អភិបាលខេត្ត​​ក្រចេះ​ សង្គ្រោះ​​ពលករ​​២០​នាក់​ ចាញ់បោក​​មេខ្យល់​​ធ្វើ​​កម្មករ​​ស្ពាន​ និង​​ថ្នល់​​នៅ​​តំបន់​​ព្រំដែន​ឡាវ​-​ចិន​

ពលករ​ខ្មែរ​​ប្រមាណ​ ​២០​នាក់​ ដែល​បាន​ចាញ់បោក​មេខ្យល់​ជនជាតិ​ចិន នាំទៅ​ធ្វើ​កម្មករ​ធ្វើ​ស្ពាន​នៅ​ប្រទេស​ឡាវ ជាប់​ និង​ព្រំដែន​ប្រទេស​ចិន​ ត្រូវ​អាជ្ញាធរខេត្ត​រំដោះ​បានមក​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​ពួកគេ​បាន​ចាញ់បោក​មេខ្យល់​ចូលទៅ​ធ្វើការ​ខុសច្បាប់​មិនមាន​ ប្រាក់កម្រៃ​មាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​។​

2អាជ្ញាធរខេត្ត​​ បាន​អះអាង​ថា កម្មករ​​ខ្មែរ​​ទាំងនេះ​​មាន ​ចំនួន​​២០​នាក់​ ក្នុងនោះ​​មាន​​ស្រី​ ៤​នាក់​ សុ​ទ្ឋ​សឹង​តែ​មាន​ទីលំនៅ​​ក្នុង​ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ គឺ​ត្រូវបាន​រំដោះ​មក​វិញបាន​ដោយ​សុវត្ថិភាព​​។ ក្រោយពី​ក្រុម​ពលករ​​ទាំងនេះ​ ​បាន​ចាញ់​បោក​មេខ្យល់​ជនជាតិ​ចិន​ម្នាក់ ​ដែល​សន្យាថា​ ​នាំ​ពួកគេ​ទៅធ្វើ​ការ​នៅ​​ខេត្តស្ទឹងត្រែង ​ជាប់​ព្រំដែន​ប្រទេស​ឡាវ ​តែ​បាន​នាំ​ពួកគេ​ចូល​ទៅ​ធ្វើការដោយ​ខុសច្បាប់ ​​ជា​កម្មករ​ធ្វើ​ស្ពាន និង​ថ្នល់​នៅ​តំបន់​​ជាយដែន​ប្រទេស​ឡាវ​​ជាប់​ និង​ព្រំដែន​​ប្រទេស​ចិន​ទៅវិញ​​។​​ មេឃុំ​អូរ​គ្រៀង​លោក កែវ បុប្ផា បាន​ឲ្យ​ដឹងថា ក្រុម​ពលករ​ប្រុស​-​ស្រី​ទាំង​២០​នាក់ ត្រូវបាន​អាជ្ញាធរ​ ទៅ​រំ​ដោះយក​ពី​ក្នុង​ទឹកដី​ប្រទេស ​ឡាវ ជាប់ ​និង​ព្រំដែន​ប្រទេស​ចិន ក្បែរ ​និង​តំបន់ត្រីកោណមាស និង​បាន​វិល​មកដល់​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​នា​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥​។​ មេឃុំ​ អូរ​គ្រៀង ​លោក កែវ បុប្ផា បាន​ឲ្យ​ដឹង​ទៀតថា ក្រុមកម្មករ​ទាំងនេះ បាន​ចាក​ចេញពីផ្ទះ​ទៅតាម​មេខ្យល់​បុរស​ជនជាតិ​ចិន​ម្នាក់ កាលពី​ពាក់​កណ្តាលខែ​កុ​ម្ភះ ឆ្នាំ​២០១៥​។ លោក​ថា ការចាកចេញ​ទៅតាម​មេខ្យល់​របស់​ក្រុម​ពលករ​ប្រុស​ស្រី​ទាំងនេះ គឺ​អាជ្ញាធរ​មិន​បានដឹង​នោះទេ​។ តែ​ក្រោយពី​ពួកគេ​បានដឹងថា ខ្លួន​ចាញ់បោក​មេខ្យល់​ត្រូវគេ​នាំចូល​ទៅធ្វើ​ការខុសច្បាប់​មិន​ដូច​តាម​ ការសន្យា​នោះ ទើប​ទំនាក់ទំនង​មករក​ឳ​ពុក​ម្តាយ​ដើម្បី​សុំ​រក​ការជួយ​សង្គ្រោះ ។ ហើយ​ឳ​ពុក​ម្តាយ​របស់​ពួកគេ​បាន​រាយការណ៍​ឲ្យ​អាជ្ញាធរ​។

យ៉ាងណាក៏ដោយ​ជាមួយ និង​ការស្វែងរក​កិច្ច​អន្តរាគមន៍ ​ពី​សំណាក់​ឳ​ពុក​ម្តាយ​ក្រុម​ពលករ​ទាំងនេះ ​មកលោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ  គឺ​បាន​ធ្វើឡើង​កាលពី​ពាក់កណ្តាល​ខែមេសា ក្នុង​គ្រា​ដែល​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រារ​ព្ឋ​ វេទិការ​សាធារណៈ ជួប​ជាមួយ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​គ្រៀង​។ ដោយ​អាណាព្យាបាល​ពលករ បានស្នើរ​សុំ​យ៉ាងទទូច​មក​លោក​អភិបាលខេត្ត លើ​កិច្ច​អ​ន្តា​គម​ន៍​ជួយ​ដល់​កូនៗ របស់​ពួកគាត់​ដែល​បាន​ចាញ់បោក​មេខ្យល់​។ ក្រោយ​ពី​ទទួលយក​ការស្នើរ​សុំ​ពី​សំណាក់​ឳ​ពុក​ម្តាយ​ក្រុមគ្រួសារ​ពលករ  អភិបាលខេត្ត​ក្រចេះ លោក សរ ចំ​រ៉ុង បាន​មាន​ចំណាត់ការ​ភ្លាមៗ​ដល់​មន្ត្រីក្រោមឱវាទ​លើ​កិច្ចការងារ​អន្តរ​គម​ន៍ ​ទៅលើ​ក្រុម​ពលករ​ទាំងនេះ​។​ លោក ខណ្ឌ ប៊ុន​សេង អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ ដែល​ជា​​ក្រុម​ការងារ​ខេត្ត ចុះទៅ​ជួយសង្គ្រោះ​ក្រុម​ពលករ​ទាំង​២០​នាក់​នេះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០១៥​នេះ​ថា ក្រោម​ការសម្របសម្រួល​ចង្អុលបង្ហាញ និង​ផ្គត់ផ្គង់​ថវិកា​ពី​សំណាក់​លោក​អភិបាលខេត្ត រូបលោក​ជាមួយ និង​អាជ្ញាធរ​មួយចំនួនទៀត​បាន​ទៅដល់​ទីតាំង​របស់​កម្ម​ករទាំង​២០​នាក់ ដែល​ចាញ់បោក​មេខ្យល់​កំពុងធ្វើកា​រ​ក្នុង​ទឹកដី​ប្រទេស​ឡាវ ក្នុង​ខេត្ត​ភូសា​លី ជាប់​និង​ព្រំដែន​ប្រទេស​ចិន​។ លោក​បន្តថា ក្រុម​ពលករ​ទាំងនេះ ត្រូវបាន​អជ្ញាធរ​នាំ​ត្រឡប់មកផ្ទះ​វិញ​រៀងៗ​ខ្លួន​បាន​ដោយ​សុវត្ថិភាព​ ទាំងអស់ ហើយ​លោក​ក៏បាន​ធ្វើការ​ពន្យល់​ណែនាំ​អប់រំ​ឲ្យ​ពួកគេ​ឈប់​ជឿ​តាម​ការ​ញុះញង់ ​របស់​មេខ្យល់ ព្រោះ​ការ​លួច​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ដោយ​ខុសច្បាប់​វា​មាន​ភាព​ ប្រថុយប្រថាន​ណាស់​។

យ៉ាងណាក៏ដោយ​ ក្នុងអំឡុង​នៃ​ការចូលទៅ​ធ្វើការ​ខុសច្បាប់ របស់​ពលករ​ខ្មែរ​ជាមួយ និង​ជនជាតិ​ចិន​ជា​កម្មករ​ធ្វើ​ស្ពាន និង​ថ្នល់ ​មាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកនេះ គឺ​ពួកគេ​នៅ​មិនទាន់​ទទួលបាន​ប្រាក់​កម្រៃ​​នៅឡើយ​ទេ ហើយ​រាល់​សោហ៊ុយ​ធ្វើ ដំណើរ​ មក​ផ្ទះ​គឺ បានមកពី​ការឧបត្ថម្ភ​របស់លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative