កុមារកម្ពុជា​មិនរីកធំ​ធាត់​ភាគច្រើន​បណ្តាលមក​ពីកង្វះ​អាហារ​រូបត្ថម្ភ​​

លោកស្រី​ សែ​រី​នួន​ ជុន​ខេន​ចូ​ន​ ប្រធានការិយា​ល័យ​​អប់រំ​ និង​សុខភាព​​សាធារណៈ​​នៃ USAID​ បានអោយដឹងថា​ បញ្ហា​​ដែល​ធ្វើអោយ​​កុមារ​កម្ពុជា​ មិន​រីក​ធំធាត់​ (​ក្រិន​) ​គឺ​ភាគ​ច្រើន​​បណ្តាលមកពី​​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​​។​

3លោក​ស្រីថ្លែង​បែបនេះ​ នៅក្នុង​ពិធី​​សម្ពោធ​​កម្មវិធី​​អាហារ​រូប​ត្ថម្ភ​ និង​​អនាម័យ​​ថ្នាក់​ខេត្ត​​របស់​​អង្គការ​ Save The Children​ កាលពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ នៅ​ឯ​ខេត្ត​សៀមរាប​។​​ លោកស្រី​ បាន​ពន្យល់ថា​ កន្លងមក​នៅ​ប្រទេស​​​កម្ពុជា​ មាន​​ជីដូន​ ជីតា​ មាតាបិតា​ មួយចំនួន​ តែងតែ​​បញ្ចុក​បបរ​ ដល់​កូនចៅ​​នៅក្នុង​​អំឡុង​ពេល​ ដែល​កុមារ​​មាន​ អាយុ ២​ឆ្នាំ​ ដើម្បី​ឱ្យ​រូបរាងកាយ​​របស់​កុមារ​​ឆាប់​​លូតលាស់​ ធំធាត់​តាម​វ័យ​​។ តែ​តា​មកា​​ពិត​អា​ហាររូប​ត្ថ​ម្ភ​នេះ គឺ​គេ​គិត​​ចាប់តាំងពី​​មុន​ពេល​កើត​ម្ល៉េះ​ ពោលគឺ​ពេល​ដែល​ម្តាយ​មាន​​ផ្ទៃពោះ​ ត្រូវតែ​ហូប​ចុក​ឱ្យ​មាន​​ជីវជាតិ​​គ្រប់គ្រាន់​​ត្រូវ​ទៅពិនិត្យ​​ផ្ទៃពោះ​ នៅ​មណ្ឌល​​សុខភាព​ ឱ្យបាន​ទៀង​ទាត់ ​និង​​ត្រូវ​មាន​អនាម័យ​ជានិច្ច​​។​ លោកស្រី​បាន ​បន្តថា ​«ប្រជាជន​​កម្ពុជា​​ភាគច្រើន​​តែង​តែ​គិតថា​ មានតែ​​កុមារ​ដែល​​ស្ថិតនៅ​ ក្នុង​គ្រូ​សារ​​មាន​ជីវភាព​ក្រីក្រ​​នៅតាម​តំបន់​​ ជនបទ​ទេ​ ដែលមាន​រូបរាង​កាយក្រិន​ បណ្តាល​មកពី​កង្វះ​អាហារ​​រូប​ត្ថ​ម្ភ ​ប៉ុន្តែ​តាម​ការ​ពិត​កុមារ​​ដែល​ស្ថិតនៅក្នុង​គ្រូ​សារ​ មាន​ជីវភាព​​មធ្យម​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​ ក៏មាន​​រូបរាងកាយ​​ក្រិស​ក្រិន​​ដែល​បណ្តាល​ មកពី​កង្វះ​​អាហារ​រូប​ត្ថ​ម្ភ​ដែរ​ ដោយ​សារ​តែ​​មាតាបិតា​​របស់​ពួកគេ​មិន​បានគិត​​ផ្តល់​​អាហារូបត្ថម្ភ​ ឱ្យបាន​គ្រប់គ្រាន់​​ដល់​ពួកគេ»​​។​​

ភាព​​ក្រេះ​ក្រិន​ ដែល​បណ្ដាល​​មកពី​កង្វះ​​អាហារូបត្ថម្ភ​​ បាន​បន្សល់​ទុក​នូវ​ការ​​គម្រាម​​កំហែង​​ដ៏​ធំ​មួយ​សម្រាប់​​ប្រទេស​កម្ពុជា​ ហើយ​​យើង​ត្រូវ​ធ្វើការ​​រួមគ្នា​ និងរៀនសូត្រ​​ជាមួយគ្នា​ ដើម្បី​ធ្វើ​​ឲ្យ​ប្រសើរ​ឡើង ​នូវ​ស្ថានភាព​​អាហារូបត្ថម្ភ​​របស់​ស្ត្រី ​និងកុមារ​។

កម្មវិធី​​អាហារូបត្ថម្ភ​​ និង​អនាម័យ​​គឺជា​ការ​ចាប់​ផ្តើម​​អនុវត្ត​ដោយ​​ ក្រុមការងារ​​របស់​អង្គការ​​ទ្រទ្រង់​​កុមារ​ជាមួយ​​អង្គការ​ភាព​ជា​ដៃគូ​ផ្សេងៗ​ទៀត​។ គោលដៅ​​ជា​រួម​កម្មវិធី​​អាហារូបត្ថម្ភ​ ​និង​អនាម័យ​ មាន​រយៈពេល​៥​ឆ្នាំ​ ​និង​ត្រូវ​អនុវត្ត​​ទៅលើ​ ១៣៨​ភូមិ​ ស្មើ​នឹង ១៤​ឃុំ​ នៅក្នុង​បណ្ដា​​ខេត្ត​ចំនួន​៣​ ​(សៀមរាប​ បាត់ដំបង​ និង​ខេត្តពោធិ៍សាត់ ​) ក្នុង​នេះ​​ សម្រាប់​ខេត្ត​សៀមរាប​ មាន​​មូល​ដ្ឋាន​​គ្រប​ដណ្ដប់​​ចំនួន​ ៧​ឃុំ​ នៅក្នុង​​ស្រុក​ពួក​ និង​ស្រុក​អង្គរជុំ។

លោកស្រី​ ហូ​ស្នា​ អែល​បា​ប៊ី​លី ​តំណាង​អង្គការ​ Save The Children ​ប្រចាំ​នៅ​កម្ពុជា​​បាន​​មាន​ប្រសាសន៍​ថា​ ដើម្បី​​រួមចំណែក​​ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុងការ​កាត់​បន្ថយ​ភាព​​ក្រិស​ក្រិន​​របស់​កុមារ​ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​ នូវ​ការផ្តល់​​អាហារ​រូបត្ថ​ម្ភ​​ដល់​កុមារ​​អាយុ​​ក្រោម​​៥​ឆ្នាំ​​ នៅ​កម្ពុជា​ អង្គការ ​Save The Children​ បាន​បង្កើត​​កម្មវិធី​មួយ​ ឈ្មោះថា​ អាហារ​រូប​ត្ថ​ម្ភ ​និង​អនាម័យ​ ដែល​​កម្មវិធី​​នេះ​បាន​ និង កំពុង​អនុវត្តន៍​​នៅក្នុង​ភូមិ ចំនួន​១៣៨​ ក្នុងចំណោម​ឃុំ​ចំនួន​១៤​ ខេត្ត​ចំនួន​៣មានដូចជា​ ខេត្ត​បាត់ដំបង​​ ពោធិ៍សាត់ ​និង​ខេត្តសៀមរាប​ ដែល​នេះ​ជា​គោល​ដៅ​ដែល​ នឹង ធ្វើឱ្យ​កុមារ​ និង ស្ត្រី​មាន​ផ្ទៃពោះ​​កម្ពុជា​ចំនួន​១​សែន​នាក់​​ទទួល​បាន​អាហារូបត្ថម្ភ​ នៅក្នុង​ឆ្នាំ​ទី​១។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative