កម្ពុជា-រុស្ស៊ី ​សហការគ្នា​​បង្កើន​​ការប្រយុទ្ធ​ប្រឆាំង​​អំពើ​ភេរវកម្ម និង​បទល្មើស​

មន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​ ឲ្យ​ដឹងថា​រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ អាច​នឹង​ផ្តល់​ប្រភព​ហិរញ្ញ​ប្បទាន​​​មក​កម្ពុជា​ដើម្បី​​សហការ​​រួមគ្នា​​អនុវត្ត​កិច្ចព្រមព្រៀង​​ប្រយុទ្ធប្រឆាំង​អំពើ​ភេ​វរ​កម្ម ​និង​បង្ក្រាប​បទ​ល្មើស​​ពាក់ព័ន្ធ​នានា​ទៀត។

3សម្រាប់​ការផ្តល់​​ប្រភព​ហិរញ្ញប្បទាន​​នោះ​ បាន​ធ្វើ​ឡើង​​​បន្ទាប់ពី​មានការ​​ចុះ​ហត្ថលេខា​​​លើ​អនុសារណៈ​នៃ​ការយោគយល់​​គ្នា​រវាង​​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​​កម្ពុជា​ ជាមួយ​​លោក​ ឡឺ​ រ៉ូ​ស​​ រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​សហព័ន្ធ​រុស្ស៊ី​ ​នៅក្នុង​ឱកាស​ដែល​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​អ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ម៉ូស្គូ សហព័ន្ធរុស្ស៊ី​រយៈពេល៣ថ្ងៃ​រួចមក។

នៅក្នុង​​ដំណើរ​អញ្ជើញ​​មាតុភូមិនិវត្តន៍​​របស់​ប្រតិភូ​​ក្រសួងមហាផ្ទៃ​​កម្ពុជា​ ​នៅ​ចំណត​​​អាកាស​យានដ្ឋាន​​​អន្តរជាតិ​​ភ្នំពេញ​ កាលពី​រសៀល​​ថ្ងៃទី២៩​ ខែឧសភា​នេះ​ លោកឧបនាយករដ្ឋមន្ត្រី​ ស ខេង​ មាន​ប្រសាសន៍​​ថ្លែងថា​ ក្នុង​ដំណើរ​​បំពេញ​ទស្សនកិច្ច​​របស់​ប្រតិភូ​ក្រសួង​មហាផ្ទៃ​​កម្ពុជា​ គឺ​ចាប់ពី​ថ្ងៃទី២៥ ​ដល់​ថ្ងៃទី២៦​ ខែឧសភា​ បាន​ទៅដល់​​ទីក្រុង​ស្តុក​ខុម​ ប្រទេស​ស៊ុយអែត​ ដោយឡែក​ចាប់​​ពី​​ថ្ងៃ​ទី២៧​ ដល់​ថ្ងៃទី២៩​ ខែឧសភា​ ប្រតិភូ​គឺ​បាន​​ទៅ​បំពេញ​​ទស្សនកិច្ច​​នៅ​ទីក្រុង​ម៉ូស្គូ​ សហព័ន្ធរុស្ស៊ី។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ ប៉ោ ភ​ក្រ ​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​​អន្តរជាតិ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​បញ្ជាក់​​បន្ថែមថា​​ខ្លឹមសារ​នៃ​​អនុសារណៈ​នៃ​​ការយោគយល់​​លើ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​​ភេរវកម្ម​រវាង​​រាជរដ្ឋាភិបាល​​កម្ពុជា​​ និង​រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​​គឺ​បាន​ផ្តោតជាសំខាន់​លើ​ការជួយ​គ្នា​​ទៅ​វិញ​ទៅ​មក​​តាម​រយៈ​​ការ​ផ្លាស់​ប្តូរ​​ព័ត៌មាន ​បទពិសោធន៍ និង​ជំនាញ​នៃ​ការទប់ស្កាត់ ការបង្ក្រាប​បទល្មើស​ភេរវកម្ម និង​ការធ្វើ​ហិរញ្ញប្បទាន​ប្រឆាំង​អំពើ​ភេរវកម្ម។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ​រុស្ស៊ី ទទួលបន្ទុក​ការងារ​នយោបាយ និង​សន្តិសុខ។ កិច្ចពិភាក្សា​នោះ គឺ​បាន​លម្អិត​បន្ថែម​អំពី​ផែនការ​នៃ​ការអនុវត្តន៍​ជាក់ស្តែង លើ​ខ្លឹមសារ​នៃ​ការចុះ​អនុសារណៈ​កម្ពុជា-រុស្ស៊ី និង​ពិភាក្សា​លើ​ឯកសា​នានា​ទៀត ដែល​ភាគី​បាន​ចុះហត្ថលេខា​ជាមួយគ្នា។

ដោយឡែក​នៅក្នុង​ដំណើរ​ទស្សនកិច្ច ប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា នៅ​ប្រទេស​ស៊ុយអែត​វិញ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ចុះហត្ថលេខា​ការអនុវត្តន៍​ច្បាប់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រ​ទស​ស៊ុយអែត។

ក្នុង​ខ្លឹមសារ​នៃ​ការចុះហត្ថលេខា​នោះ បាន​ផ្តោតជាសំខាន់​លើ​ការជួយ​គ្នា​ទៅវិញទៅមកការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ពិសេស​ការជួយ​គ្នា​ទៅវិញទៅមក ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative