ការប្រើប្រាស់ឱសថ​គ្មានវេជ្ជបញ្ជា​បង្កគ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​សុខភាព​

ការនិយម​ប្រើប្រាស់​ឱសថគ្មាន​វេជ្ជបញ្ជាបាន​ និង​កំពុង​បង្ក​ផល​ប៉ះពាល​ធ្ងន់ធ្ងរ​ដល់​សុខភាព​​​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ ដែល​នេះ ជាហា​និភ័យសុខភាព​មួយ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា។

1លោកវេជ្ជបណ្ឌិត សុវណ្ណ កន្និដ្ឋា​ ឯកទេស​​តំរងនោម​​ និង​​លាង​ឈាម​​នៃមន្ទីរ​​ពេទ្យ​​​កាល់​ម៉ែត​ បាន​ថ្លែង​ឲ្យ​គេហទំព័រ​សុខភាព​កម្ពុជា​ ដឹងកាល​ពី​ពេល​​ថ្មីៗ​​នេះ​​​ថា ការ​ប្រើប្រាស់​ថ្នាំ​​ដែល​ពុំ​មាន​វេជ្ជបញ្ជា​​​ត្រឹម​ត្រូវ​​ និងផ្សំតាម​សថស្ថាន ដែល​គ្មានអ្នកជំនាញ​ត្រឹមត្រូវ វានឹង​បង្ក​ឲ្យមានផលប៉ះពាល់​ដល់សរីរាង្គ​របស់​យើង​ជា​ច្រើន​​ដែល​​​វា​​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​​ត្រូវពុលថ្នាំ​ធ្វើឲ្យតុកស៊ិក​ និង​ធ្វើ​ឲ្យ​ខ្សោយ​នូវ​ប្រព័ន្ឋ​ការពារ​រាងកាយ​​របស់យើង ​ជាពិ​សេស​វាអាចប៉ះ​ពាល់​​ដល់​​តំរង​​​នោម​​ និង​ជំងឺ​ខ្សោយ​តំរង​នោម​​​​ស្រួចស្រាវ​​ ដែលយើង​តែង​តែ​​បាន​ជួបអ្នក​ជំងឺ​ច្រើន​នៅមន្ទីរពេទ្យកាល់ម៉ែត​​របស់​យើង។

លោកបន្ត​ថា​ “ជំងឺទាំងអស់​នេះ​ទាមទារ​ឲ្យមានការ​ព្យាបាល​​រហ័ស​ និង​ព្យាបាល​ដោយគ្រូពេទ្យ​មាន​ឯកទេស​ត្រឹមត្រូវ​”។​ លោក​បន្តថា​ “នៅពេល​ពួកគាត់​មានអាការៈ​ក្អួយ​ចង្អោរ​ហើម​ទូទាំង​សរីរាង្គ​​របស់​យើង​ហើយ​កំហាប់​ទឹកនោម​ប្រចាំថ្ងៃ​មាន​ការថយចុះ​ បន្ទាប់​ពី​ពិសារថ្នាំ​សូមអញ្ជើញ​ទៅជួប​គ្រូពេទ្យ​ជំនាញ​នៅមន្ទីរពេទ្យ​កាល់​ម៉ែត​ឬ​គ្រូពេទ្យ​ជំនាញ​ ធ្វើការស្រាវជ្រាវ​រកជំងឺ​ស្រួចស្រាវ​ ដើម្បី​ធ្វើការ​ព្យាបាល​ជូនពួកគាត់បាន​​ទាន់ពេលវេលា​”។​

លោកវេជ្ជបណ្ឌិត​ សុវណ្ណ កន្និដ្ឋា​ បានបន្តថា​ការព្យាបាល​ជំងឺ​​ខ្សោយតំរងនោម​ស្រួចស្រាវ​ គឺទាក់ទង​នឹងការ​លាង​ឈាម​ និង​ការ​​សំអាតជាតិពុល​ក្នុងឈាម​។ អ្នកជំងឺ​បែបនេះ​​យើងត្រូវ​​ធ្វើយ៉ាង​ណា​​ឲ្យ​ការ​ព្យាបាល​​បាន​ជា​សះ​ស្បើយ​ឆាប់រហ័ស​ តែបើ​គាត់​រក​មិនបាន​​គ្រូ​ពេទ្យ​​ឯកទេស​​ត្រឹមត្រូវទេ​ ហើយ​គាត់​បែរ​ជាងាកទៅ​រកថ្នាំខ្មែរ​ គឺពិ​តជា​មិនអាច​ជួយឲ្យជំងឺ​​គាត់​បាន​ ជា​សះ​ស្បើយនោះទេ​ ផ្ទុយទៅវិញ​​វា​កាន់​​តែ​រុញឲ្យជំងឺ​របស់គាត់ឲ្យ​កាន់តែធ្ងន់ធ្ងរ​​ថែមទៀត​ និង​រុំារ៉ៃ​ទៅវិញ​។

លោកបន្តថា​ ប្រសិន​ជាអ្នកជំងឺ​ទទួលបានការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ រយៈពេល​ដែលគាត់​ត្រូវព្យាបាល​គឺត្រឹម១​​ ឬ២​អាទិត្យ​ប៉ុណ្ណោះ​ តែបើ​គាត់មិន​រកសេវា​ព្យាបាលបាន​ត្រឹមត្រូវគាត់​​នឹង​ត្រូវ​លាង​ឈាម​​មួយជីវិត​ ដែលនេះជាការ​សោកស្តាយ​ មួយ​​របស់​គាត់​ ក៏ដូចជាប្រជាជាតិ​របស់​យើង​ផង​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative