ជប៉ុន​ជួយសាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ដល់​កម្ពុជា​

រាជរដ្ឋាភិបាលជប៉ុន​ បានសំរេច​ផ្តល់ថវិកាប្រមាណ​១១៩៣លាន​យ៉ាន​ សំរាប់សាងសង់​អគារកំពស់​៤ជាន់ ​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌលជាតិ​គាំពារមាតា ​និងទារក​ សំរាប់ធ្វើការ​បណ្តុះបណ្តាល ​និងបំប៉ន​សមត្ថភាពបន្ថែម​ ដល់គ្រូពេទ្យ​ និង​និស្សិត​ពេទ្យផ្នែក​ឯកទេស​សម្ភពរោគស្ត្រី​ និងទារក។​

1អគារបណ្តុះបណ្តាល​នេះ​ ត្រូវបាន​ប្រារព្វ​ពិធី​បញ្ចុះ​បឋមសិ​លា​​​សាង​សង់​ជាផ្លូវ​ការ កាល​ពីព្រឹកថ្ងៃ​ទី០២​ មិថុនា​ ឆ្នាំ​២០១៥​ ក្រោមអធិបតីភាព​លោក​វេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​លោក គូម៉ាម៉ារុយូជិ​ (KUMAMARU yuji)​ ឯកអគ្គរាជទួត​វិសាមញ្ញ​និងពេញ​សមត្ថភាព​ប្រទេស​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា។​

លោកស្រី​សាស្ត្រាចារ្យ​ ទុង រដ្ឋាវី​ ប្រធានមជ្ឈ​មណ្ឌល​ជាតិ​គាំពារមាតា ​និង​ទារក​ បានមាន​ប្រសាសន៍​នៅក្នុង​ពិធីបញ្ចុះ​បឋមសិលាថា​ ដោយសារ​កំណើន​នៃអ្នក​ជំងឺ​ ក៏ដូចជា​ស្ត្រីមក​សំរាលកូន​ នៅក្នុងមជ្ឈ​មណ្ឌល​មានការកើន​ឡើង​ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ​ រាជរដ្ឋា​ភិបាល​​កម្ពុជា​បានស្នើសុំ​ដល់រាជរដ្ឋាភិបាល​ជប៉ុន​ ដើម្បី​សាងសង់​អគារមួយ​ទៀត​នៅក្នុងបរិវេណ​មជ្ឈ​មណ្ឌល​​ដោយទុក​អគារចាស់​ដែលជាជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ បាន​សាងសង់តាំង​ពីឆ្នាំ​១៩៩៥​​មក​នោះ​ សំរាប់ដាក់​អ្នកជំងឺទាំងអស់​។

លោកស្រី​បានបន្តថា​ អគារនេះ​មានកំពស់​៤ជាន់​ មានផ្ទៃក្រឡា​សរុប​ចំនួន​ ២៩១២ម៉ែត្រ​ការ៉េ​ ដោយ​ចែក​​ជា​ជាន់ទី១​ ឬជាន់​ផ្ទាល់ដី ​ជាច្រកចេញ​ទ្វារចូល​កន្លែងដាក់​ម៉ាស៊ីនភ្លើង​ និងចំណតរថយន្ត​។ ជាន់​ទី២​ មាន១៥បន្ទប់​ សំរាប់​ការិយាល័យ​។ជាន់ទី៣​ មាន១៤​បន្ទប់​ ជាសាល​បណ្តុះ​បណ្តាល​​ និងជាន់ទី៤​ មាន១០​បន្ទប់​ ដែលបែងចែក​ជាបណ្តាល័យ​បន្ទប់​សំរាប់​សិក្សា​ដោយ​ខ្លួនឯង​បន្ទប់សំរាប់​សិក្ខាកាម​ស្នាក់នៅ ​និងកន្លែង​ចំអិនអាហារ​។ លោកស្រីបញ្ជាក់​ថាការសាងសង់​អគារនេះ​គ្រោងនឹង​ចំណាយ​ថវិកាអស់​ប្រមាណ១១៩៣លាន​យ៉ាន​។ លោកស្រី​បានបន្ថែមថា​ ក្រៅពីផ្តល់​អគារបណ្តុះ​បណ្តាល​ ហើយជប៉ុន​បាន​ជួយ​ជួសជុល​អគារចាស់​ពង្រីកចំនួនគ្រែ​ និងផ្តល់សម្ភារៈ​ផ្សេងៗទៀត​ផងដែរ​។

លោកលោក​ គូម៉ាម៉ារុយូជិ​ បានមាន​ប្រសាសន៍ថា ​គំរោងថ្មីដែលយើងបានប្រារព្វធ្វើនាពេលនេះ មានគោលបំណងដើម្បីបន្តជួយដល់មជ្ឈមណ្ឌលគាំពារមាតា និងទារក ដូចជាទី១ ការសាងសង់មជ្ឈ​មណ្ឌល​បណ្តុះបណ្តាលថ្មួមួយ ទី២ ការជួស ជុលធ្វើឲ្យថ្មីឡើងវិញ នូវអគារដែលមានស្រាប់ទាំងអស់ និងទី៣ការផ្គត់ផ្គង់សម្ភារៈ។ លោកទួតបានបន្តថា«ខ្ញុំសង្ឃឹមថាជំនួយឧបត្ថម្ភរបស់យើងនេះ នឹងត្រូវបានប្រើប្រាស់យ៉ាងាមានប្រយោជន៍បំផុតនិងរួមចំណែកដល់ការលើកកំពស់គុណភាពសេវាសុខភាពរបស់មជ្ឈមណ្ឌល»។

​លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា«ការបើកការដ្ឋានថ្ងៃនេះនឹងនាំមកនូវការពង្រីកមជ្ឈមណ្ឌលគាំពារមាតា និងទារកបង្កើនលទ្ធភាពផ្តល់សេវាកម្ម និងបង្កើនសមត្ថភាពក្នុងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលក្នុងគោល បំណងដើម្បីជាប្រយោជន៍ដល់ស្ត្រីទារក និងកុមារនៅរាជធានីភ្នំពេញ និងទៅទាំងប្រទេស»។លោករដ្ឋមន្ត្រីសង្ឃឹមថា «សមិទ្ធិផលដែលនឹងសមរេចបាននាពេលដ៏ខ្លីឆាប់ខាងមុខនេះ នឹងចូលរួមចំណែកដ៏ធំក្នុងការសំរេចបានជោគជ័យក្នុងវិស័យសុខាភិបាលថែមទៀត។

លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្តល់នូវជំនួយឥតសំណង ដល់ប្រទេសកម្ពុជាជា ពិសេសគំរោងពង្រីកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative