វិធីថែរក្សា​ភ្នែក

នៅក្នុង​សព៌ាង្គកាយ​របស់មនុស្ស​ទាំងមូល ភ្នែក​អាចចាត់​ទុកថា​ជា​សរីរាង្គ​មួយ​សំខាន់​បំផុត។ ភាព​ស្រស់ស្អាត​នៃ​ពិភពលោក ដែលមាន​នៅ​ជុំវិញខ្លួ​នយើង គឺជា​កម្មសិទ្ធ​ផ្ដាច់មុខ​តែមួយ​គត់​របស់ភ្នែក។ វាពិត​ជាមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់ ប្រសិន​បើយើងមិនបាន​យកចិត្ដ​ទុកដាក់​ថែរក្សា​ភ្នែកឱ្យ​បានល្អ និងមក​ពិនិត្យ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​នោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីផ្ដល់​ចំណេះដឹង​អំពីការ​ថែរក្សា​ភ្នែកដល់​ប្រជាពលរដ្ឋ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជ បណ្ឌិត ដោរ សីហា ជាមន្ដ្រី​សម្រប​សម្រួល​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​របស់​ក្រសួង​សុខាភិបាល។

សារៈសំខាន់​របស់​ភ្នែក

បើនិយាយ​ឱ្យសាមញ្ញ​ទៅភ្នែក ឬចក្ខុវិញ្ញាណ គឺជា​សរីរាង្គ​មួយ​សំខាន់​ណាស់ វាមាន​តួនាទី​ចាប់យក​សំណុំ​រូបភាព ហើយ បញ្ជូន​ទៅកាន់​ខួរក្បាល​ដើម្បី​វាយ​តម្លៃនូវ​អ្វីដែល​យើងបាន​ឃើញ ថាជាវត្ថុ សត្វ រុក្ខជាតិ ឬមនុស្ស ក្នុងជំហរ​មួយ​អព្យាក្រឹត។ ភ្នែកជា វិញ្ញាណ​មួយ​ចំណោម​វិញ្ញាណ​ទាំងប្រាំ​របស់មនុស្ស គឺចក្ខុវិញ្ញាណ។ យើងត្រូវ​ការវា​ដើម្បី​ជាគោល​បំភ្លឺផ្លូវ នៅពេល​យើងចេញ​ទៅក្រៅ មើល​ទិដ្ឋភាព​ពិតនៃ​ធម្មជាតិ​ដែលនៅ​ជុំវិញ​ខ្លួនយើង ជួនកាល​ភ្នែកអាច​ជាសារ​បញ្ជាក់ប្រាប់​ពីទឹកចិត្ដ​របស់យើង ហើយវា​ក៏ជា​សោភ័ណភាព​មួយ​ទាក់ទាញ​ផងដែរ។

មូលហេតុបង្ក​ជម្ងឺភ្នែក

តាមធម្មតា​ភ្នែក​ច្រើន​មានបញ្ហា​ដោយសារ​ការធ្វេស​ប្រហែស​មិនបាន​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា តែជួន​កាលវា​ក៏អាច បណ្ដាលមក​ពី​គ្រោះថ្នាក់​ដោយ​ចៃដន្យដែរ។

ការធ្វេស​ប្រហែស នៅពេល​ចេញមក​ខាងក្រៅ យើងត្រូវ​ប្រឈមមុខ​នឹង​បរិយាកាស​ជុំវិញ ដែលហុច​ផល​អវិជ្ជមាន​ដល់ ភ្នែក​ជាច្រើន ដូចជា​ពន្លឺព្រះអាទិត្យ​ដែលមាន​កម្ដៅខ្លាំង អាចបណ្ដាល​ឱ្យឈឺភ្នែក រកាំភ្នែក ភ្នែកស្ងួតទឹក​ជាដើម។ ធូលីដី​ដែលមាន ពាសពេញ​អាកាស អាចបណ្ដាល​ឱ្យភ្នែក​ឡើងបាយ រលាកភ្នែក រមាស់ភ្នែក​ជាដើម។ ការអាន​សៀវភៅ​រយៈពេល​យូរ ដោយ​មិនបាន សម្រាក ការទទួល​រងនូវ​ពន្លឺខ្លាំង​ពេកពី​អេក្រង់​ទូរទស្សន៍ ឬកុំព្យូទ័រ ការព្រងើយ​កន្ដើយ​នឹងរោគ​សញ្ញា​តូចតាច​មួយចំនួន ក៏ជាមូល ហេតុដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ដល់ភ្នែក​ផងដែរ។

គ្រោះថ្នាក់​ចៃដន្យ ៖ មានករណី​ធ្ងន់ធ្ងរ​ជាច្រើន​ដែលបាន​ស្ដែងចេញ​ឡើងតាម​រយៈ​គ្រោះថ្នាក់​នេះ ដូចជា​របួស​ភ្នែកបណ្ដាល មកពី​ការចាក់រុក ឬវាយ​តប់គ្នា​ដែលបណ្ដាល​ឱ្យភ្នែក​ជាំ ឬប្រេះស្រាំ និងសត្វចឹក​ដែលអាច​បណ្ដាលឱ្យ​ខ្វាក់ភ្នែក​តែម្ដង។ គ្រាប់ថ្ម សត្វ ល្អិត ឬគ្រាប់ស្រូវ​ចូលភ្នែក ករណី​ទាំងនេះ បើទុក​យូរមិន​ប្រញាប់​ព្យាបាល​ឱ្យទាន់​ពេលទេ​នោះ វានឹងអាច​នាំឱ្យ​បាត់បង់​នូវឱកាស សងឹ្ឃម ឬគ្មាន​សង្ឃឹមតែ​ម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រភេទ​ជម្ងឺភ្នែក

សព្វថ្ងៃនេះ មន្ទីរពេទ្យ​រដ្ឋ​ឯកទេស​ភ្នែកមាន​រហូតដល់​ទៅ១៦កន្លែង នៅទូទាំង​ប្រទេស។ នៅក្នុង​ឆ្នាំ២០០៥ មានអ្នក​ជម្ងឺ ភ្នែករហូត​ដល់ទៅ​២០០០០នាក់ ដែលបាន​ទទួលយក​នូវសេវាកម្ម​ពីអ្នក​ជំនាញ​របស់យើង ហើយបាន​រកឃើញ​នូវប្រភេទ​ជម្ងឺមួយ ចំនួន។

ជម្ងឺភ្នែក​ស្ងួតទឹក ៖ ដោយសារ​ខែនេះ​ជាខែប្រាំង អាកាសធាតុ​ក្ដៅខ្លាំង​ជាហេតុនាំ​ឱ្យមាន​អាការនេះ កើតលើ​ប្រជាពលរដ្ឋ ខ្មែរ​ប្រមាណ​ជា៧០%។ រោគសញ្ញា​របស់ជម្ងឺ​នេះមាន ដូចជា​ហៀរ​ទឹកភ្នែក ចាញ់ពន្លឺ មានអារម្មណ៍ថា​ដូចជាមានអ្វី​នៅក្នុង​ភ្នែក ភ្នែក រកាំ ស្រវាំង​ភ្នែក​ជាដើម។ ជម្ងឺនេះ មិនសូវ​ជាធ្ងន់ធ្ងរ​ប៉ុន្មានទេ ដោយអាច​ព្យាបាល​បាន ដោយគ្រាន់​តែដាក់ថ្នាំ​ទឹកភ្នែក​សិប្បនិម្មិត ប៉ុណ្ណោះ។

ភ្នែកមីញ៉ូប ៖ គឺជាលក្ខណៈ​របស់ភ្នែក​ដែលមិន​អាចមើល​ឆ្ងាយបាន​ច្បាស់ តែមើល​ជិតច្បាស់ ដោយសារ​កាំពន្លឺ ឬរូបភាព មកផ្ដុំ​គ្នានៅខាង​មុខសរសៃ​បាតភ្នែក​(រ៉េទីន) ជាហេតុ​នាំឱ្យ​ភ្នែក​ចុករោយ ក្ដៅភ្នែក ហៀរទឹកភ្នែក ឧស្សាហ៍​ព្រិចភ្នែក​ពេល​មើលវត្ថុ នៅឆ្ងាយ និងឈឺក្បាល​នៅម្ដុំថ្ងាស។ អាការ​ទាំងនេះ​កាន់តែ​ខ្លាំងនៅ​ពេលប្រើប្រាស់​ភ្នែកច្រើន ដូចជា​អានសៀវភៅ ឬប្រើកុំព្យូទ័រ។ ជាទូទៅ​មនុស្សអាយុ​ចាប់ពី​៤០ ដល់៥០ឆ្នាំ តែងតែ​ប្រឈមមុខ​នឹងបញ្ហានេះ។

ជម្ងឺបាយ​ភ្នែកពី​កំណើត ៖ រោគសញ្ញា​ទូទៅនៃ​ជម្ងឺនេះ គឺចលនា​របស់ភ្នែក​ប្រព្រឹត្ដិទៅ​ដោយមិន​ប្រក្រតី គំហើញ​មានការ ថយចុះ កូនក្រមុំភ្នែក​ឡើងស ហើយភ្នែក​ដូចជារាង​ស្រលៀងបន្ដិច។

ជម្ងឺទឹកដក់​ក្នុងភ្នែក ៖ អាការរោគ​មាន ដូចជាហៀរ​ទឹកភ្នែក​ខ្លាំង ខ្លាចពន្លឺ​ថ្ងៃខ្លាំង កញ្ចក់ភ្នែក​រីកធំ ហើយគំហើញ​ក៏មានការ ថយចុះ​ខ្លាំង។

របួសខ្ទាំ​គ្រាប់ភ្នែក ៖ ភាគច្រើន​បង្កឡើង​ដោយសារ​ការវាយ​តប់គ្នា ឬប៉ះទង្គិច​នឹងភ្នែក​ខ្លាំង ដែលបណ្ដាល​ឱ្យហើម​ត្របក ភ្នែក កញ្ចក់ភ្នែក​ស្រអាប់ ឈាមនៅក្នុង​បន្ទប់មុខភ្នែក គំហើញ​ថយ​ចុះខ្លាំង ហើយ​ជាពិសេស​ឈឺចាប់ក្នុង​ភ្នែកខ្លាំង។

របួសធ្លាយ​គ្រាប់ភ្នែក ៖ ការគប់គ្នា​ដោយវត្ថុរឹង ឬស្រួចទៅ​លើភ្នែក អាចបណ្ដាល​ឱ្យគំហើញ​មានការថយ​ចុះជា​ខ្លាំង កូន ក្រមុំមិន​នៅចំកណ្ដាល បន្ទប់មុខនៃ​ភ្នែករាក់ ប្រស្រីភ្នែក​លៀនតាម​មុខរបួស ជាពិសេស​ធ្លាយកញ្ចក់​ភ្នែកដែលជា​អាការ​ធ្ងន់ធ្ងរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីការពារ​ភ្នែក

មានវីធី​ងាយៗ ដូចជា​ការពាក់​វែនតា​ការពារ​កម្ដៅថ្ងៃ រៀងរាល់​ពេលដែល​យើងចេញ​ក្រៅផ្ទះ ឬពេល​ដែលអាកាស​ធាតុក្ដៅ ខ្លាំង (ដើម្បីកាត់​បន្ថយកម្ដៅ) ឬក៏អាច​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​ធូលីដី​ហុយ​ចូលភ្នែក និងគួរតែ​លុបមុខ​ជាមួយ​នឹងទឹកស្អាត​ជា និច្ចនៅ​រាល់ពេល​ដែលមាន​ធូលី​ជាប់ភ្នែក ឬពេលមក​ពីខាង​ក្រៅវិញ។ ការទទួល​ទានបន្លែ ឬផ្លែឈើ​ដែលមាន​ជីវជាតិ​វីតាមីនអា ដូចជា ការ៉ុត ល្ហុង ខ្នុរជាដើម ក៏អាចជួយ​ថែរក្សា​ភ្នែកបានដែរ តែការ​ទទួលទាន​ថ្នាំគ្រាប់​វីតាមីនអា​ច្រើនពេក ពិតមិន​មាន​ប្រយោជន៍​ចំពោះ មនុស្សធំទេ ផ្ទុយទៅវិញ​វាធ្វើឱ្យ​ហើម​សរសៃ​អុបទិច។ ថ្នាំគ្រាប់​វីតាមីនអា​នេះ វាមាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់តែ​ក្មេងអាយុ​ក្រោម ៦ឆ្នាំ​ប៉ុណ្ណោះ។ វិធីបូរាណ​មួយចំនួន មិនគួរ​យកមក​ប្រើទេ ជាអាទិការ​លាងភ្នែក​ដោយទឹកម្លូ ករណីភ្នែក​រលាត់ដោយ​ការអេះ ឬទង្គិច វានាំ​ឱ្យមេរោគ​ដែលមាន​នៅលើ​ស្លឹកម្លូ​មានឱកាស​យ៊ាយី​ភ្នែកបាន។

រីឯកុមារ​គួរត្រូវ​យកចិត្ដ​ទុកដាក់​តាំងពី​កើតមក​ភ្លាម ដោយត្រូវ​សម្អាតភ្នែក និងមុខឱ្យ​បានស្អាត​ជានិច្ច ហើយគួរ​នាំកុមារ ទៅទទួល​ថ្នាំគ្រាប់​វីតាមីនអា​ឱ្យបាន​គ្រប់គ្រាន់ និងគួរ​បន្ដក់ថ្នាំ​អង់ទីប៊ីយ៉ូទិច​នៅក្នុង​ភ្នែកផង។ ករណីកុមារ​ភ្នែកក្រហម ហើមភ្នែក មើល​មិនច្បាស់​ល្អ ឬកូនក្រមុំ​ភ្នែកពណ៌ស គួរប្រញាប់​នាំកុមារ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់។

ចូរអប់រំ​កូនចៅ​កុំឱ្យលេង​របស់ណា​ដែលអាច​បង្ក​មហន្ដរាយ​ដល់ភ្នែក ហើយបើ​សិនជា​មានការ​ប៉ះទង្គិច រកាំភ្នែក​ខ្លាំង ឬឈឺ ភ្នែកខ្លាំង ពិសេស​បើសង្ស័យថា​ភ្នែកមាន​បញ្ហា សូមប្រញាប់​មកកាន់​មន្ទីរពេទ្យ​ភ្នែក​ដែលនៅ​ជិតលោកអ្នក​បំផុត ដើម្បីទទួល​ការពិនិ ត្យ និងព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និងទាន់ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative