៥ខែនេះខ្យល់កន្ត្រាក់​សម្លាប់​មនុស្ស៧នាក់​និងរបួស៨៤នាក់​និង​បំផ្លាញ​​លំនៅ​ដ្ឋាន​​រាប់ពាន់ខ្នង​

នៅក្នុងរយៈពេល៥ខែ​ ក្នុង​ឆ្នាំ២០១៥​នេះ​ខ្យល់​កន្ត្រាក់​បានកើតឡើង​ ចំនួន​១០៨លើក​ បណ្តាល​ឲ្យមនុស្ស​ស្លាប់​ចំនួន​៧នាក់ រងរបួសចំនួន៨៤នាក់​ និងប៉ះពាល់ផ្ទះ​សំបែង​របស់​ប្រជាពលរដ្ឋ​មាន​ចំនួនប្រមាណ​ជាង៥ពាន់ខ្នង​ នៅ​ទូទាំង​ប្រទស។

2បើតាមលោក កែវ វី មន្ត្រីអ្នក​នាំពាក្យ​នៃគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បានឲ្យ​គេហទំព័រ​សុខភាព​កម្ពុជា​ដឹងកាល​ពីថ្ងៃទី៣០​ ឧសភា​ថា​រយៈ​ពេល​៥ខែ​ ក្នុង​ឆ្នាំ២០១៥​ នេះ​ប្រទេសកម្ពុជា​ទទួល​រងគ្រោះ​ដោយបាតុភូត​ភ្លៀង​ និងខ្យល់កន្ត្រាក់ ​កើត​ឡើង​​ចំនួន​១០៨លើក​​ នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន២៤​ (លើកលែង​តែខេត្តកោះកុង)​ បណ្តាលធ្វើ​ឲ្យមនុស្សចំនួន៧នាក់​ស្លាប់​ និង​ ៨៤​នាក់​ទៀតរងរបួស​។ លើសពីនេះ​បានបង្កការខូចខាត​លំនៅស្ថានពលរដ្ឋ​ទាំង​ស្រុងមានចំនួន​២១១៩ខ្នង​ ខូចខាតមធ្យម​មានចំនួន​៤១៣៩ខ្នង​ រួមទាំង​សាលារៀន​២៧សាលា​ និងអគារផ្សេងៗ​មានចំនួន១៩អគារ​ និងផ្សារ​ចំនួន២កន្លែង​។

លោក កែវ វី​ បានបន្តទៀតថា​ខ្យល់កន្រ្តាក់​ក្នុងរយៈពេល​៥ខែនេះ​ បើធៀបនឹង​៥ខែ​​ដូច​គ្នា​​កាល​ពី​ឆ្នាំ​២០១៤​ កន្លង​ទៅមានការ ​កើនឡើងប្រមាណ​៥០ភាគរយ ​តែចំនួនស្លាប់​កើនឡើង​តិចតួច​គឺ៥ខែឆ្នាំ​ មុនមានករណី​ខ្យល់កន្ត្រាក់​កើតឡើង​ចំនួន៥០៤ ​លើក​បណ្តាល​ឲ្យមនុស្សស្លាប់​ចំនួន៨នាក់​ របួស​៧៩នាក់​​ ខូចខាតផ្ទះ​ប្រជាពលរដ្ឋ​ ចំនួន១៨៨១ខ្នង​ ប៉ះពាល់សាលារៀន​ ២៥សាល​ និងអគារផ្សេងៗ​ចំនួន២២អគារ​។

លោកបាន​បន្តែមឲ្យដឹងទៀត​ថា​ ក្នុងអំឡុងពេលហេតុការណ៏​ដែលកើតឡើង​នោះគឺអាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​​បានចុះ​ អន្តរាគមន៍​ ជួយសង្គ្រោះ​បឋម​ដល់ពលរដ្ឋ​ដែលទទួល​រងគ្រោះ​ឲ្យមានសុវត្ថិភាព​មានទីជម្រក​ ជាមុនបន្ទាប់​មកសាខា​ កាកបាទ​ក្រហម​ថ្នាក់ជាតិ​ នឹងជួយដោះស្រាយ​នៅពេលក្រោយ​បន្តបន្ទាប់ទៀត។

លោកបានបន្ថែមឲ្យដឹង​ទៀតថា​ ក្នុងចំណោមរាជធានី​ខេត្តចំនួន២៤​ដែលទទួលរង​ការប៉ះពាល់​ដោយខ្យលកន្ត្រាក់​នោះខេត្ត​ដែល​​ទទួល​រងគ្រោះធ្ងន់ធ្ងរ​ជាងគេ​គឺខេត្តកំពង់ចាម​ កំពង់ធំ​ បន្ទាយមានជ័យ​ សៀមរាប​ បាត់ដំបង​ និង​ខេត្តឧត្តរមានជ័យ។​

នៅ​ឆ្នាំ​២០១៤ ​ខ្យល់​ព្យុះ​បាន​សម្លាប់​​មនុស្ស​ចំនួន​៩​នាក់​ និង​៤​នាក់​ទៀត​រងរបួស​ គឺ​ថយ​ចុះ​ជិត​បួន​​ដង​បើ​ធៀប​ឆ្នាំ​​២០១៣ ដែល​មាន​អ្នក​ស្លាប់​​រហូត​ដល់​៣៥​នាក់​ និង​របួស​១៣៦នាក់។

សូមបញ្ជាក់ថា​ ក្រសួងធនធានទឹក​ និងឧតុនិយម​បានចេញសេចក្តីជូនដំណឹងថា​ ក្នុងខែមេសា​ និង​ខែ​ឧសភា​នេះ​​មានភ្លៀង​ ចាប់​ផ្តើមធ្លាក់រាយប៉ាយ​ពីកម្រិតតិចទៅបង្គួរ​ ដែលក្នុងនោះ​មានលាយឡំទៅ​ដោយខ្យល់កន្រ្តាក់​ ផ្គររន្ទះ​មានកើតឡើង​ច្រើន​ នៅក្នុងនោះដែរ។

ដូច្នេះដើម្បី​ជាវិធានការ​ការពារគ្រោះថ្នាក់​នេះ​ សូមឲ្យបងប្អូន​ប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្ន​បន្ថែមទៀត​ទៅលើបាតុភូតគ្រោះ​ ធម្មជាតិនេះ​ ដោយកុំ​ចេញក្រៅផ្ទះ​ ឬកាន់ឧបករណ៍ចម្លងអគ្គិសនី​ ពិសេស​ទូរស័ព្ទដៃ​​នៅ​ក្នុង​ពេល​មេឃ​​កំពុង​ភ្លៀង​​ ខ្យល់ខ្លាំង​ និងមានផ្គរ​ផ្លេក​បន្ទោរ​ហើយប្រជានេសាទ​ក៏​កុំ​ចេញ​​ទៅនេសាទតាមសមុទ្រដែរ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative