ផ្លាស់ប្តូរ​តំណែង​នាយក​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ​

វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ​បានផ្លាស់ប្តូរ​​ប្រធា​ន​ថ្មី​របស់ខ្លួន​​ បន្ទាប់ពីលោក​វេជ្ជបណ្ឌិត​ អ៊ុង សំអាន​ ដល់​អាយុ​ចូល​និវ​ត្តន៍​ និង​ត្រូវ​ជំនួស​ដោយលោក ឈា ឆវណ្ណ។​

1លោកសាស្ត្រាចារ្យ អ៊ុង សំអាន នាយកវិទ្យាស្ថានជាតិសុខភាព​សាធារណៈ  ​ដែល​ចូលនិវត្តន៍​បានមានប្រសាសន៍​​ក្នុង​ពិធី​ផ្ទេរ​តំណែ​ង​ នាព្រឹក​ថ្ងៃទី២៩​ ឧសភា​ កន្លង​មក​ថា​​ ក្នុងរយៈ​ពេលជិត២០​ឆ្នាំ​​ មក​នេះ​​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ​​ បានឆ្លងកាត់​នូវ​ស្ថានភាព​​ប្រែប្រួល​ជាច្រើន​ដំណាក់​កាល​ ក្នុងនោះ​មាន​ដំណាក់​កាល​​កវែក​កឆ្នាំង​ ដំណាក់កាល​ច័ន្ទទឹកឃ្មុំ​​ ដំណាក់​កាល​មេឃមី​ស្រទុំ​ និងដំ​ណា​ក់កាល​ជើងមេឃថ្មី​។ លោកសាស្ត្រាចារ្យ​បានបន្តថា​ ​១០ឆ្នាំ​មុន​ និង​​បច្ចុប្បន្ន​ពិតជា​មិនដូចគ្នាទេ​។ កក្តាខាងក្នុង​ និងខាងក្រៅ​សុទ្ធ​តែ​មាន​​ការ​ប្រែ​ប្រួល​តាមរយៈ​បរិបទ​សង្គម​ សេដ្ឋកិច្ច​នយោបាយ​​ក្នុងតំបន់​​ និងជាសកល​ ក៏បាន​ ប្រែ​ប្រួលដែរ​។ មាន​បញ្ហា​ប្រឈម​ថ្មី​​ និង​តំរូវការ​ថ្មី​​។ ទាំងនេះ​តំរូវឲ្យ​យើងចាប់​ផ្តើម​រកយុទ្ធសាស្ត្រថ្មី។

លោកវេជ្ជ​បណ្ឌិត​ ឈា ឆវណ្ណ​ នាយកវិទ្យាស្ថានជាតិ​សុខភាព​​សាធារណៈថ្មី បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ ក៏ដូច​ជា​​ក្រ​សួង​​សុខាភិបាល​ ដែលផ្តល់ទំនុកទុក​​ចិត្ត​មកលើរូបលោក​​​ ដោយបាន​ប្រគល់​ភារកិច្ចថ្មី​ ជានាយកវិទ្យាស្ថាន​ បន្តពីលោក​ សាស្ត្រា​ចារ្យ​ អ៊ុង ​សំអាន​ ដែលត្រូវចូល​និវត្តន៍​។ លោកបន្តថា​ ​នឹងគោរព​អនុវត្ត​តាម​គោល​​នយោបាយរបស់រាជ​រដ្ឋាភិបាល​ ​ដែល​មានសម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន​ ជាប្រមុខ​ដោយគ្មានងាករេ​។ ​ប្រឹងប្រែង​​បំបេញ​ភារកិច្ច​ឲ្យ ​អស់ពី​ សមត្ថភាព​ ទៅតាមការ​ចង្អុលបង្ហាញ​របស់​ក្រសួងសុខាភិបាល​។

​លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​​ បាន​សំដែង​នូវការសោកស្តាយ​ដែរ​លោក​​សាស្ត្រាចារ្យ​ អ៊ុង​ សំអាន​​​ ដល់​អាយុ​ចូលនិវត្តន៍​ ប៉ុន្តែលោក​ត្រូវបានរាជរដ្ឋាភិបាល​ផ្តល់​ទំនុក​ចិត្ត​តែ​ង​តាំងជា​ទីប្រឹក្សា​អមក្រសួង​សុខាភិបាល​ ឋានៈ​ស្មើនឹង​អនុរដ្ឋ​លេខា​ធិការ​ ​ដោយមានភារកិច្ច​ជួយមើលការ​​ខុសត្រូវ​នៅវិទ្យាស្ថាន​ជាតិ​សុ​ខ​ភាព​សាធារណៈ​ និង​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល​។

លោករដ្ឋមន្ត្រី​ បានផ្តាំ​ផ្ញើរដល់នាយកវិទ្យាស្ថាន​ថ្មី ​ត្រូវធ្វើការ​រួម​គ្នា​សាមគ្គីគ្នា​ផ្តុំជាកំលាំង​ ដើម្បី​អភិវឌ្ឍន៍​​វិទ្យាស្ថាន​នេះឲ្យកាន់​​តែ​រីក​ចំរើន​ថែមទៀត​ និង​ហាមដាច់ខាត​កុំឈ្លោះ​ទាស់ទែងគ្នា​ឯង​ ​ព្រោះ​ថាបើគ្នា​ឯងឈ្លោះ​គ្នាហើយ​ មិនចាំបាច់ទៅ​ជួយ​ ប្រជាពលរដ្ឋទេ​។ ​ដូចនេះត្រូវធ្វើ​ការរួមគ្នា​ យកផលប្រយោជន៍វិទ្យាស្ថាន​ជារួមនោះ​​ទើបសំរេចបានលទ្ធផលល្អប្រសើរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative