ទឹកឃ្មុំ ជាអាហារ​ជំនួយ​​​កម្លាំង

នៅសម័យ​បុរាណ ទឹកឃ្មុំ​ត្រូវបាន​ចាត់ទុក​ជាចំណី​អាហារ​របស់​អាទិទេព។ មុនពេល​ស្រាវជ្រាវ​រកឃើញ​ការផលិត​ស្ករអំពៅ មនុស្ស​ប្រើប្រាស់​ទឹកឃ្មុំ ជាចំណី​អាហារ​ផ្អែម។ វាជា​ចំណី​អាហារ​សំណល់​របស់​អណ្ដាត។ មិន​ត្រឹមតែ​ប៉ុណ្ណឹងទេ ទឹកឃ្មុំ​ផ្ដល់ជា​អត្ថប្រយោជន៍​យ៉ាង​សន្ធឹកសន្ធាប់ ដល់សុខភាព​ទៀតផង។ ជាអាទិ ទឹកឃ្មុំ​ធ្លាប់បាន​ប្រើជា​ឱសថ​សម្រាប់​ព្យាបាល​អាការៈ​ឈឺបំពង់ក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទឹកឃ្មុំ ជាអ្វី?

ទឹកឃ្មុំ​ជាផលិតផល​ធម្មជាតិ​សុទ្ធសាធ ផលិតដោយ​សត្វឃ្មុំ ដែលក្រេប​ចេញពី​ទឹកដមផ្កា។ ទឹកឃ្មុំ​ធម្មជាតិ ឬទឹកឃ្មុំ​សុទ្ធ ជា ចំណង់​បានរបស់​អ្នកប្រើ​ទឹកឃ្មុំ ព្រោះថា“ធម្មជាតិ” ជាពាក្យ​មាន​អត្ថប្រយោជន៍ ជាពិសេស​សម្រាប់​សុខភាព។ ទឹកឃ្មុំ​ជាចំណី​អាហារ ផ្អែមតែ​មួយគត់ ដែលមនុស្ស​លោកទទួល​ស្គាល់រាប់​សិបសតវត្សរ៍​មកហើយ។ ដើម្បីបាន​ទឹកឃ្មុំ​១ក្រាម សត្វឃ្មុំ១ក្បាល​ត្រូវ​ក្រេបផ្កា ប្រមាណ​ជា ១៥០០ទង។

ប្រភេទ​ទឹកឃ្មុំ

ទឹកឃ្មុំ​មានពណ៌ រសជាតិ និងមាន​កំហាប់ខាប់ ឬរាវ ទៅតាម​ប្រភេទផ្កា ឬរុក្ខជាតិ​ដែលឃ្មុំ​បានក្រេប។ មានប្រភេទ​ទឹកឃ្មុំ ផ្អែមខ្លាំង ទឹកឃ្មុំ​ក្លិនឈ្ងុយ និងទឹក​ឃ្មុំផ្កា។ ទឹកឃ្មុំ​ដែលមិន​ស្គាល់ប្រភព​ផ្កា​ច្បាស់លាស់ អាចហៅថា​ទឹកឃ្មុំ​ផ្កាគ្រប់មុខ។ បើដឹង​ប្រភពផ្កា ឬ​រុក្ខជាតិ​តែមួយ គេហៅថា​ទឹកឃ្មុំ“ឆៅ”។ ជួនកាល​គេបាន​ធ្វើចំណាត់​ថ្នាក់ទឹក​ឃ្មុំ ទៅតាម​ដើមឈើ​ដែលវាទុំ។

ទឹកដម​ទឹកឃ្មុំ

ទឹកដម​ទឹកឃ្មុំ ឬក្បាល​ទឹកឃ្មុំ ជាសារធាតុ​សម្បូរ​ទៅដោយ​ជាតិប្រូតេអ៊ីន វីតាមីន និងអំបិល​ខនិជ។ វាជាចំណី​អាហាររបស់ កូនឃ្មុំ នៅក្នុង​សំបុកឃ្មុំ។ កូនឃ្មុំ​ទាំងនេះ រស់ដោយ​សារ​ទឹកដម​ទឹកឃ្មុំ បន្ទាប់មក​ក្លាយជា​ស្ដេចឃ្មុំ​(មានអាយុ​វែងជាង​ឃ្មុំ​កម្មការិនី) និងឃ្មុំ​ឈ្មោល។ ពួកឃ្មុំ​ដែលមិន​បានស៊ីទឹកដម​ទឹកឃ្មុំនេះ ភាគច្រើន​ជាឃ្មុំ​កម្មករ​ដែលគ្មាន​ភេទ មិនមែនញី មិនមែន​ឈ្មោល។ ស្ដេចឃ្មុំ រស់ដោយ​ស៊ីទឹកដម​ទឹកឃ្មុំ​នេះពេញ​មួយជីវិត ហើយវា​មានអាយុវែង​ជាងឃ្មុំ​ដទៃ ដល់ទៅ​៥ ឬ៦ដង​ឯណោះ។

ទឹកដមនេះ ត្រូវបាន​ប្រមូលផ្ដុំ​ទុកដាក់​ក្នុងសំបុក​ឃ្មុំ ដំណាល​ពេលជាមួយ​ទឹកឃ្មុំដែរ។ ដោយសារ​ថាជា​ចំណី​អាហារ​របស់ ស្ដេចឃ្មុំ ទឹកដម​ទឹកឃ្មុំនេះ ត្រូវបាន​គេយក​មកធ្វើ​អាជីវកម្ម ជាពិសេស​នៅប្រទេស​បារាំង មានដាក់​លក់នៅ​កន្លែងលក់​ម្ហូប​អាហារ និង នៅ​ឱសថស្ថាន ក្នុងតម្លៃ​ខ្ពស់ណាស់។ ទោះបី​ជាទឹកដម​ទឹកឃ្មុំនេះ សម្បូរទៅ​ដោយ​វីតាមីន និងអំបិល​ខនិជ​ក៏ដោយ ក៏មិនមែន​ជាថ្នាំទិព្វ ជួយ​ប្ដូរភេទ​អ្នកណាម្នាក់ ជួយឱ្យ​ឆ្លាតវៃ មានអាយុវែង​(ដូចស្ដេចឃ្មុំ) និងជាសះស្បើយ​ពីជម្ងឺបាន​ឡើយ។ កេរ្ដិ៍ឈ្មោះ និងតម្លៃ​ខ្ពស់ របស់វា​ត្រូវបាន​គេចាត់​ទុកថា ជាសារធាតុ ឬឱសថទិព្វ គឺគ្រាន់តែ​ឥទ្ធិពល“បញ្ឆោត”តែប៉ុណ្ណោះ។ ប៉ុន្ដែ​មិនទាន់​មានការ​ស្រាវជ្រាវ​វិទ្យា សាស្ដ្រ​ណាបញ្ចាក់​អំពីឥទ្ធិពល​ទិព្វនៅ​ឡើយទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទឹកឃ្មុំជា​ប្រភព​ថាមពល

ទឹកឃ្មុំ១០០ក្រាម​(១ខាំ) មានជាតិ​ស្ករគ្លុយស៊ីដ​ចំនួន ៧៦ក្រាម គឺជាជាតិ​ស្ករគ្លុយកូស និងជាតិស្ករ​ផ្លុចតូស ក្រៅពី​នេះគឺជា ជាតិទឹក។ ពួកឃ្មុំ​មានអង់ស៊ីម​ពិសេស​នៅក្នុងគែ ហៅថា​អាំងវែរ៉ាស ដែលវែក​ចែកជាតិ​សាក់ការ៉ូស ជាជាតិស្ករ​ទាំង២នេះ។ ជាតិស្ករ ទាំងនេះ មានកម្រិត​ជ្រួតជ្រាប​ចូលក្នុង​ឈាមខ្ពស់ រត់សំដៅ​ចូលទៅ​ក្នុងឈាម​យ៉ាងលឿន ហើយបង្កើត​ជាថាមពល​បន្ទាន់ភ្លាម ដែលជា ចំណង់​បានរបស់​កីឡាករ។ ជាតិគ្លុយកូស​ត្រូវបាន​ប្រើប្រាស់​ផងដែរ សម្រាប់​ដំណើរការ​របស់​ខួរក្បាល ពេលខួរក្បាល​ធ្វើការ​ខ្លាំង វាត្រូវ ការគ្លុយកូស​បរិមាណ​ប្រហាក់​ប្រហែល​នឹងសព៌ាង្គកាយ។ អ្នកតម​ជាតិស្ករ ឬអ្នកសម្រកទម្ងន់ មិនត្រូវ​ទទួលទាន​ទឹកឃ្មុំឡើយ។ ក្នុង ទឹកឃ្មុំ​១០០ក្រាម មានចំនួន៣០០​គីឡូកាឡូរី។ ទឹកឃ្មុំ​មានផ្ទុក​កាឡូរី​តិចជាង​ស្ករ ព្រោះទឹកឃ្មុំ​មានផ្ទុក​ជាតិទឹក។ រីឯស្ករ​សុទ្ធចំនួន ១០០ក្រាម មានដល់ទៅ​៤០០គីឡូកាឡូ​រីឯណោះ។ សូមចងចាំថា ជាតិអង់ស៊ីម​អាំងវែរ៉ាស បង្កឱ្យ​ទឹកឃ្មុំ​ដែលទុក​ក្នុងដប រិតតែផ្អែម ឡើង​ជារៀង​រាល់ឆ្នាំ។

ទឹកឃ្មុំមានជាតិរ៉ែ​កម្រតិចតួច និងសារធាតុ​ផ្សេងទៀត

នៅក្នុង​ទឹកឃ្មុំ មិនសូវ​មានជាតិ​រ៉ែកម្រទេ ហើយយើង​ក៏មិន​និយម​ទទួលទាន​ទឹកឃ្មុំ​ច្រើនហួស​ហេតុទេ។ ទឹកឃ្មុំ​១០០ក្រាម (១ខាំ) មានជាតិ​រ៉ែកម្រ ប្រមាណ​ជា១០០ ទៅ២០០មីលីក្រាម​តែប៉ុណ្ណោះ។ ក្រៅពី​ជាតិរ៉ែកម្រ មានវីតាមីន លំអងផ្កា ជាតិពណ៌ ជាតិក្រអូប​ធម្មជាតិ ជាតិអង់ស៊ីម និងសារធាតុ​ប្រឆាំងនឹង​មេរោគ​បាក់តេរី។ ជាតិប៉ូតាស្យូម​សំខាន់​សម្រាប់​តុល្យភាព​ជាតិទឹក ជាតិម៉ា ញ៉េស្យូម​ប្រឆាំង​អាការ​ស្ដ្រេស្ស​(តានតឹងផ្លូវចិត្ដ) ជាតិផូស្វ័រ ផ្ដល់ថាមពល។ រីឯជាតិ​កាល់ស្យូម សំខាន់​សម្រាប់​សុខភាព​ឆ្អឹង និងជាតិ ដែក ប្រឆាំងនឹង​កង្វះគ្រាប់​ឈាម​ក្រហម។

ទឹកឃ្មុំព្យាបាល​អាការៈឈឺ​បំពង់ក

ពិសា​ទឹកឃ្មុំ១​ស្លាបព្រា ១គ្រាប់ ឬឆុងលាយ​ក្នុងទឹក អាចជួយ​កាត់​បន្ថយក្អក និងអាការ​ឈឺបំពង់ក ដោយសារ​ការប្រទាក់ រសជាតិ​ផ្អែម ជាតិជ័រ និងសារធាតុ​ក្រអូប ដែលមាន​នៅក្នុង​ទឹកឃ្មុំ​នោះ។ ការឆុង​ទឹកឃ្មុំ​ជាមួយ​ទឹកក្ដៅ​អាចប្រើ ដូចជាទឹក​ថ្នាំខ្ពុលមាត់ បានដែរ។

ទឹកឃ្មុំជួយ​សុខភាព​ផ្លូវចិត្ដ

ទឹកឃ្មុំ ជាចំណី​អាហារ​គួរជាទី​ត្រេកត្រអាល បង្កប់ទៅ​ដោយទឹកដម និងមាន​រសជាតិ​ផ្អែម វាអាចប្រើ​ជាថ្នាំ​សម្រាលជម្ងឺ ផ្លូវចិត្ដ ក្នុងដំណាក់​កាលមាន​បញ្ហា​ខ្លាំងក្លា។ ទឹកឃ្មុំ១​ស្លាបព្រា ឬ១ក្រាម ដែលទទួល​ទានចូល អាចបង្ក​ឥទ្ធិពលបែប​អនុគ្រោះដល់ អារម្មណ៍។ បើគិត​ទៅលើ​កម្រិត​អាហារូបត្ថម្ភ ទឹកឃ្មុំមាន​គុណសម្បត្ដិ ច្រើនជាង​ស្ករគ្រាប់។

ពេលហៀប​ចូលដំណេក លោកអ្នក​អាចពិសា​ទឹកដោះ​គោលាយ​ទឹកឃ្មុំ វាធ្វើឱ្យ​លោកអ្នក​ស្ងាត់ស្ងៀម​អារម្មរណ៍ និងទទួល ទាន​ដំណេក​លក់ស្រួល។ ប៉ុន្ដែ​ត្រូវលាង ឬដុសធ្មេញ​ចេញផង ព្រោះទឹក​ឃ្មុំអាច​បង្ករោគ​ដង្កូវស៊ី​ធ្មេញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កម្រិត​អាហារូបត្ថម្ភ

ទឹកឃ្មុំ​១០០ក្រាម មានផ្ទុក​ថាមពល​ចំនួន៣០០​គីឡូកាឡូរី។ ទឹកឃ្មុំ​មួយស្លាបព្រា​សម្ល មានចំណុះ​ពី១៥ ទៅ១៨ក្រាម មាន ចំនួនពី​៦០ ទៅ៧០​គីឡូ​កាឡូរី។

  • ជាតិស្ករគ្លុយស៊ីដ ៧៦ក្រាម
  • ជាតិម៉ាញ៉េស្យូម ៥មីលីក្រាម
  • ទឹក ១៨ក្រាម
  • ជាតិកាល់ស្យូម ៥មីលីក្រាម
  • ជាតិប្រូតេអិីុន ០,៤ក្រាម
  • វីតាមីនសេ ៣មីលីក្រាម
  • ជាតិប៉ូតាស្យូម ៤៧មីលីក្រាម
  • វីតាមីនបេ៣ ០,៣មីលីក្រាម
  • ជាតិផូស្វ័រ ១៧មីលីក្រាម
  • វីតាមីនបេ១ បេ២ និងបេ៦
  • ជាតិសូដ្យូម ៥មីលីក្រាម

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative