ក្រសួង​សុខាភិបាល​ និង​WHO​ ប្រកាសឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូពា៍​

ក្រសួងសុខាភិបាលកម្ពុជា​ និង​អង្កការសុខភាពពិភពលោក​(WHO)​ បានធ្វើការ​ប្រកាស​រួម​គ្នា​មួយ​ ដោយ​ឲ្យ​ប្រជា​ពល​​រដ្ឋ ដែលមាន​គំរោង​ទៅកាន់​ ឬវិលត្រឡប់​មកពីប្រទេស​នៅ​មជ្ឈមបូពា៍​ និង​ថ្មីៗនេះនៅ​ប្រទេសកូរ៉េ​ខាងត្បូង​ ឲ្យ​មាន​ការប្រុង​ប្រយ័ត្នខ្ពស់​ ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើមមជ្ឈិមបូពា៍​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ឆ្លងរាលដាល​នៅ​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

1យោងតាម​សេចក្តី​ប្រកាស​រួម ​របស់​ក្រសួង​សុខាភិបាល​ និង​WHO​ ចេញផ្សាយ​កាលពីថ្ងៃ​ទី​០៥​ មិថុនា​ បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​​ថ្ងៃ ​ទី០៣ ​មិថុនា ​នេះនៅ​ប្រទេសកូរ៉េ​ខាងត្បូង ​មាន​មនុស្ស​​ចំនួន​២៩នាក់ ​បានឆ្លង​ជំងឺនេះ ​ក្នុង​នោះ​មាន ​២នាក់ បានស្លាប់។ ចំណែក​នៅទូទាំង​ពិភពលោក​ វិញគិតត្រឹម ​ថ្ងៃ​ទី​០៣​​ មិថុនា​ នេះដែរ​មាន​ប្រជាពលរដ្ឋ​ ចំនួន​ ១១៧៩​ករណី​ បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូពា៍ ​ក្នុង​នោះមាន ​៤៤២ករណី​ បានស្លាប់​។

ជំងឺផ្លូវដង្ហើម​មជ្ឈិម​បូព៌ាកូរ៉ូ​ណាវីរុស​ ហៅកាត់ថា​ MERS​ មានប្រភព​មកពី​ តំបន់មជ្ឈិមបូព៌ា​ ប្រទេស​អារ៉ាប៊ីតសាអូឌីត​ នៅ ​ឆ្នាំ២០១២​ ហើយ​រហូត​មកដល់​បច្ចុប្បន្ននេះ ​ជំងឺនេះភាគ​ច្រើនត្រូវបាន​​គេ​រាយ​ការណ៍​​មកពី​ប្រទេសនៅក្នុង​តំបន់​មជ្ឈិមបូព៍ា។ប៉ុន្តែរហូត​មកដល់ពេលនេះ​ ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​​ នៅមិនទាន់មាន​នៅប្រទេសកម្ពុជានៅឡើយទេ។

ក្រសួងសុខាភិបាល​ សូមឲ្យអ្នកធ្វើដំណើរមក​ពីបណ្តា​ប្រទេស​នៅមជ្ឈិមបូព៍ា​ និងប្រទេសកូរ៉េ​ខាង​ត្បូង​​ ឲ្យ​មានការប្រុង​ ប្រយ័ត្ន​ខ្ពស់​បំផុត។ បើក្នុងករណី​មានរោគសញ្ញា​ដូចជា​ អស់កម្លាំង​ គ្រុនក្ដៅ​ ក្អក ពិបាកដកដង្ហើម​ រងារញាក់​ និងឈឺបំពង់ក​ ជាដើម​ ក្នុងអំឡុង​ពេលធ្វើដំណើរ​ ឬវិលត្រឡប់​មក​ពី​ប្រទេស​​នៅក្នុងតំបន់មជ្ឈិមបូព៍ា​ សូមទៅរក​គ្រូពេទ្យ​ និងគ្រឹះស្ថាន​ សុខា​ភិបាលដែលនៅជិតផ្ទះ​បំផុត​​ និងប្រាប់ពត៌​មានដល់គ្រូពេទ្យ​ពីប្រវត្តិធ្វើដំណើររបស់លោកអ្នក។

លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បានសម្តែងការព្រួយបារម្ភ​ ហើយអំពាវនាវឱ្យ​ពលករខ្មែរ នៅប្រទេស​ កូរ៉េ​ខាងត្បូង​ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺ​ មើស៍ (Mers)​ ដែល​កំពុង​រីក​រាល​ដាល​​យ៉ាងខ្លាំងក្លានៅក្នុងប្រទេសកូរ៉េ​។ លោកបន្ត​ថា​ «សូម​បងប្អូននៅកូរ៉េ​ហ្នឹង បើ​សិនជា​​មាន​អ្នក​ណា​​​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ គឺយើងកុំ ទៅប៉ះពាល់ ​ឬនៅជិតគេ ហើយត្រូវពាក់​ម៉ាស់​ ត្រូវ​លាង​ដៃ​ជា​មួយ​សាប៊ូ និងទឹក ហើយ​បើសិនជាគាត់ចេញរោគសញ្ញា​គ្រុនក្តៅ​លើសពី ៣៥អង្សាសេ​ និងគ្រុនក្តៅ​ បូក​ជា​មួយ​នឹងក្អក​ សូមទៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យជាបន្ទាន់​ដើម្បី​ទទួល​ការ​ព្យាបាល​​»។ លោក លី សុវណ្ណ​ បាននិយាយថា​ ក្រសួង​សុខាភិបាល​ នឹង​សហការ​ជាមួយ​មន្រ្តីខ្មែរ​ នៅ​ប្រទេសកូរ៉េ ដើម្បី​ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋខ្មែរ នៅកូរ៉េអំពីការការពារ ខ្លួន​ពីជំងឺឆ្លងហើយពួកគេត្រូវតែ like ទំព័រ​បណ្តាញ​ទំនាក់ទំនងសង្គម​ របស់នាយកដ្ឋានជំងឺឆ្លង​ ទទួលបានព័ត៌មានថ្មីៗ​ អំពី​ការ​វិវត្ត​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​។ បច្ចុប្បន្ននេះកម្ពុជា​ មិនមានករណី​ឆ្លងជំងឺនេះ​ (Mers) នេះទេ។​ សូមបញ្ជាក់ថា​តាម​តួ​លេខ​​របស់​ក្រសួង​ការងារឆ្នាំ២០១៤​ បានឱ្យដឹងថាមានពលករខ្មែរ​ប្រមាណ ៣,៥ម៉ឺននាក់​ កំពុង​ធ្វើ​ការ​នៅ​ក្នុងប្រទេសកូរ៉េ។

សេចក្តីប្រកាសព៌តរួម​ដដែល​ បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋ​ ដែលធ្វើដំណើរទៅកាន់កន្លែង​ ដែល​រង​ប៉ះពាល់នៅ​ពេលទៅ បរទេស​ត្រូវរក្សា​ និងប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់​ លើ​ការ​ការពារ​សុខភាព​​ទូទៅ​ដូចខាង​ក្រោម​​ ដូចជា​អនុវត្ត​ការលាង​ ដៃ​ឲ្យបានញឹកញាប់​។ ជៀស​វាង​ការ​ប៉ះពាល់​ដោយផ្ទាល់​ ​ជាមួយឈាមទឹករំអិល​ ឬវត្ថុរាវរាងកាយសត្វ​ មនុស្ស​ ដែលរស់​ ឬ​ស្លាប់ ដែលឆ្លងវីរុស​ ឬបរិស្ថាន​ ដែលប្រឡាក់ដោយសារធាតុរាវ​ឆ្លងទាំងនោះ​ រួមមាន សំលៀក​បំពាក់ប្រលាក់​ កំរាលពូក​ ឬ​ម្ជុល​ជាដើម។ ជៀសវាង​ចូលរួមនៅក្នុងពិធី​បញ្ចុះសព​ ដែលតំរូវឲ្យ​មានការប៉ះពាល់​ ដោយ​ផ្ទាល់​រាង​កាយ​​របស់​អ្នក​ស្លាប់​​ ដោយ​​សារ​ជំងឺនេះ។ ជៀសវាង​ការប៉ះពាល់​សត្វព្រៃ រួមទាំង​សត្វប្រជៀវ​ សត្វ​ជ្រឹង​ ​និងសត្វស្វា​ គ្រប់ប្រភេទ ទោះជារស់​ ក៏​ស្លាប់ រួម​ទាំង​សាច់ឆៅ​ និង​សាច់​ដែលចំអិន​មិន​ឆ្អិន​។ អ្នកដំណើរ​ត្រឡប់​ មកពីតំបន់​ដែលការ​ប៉ះពាល់​ ឬអ្នកដំណើរ​ដែល​សង្ស័យ​ថា ប៉ះពាល់​ទៅ​នឹង​វីរុស​ អេបូឡា​ គួរតែស្វែងរកការព្យាបាល​ ជាបន្ទាន់​ និងបា្រប់ពីប្រវត្តិ​ នៃការធ្វើដំណ​រ​របស់លោក អ្នកដល់​គ្រូពេទ្យ​ប្រសិនបើមាន​រោគសញ្ញាណាមួយខណៈដែលកំពង់​ធ្វើដំណើរ​ ឬ​អំឡុង​ពេល​៣សប្តាហ៍​ក្នុង តំបន់​ណាមួយ​ដែលមានការ​ផ្ទុះជំងឺនេះ។

សេចក្តីប្រកាសព៌តមាន​ ដដែលនោះបានឲ្យដឹង​ទៀតថា​ ក្រសួងសុខាភិបាល​ បានកំពុងតែតាមដាន​យ៉ាងជិតស្និត​ ជាមួយ​អង្គការសុខភាព​ពិភពលោក​ នូវស្ថាពភាពជំងឺ​ផ្លូងដង្ហូង​ធ្ងន់ធ្ងរ ​និងបានពិនិត្យ​រកលំនាំជំងឺ​មិនធម្មតាជានិច្ច។​ ​មន្ទីរពេទ្យ​នានា​ត្រូវបានប្រាប់ឲ្យដឹង​ ដើម្បីត្រៀមឆ្លើយ​តបក​រណី​សង្ស័យ​ ជំងឺមជ្ឈិមបូព៍ា​ណាមួយកើតឡើង​។ ជាងនេះ ទៀត​ក្រសួង​សុខា​ភិបាល​​ មានក្រុម​ឆ្លើយ​តប​បន្ទាន់​​ ដើម្បីអន្តរាគមន៍​រហ័យ រួចហើយរៀបចំ​និតិវិធីប្រតិបត្តិការ​ស្តង់ដា​ សំរាប់​បុគ្គលិក​អាកាស​ចរណ៍​ និងបុគ្គលិក​ព្រលានយន្តហោះ​ ក្នុងករណីមានជំងឺផ្លូវ​ដង្ហើមមជ្ឈបូព៌ា​ ក្នុង​ចំណោម​អ្នក​ដំណើរ​ត្រឡប់មកវិញ។​ នីតិវិធី​ស្តង់ដានេះក៏អាច​ប្រើសំរាប់ជំងឺអេបូឡាផងដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative