ក្នុង១ថ្ងៃ​មានប្រជាជន​ប្រមាណ៣០នាក់​ បានស្លាប់​ដោយសារការប្រើ​បា្រស់​ថ្នាំជក់​

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំកម្ពុជា បានថ្លែងថា​ក្នុងមួយថ្ងៃ​មានប្រជាជន​កម្ពុជា​​ ចំនួន​៣០​នាក់​​ ​បាន​ស្លាប់​​ដោយ​​សារ​ជំងឺទាក់ទងនឹងថ្នាំជក់។

1លោកវេជ្ជបណ្ឌិត​ យ៉ិល ដារ៉ាបវុធ​ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ ដែល​ធ្វើ​ការទាក់ទង​នឹងថ្នាំជក់​បានថ្លែង​ក្នុង​ទិវាពិភព​លោក​គ្មាន​ថ្នាំជក់​ នាព្រឹកថ្ងៃទី២៩ ​ឧសភានេះ​ថា​​ ក្នុង​ប្រទេស​កម្ពុជា​វិញ ​ក្នុង​១ថ្ងៃ​មានប្រជាជន​ប្រមាណ​ ៣០នាក់​ បានស្លាប់​ដោយសារ​ការប្រើ​បា្រស់ថ្នាំជក់​។ ការជក់បារី​ ផ្តល់​ផល​វិបាក​ពីរយ៉ាង​ដល់សុខភាព​ គឺអ្ន​ក​ជក់បារី ​និងក្លាយជា​ញៀនបារី​យ៉ាងឆាប់រហ័ស ​ដោយសារនីកូទីន​ និង​ការជក់បារី ​អាចបណ្តាលឲ្យស្លាប់​ និងមានជំងឺធ្ងន់ធ្ងរ​ជាច្រើន​ ដែលបណ្តាល​ឲ្យមានការ​ប្រឈម និងការស្លាប់មុនអាយុ។

លោកបន្តថា​ ផ្សែងបារី​មាននីកូទីន​ដែលជាសារធាតុញៀន​​មួយ​ ដែលធ្វើឲ្យអ្នក​ជក់បារីកាន់​តែចង់ជក់បារី​ថែមទៀតមិនតែ​​ប៉ុណ្ណោះ​​​សារជាតិនីកូទីន​ ធ្វើឲ្យមានរោគ​សញ្ញា​​ញៀន​ដែលពិបាក​ទ្រាំ​​។ ការមាន​អារម្មណ៏​​ល្អ​ នៅពេលមាន​នីកូទីន​នៅក្នុង​ខ្លួន ​និងការ​មាន​អារម្មណ៏​​មិនល្អ​នៅពេល​គ្មានវានោះ​ធ្វើឲ្យមានការ​ពិបាកយ៉ាង​ខ្លាំង​​ក្នុងការជំនះ​ការញៀនបារីនេះ​។ ការញៀន​ នីកូទីន​គឺជា​ការ​​ញៀន​​មួយដែលពិបាក​ផ្តាច់ក្នុងចំណោម​ការញៀន​សា​រធាតុផ្សេងៗ​ទៀតដែលពិបាកផ្តាច់​។ ការប្រើបា្រស់​ថ្នាំ​ ជក់​​គ្រប់​ទំរង់​ទាំងអស់​សុទ្ធតែ​​បណ្តា​ល​ឲ្យមាននីកូទីន​ក្នុងបរិមាណខុសៗគ្នា​ ជ្រាបចូលទៅក្នុង​ចរន្ត​ឈាម​របស់​អ្នក​ប្រើ​បា្រស់​ ។

លោកប៊ុន សេរី ​អភិបាល​រងសាលារាជធានីភ្នំពេញ​ បានថ្លែងថា​​បារីប្រមាណ១០ភាគរយ ដែលកំពុង​ប្រើបា្រស់​នៅទូទាំង​​សកល​លោ​ក​គឺជាបារីដែលគេ​ធ្វើពាណិជ្ជកម្ម​ខុសច្បាប់​។ ​ប្រការនេះ​ជំរុញឲ្យ​រដ្ឋាភិបាល​នៃប្រទេសជាសមាជិក​ នៃអនុសញ្ញា​ សី្ត​ពីការត្រួតពិនិត្យ​ថ្នាំជក់ទាំងឡាយ​ផ្តល់សច្ចាប័ន ​និងអនុវត្តពិធីសារ​សី្តពីការលុប​​បំបា​ត់ពាណិជ្ជកម្ម​ខុសច្បាប់ ​ផលិត​ផល​ថ្នាំជក់​ដែលជា​កតិ​កា​សញ្ញា​បន្ថែ​ម​​ទៅលើអនុសញ្ញា​ត្រួតពិនិត្យថ្នាំជក់។​

លោកបន្តថា​ ដូចនេះ​ដើម្បីឆ្លើយ​តប​ទៅតា​មស្មារតី​អាស៊ាន​​គ្មានផ្សែងបារី​នាពេលអនាគត​ ជាពិសេសច្បាប់​​ត្រួត​ពិនិត្យថ្នាំ​ជក់ រប​ស់​ព្រះរាជាណាចក្រកម្ពុជា​ ក្នុងនាមកម្ពុជា​ជារដ្ឋភាគី​នៃអង្គការ​សហ​ប្រជាជាតិ​ សាលារាជធានីភ្នំពេញ​នឹងខិតខំ​បន្តយក​​ចិត្តទុកដាក់​ចូល​រួម​ទប់ស្កាត់​រាល់មធ្យោបាយ​ផ្សព្វផ្សាយ​ ដែលមាន​និន្នាការ​ទាក់​ទាញ​​អតិថិជន​ប្រើបា្រស់​ផលិតផល​ថ្នាំជក់​ និង​អនុវត្តច្បាប់ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ ឲ្យមានប្រសិទ្ធភាព​សំដៅការពារ​​ប្រជាពល​រដ្ឋ​ទូទៅក្នុងរាជ​ធានី​​ភ្នំពេញ​ ជាពិសេស​យុវវ័យ​ជំនាន់​ក្រោយ​ឲ្យរួច​ផុតពីការ​បំផ្លាញ​​សុខភាព​សេដ្ឋកិច្ច​ បរិស្ថាន​ ភាពក្រីក្រ​ និង​ឈាន​ទៅលុប​បំបាត់​​ទាំង​ស្រុង​រាល់ទំរង់​នៃ​ការផ្សាយ​ពាណិជ្ជ​កម្មផលិតផល​ថ្នាំជក់​ ការសេព​ និងការបង្ហុយ​ផ្សែងផលិតផល​ថ្នាំជក់​នៅកន្លែងធ្វើការ​ សាលារៀន ​សួនកុមារ​ និង​នៅតាមទីសាធារណះ​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative