៥ខែឆ្នាំ២០១៥នេះ រន្ទះបាញ់សំលាប់​មនុស្ស​២៨នាក់ និង​រងរបួស​​១៥នាក់​ ថយចុះ​ជាងឆ្នាំមុន​

នៅក្នុងរយៈពេល៥ខែ​ ឆ្នាំ២០១៥​ គ្រោះធម្មជាតិ​ដោយរន្ទះបាញ់​ បានសម្លាប់មនុស្ស​ចំនួន ២៨នាក់​ រងរបួស ១៥នាក់​ និងងាប់សត្វពាហនៈ​ចំនួន ២៥ក្បាល ​និងខូខាតផ្ទះចំនួន ៤ខ្នង។

1លោក កែវ វី មន្ត្រី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​ បានមានប្រសាសន៍​ប្រាប់គេហទំព័រ​សុខភាពកម្ពុជា​ ឲ្យដឹងកាលពីរ​សៀល​ថ្ងៃ​ ទី២៨ ឧសភានេះ​ថា​គ្រោះធម្មជាតិ​ដោយរន្ទះបាញ់​ ក្នុងរយៈពេល ៥ខែ​ ឆ្នាំ​២០១៥​ នេះ​បានកើត​ឡើងចំនួន​ ៤៥​លើក​​នៅតាមបណ្តា​ខេត្តចំនួន​១៥ ​បណ្តាល​ឲ្យមនុស្សស្លាប់ចំនួន ​២៨នាក់​ រងរបួស ១៥​នាក់ និងងាប់គោក្របី​ ២៥​ក្បាល​​។ លោកបានបន្តថា ​ចំនួននេះបើធៀប​ទៅនឹងរយៈពេល​ ៥ខែ​ដូចគ្នា​កាលពី​ឆ្នាំ២០១៤​ កន្លងទៅឃើញ​ថាថយចុះ ​ដែល៥ខែ​ឆ្នាំមុន ​រន្ទះបាញ់​បានសំលាប់​មនុស្សចំនួន ៤៤នាក់​ របួស២៧នាក់​ និងងាប់​គោក្របី​១០​ក្បាល​​។ លោក ​កែវ វី ​បានរលឹកឲ្យថា​កាលពីឆ្នាំ២០១៤​ គ្រោះធម្មជាតិ​ដោយរន្ទះបាញ់​បានបណ្តាល​ឲ្យមនុស្សស្លាប់​ចំនួន៧៥នាក់​។ ចំណែកខ្យល់​ព្យុះ​នៅ​ឆ្នាំ​ ២០១៤​ ​បាន​សម្លាប់​​មនុស្ស​ចំនួន​​៩​នាក់​ និង​៤​នាក់​ទៀត​រងរបួស​។

លោក កែវ វី ​បានមានប្រសាសន៍​បន្តែមថា ​«ដូច្នេះដើម្បី​ជាវិធាន​ការការពារ​គ្រោះថ្នាក់នេះ​ សូមឲ្យបង​ប្អូនប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ ទៅលើបាតុភូត​គ្រោះធម្មជាតិនេះ​ ដោយកុំចេញក្រៅផ្ទះ​ ឬកាន់ឧបករណ៍​ចម្លងអគ្គិសនី​ ពិសេស​ ទូរស័ព្ទ​ដៃ​នៅក្នុងពេលមេឃកំពុងភ្លៀង​ ខ្យល់ខ្លាំង​ និងមានផ្គរផ្លេកបន្ទោរ​ ហើយប្រជានេសាទ​ក៏កុំចេញទៅនេសាទ​តាមសមុទ្រដែ​រ​»​។

ចំពោះវិធានកា​រទប់ស្កាត់​បញ្ហារន្ទះបាញ់​ លោក កែវ វី​ បានបញ្ជាក់បន្ថែមថា​ ដើម្បីទប់ស្កាត់​បញ្ហានេះ​មានតែ​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យបានយល់ដឹង​ពីវិធីការពារខ្លួន​ នៅពេលដែលមាន​ភ្លៀងផ្គររន្ទះ​ ដូចជាកុំជ្រក​ក្រោមដើម​ឈើ​នៅពេលមានភ្លៀង​ កុំធ្វើការនៅទីវាល​បិទទូរសព្ទ័​ ឬទូរទស្សន៍ជាដើម។ ប្រជាពលរដ្ឋ​គួរតែ​ទៅរកកន្លែង​ដែលសុវត្តិ​ភាពពោល​គឺត្រូវជ្រកនៅក្រោមផ្ទះ​គឺជាការប្រសើរព្រោះ​បើវាមានគ្រោះក៏មិន​ដូចនៅទីវាលដែរ។

បើតាម​ឯកសារបាន​ណែនាំឲ្យដឹងថា​ នៅពេលមានផ្លេកបន្ទោរ ​ឬផ្គររន្ទះ ​ត្រូវអនុវត្តដូច​ខាងក្រោម​ ត្រូវបន្ទន់ខ្លួន​ដោយបញ្ឈរ​ជង្គង់​ទាំងពីរជិតគ្នា​ និងយកដៃខ្ទប់​ត្រចៀកត្រូវរត់​ចេញពីទឹក​ ឬស្រែនៅខាងក្នុង​ ឬរត់ចូលផ្ទះជាប្រញាប់​។ ត្រូវបន្ទន់ខ្លួន​អោបក្បាលជង្គង់​ និង​បិតត្រចៀក​ទាំងសងខាង​នៅក្រោមបង្គោលភ្លើង​។ ត្រូវដកឌុយ​ដោតភ្លើង​ ឬឌុយទូរសព្ទ័ ​ដោយទុកចំងាយ​ ១​ម៉ែត្រ​ពីប្រភពចរន្តអគ្គិសនី។ មិនត្រូវនិយាយ​ទូរស័ព្ទ​ នៅពេល​ឮសំលេងផ្គរ ​មិនត្រូវជិះម៉ូតូ ​ឬកង់​ មិនត្រូវអង្គុយ​ក្នុងតង់​ និងមិន​ត្រូវអង្គុយ​ចំក្រោម​ដើមឈើ​ ត្រូវអង្គុយ​បន្ទន់ខ្លួន​ដោយរក្សាចំងាយ​៤ម៉ែត្រ​ពីមែកឈើ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative