ក្រុមណាហ្គាវើល ​បេះដូង​សប្បុរស​​បង្កើត​បណ្ណាល័យ​នៅ​សាលា​តាមជនបទ​

បណ្ណាល័យ​ មាន​សារសំខាន់​ណាស់​ មិនត្រឹម​តែសម្រាប់​សិស្សានុសិស្ស​ និងលោក​គ្រូ​អ្នកគ្រូ​ប៉ុណ្ណោះ​នោះទេ​ គឺសម្រាប់​អ្នក​សិក្សា​គ្រប់រូបដែល​ចង់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​។ ម្យ៉ាងវិញទៀត​ បណ្ណាល័យ​គឺជាមជ្ឈមណ្ឌល​នៃបណ្តុំ​ចំណេះ​ដឹង​សម្រាប់​សិស្សានុសិស្ស​ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​ផងដែរ​។​​

Bunsak But Photography

Bunsak But Photography

ដោយមើល​ឃើញ​ពីសារៈសំខាន់​នេះ​ហើយ​ កាល​ពី​ពេលថ្មីៗ​នេះ​ ណាហ្គាវើល​ បេះដូង​សប្បុរស​ដឹកនាំ​ដោយ​លោក​ James Ma​ នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណាហ្គាវើល​ បានបង្កើត​បណ្ណាល័យ​ក្នុង​សាលាបឋម​សិក្សា​ និង​អនុវិទ្យាល័យ​ខ្យោង​ តាមរយៈការ​ឧបត្ថម្ភ​សៀវភៅ​ប្រមាណ​ ១.០០០​ក្បាល​ និងទូ​ដាក់សៀវភៅ​ចំនូន ៥ទូ​ នៅសាលា​បឋមសិក្សា​ និង​អនុវិទ្យាល័យ​ខ្យោង​មានទីតាំង​ស្ថិត​នៅក្នុងភូមិខ្យោង​ ឃុំជីបាល​ ស្រុកស្រី​សន្ឋរ​ ខេត្ត​កំពង់ចាម​ មានចម្ងាយ​ប្រហែល​៤៨គីឡូម៉ែត្រ​ ពីរាជធានី​ភ្នំពេញ​។

សៀវភៅ​ទាំងនោះ​រួមមាន​ដូចជា​ សៀវភៅ​អក្សរសាស្រ្ត​ខ្មែរ​ អក្សរសាស្រ្ត​អង់គ្លេស​ ច្បាប់ចំណេះ​ដឹងទូទៅ​ សីលធម៌​-ពលរដ្ឋវិទ្យា​ ការ​អភិវឌ្ឍខ្លួន​ភាពច្នៃប្រឌិតរឿងនិទានជាភាសាខ្មែរ-អង់គ្លេស សេដ្ឋកិច្ចវចនា​នុក្រម​អង់គ្លេស-ខ្មែរ និង​ទស្សនាវដ្តី​ ជាភាសាខ្មែរ ​និងភាសា​អង់គ្លេស​ផងដែរ​។ លោកគ្រូ​អ្នកគ្រូ​ និង​សិស្សា​​នុសិស្ស​ទាំងអស់​ មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដែលបាន​ទទួលសៀវភៅ​ពី​ណាហ្គា​វើល​បេះដូង​សប្បុរស​។

លោក​ James Ma​ បានឱ្យដឹងថា​ នេះមិនមែន​ជាលើកទីមួយទេ​ ដែលយើង​បានឧបត្ថម្ភ​សម្ភារបណ្ណា​ល័យ​ទៅដល់​សាលា​អនុវិទ្យាល័យ​ និង​សាលាបឋមសិក្សា​ នៅតាមបណ្តាខេត្ត​ និងរាជធានីភ្នំពេញ​។ គោលបំណង​នៃការឧបត្ថម្ភ​នេះ​ គឺដើម្បី​ផ្តល់​សៀវភៅ​អានដល់​សាលារៀន​ខ្វះខាត​នៅតាមបណ្តាខេត្ត​ និងដើម្បី​លើកកម្ពស់​វប្បធម៌​នៃការអាន​សៀវភៅ​ក្នុងចំណោម​កុមារកម្ពុជា​ ព្រោះថា​បណ្ណាល័យ​គឺជាកន្លែង​សម្រាប់សិក្សា​មួយជីវិត​ ហើយបណ្ណាល័យ​ក៏ជាកន្លែង​មួយដ៏មាន​សារសំខាន់​ផងដែរ​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ និងសិស្សានុសិស្ស​ធ្វើការសិក្សាស្រាវជ្រាវ។

លោកបានបន្តទៀតថា ជាងនេះទៀតសកម្មភាពនេះដើម្បីអបអរសាទរក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍​លើកទី២០ របស់ក្រុមហ៊ុនណាហ្គាវើល យើងបានរៀបចំកម្មវិធីអប់រំជាច្រើនដែលនឹងជាប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូលសម្រាប់កុមារកម្ពុជាផងដែរ។​

លោក ឃួន លីខន ជំទប់ឃុំទី២ នៃឃុំជីបាលមានប្រសាសន៍ថា “បណ្ណាល័យគឺសំខាន់ណាស់សម្រាប់សិស្សានុសិស្ស លោគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ ថ្ងៃនេះក្រុមហ៊ុនណាហ្គាវើល បាននាំយកសៀវភៅជាច្រើនសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំឃើញសៀវភៅមួយចំនួនដែលទាក់អារម្មណ៍របស់ខ្ញុំចង់អានភ្លាមៗ។ ប្រហែលជាខ្ញុំនឹងជាមនុស្សទីមួយហើយដែលខ្ចីសៀវភៅពីសាលា។ ខ្ញុំសប្បាយរីក​រាយ​ណាស់​ ដែលក្រុមហ៊ុនណាហ្គាវើល បានផ្តល់សៀវភៅជាច្រើនដល់សាលារៀន និង សហគមន៍របស់យើង។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ណាហ្គាវើល សម្រាប់សណ្តានចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ។”

លោក សូផាត សន្តិភាពកុមារ នាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យខ្យោង មានប្រសាសន៍ថា “នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនណាហ្គាវើល បានផ្តល់សៀវភៅសម្រាប់បណ្ណាល័យរបស់យើង។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុនណាហ្គាវើល តែងតែជួយឧបត្ថម្ភសម្ភារសិក្សាជាច្រើនដូចជា កាបូបដាក់សៀវភៅសិស្ស សៀវភៅសរសេរ ប៊ិច កាបូបដាក់ប៊ិចខ្មៅដៃ និងបានផ្តល់ប័ណ្ណសរសើរ ដល់សិស្សពូកែផងដែរ។ តំណាងឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនណាហ្គាវើល និងបុគ្គលិកទាំងអស់ដែលបានចំណាយថវិកា និងពេលវេលារបស់ខ្លួនដើម្បីជួយសាលារបស់យើង។”

សុផាត សុនីតា ជាសិស្សថ្នាក់ទី៧ នៃសាលាអនុវិទ្យាល័យខ្យោងបាននិយាយថា “បណ្ណាល័យគឺមានសារសំខាន់ណាស់សម្រាប់ខ្ញុំ និងសិស្សានុសិស្សទាំងអស់ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ពីព្រោះវាគឺជាបណ្តុំនៃចំណេះដឹង និងព័ត៌មាន។ ខ្ញុំរំភើបណាស់ដែល ក្រុមហ៊ុនណាហ្គាវើល បានផ្តល់សម្ភារបណ្ណាល័យ​ដល់ពួកយើង ហើយខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនណាហ្គាវើលសម្រាប់ការឧបត្ថម្ភសៀវភៅទាំងនេះ” ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative