ការថែរក្សាគ៌ភ​​ មុន​ពេល​សម្រាល​ដំណាក់​កាលទី១​

ការយល់ដឹង​ពី​ការថែររក្សាគ៌ភ​ពិតជាមានសារៈ​សំខាន់ណាស់​ សម្រាប់​ស្រ្តី​វ័យ​ក្មេង​ និង​មានបុត្រ​ជាលើកតំបូង​ ព្រោះថា​ដើម្បី​ឲ្យទារ​កកើត​មកមានសុខភាពល្អ​ ទាមទារ​អ្នកម្តាយ​ត្រូវយកចិត្ត​ទុកដាក់លើ​ការ​ថែ​រក្សាសុខភាព​ ការប្រើប្រាស់​ចំណី​អាហារ​ និង​ការសម្រាក​​លំហែរ​ពីការងារ​។

1លោក​ស្រីសាស្រ្តាចារ្យ​ គ្រុយ លាងស៊ីម​ អនុរដ្ឋលេខាធិការ​ក្រសួ​ង​សុខាភិបាល​ និង​ជាទីប្រឹក្សា​បច្ចេកទេស​​ផ្នែក​សម្ភព​នៃមន្ទីរ​ពេទ្យ​ ​កាល់ម៉ែត​ បានថ្លែង​ឲ្យគេហទំព័រ​សុខភាព​កម្ពុជា​ កាល​ពីដើម​សប្តាហ៍​នេះ​ថា​ ការតាំង​គ៌ភ​ក្នុងស្បូន​របស់​ស្រ្តី​ជាម្តាយ​ មាន​រយៈពេល​ជា​មធ្យមចាប់​ពី៨ខែ​​កន្លះ​ ទៅ​ទល់នឹង​៩ខែ​​១០ថ្ងៃ​ គិតចាប់​ពីថ្ងៃទី១​​នៃ​វដ្ដ​រ​ដូវចុង​​ក្រោយមក​។ អាយុ​របស់​គ៌ភ​ បែង​ចែក​ចំនួន​​៣ត្រី​មាស​ គឺបីខែ​​តំបូង​​ជាត្រីមាស​ទី១​ និងបីខែ​បន្ទាប់ស្ថិត​ក្នុងត្រីមា​ស​ទី២​ និងត្រីមាស​​ទី​បី​ជាដំណាក់​កាល​ចុង​ក្រោយ។

ការថែរក្សាគ៌ភ​ក្នុងត្រីមាសតំបូង សំខាន់​នៅលើចំណី​អាហារ​​ទៅតាមទីកន្លែង​ និងពេលវេលា​ ហើយ​ទីកន្លែង​ និងពេលវេ​លា​នោះ​ គឺពេលខ្លះស្រ្តី​ដែលមានគ៌ភ​ខ្វះអាហារូបត្ថម្ភ​ ប្រសិនជាពូក​គេរស់​នៅ​​តំបន់មានទុរ​ភឹក្ស​ឬតំបន់​មានសង្រា្គម​ តែសម្រាប់​ប្រទេស​មានសុខ​សន្តិភាព​ដូច​ជាយើងនេះ​ ស្រ្តីមានគ៌ភ​ច្រើន​ពិសារចំណី​អាហារ​លើ​ស​​​កម្រិត​។ ការខ្វះ​អាហាររូបត្ថម្ភ​ គឺ​ធ្វើឲ្យ​ទារក​លូតលាស់​មិន​ស្រប​​តាមដំណាក់កាល​ និងធ្វើឲ្យទារក​នោះមានទំហំតូច​ មានភាព​ក្រេះ​ក្រិន​ និងមាន​សតិ​បញ្ញា​ស្មារតី​មិនល្អ​។

ចំណែកអ្នក​ទទួលទាន​​អាហា​រ​​លើស​ គឺធ្វើ​ឲ្យស្រ្តី​​មានបញ្ហា​និង​កូននោះ​មានទំហំធំៗ​ពេក​ ដែលធ្វើ​ឲ្យពិបាក​ក្នុងការ​សម្រាល​ ហើយ​កាល​ណាម្តាយធាត់​ខ្លាំងពេក ធ្វើឲ្យគាត់​កើតជំងឺទឹក​​នោមផ្អែម​ និង​ជំងឺទឹកនោមប្រៃផងដែរ។

​លោកស្រី​ គ្រុយ លាងស៊ីម ​បានបន្តថា ​“កុំទទួលទាន​ចំណីអា​ហារ​​ខ្វះ​ និង​កុំទទួល​ទាន​​ចំណីអាហារ​លើស តែត្រូវ​ទទួលទាន​គ្រប់​សារជាតិ​ និង​ត្រូវ​មាន​​ជាតិសាច់​ បន្លែបៃតង​ឲ្យច្រើន​ ស៊ុត​ ថ្លើម​ សណ្តែក​ ជាតិប្រង​ ជាតិស្ក​ និងជាតិខ្លាញ់​ ជាតិដែក​ និង​អាស៊ីតហ្វូ​លិក​ ដែលត្រូវពិសារ​​មុន​ដើម្បី​ជួយគ៌ភ​ កុំឲ្យមានភាព​មិនប្រប្រតី​ផង​ដែរ”។​ លោកស្រី​​សាស្រ្តា​ចារ្យ​បានបន្តថា ​“នៅប្រទេស​​មិនសូវមាន​​ពន្លឺថ្ងៃគេ​ឲ្យ​​ទទួល​ទាន​វីតា​មីនដេ​ ចំណែកស្រុកខ្មែរ​យើង​​មិនខ្វះពន្លឺ​​ថ្ងៃ​នោះទេ​ ប៉ុន្តែអ្នកខ្លះ​​នៅ​តែក្នុងម្លប់​មិនត្រូវ​ពន្លឺថ្ងៃក៏មិនល្អដែរ”។​

​លោកស្រីបាន​បន្តថា ដំណាក់​កាលនៃការ​មានគ៌ភតំបូង​គឺមាន​​ហានិ​ភ័យច្រើន​នៃការលូតកូនខ្ពស់​ណាស់ ព្រោះ​ក្នុង ១០០០ ​គ៌ភ​មាន​​៥០ភាគ​រយ​ បានរលូត​ ហើយជួលកាល​ស្រ្តីជាម្ចាស់ខ្លួនមិន​បានដឹ​ង​ថា​ខ្លូ​ន​ឯង​​​មាន​គ៌ភ​​នោះទេ​ ដែលនេះជាជំរើស​របស់​ធម្មជាតិ។

​យើងអាចការពារ​ការរលូតនេះ​បានឬទេ? ​លោកស្រី​ គ្រុយ លាង​​ស៊ីម បានពន្យល់ថា​ យើងអាច​ការពារ​ការរលូតបាន​ គឺធ្វើ​​យ៉ាង​ណា​ឲ្យមេជីវិ​ត​​ញីឈ្មោល​មានសុខភាពល្អ​ នោះត្រូវ​ទាមទារ​សុខភា​ព​​ម្តាយ​ឪពុកល្អ​ទើបមេជីវិត​ចេញមកល្អ​។ ពេល​ដែល​ដឹងខ្លូន​ឯងមាន​គ៌គ​​ ស្រ្តីត្រូវចេះ​ថែររក្សាខ្លួន​ កុំឲ្យមាន​កង្វះ​អ័កម៉ូន​ កុំធ្វើការធ្ងន់​ៗ​ ការពារ​រអិលដួល​ កុំធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​រលាក់​ និងកុំផឹក​ស្រាច្រើន​ ជក់បារី ​គឺដាច់​ខាត​​ត្រូវតែតមកុំប្រព្រឹត្តិ​។ កាហ្វេ​ក៏ត្រូវហាម​ទទួល​ទាន​ផងដែរ​។​ (នៅមានត)…

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative