ចុងភៅជាង១០០​នាក់ចុះ​ទៅមើល​ចំណីអាហារ​នៅផ្សារ​ធំថ្មី​ដើម្បី​លើកស្ទួយ​ផលិតផល​ខ្មែរ​

ចុងភៅកម្ពុជា​ជាង១០០​នាក់​ បានចុះសិក្សា​ពីបន្លែ​ ត្រីសាច់​ទឹក​សាប​ និង​ផលិតផល​ទឹក​ប្រៃ​​ នៅផ្សារធំ​ថ្មី​ ក្នុង​គោលដៅ​ សិក្សា​ស្វែង​យល់​ និងឈាន​ទៅលើកស្ទួយ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ ព្រោះកន្លង​មកចុងភៅ​កម្ពុជា​ តែងតែ​​ប្រើ​ប្រាស់​ផលិត​ផល​នាំចូល​​ពី​ក្រៅ​ប្រទេស​ច្រើនជាង។

1លោក លូ ម៉េង​ ប្រធាន​សមាគម​​សណ្ឋាគារ​កម្ពុជា​ និងក្នុង​នាម​​ជាគ្រូបង្វឹក​ដល់​ចុង​ភៅ​ទាំងនោះ ​បានថ្លែង​ឲ្យគេហ​ទំព័រ​ សុខភាព​កម្ពុ​ជា​ ដឹងនៅព្រឹក​ថ្ងៃទី៦​ មិថុនា​​នេះ​ថា​ កន្លងមក​ចុង​ភៅ​ទាំង​អស់​​​នៅ​កម្ពុជា​ មិនសូវ​បានស្គាល់​ និង​ប្រើ​ប្រាស់​ ផលិតផល​ បន្លែ​ ត្រី​សាច់​ ផលិតផល​ទឹកសាប​ និងទឹកប្រៃ​ក្នុងស្រុក​របស់​យើងទេ​ គឺពួក​គេតែង​តែ​ប្រើ​ប្រាស់​​ផលិតផល​ នាំ​ចូល​ពីក្រៅប្រទេស​ ដោយ​សារ​​​ចុង​ភៅ​​របស់យើង​ស្ថិតក្រោមការ​គ្រប់គ្រង​របស់ចុងភៅ​បរទេស​ ប៉ុន្តែ​ពេ​ល​​នេះ​ យើង​ចង់​ជំរុញ​ឲ្យចុងភៅ​ទាំងនោះស្គាល់​ និងឈាន​ទៅ​ប្រើ​ប្រា​ស់​ផលិត​ផល​​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​​ ដើម្បីលើក​កំពស់​​ផលិតផល​​​ក្នុង​ស្រុក​ ព្រោះ​ផលិត​ផល​ក្នុងស្រុក​របស់យើង​​អាចផ្គត់់​ផ្គង់​តាម​តម្រូវ​ការ​របស់យើងហើយ។

លោកបន្តថា​ “កន្លងមក​ចុងភៅកម្ពុជា​ចេះតែចំអិន​​ផលិតផល​​នាំ​ចូល​ ដែលមានការ​ក្លាសេជាច្រើន​ថ្ងៃ​ ប៉ុន្តែ​ពេលនេះ​ យើង​ចង់​ឲ្យ​​ចុងភៅចំអិន​ចំណីអាហារ​ស្រស់ៗ​ ដែលមានរសជាតិ​ឆ្ងាញ់ដល់អតិថិ​​។​ ផលិតផល​ក្នុងស្រុក​របស់យើង​ អាចប្រើប្រាស់​បាន ព្រោះ​វាមិនសូវ​​មានសារជាតិ​គីមីនោះទេ”។​

លោក​ DARC ALAIN​ ប្រធាន​សមាគម​ចុងភៅកម្ពុជា​ ដែល​អ្នក​​ប្រកបរបរ​ជាចុងភៅនៅកម្ពុជា​តែង​ហៅ​លោក​ថា​ ប៉ាប៉ា​ បាន​ថ្លែង​ថា​ យើងពិត​ជាចង់រួមចំណែកលើក​កំពស់ផលិតផល​ខ្មែរ​ ព្រោះក្នុង​បទ​ពិសោធន៍​​អាជី​ព​រយៈពេលជាង១០ឆ្នាំ​ នៅកម្ពុជា​ លោក​បានដឹងថា​​ចុងភៅនៅទីនេះ​មិន​សូវ​បាន​ប្រើប្រាស់​​ផលិតផល​​ក្នុង​ស្រុក​នោះ​ទេ ហើយពួកគេតែង​តែ​ យល់​ច្រទ្បំ​ពីម្ហូប​ខ្មែរ​ មិន​សូវ​មាន​​តំលៃដោយឲ្យ​តំលៃ​ម្ហូបចិន​ និងអឺរ៉ុបវិញ​ តែតាមពិតមុខ​ម្ហូបខ្មែរ​ពិតជាមានរស​ជាតិ​ និង​លក្ខណៈ​ពិសេស​ណាស់​លើការផ្សំ​គ្រឿង និង​រសជាតិ។

​លោក សុង តេង​ ប្រធានសហព័ន្ឋ​ចុងភៅកម្ពុជា​បានថ្លែង​ថា​ ថ្ងៃ​នេះ​​សហព័ន្ឋ​ចុងភៅកម្ពុជា​ បាននាំ​ចុងភៅចំនូន១៣៥​នាក់​ មក​ជួប​ជុំ​គ្នា​ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ និង​ចុះសិក្សា​ស្វែងយល់ពីគ្នា​ទៅវិញ​ទៅមក​ ក៏ដូចជា​ចុះសិក្សា​ពីបន្លែត្រី​ សាច់​ ផលិត​ផល​ទឹកសាប​ និង​ទឹក​ប្រៃ​ ដើម្បីឲ្យពួកគេ​បានស្គាល់​និង​យក​ទៅប្រើប្រាស់​ និងលើក​ស្ទួយ​ផលិតផល​ក្នុងស្រុក​។លោក​បន្ត​ថា​ ផលិត​ផល​បន្លែ​ ត្រីសាច់​​ក្នុង​ស្រុក​ភាគច្រើន​ គ្មានដាក់​សារធាតុគី​មីនោះទេ​ ដែលពួក​គេអាច​យក​ទៅប្រើប្រាស់បាន។

លោកបន្តថា​ បច្ចុប្បន្ន​នេះផលិតផល​ក្នុងស្រុក​របស់យើង​ បាន​​និងកំពុង​គ្របដណ្តប់​ទីផ្សារ​ និង​​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​ របស់​អ្នក​ប្រើប្រាស់​ហើយ ហេតុនេះទើប​យើងជំរុញ​ឲ្យចុងភៅ​ទាំងអស់​​​ប្រើ​ប្រាស់​​ផលិតផល​ក្នុងស្រុក​ ដើម្បី​លើក​ស្ទួយ​មោទនភាព​ជាតិយើង”។

ក្រុមចុងភៅទាំងនេះ​សុទ្ឋតែ​មានបទ​ពិសោធន៍​យូរឆ្នាំ​ និង​បាន​​និងកំពុង​បំរើការងារ​នៅតាម​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ធំៗ​ នៅ​​រាជធានី​ភ្នំពេញ​ ដូចជា​មកពីសណ្ឋាគារ​កាំបូឌីយ៉ាណា​ ទ្បឺរ៉ូយ៉ាល់​ សាន់វេ​ អ៊ីនធើកុងទីណង់តាល់​ មក​ពី​ភោជនីយដ្ឋាន​ម្លិះ ​តូប៉ាស់​ និង​ភោជនីយដ្ឋាន​ខេម៉ាជា​ដើម​។

អ្នកស្រី​ នង តង​ អាជីវករ​លក់បន្លែ​នៅផ្សារធំថ្មី​អស់​រយៈពេល​​ជាង២០ឆ្នាំ​មក​ហើយ​បានសម្តែង​ក្តី​រីក​រាយ​ ចំពោះសមាគម​ ចុង​ភៅ ដែលមាន​បំណង​លើកស្ទួយ​ផលិតផលជាតិ​ ដោយអ្នកស្រី​បាន​ថ្លែង​​​ថា​ ផលិតផល​ក្នុង​ស្រុក​ពិតជាល្អ​ មិន​សូវ​ប្រើប្រាស់​ សារធាតុ​គីមី​ទេតែផលិតផល​ខ្មែរ​  ដែលបាន​លក់លើទីផ្សារ​មានប្រមាណ​៥០ភាគរយ​​ប៉ុណ្ណោះ ​ក្រៅពីនោះ​សុទ្ឋ​តែ​ជាផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស។

អ្នកស្រី​បានបន្ត​ថា​ “ខ្ញុំពិត​ជាគាំទ្រ​ និង​រីករាយ​ដែលចុង​ភៅកម្ពុ ជា​មានបំណង​លើកស្ទួយផលិតផល​ខ្មែរ​ដើម្បី​ជួយលើក​ស្ទួយ​ ជីវភា​ព​កសិករ​ និង​អ្នកនេសាទនានា”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ​មិថុនា ឆ្នាំ២០១៥                                                           

Google Analytics Alternative