កម្ពុជាទទួលបានជោគជ័យក្នុងការ​លុប​បំបាត់​ភាព​អត់ឃ្លាន​សម្រេច​បាន​គោល​ដៅអភិវឌ្ឍន៍​សហសវត្សរ៍

អង្គការ​កសិកម្ម និង​ស្បៀង​អាហារ​ពិភព​លោក​​នៃ​អង្គការ​សហប្រជា​ជាតិ​​ហៅ​កាត់​ថា FAO​ បាន​ឲ្យដឹងថា​ ប្រទេស​​កម្ពុជា​​ទទួលបាន​​ជោគ​ជ័យ​ក្នុង​ការ​​អនុវត្ដ​​គោល​ដៅ​​អភិវឌ្ឍន៍​សហសវត្សរ៍​​ (MDG) របស់​ខ្លួន​​ក្នុង​ការ​កាត់​​បន្ថយ​​ភាព​អត់​ឃ្លាន​។

1តាមសេចក្តី​ប្រកាសពត៌មាន​របស់អង្គការ FAO​ដែល​បាន​ចេញ​​ផ្សាយ​កាល​​ពី​ថ្ងៃ​ទី២​៨​ឧសភា​​ បាន​​ឲ្យ​​គេហទំព័រ​សុខភាព​កម្ពុជា​ដឹង​ថា​ កម្ពុជា​​បាន​កាត់​​បន្ថយ​​បញ្ហា​​កង្វះ​​ចំណី​​អាហារ​​ពី​៣២​%​​ នៅ​ឆ្នាំ​១៩៩០ ​មក​​នៅ​ត្រឹម​​១៤%​ នៅ​ឆ្នាំ​​២០១៤​។តែ​​យ៉ាង​ណា​​ក៏​ដោយ​អង្គការ FAO​ បាន​លើក​​ឡើង​ថា​ តួលេខ​​ចុង​ក្រោយ​​នៅ​ឆ្នាំ​២០១៤​ ​អំពី​ការ​ស្ទង់​​មតិ​សុខ​ភាព​ និង​ប្រជា​សាស្ដ្រ​​បាន​ឲ្យ​ដឹងថា​ ទោះ​បី​ជា​ភាគ​​រយ​​នៃ​កុមារ​កម្ពុជា​​ក្រោម​​អាយុ​៥​ឆ្នាំ​ ​ដែល​រង​គ្រោះ​​ដោយ​​សារ​​កង្វះ​​ចំណី​​អាហារ​​បាន​ថយ​ចុះ​​ពី​៤០% ​មក​នៅ​ត្រឹម​​៣២​%​​ តាំង​ពី​ឆ្នាំ​២០១០​​ក្ដី​ ប៉ុន្ដែ​​មនុស្ស​ជំនាន់​​ក្រោយ​នៅ​ក្នុង​​បរិមាណ​ច្រើន​​គួរ​ជា​ទី​កត់​​សម្គាល់​ គឺ​កំពុង​តែ​ប្រឈម​មុខ​នៅ​ឡើយ​​ចំពោះ​បញ្ហា​វិវឌ្ឍន៍​រាង​កាយ​ និង​ប្រាជ្ញា​ស្មារតី​​ដោយ​សារ​កង្វះ​ជីវជាតិ​​ចំណី​អាហារ។

លោក​ស្រី​ Nina Brandstrup​ តំណាង​អង្គការ FAO ​ប្រចាំ​កម្ពុជា ​​បាន​ថ្លែង​​ការ​កោត​​​សរសើរ​​ចំពោះ​កិច្ច​ប្រឹង​​ប្រែង​របស់​កម្ពុជា​​ក្នុង​ការ​សម្រេច​​បាន​គោលដៅ​ ​MDG ​ទី​១​ ​ហើយ​ថា​ អង្គការ​​ FAO​ នឹង​នៅ​បន្ដ​​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​​ខ្មែរ​​បន្ថែម​​ទៀត​នៅ​​ក្នុង​ការ​កាត់បន្ថយ​​ភាព​ក្រី​ក្រ​​ និង​អស្ថិរភាព​ស្បៀង​​។

ថ្មីៗ​នេះ​​ប្រទេស​​កម្ពុជា ​បាន​បើក​យុទ្ធនាការ​​ទូទាំង​​ប្រទេស​​មួយ​ហៅ​ថា ​កិច្ច​ផ្ដួច​​ផ្ដើម​​លុប​បំបាត់​​ភាព​អត់​ឃ្លាន​​ (Zero Hunger Challenge) ក្នុង​គោល​​ដៅ​​លុប​បំបាត់​​ឲ្យ​បាន​​ទាំង​ស្រុង​​នូវ​ភាព​អត់​ឃ្លាន​​ទៅ​ទល់​ ឆ្នាំ​២០២៥៕

ចំណែកតួលេខ​​ចំនួន​​អ្នក​អត់​ឃ្លាន​​ក្នុង​ពិភព​លោក​ក៏មានការ​ធ្លាក់​ចុះ​​ដែរគឺធ្លាក់​មក​នៅ​ក្រោម​​៨០០​លាន​នាក់​​។

បើតាមអង្គការ​ FAO និង​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​​នៃ​អង្គការ​សហប្រជា​ជាតិ​​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​អត់​ឃ្លាន​​សព្វ​ថ្ងៃ​បាន​​ធ្លាក់​មក​​នៅ​ត្រឹម​៧៩៥​លាន​នាក់ គឺ​មាន​ន័យ​ថា​បាន​ថយ​ចុះ​ចំនួន​២១៦​លាន​នាក់​បើ​ប្រៀប​ធៀប​នឹង​ដើម​ ទសវត្សរ៍​១៩៩០។ អង្គការ​នេះ​លើក​ឡើង​ថា គោល​ដៅ​បន្ទាប់​ គឺ​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​បាន​ទាំង​ស្រុង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative