រយៈពេល​២ថ្ងៃ​​ គ្រោះ​ថ្នាក់​ចរាចរណ៍​សំលាប់​មនុស្ស​ ១៨នាក់​ និង​របួសធ្ងន់​ស្រាល​១៧​នាក់​នៅ​កម្ពុជា

គ្រោះថ្នាក់​ចរាចរណ៍​នៅប្រទេសកម្ពុជា​ នៅតែ​ជាបញ្ហា​ចំបងរបស់​រាជរដ្ឋាភិបាល​ ព្រោះ​វាបានសំលាប់​មនុស្ស​ប្រមាណ​ ពី៥​ ទៅ៦នាក់​ ក្នុង១ថ្ងៃ​ៗ ដែលជាការបាត់បង់​នូវធនធាន​មនុស្សយ៉ាងច្រើន​ គួរឲ្យ​ព្រួយ​បារម្ភផង​ដែរ​។ ជាក់ស្តែង​គ្រាន់តែក្នុង​ រយៈពេល២ថ្ងៃនេះ​ គ្រោះថ្នាក់​ចរាចរណ៍​ បានសំលាប់​មនុស្សប្រមាណជិត​២០នាក់​ និងរបួសជិត២០នាក់​។

3បើយោង​តាមរបាយការណ៍​ ពីនាយកដ្ឋាន​សណ្តាប់ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​​ជាតិ​ បាន​ឲ្យដឹងថា​កាលពី​ថ្ងៃទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​​ចំនួន​ ១២លើក​( យប់ ៥លើក)​​​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​៨​​នាក់​​ (ស្រី ៣នាក់)​​ របួសធ្ងន់​​ ៨នាក់​​ (ប្រុស)​​ និង​​​របួសស្រាល ​៤នាក់​ ( ស្រី ២នាក់ )​​។​

ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ​១២លើក​​នេះ​ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​ ១៨គ្រឿង​ ក្នុងនោះ​មាន​ម៉ូតូ​​ចំនួន​ ៧គ្រឿង​ រថយន្ត​​ធុន​តូច ​៨គ្រឿង​ យាន​ផ្សេង​ ៣គ្រឿង​ និង​​ថ្មើរជើង​ម្នាក់​​។​ ចំពោះ​មូលហេតុ​ ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​ រួម​មាន​ ល្មើស​​ល្បឿន​ ៥​លើក​ ស្រវឹង​ ១​លើក​ ប្រជែង​​គ្រោះថ្នាក់​ ២​លើក​ បត់​គ្រោះ​ថ្នាក់​ ១​លើក​ កត្តា​​យានយន្ត​ ១លើក​​កត្តា​​ផ្លូវ​ ១​លើក​ និង​ដឹក​​លើស​ចំណុះ​ ១​លើក​​។ ចំពោះ​អ្នកជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព ​​ចំនួន​ ១០នាក់​ ( យប់​ ៩ នាក់​)​។​​

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​​ កាលពី​ថ្ងៃទី​២​ ខែ​មិថុនា ​ឆ្នាំ​២០១៥​ បានកើត​ឡើង​ចំនួន​ ​១០​លើក​ ក្នុង​នោះ​​យប់​៥​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​១០​នាក់​ (​ស្រី​៥​នាក់​)​ រង​របួស​ធ្ងន់​៤​នាក់​ (​ស្រី​ម្នាក់​)​ និង​​របួសស្រាល​​ម្នាក់(​ស្រី​)​​បាន​បង្ក​​ឲ្យ​មាន​ការ​ខូចខាត​​យាន​យន្ត​​សរុប​១៥​​គ្រឿង​​ ក្នុង​នោះ​​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​​ ​រថយន្ត​ធុន​តូច​​៤​គ្រឿង​​ រថយន្ត​ធុន​​ធំ​១​គ្រឿង​​យាន​​ផ្សេងៗ​១​គ្រឿង​ និង​ថ្មើរជើង​ម្នាក់​។ ​មូលហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ រួមមាន​ ល្មើស​​ល្បឿន​​៣​លើក​​ មិន​ប្រកាន់​​​ស្តាំ​១​លើក​​ ​ស្រវឹង​២​លើក​​ មិន​គោរព​សិទ្ធ​​៣​លើក​ និង​បើកបរ​​ងងុយដេក​​១​លើក​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative