វិធីមានកូន​ដោយចាក់​បញ្ចូល​ទឹកកាម

ជាធម្មជាតិ​គូស្វាមីភរិយានៅពេល​រៀបអាពាហ៍ពិពាហ៍​ហើយ តែងតែចង់​បានបុត្រ ដើម្បីបន្ដពូជ​ពង្សវង្សត្រកូល​របស់ខ្លួន។ ដោយ​ឡែកស្វាមី​ភរិយាខ្លះ​​​ចង់បាន​បុត្រ ប៉ុន្ដែពួក​គាត់គ្មាន​លទ្ធភាពនឹង​មានបុត្រ​​​តាម​បែបធម្មជាតិ។ តាមក្បួន​វេជ្ជសាស្ដ្រ មានវិធីច្រើនយ៉ាង ជួយឱ្យ​គូស្វាមី​ភរិយាមានបុត្រ​បានទៅតាម​មូលហេតុ​របស់វា។ ការបាញ់​បញ្ចូលទឹកកាម​ជាវិធីមួយ ក្នុងចំ​ណោម​វិធីទាំងនោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង សូមណែ​នាំប្រិយមិត្ដ​អ្នកអាន ឱ្យបាន​ស្វែងយល់​អំពីវិធី​មានកូន​ដោយបាញ់​បញ្ចូលទឹក​កាម តាម ក្បួន​វេជ្ជសាស្ដ្រ ដោយជួប​សម្ភាសន៍​ជាមួយលោក​វេជ្ជបណ្ឌិត ហួត សេង អ្នកឯក​ទេសសម្ភព និង​រោគស្ដ្រី។

ករណី​ស្ដ្រីត្រូវ​ធ្វើការបាញ់​បញ្ចូលទឹក​កាម

ការបាញ់​បញ្ចូលទឹក​កាមទៅលើ​ស្ដ្រី គឺធ្វើឡើង​ក្នុងករណី​ដែលគូស្វាមី​ភរិយាមិន​អាចមាន​កូនតាមបែប​ធម្មជាតិ ដោយមូល ហេតុ​ផ្សេងៗ។ ជាឧទាហរណ៍ គូស្វាមី​ភរិយា​ចង់បានកូន​ដោយមិន​ចង់ឆ្លង​កាត់ការរួមភេទ ឬករណី​ដែលបុរស​ជាស្វាមី​មិនមាន​មេជីវិត ឈ្មោល និង​បណ្ដាលមក​ពីមូលហេតុ​ផ្សេងៗទៀត ទៅតាមការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ។ ការបាញ់​បញ្ចូលទឹក​កាមអាច​ធ្វើទៅបាន ដោយ យក​ទឹកកាម​របស់ស្វាមី ឬទឹក​កាមរបស់​បុរសដទៃ​ទៅតាម​មូលហេតុ​របស់វា។

វិធីចាក់បញ្ចូល​ទឹកកាម ដើម្បី​ឱ្យមាន​ការបង្ក​កំណើត

នៅតាម​បណ្ដាប្រទេស​ជឿនលឿន វិធី​មានកូន​ដោយបាញ់​បញ្ចូលទឹក​កាម ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់។ វិធីបាញ់​បញ្ចូល ទឹកកាម ដើម្បី​ធ្វើការបង្ក​កំណើត​មាន២យ៉ាង គឺការ​ដាក់ទឹកកាម​នៅត្រឹមមាត់​ស្បូន និងការ​បាញ់បញ្ចូល​ទឹកកាម​ទៅក្នុងប្រហោង​ស្បូន តែម្ដង។

វិធីដាក់​បញ្ចូលទឹក​កាមនៅត្រឹម​មាត់ស្បូន វិធីនេះ គឺជា​ការដាក់​បញ្ចូល​ទឹកកាម​របស់ស្វាមី ឬបុរស​ដទៃផ្ទាល់​តែម្ដង(មិន មែន​ទឹកកាម​បន្សុទ្ធទេ) នៅ​ត្រឹមមាត់ស្បូន ដោយ​ប៉ះផ្ទាល់​ជាមួយទឹករំអិល​មាត់ស្បូន ដោយ​ឧបករណ៍​ម្យ៉ាង ចំពេល​មេជីវិតញី​ជិតធ្លាក់។ ការដាក់​ទឹកកាម​នៅត្រឹម មាត់ស្បូនស្ដ្រី​នេះ អាចប្រព្រឹត្ដ​ទៅនៅក្នុង​វដ្ដរដូវ​ធម្មជាតិ ឬវដ្ដរដូវ​ដោយប្រើថ្នាំ។ ដើម្បី​ដឹងថាមេជីវិត​ញី ធ្លាក់ គ្រូពេទ្យ​ត្រូវធ្វើការ​តាម ដាន​ទៅលើការវិវឌ្ឍន៍​របស់មេជីវិត​ញី នៅក្នុង​វដ្ដរដូវ​ធម្មជាតិ ឬវដ្ដ​រដូវដោយប្រើថ្នាំ។

វីធីបាញ់​បញ្ចូលមេជីវិត​ឈ្មោលទៅ​ក្នុងស្បូន ៖ គឺ​ជាការបញ្ចូលមេជីវិត​ឈ្មោលរបស់​ស្វាមីខ្លួន ឬរបស់បុរសដទៃទៅ​ក្នុងស្បូន របស់​ស្ដ្រី។ មុនដំបូង ចាំបាច់​ត្រូវយកទឹក​កាមទៅបន្សុទ្ធ យក​តែមេជីវិតល្អៗ​តែប៉ុណ្ណោះ ហើយ​ដាក់ចូល​ទៅក្នុងទុយោម្ជុលកាតេទែ ដោយតភ្ជាប់​ទៅជាមួយ​សឺរ៉ាំង។ ទឹក​មេជីវិត​មួយមីលីលីត្រ​ត្រូវបានបាញ់់ចូល​ទៅក្នុង​ស្បូន ចំពេល​មេជីវិត​ញីធ្លាក់។

យើងអាចដឹង​ថាវិធីនេះបាន​ជោគជ័យ ឬមិនជោគជ័យ ដោយការធ្វើតេស្ដ។ គ្រូពេទ្យអាចធ្វើ​តេស្ដទឹកនោម​របស់ស្ដ្រី នៅ ប្រហែលពីរ​សប្ដាហ៍ក្រោយ​មក បន្ទាប់​ពីការបាញ់បញ្ចូល​ទឹកកាម។ បន្ទាប់ពី​ធ្វើតេស្ដទៅឃើញ​ថា ស្ដ្រីនោះមានផ្ទៃ្ទពោះហើយ គាត់​ត្រូវ រក្សាសុខភាព​របស់គាត់  និង​ត្រូវធ្វើការតាម​ដានការវិវឌ្ឍន៍​របស់កូនក្នុងផ្ទៃ ដូចស្ដ្រី​មានផ្ទៃពោះ​ធម្មតាដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីតាមដានរក​ពេលមេជីវិត​ញីធ្លាក់

ចំពោះការ​តាមដានការ​វិវឌ្ឍន៍របស់​មេជីវតញី​សម្រាប់វិធីបាញ់បញ្ចូល​ទឹកកាមទាំងពីរ​ខាងលើនេះ គ្រូពេទ្យ​អាចតាមដានបាន​ដោយ ៖

  • ការតាមដានកម្ដៅក្នុងខ្លួនជាប្រចាំរាល់ព្រឹក
  • ការតាមដានទឹករំអិលមាត់ស្បូន
  • ការតាមដានដោយពិនិត្យអេកូ
  • តាមដានដោយការពិនិត្យជាតិអ័រម៉ូននៅក្នុងឈាម

ផលវិបាកនៃវិធី​មានកូន​ដោយបញ្ចូល​ទឹកកាម

វិធីមាន​កូនដោយបញ្ចូល​ទឹកកាមនេះ អាច​បង្កឱ្យ​មានផល​វិបាក ដែល​ទាក់ទង​ទៅនឹងការ​ភ្ញោចនៃក្រពេញ​ដៃស្បូន ហួស ហេតុ និង​អាចបង្ក​ឱ្យមានកូនភ្លោះ ឬច្រើន។ ចំពោះ​ការផ្ដល់​ទឹកកាម​វិញ ក៏អាច​បង្កឱ្យមាន​ការឆ្លងជម្ងឺ​ផ្សេងៗដែរ ដូចជាអាចទទួល ការឆ្លង​ជម្ងឺកាមរោគ ជម្ងឺ​រលាកថ្លើមជាដើម ប្រសិន​បើអ្នកដែល​ផ្ដល់ទឹកកាម​នោះ មិនមែន​ជាស្វាមី​របស់គាត់ ហើយ​មានមេរោគ​ជម្ងឺ កាមរោគ​ទាំងនោះ។

ដំបូន្មានអ្នក​ជំនាញ

សម្រាប់​នៅប្រទេស​កម្ពុជា វិធីមាន​កូនដោយ​បញ្ចូលទឹកកាម​នេះ មិនទាន់អាច​ធ្វើបាននៅឡើយ​ទេ ដោយសារ​ប្រទេស យើងខ្វះនូវធនធាន​មនុស្ស និងសម្ភារៈ។ សម្រាប់​នៅប្រទេស​ជឿនលឿន ការផ្ដល់ទឹក​កាមត្រូវធ្វើ​ឡើងនៅក្នុងក្រប​ខណ្ឌនៃច្បាប់ និង មានការយល់ព្រម​ពីភាគីទាំង​សងខាង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative