ចំណីអាហារ​​ចរាចរ​​លើទីផ្សារ​​២០ភាគរយ​​ប៉ុណ្ណោះ​​មានបញ្ជាក់​ ពី​ស្តង់ដា​សុវត្ថិភាព​

មន្រ្តីជាន់ខ្ពស់​វិទ្យាស្ថាន​ស្តង់ដាកម្ពុជា​ បាននិយាយថា​ចំណីអា​ហារ​បាន​​ និងកំពុង​ចរាចរ​​នៅក្នុងទី​ផ្សារកម្ពុជា​ មានតែ២០​​ភាគរយ​​ប៉ុណ្ណោះ​ បានបិទ​សញ្ញា​ស្តង់​ដាបញ្ជាក់​ពីគុណភាព​ និងសុវត្ថិ​ភាព​សំ​រា​ប់​ប្រើ​ប្រាស់​។

1លោកចាន់​ បូរិន​ អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ ​នៃក្រសូង​​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បានថ្លែង​ឲ្យដឹង​នៅ​រសៀល​ថ្ងៃទី១​ មិថុនា​ នេះ​ថាបច្ចុប្បន្ននេះ​​មាន​សហគ្រាស​​ខ្នាតតូច​​ និងមធ្យមតែ២៥​ ទៅ ៣០​ភាគរយ​​​ប៉ុណ្ណោះ​ បានមកចុះ​បញ្ជីរ​នៅវិទ្យា​ស្ថាន​ស្តង់ដា​កម្ពុជា ​ហើយផលិតផល​ ដែល​សហគ្រាស​ក្នុង​ស្រុក​​ផលិត​បានមានតែ​ ២០ភាគរយ​ប៉ុណ្ណោះ​ មានបិទស្លាក​សញ្ញាស្តង់​ដា​​ដែលចេញដោយ​ វិទ្យាស្ថាន​ស្តង់ដាកម្ពុជា​។

លោកបន្ត​ថា ដូច្នេះ​ប្រជាពល​រដ្ឋមុនទិញ​ផលិតផល​ចំណី​អា​ហារ​ ឬផលិតផល​ណា​មួយយក​ទៅប្រើប្រាស់​ ត្រូវសម្គាល់​លើពីរ​ចំណុច​ ទី១​ ផលិតផល​ផលិតក្នុងស្រុក​ ដែល​មានការ​ទទួលស្គាល់​ពី​វិទ្យាស្ថាន​ស្តង់ដា​ គឺមានបិទ​អក្សរ​​ ISC​ឬ(ចបផ)​ និងទី២​ ផលិតផល​​នាំចូល​ ក៏មានបិទ​សញ្ញា​របស់វិទ្យាស្ថាន​ស្តង់ដា​កម្ពុជាផង​ដែរ​ ព្រោះ​ដើម្បី​បញ្ជាក់ថា​ ទំនិញ​ពួក​គេ​មានគុណភាព​ និង​សុវត្ថិភាព​ទំនិញ​​ពួកគេ​ត្រូវ​​តែមកសុំ​ចុះបញ្ជីរនៅ​វិទ្យាស្ថាន​ស្តង់ដាកម្ពុជា​។

លោកចាន់​ បូរិន​ បានបន្តថា​ ពេលបណ្តា​ប្រទេសក្នុង​តំបន់ធ្វើ​​សមាហរណកម្មនា​ចុងឆ្នាំ​នេះ​ ជនបរទេស​ដែល​នាំទំនិញ​ចូល​មក​​កម្ពុជា​ ត្រូវតែដាក់ឆ្លង​វិទ្យាស្ថានស្តង់ដាកម្ពុជា ដើម្បីសំគាល់​គុណ​ភាព និងសុវត្ថិភាពលើ​ផលិតផលរបស់​ពួកគេ ដូច្នេះសហគ្រាស​ខ្នាតតូច និងខ្នាតមធ្យម​ក្នុងស្រុក ប្រសិនជាពួកគេមិនមកចុះបញ្ជីរ និងមិនពង្រឹងគុណភាពទំនិញ ឬផលិតផលរបស់ពួកគេ ទំនិញ​របស់​ពួកគេនឹងស្លាប់​។​ ផ្ទុយទៅវិញ ប្រសិនជាពួកគេមក​សុំចុះបញ្ជីរ​នៅ​វិទ្យាស្ថានស្តង់ដា និងផលិតទំនិញប្រកបដោយគុណភាព និងសុវត្ថិ​ភា​ព ពួកគេក៏អាចនាំចេញទំនិញ ទៅ​លក់នៅក្នុងបណ្តា​ប្រទេស​ក្នុងតំបន់ផងដែរ។

វិទ្យាស្ថានស្តង់ដា​កម្ពុជា​បង្កើត​​ទ្បើង​ មានគោល​ដៅចំនួន៥​ ដូច​ជា​ទី១​ បង្កលក្ខណៈ​ងាយ​ស្រួលដល់​​អ្នកប្រើប្រាស់​ ទី២​ ការពារ​ និង​ការ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​ឲ្យបាន​ត្រឹមត្រូវ​ ទី៣​ ដើម្បី​ការពារ​សុខភាព​​សាធារណៈ​ ទី៤ ​ជំរុញឲ្យវិស័យ​ឧស្សាហកម្ម​រីកចំរើន​ និង​ទី៥ ​សម្រួលការធ្វើពាណិជ្ជកម្ម​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative