អ្នកជំនាញមកពី៤០ប្រទេស​ ​​ ផ្ដល់បច្ចេកទេស​ចិញ្ចឹមក្រពើដល់​​​​​​​​​​​​​​​​​​​ក​សិដ្ឋាន​​ខ្មែរ​

ក្រុម​អ្នក​ជំនាញ​​បច្ចេក​ទេស​ខាង​​អភិរក្ស​​​ និង​ចិញ្ចឹម​សត្វ​ក្រពើ​ មក​ពី​បណ្ដា​ប្រទេស​ចំនួន៤០​ ក្នុង​តំបន់​អាស៊ី​​ខាង​កើត ​និង​តំបន់​អាស៊ី​អាគ្នេយ៍​ កំពុង​ជួប​ប្រជុំ​គ្នា​​រយៈពេល៤​ថ្ងៃ​ គឺចាប់ថ្ងៃ​ទី​២៥ ​រហូត​ទៅ​ដល់​​​ថ្ងៃទី​២៩​ ខែ​ឧសភា​ នៅ​ឯ​ខេត្ត​សៀមរាប​ ក្នុងគោល​គោលបំណង​​ជួយ​ផ្ដល់​បច្ចេកទេស​​នៃ​ការ​ចិញ្ចឹម​ក្រពើ​​ ដល់​ម្ចាស់​កសិដ្ឋាន​ខ្មែរ​​មួយ​ចំនួន​​ ដើម្បី​ឱ្យ​​ស្បែក​ក្រពើ​​មាន​​ស្តង់ដារ​ល្អ​ ព្រម​ទាំង​ជួយ​​ត្រួសត្រាយ​​ផ្លូវ​ឱ្យ​ប្រទេស​កម្ពុជា​ អាច​លក់​ស្បែក​​ក្រពើ​​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ​​បាន​ទៀត​ផង។

3មន្ត្រី​​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ អះអាង​ថា​ពេល​បច្ចុប្បន្នម្ចាស់​​កសិដ្ឋាន​​ចិញ្ចឹម​ក្រពើ​ជា​ច្រើន​​កន្លែង​​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​​ប្រឈម​មុខ​​នឹង​បញ្ហា​ដែល​​សត្វ​ក្រពើ​​មាន​ជំងឺ​ហើយ​មិន​ចេះ​​វិធី​ព្យាបាល​​ព្រម​ទាំង​ស្បែក​​ក្រពើ​លក់​ក្នុង​តម្លៃ​ថោក ដោយសារ​​តែ​មិន​អាច​នាំ​​ចេញ​ទៅ​កាន់​​ទីផ្សារ​អន្តរជាតិ​បាន​។

លោក សួន ផល្លាក​​ មន្ត្រី​សមត្ថកិច្ច​​គ្រប់គ្រង​​អនុសញ្ញា​សាយតេស​ (CITES) កម្ពុជា​ មាន​ប្រសាសន៍​ថា​ កសិដ្ឋាន​​ចិញ្ចឹម​​ក្រពើ​ជា​ច្រើន​​នៅ​ប្រទេស​កម្ពុជា ​កំពុង​តែ​ជួប​ឧបសគ្គ​ ដោយសារ​សត្វ​ក្រពើ​​ដែល​គេ​ចិញ្ចឹម​មាន​ជំងឺ​ ស្បែក​ក្រពើ​​ដែល​លក់​​ចេញ​គឺ​មាន​តម្លៃ​ថោក​ ព្រម​ទាំង​ស្បែក​​ក្រពើ​របស់​កម្ពុជាមិន​អាច​នាំ​​ចេញ​​ទៅ​កាន់​ទីផ្សារ​​អន្តរជាតិ ​និង​តំបន់​អឺរ៉ុប​បាន​ទេ​។

លោក សួន ផល្លា​ បញ្ជាក់​ថា​មូលហេតុ​​ដែល​ស្បែក​ក្រពើ​​កម្ពុជា​លក់​មិន​​បាន​ថ្លៃហើយ​​មិន​អាច​នាំ​​ចេញ​ទៅ​កាន់​​ទីផ្សារ​អន្តរជាតិ​​បាន​នេះ​ គឺ​ដោយសារ​តែ​​កសិករ​ចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​មិន​បាន​​ចុះ​បញ្ជី​ផ្លូវ​ច្បាប់​ ​ដើម្បី​ឈាន​ទៅ​រក​​ការ​ចុះ​បញ្ជី​​ក្នុង​អនុសញ្ញា​​ពាណិជ្ជកម្ម​​អន្តរជាតិ​​លើ​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ដែល​កំពុង​រងគ្រោះ​ថ្នាក់​ដែល​អនុសញ្ញា​អន្តរជាតិ​ ហៅ​កាត់​ថាសាយតេស​។

មន្ត្រី​ក្រសួង​​កសិកម្ម​​នៃ​ប្រទេស​កម្ពុជា​ ឱ្យ​ដឹង​ថាបច្ចុប្បន្ន​ស្បែក​ក្រពើ​ក្នុង​ប្រទេស​​កម្ពុជា ​កំពុង​​មាន​​បញ្ហា​២​​យ៉ាង ​ដែល​​មិន​អាច​​ប្រកួត​​ប្រជែង​គុណភាព​ និង​នាំ​ចេញ​ទៅកាន់​​ទីផ្សារ​អន្តរជាតិ​បាន​​ ដូចជា​ស្បែក​​មិន​ល្អ​ត្រូវ​តាម​ស្តង់ដារ​ និង​បញ្ហា​ដ៏​ធំ​គឺ​​ដោយ​សារ​​តែ​អនុសញ្ញា​ពាណិជ្ជ​​អន្តរជាតិ​សាយតេស​ មិន​ទាន់​​ទទួល​ស្គាល់​​ថាស្បែក​ក្រពើ​ទាំង​នោះ ​គឺ​ជា​ក្រពើ​ដែល​​ចិញ្ចឹម​តាម​​​​ កសិដ្ឋាន​ហើយ​នៅ​​សង្ស័យ​ទៅ​​លើ​ការ​សម្លាប់​​ក្រពើ​ធម្មជាតិ​។

ទាំង​មន្ត្រី​​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​ និង​នេសាទ​​ និង​ម្ចាស់​កសិដ្ឋាន​​ចិញ្ចឹម​ក្រពើ​ជា​ច្រើន​ កំពុង​ជំរុញ​ឱ្យ​​សហគមន៍​អឺរ៉ុប​ជួយ​មាន​វិធានការ​​ធ្វើ​យ៉ាង​ណា​​ ដើម្បី​ឱ្យ​ស្បែក​ក្រពើ​​កម្ពុជា​ អាច​ចូល​ទៅ​លក់​ដូរ​​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​បាន​។

លោក ចច ហ៊ូដដ៍ ​(Geoge Hudd) ​ភារធារី​​ដែល​តំណាង​ឱ្យ​ឯកអគ្គរដ្ឋទូត​​សហគមន៍​អឺរ៉ុប​​ ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​ សហគមន៍​​អឺរ៉ុប​ ​កំពុង​ជួយ​ជ្រោមជ្រែង​​ទៅ​លើ​ការ​គ្រប់គ្រង​​ធនធាន​ធម្មជាតិ​​ នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​ជាពិសេស​​ទៅ​លើ​កិច្ច​​អភិរក្ស​​សត្វ​ក្រពើ​​ព្រៃ​​នៅ​អាង​ទន្លេ​មេគង្គ​ និង​នៅ​តំបន់​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​។

លោក ចច ហ៊ូដដ៍​ មាន​ប្រសាសន៍​ទៀត​ថា ​លោក​ពិត​ជា​មិន​អាច​​ពន្យល់​បាន​ទេដោយសារ​​តែ​ស្បែក​ក្រពើ​​កម្ពុជា​មិន​អាច​នាំ​​ចូល​​ទៅ​ទីផ្សារ​អឺរ៉ុប​បាន ​ក៏ប៉ុន្តែ​បច្ចុប្បន្ន​​លោក​នៅ​តែ​ឃើញ​ប្រទេស​អឺរ៉ុប​ នាំ​ចូល​ស្បែក​ក្រពើ​ពី​កម្ពុជា​ ទៅ​លក់ដូរ​បាន​។

មន្ត្រី​​ក្រសួង​កសិកម្ម ​ឱ្យ​ដឹង​ថាបច្ចុប្បន្ន​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​កសិដ្ឋាន​ចិញ្ចឹម​​ក្រពើ​ប្រមាណ​ជាង ​៥៦០​កន្លែង ​នៅ​ក្នុង​​ខេត្ត-​ក្រុង​ចំនួន៧​ ដូចជា​ខេត្ត​​សៀមរាប​ ខេត្ត​បាត់ដំបង ​ខេត្ត​កំពង់ធំ ​ខេត្ត​កំពង់ឆ្នាំង​ បន្ទាយមានជ័យ​ ខេត្ត​ពោធិ៍សាត់ ​ខេត្ត​​កណ្ដាល​ និង​ទីក្រុង​ភ្នំពេញ​។ ក៏ប៉ុន្តែ​ក្នុង​ចំណោម​​កសិដ្ឋាន​​ដែល​ចិញ្ចឹម​ក្រពើ​​ទាំង​នោះ ​គឺ​មាន​តែ​ជាង ​២០​កសិដ្ឋាន​​ប៉ុណ្ណោះ​​ដែល​បាន​ចុះ​បញ្ជី​ សាយតេស ​ហើយ​អាច​នាំ​​ផលិតផល​​ស្បែក​ក្រពើ​​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative