត់បង់់​ភាព​ស្រស់ស្អាត​មូយផ្នែក។ ក្នុងការ​កាត់សាច់ លោកអ្នក​សូមធ្វើ​ការចាប់ អារម្មណ៍​ទៅលើ​អនាម័យ​នៃកន្ដ្រៃ ព្រោះវា​អាចឆ្លង​រោគតាម​រយៈការ​ដាច់ចេញ​ឈាម នៅពេល​កាត់មិន​បាន​ប្រុងប្រយ័ត្ន។ ប្រការ ដែលល្អ គួរមាន​កន្ដ្រៃ​ផ្ទាល់ខ្លួន​សម្រាប់​កាត់សាច់​នោះ ប្រយោជន៍​បញ្ចៀស​បានការ​ឆ្លងរោគ​តាមរយៈ​កន្ដ្រៃ។

– ការកាត់​តម្រឹម​ក្រចក

វាធ្វើទើ្បងទៅ​តាម​ចំណូលចិត្ដ តាមម៉ូដ និងប្រវែង​ក្រចក។ លោកអ្នក​នាងកញ្ញា​អាចជ្រើស​រើស​ម៉ូដក្រចក​ជារាង​មូល ស្រួច ជ្រុង អាស្រ័យ​ទៅតាម​ប្រភេទ​ក្រចក គួបផ្សំ​នឹងលក្ខណៈ​នៃម្រាមដៃ​ផងដែរ។ អ្នកខ្លះ​មានម្រាមដៃ​តូចស្រួច​ដែលនិយម​ហៅថា ម្រាម ដៃ​បន្លាក្រូច វា​សក្ដិសម​ទៅនឹង​ក្រចក​របៀប​មូលស្រួច មានប្រវែង​ខ្លីល្មម។ តែបើ​លោកអ្នក​នាងកញ្ញា​មានម្រាម​ដៃធំ​នៅផ្នែក​ខាងចុង ឫធំស្មើ​ដើមស្មើ​ចុង គួរតែ​ជ្រើសរើស​យកម៉ូដ​ក្រចក​របៀបជ្រុង ម៉ូដនេះ ជាទីពេញ​និយម​របស់​យុវវ័យ។

– ការលាប​ក្រចក

នៅលើទីផ្សារ​មានថ្នាំ​ពណ៌លាប​ក្រចក​ជាច្រើន​ម៉ាក ច្រើនពណ៌ សម្រាប់​ជ្រើសរើស​យកមក​លាប។ បច្ចុប្បន្ននេះ ក្រៅពីការ លាប​ក្រចក នៅមាន​ការគូស​វាសដោយ​រំលេច​ជារូបភាព​ផ្សេងៗ ទៅតាម​ចំណូលចិត្ដ​ផងដែរ។

– ការតក្រចក

ជាការ​និយមថ្មី​មួយ សម្រាប់​ការត​ក្រចក​នេះ ជាពិសេស​សម្រាប់​លោកអ្នក​នាងកញ្ញា​ដែលចង់​បានក្រចក​វែងភ្លាមៗ​ទាន់ ចិត្ដ។ ការត​ក្រចក​មានពីរ​ប្រភេទ គឺការតដោយ​ប្រើម៉ាស៊ីន និងតដោយ​ប្រើម្សៅ ព្រមជា​មួយថ្នាំ​សម្រាប់​ដាក់ត និងសម្រាប់​ដោះ ក្រចក​ដែលត​នោះចេញ​វិញ ដោយមិន​មានការ​ប៉ះពាល់ដល់​សុខភាព​អ្វី​ទាំងអស់។

បញ្ហារបស់​ក្រចក

ការនិយម​លេងម៉ូដ​ក្រចកដៃ​ក្រចកជើង ជា​ចំណូល​ចិត្ដរបស់​ស្ដ្រីនាសម័យ​នេះ ដោយមាន​ការតុបតែង​ផ្សេងៗ ប្លែកៗ ដូចជា ការរចនា​គូសវាស​ជារូបភាព​ផ្កាភ្ញី​នៅលើ​ក្រចក​ជាដើម។ ដោយកាន់​តែទំនើប ឥទ្បូវនេះ​មានទាំង​ការត​ក្រចក​ពីខ្លីទៅ​វែងយ៉ាង​រហ័ស ទាន់ចិត្ដ ដែលជា​ទីពេញ​និយមរបស់​មនុស្ស​សម័យថ្មី។

ក្រចក​មាន​ពណ៌លឿង ខៀវ បណ្ដាលមក​ពីការ​ប្រើប្រាស់​ថ្នាំក្រចក​ពណ៌ក្រម៉ៅ​ញឹកញាប់ ហើយបន្សល់​ទុកថ្នាំ​នៅលើ​ក្រចក លើសពី៥​ថ្ងៃ បញ្ហាទាំងនេះ នឹងអស់​ទៅវិញ​នៅពេល​ដែលក្រចក​ដុះផុត។ ផ្ទុយទៅ​វិញក្រចក​ស្ងួតងាយ​បាក់ អាចបណ្ដាល​មកពី​សុខភាព​រាងកាយ ច្រើនជាង​ផលប៉ះពាល់​របស់ថ្នាំ​ក្រចក។ ដោយទ្បែក​ក្រចកជើង​ក៏មាន​បញ្ហាដែរ ដូចជា​មានដុះ​ត្រចៀក​ក្រាញ់​ជាដើម។ សូមកុំ​បណ្ដោយឱ្យ​វាដុះស្រេច​នឹងចិត្ដ ព្រោះថា​វាអាច​នាំទៅ​រកការ​ខូចក្រចក​បាន ដូចជា​ស្អុយក្រចក ជ្រុះក្រចក ក្នុងករណី​ធ្ងន់ធ្ងរ​ក្រចក នឹងមិន​ដុះវិញ​ដូចដើម​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

គួរសម្អាតក្រចក​បែបណា?

ការសម្អាត​ក្រចកជា​ការចាំបាច់​ដែលត្រូវតែ​ធ្វើវា ព្រោះថា​វាជាប់​ទាក់ទង​ដល់​សោភ័ណភាព និងសុខភាព ហើយក្រចកជា កន្លែងបណ្ដុំ​នៃមេរោគ។ ប្រសិន​បើលោកអ្នក​មិនបាន​សម្អាតឱ្យ​ស្អាតល្អ មេរោគ​អាចជ្រៀត​ចូលតាម​មាត់បង្ក​ជាជម្ងឺ​ផ្សេងៗ​បាន ដូចជា រាករូស រលាក​ពោះវៀន​ជាដើម។ ប្រការ​ល្អបំផុត លោកអ្នក​គួរតែ​កាត់ក្រចក​ឱ្យខ្លី​ល្មម ដោយឧស្សាហ៍​លាងសម្អាត​ក្រចក​ជាមួយទឹក ស្អាត​នឹងសាប៊ូ ឫក៏​ជាមួយ​ទឹកក្រូច​ឆ្មារ​ជាដើម។

ទោះបី​ជាយ៉ាងណា​អ្នកនាង គង់ កូលីន បានបញ្ចាក់ថា ការដែល​ល្អបំផុត​សម្រាប់​សុខភាព និងភាព​ស្រស់ស្អាត​របស់ក្រចក សុភាព​នារី​ទាំងអស់​គួរតែ​ចេះ​ជ្រើសរើស​ជាង​ជំនាញ​ក្នុងការ​តុបតែង​ដែលមាន​វិជ្ជាជីវៈពិតប្រាកដ ចេះជ្រើស​រើសថ្នាំ និងពណ៌​របស់វា ព្រោះថា​មានថ្នាំ​ប្រភេទខ្លះ សារធាតុ​ផ្សំរបស់​វាអាច​មានឥទ្ធិពល​ធ្វើឱ្យ​ក្រចកខូច​បាន។ ចំណែក​ពណ៌របស់ថ្នាំ ក៏មានការ​ប៉ះពាល់​ផងដែរ ដូច្នេះ សុភាពនារី​ទាំងទ្បាយ​គួរតែ​ចេះរើស​ពណ៌ឱ្យ​សក្ដិសម​នឹង​ពណ៌សម្បុរ​ដងខ្លួន គួបផ្សំ​នឹងវ័យ​ផងដែរ។ កុំលាប​ថ្នាំពណ៌​ក្រម៉ៅពេក ដូចជា​ក្រហម ខៀវ ខ្មៅ ឈាមជ្រូក​ជាដើម។

ប្រសិនបើ លោកអ្នក​ចង់លាប​ថ្នាំពណ៌​ក្រម៉ៅ គប្បីលាប​ថ្នាំទ្រនាប់​មួយជាន់​សិនមុន​នឹងលាប​ថ្នាំពណ៌។ សូមកុំ​ព្យាយាម​ទុក ថ្នាំនៅ​លើក្រចក​រយៈពេល​យូរលើស​ពី៣ ទៅ៥ថ្ងៃ បើមិន​ដូច្នេះ វាអាច​ធ្វើឱ្យខូច​ក្រចកបាន។ បើគ្មាន​ករណី​ចាំបាច់ គួរតែ​លាងសម្អាត ថ្នាំពណ៌​ក្រចកក្រោយ​ពេល​ចប់ពិធី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative