កម្ពុជាទប់ទល់​នឹងជម្ងឺ​គ្រុនផ្ដាសាយ​បក្សី

ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវជម្ងឺគ្រុន​ផ្ដាសាយបក្សី​នៅចុងឆ្នាំ​២០០៣ រហូតមក​ដល់បច្ចុប្បន្ន មានមនុស្ស​៤នាក់ហើយ ដែលរស់នៅ​ក្នុងខេត្ដ​កំពត បាន​បាត់បង់​ជីវិត​ដោយសារ​ជម្ងឺគ្រុន​ផ្ដាសាយបក្សី ដែលបង្ក​ដោយ​វីរុស​បាស់៥អ៊ិន១។ ចាប់ពី​ខែឧសភា ឆ្នាំ២០០៥ រហូតមក​ដល់សព្វថ្ងៃ មិនទាន់​ឃើញមាន​ករណីឆ្លង​ថ្មីនៅ​ឡើយទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីសុខភាព​របស់​ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ឋនឹង​ជម្ងឺឆ្លងនៃ​ក្រសួង​សុខាភិបាល។

គ្រុនផ្ដាសាយ​បក្សី​ជាអ្វី?

ជម្ងឺគ្រុន​ផា្ដសាយបក្សី គឺជាជម្ងឺ​ឆ្លងរបស់​សត្វដែល​បណា្ដលមក​ពីវីរុស​មួយបែប ដែលជា​ធម្មតាឆ្លងតែ​លើប​សុបក្សីតែ ប៉ុណោ្ណះ។ ជម្ងឺផ្ដាសាយបក្សី រាលដាល​ចម្លងដោយ​កម្រទៅ​លើមនុស្ស។ ចំពោះ​បសុបក្សី​នៅក្នុង​ស្រុក ការឆ្លង​រាលដាល​នៃវីរុស​នេះ បណ្ដាលឱ្យ​មានមេរោគ​២ប្រភេទ គឺទម្រង់ទាប និងទម្រង់ខ្ពស់។ មេរោគទាប ជាទូទៅ​មានរោគ​សញ្ញា​បន្ដិច​បន្ដួច​ប៉ុណ្ណោះ មានដូចជា សត្វបះរោម មានការ​ធ្លាក់ចុះ​ក្នុងការ​បន្ដពូជ និងពេល​ខ្លះយើង​មិនទាំង​ដឹងពី​រោគសញ្ញា​នោះទៀតផង។ ចំពោះ​មេរោគ​ខ្ពស់វិញ វារាត ត្បាត​ផ្ទួនៗតាម​ហ្វូង​បសុបក្សី ដែលបណា្ដល​ឱ្យមេរោគ​នេះប៉ះពាល់​ដល់សរីរៈ​ខាងក្នុង​របស់សត្វ និងធ្វើឱ្យ​សត្វសា្លប់​១០០%​ក្នុងរយៈ ពេល​២៤ម៉ោង។

ស្ថានភាពជម្ងឺគ្រុន​ផ្ដាសាយបក្សី​នៅកម្ពុជា

ចាប់តាំងពី​ខែឧសភា ឆ្នាំ២០០៥ មកដល់​បច្ចុប្បន្ន មិនទាន់​រកឃើញ​មានករណី​កើតជម្ងឺ​គ្រុនផា្ដស​សាយបក្សី​មកលើ​មនុស្ស ដែលបង្ក​ដោយវីរុស​ហាស់៥អ៊ិន១ (H5N1) នៅឡើយទេ។ ទោះបី​ជាមាន​ផលជា​វិជ្ជមាន​បែបនេះ​ក៏ដោយ ក្រសួង​សុខាភិបាល​នៅតែ បន្ដធ្វើការ​ពិនិត្យធ្វើ​តេស្ដរាល់​ករណីដែល​សង្ស័យ ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​ជម្ងឺគ្រុនផ្ដា​សាយបក្សី​មកមនុស្ស។ កន្លងមក មាន មនុស្ស​ជាង២៨០នាក់ ជាករណី​ដែល​សង្ស័យថា អាចកើត​ជម្ងឺនេះ បានយក​ទៅពិនិត្យ។ លទ្ឋផល​បង្ហាញថា​គ្មានផ្ទុក​ជម្ងឺ​គ្រុនផ្ដាសាយ បក្សីទេ។ មន្ដ្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន​ហាមឃាត់​ការនាំ​ចូលនូវ​បសុបក្សី និងផលិតផល​បសុបក្សី គ្រប់ចូល​ក្នុង ប្រទេស និងចុះសម្លាប់​សត្វមាន់​ទានៅកសិដ្ឋាន​មួយចំនួន​ដែល​ប៉ះពាល់​ដោយជម្ងឺ​ផ្ដាសាយបក្សី ហើយលាង​សម្អាត និងដាក់​តំបន់ទាំង នោះ នៅក្នុង​ការតាមដាន​ដើម្បី​ស្វែងរក​រោគសញ្ញា​រាតត្បាត។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបឆ្លង​ទៅមនុស្ស និងរោគសញ្ញា​សង្ស័យថា​ឆ្លងគ្រុន​ផ្ដាសាយបក្សី

មនុស្សអាច​ឆ្លងផ្ដា​សាយបក្សី តាមរយៈ​ការ​ប៉ះពាល់​ជិតស្និទ្ឋិ​ទៅនឹង​បក្សី ឬកាក​សំណល់​មាន់ទា​ដែលផ្ទុក​មេរោគ​ផ្ដាសាយបក្សី។ អ្នកដែល​ប្រឈមមុខ​និងការ​ឆ្លងជាង​គេ គឺអ្នកចិញ្ចឹម អ្នកលក់ អ្នកសម្លាប់ និងអ្នកចម្អិន​មាន់ទា​ទាំងនោះ។

រោគសញ្ញា មានលក្ខណៈ​ប្រហាក់​ប្រហែល​នឹងការ​កើតផ្ដាសាយ​ធម្មតាដែរ។ ប៉ុន្ដែអ្វី​ដែលគួរ​ឱ្យកត់​សម្គាល់ គីត្រង់ថា​អ្នកជម្ងឺ មានធ្លាប់​ប៉ះពាល់​ទៅនឹង​បក្សីឈឺ ឬស្លាប់ក្នុង​អំឡុងពេល​មួយសបា្ដហ៍​កន្លងមក។ រោគសញ្ញា​ដែល​តែងតែ​កើតមាន មានដូចជា​គ្រុនក្ដៅ លើសពី៣៨​អង្សា ពិបាក​ដកដង្ហើម ក្អក ថប់ដង្ហើម ឬហត់ ឈឺខ្នង ឈឺចង្កេះ​ជាដើម។

វិធានការទប់ស្កាត់​ជម្ងឺគ្រុនផ្ដាសាយ​បក្សី

រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​សុខាភិបាល ផ្សព្វផ្សាយ​អប់រំដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ដ្រឱ្យ យល់ដឹង​ពីជម្ងឺ​គ្រុនផ្ដាសាយ​បក្សី របៀបឆ្លង និងចេះផ្ដល់​ដំណឹងដល់​អាជ្ញាធរ និងមណ្ឌល​សុខភាពដែល​នៅជិតផ្ទះ រាល់ករណី​ដែលយើង សង្ស័យថា​មានកើតជម្ងឺ​នេះឡើង។ ការផ្សព្វផ្សាយ​អប់រំដល់​ប្រជាពលរដ្ឋ​នេះ បានធ្វើ​ទូទាំង​ប្រទេស និងគ្រប់ថ្នាក់​ខេត្ដហើយ។

បច្ចុប្បន្ននេះ មានក្រុម​ការងារ​ឆ្លើយតប​បន្ទាន់២៦​ក្រុមនៅ​ទូទាំង​ខេត្ដក្រុង ដែលមាន​តួនាទី​ធ្វើការ​អង្កេត​ស្រាវជ្រាវ​ជម្ងឺរាត ត្បាត និងស្រាវជ្រាវ​រកអ្នក​ដែលសង្ស័យ​ថាអាច​ប្រឈមមុខ​នឹងជម្ងឺ​ផ្ដាសាយ​បក្សី រួចធ្វើការ​វិភាគបញ្ជូន​មកថ្នាក់​ជាតិ ដើម្បីធ្វើ​រោគវិនិ ច្ឆ័យ។ ពួកគាត់​ក៏មាន​តួនាទី​អប់រំ​ប្រជាពលរដ្ឋ​ឱ្យយល់ពី​ជម្ងឺផ្ដាសាយ​បក្សីនេះដែរ។

ការប្រុងប្រយ័ត្ន​ជាកត្ដា​ចម្បង។ អង្គការ​សុខភាព​ពិភពលោក និងរាជរដ្ឋា​ភិបាល​កម្ពុជា​ព្រួយបារម្ភ​អំពីការ​វិវឌ្ឍន៍​របស់ជម្ងឺ គ្រុនផ្ដា​សាយបក្សី ចំពោះករណី​ឆ្លងពី​មនុស្សទៅ​មនុស្ស។ មានមន្ទីរពេទ្យ​ត្រៀម​សម្រាប់​ព្យាបាល​អ្នកជម្ងឺ​គ្រុនផ្ដាសាយបក្សី​ចំនួន២ គឺមន្ទីរពេទ្យ​កាល់ម៉ែត និងមន្ទីរពេទ្យ​បង្អែកខេត្ដ​សៀមរាប។ ដោយភ័យ​ខ្លាចក្នុងការ​ផ្ទុះរាលដាល​ឡើងនូវ​ជម្ងឺគ្រុនផ្ដាសាយបក្សី ជាយថាហេតុ ក្រសួងសុខាភិបាល​មាន​ផែនការ​ពង្រីក​មន្ទីរពេទ្យ​ចំនួន៣ នៅក្នុង​ខេត្ដកំពត កំពង់ចាម និងស្ទឹងត្រែង​បន្ថែម​ទៀត។

មន្ទីរពិសោធន៍​ថ្នាក់ជាតិ សម្រាប់​ធ្វើការ​វិភាគ​រកមេរោគ​ជម្ងឺគ្រុនផ្ដាសាយ​បក្សី បានបង្កើត​ឡើងស្ថិត​នៅ​វិទ្យាស្ថានជាតិ សុខ ភាព​សាធារណៈ និងវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​ការរាលដាល​ជាយថាហេតុ។ ផែនការ​ត្រៀមលក្ខណៈ​ជាសកល ដើម្បីប្រយុទ្ឋ​ទៅនឹងជម្ងឺ​គ្រុនផ្ដាសាយ​បក្សី ដែលអាច​ឆ្លងពីមនុស្ស​ទៅមនុស្ស ត្រូវបាន​ធ្វើឡើង​ដោយសហការណ៍​រវាងក្រសួង​ពាក់ព័ន្ធ ជាច្រើន។ ការ​បណ្ដុះបណ្ដាល​បុគ្គលិក​សុខាភិបាលន្ថែម ជាកត្ដា​ចាំបាច់​សម្រាប់​ផែនការ នេះ។

ដំបូន្មាន​អ្នកជំនាញ

ជម្ងឺគ្រុនផ្ដា​សាយបក្សី អាចឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាត់បង់​អាយុជីវិត។ ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រូវមាន​ការប្រុង ប្រយ័ត្ន បើសិន​មានករណី​ងាប់​មាន់ទា​នៅក្នុងភូមិ​ស្រុក​របស់ខ្លួន ហើយ​សង្ស័យថា​ជាជម្ងឺ​គ្រុនផ្ដាសាយបក្សី ត្រូវផ្ដល់​ព័ត៌មាន​ជាចាំបាច់ ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​វេលានូវ​ការរាតត្បាត​មេរោគ​គ្រុនផ្ដាសាយ​បក្សីនេះ។ អ្នកដែល​ប្រឈមមុខ និងគ្រោះថ្នាក់​ខ្លាំងនោះ គឺ អ្នកដែល​ប្រកបមុខ​របរដែល​ប៉ះពាល់​នឹងមាន់ទា។ ដូច្នេះយើង​ត្រូវបង្ការ​ដោយខ្ទប់​ច្រមុះ ដោយកន្សែង ក្រមា ឬប្រដាប់បិទ​មុខ ពាក់ ស្បែក​ជើងកវែង រាល់ពេល​ទៅជិត​សត្វស្លាប​ទាំងនោះ។ សូមពាក់​ស្រោមដៃ​នៅពេល​សម្លាប់ និងចម្អិន​សត្វ​មាន់ទា និងលាង​សម្អាតដៃ ជើងឱ្យ​បានស្អាត​ល្អជាមួយ​សាប៊ូ បន្ទាប់ពី​បានប៉ះពាល់​សត្វទាំង នោះ។ មិនត្រូវ​បរិភោគសត្វ​មាន់ទា ដែលងាប់​គ្មានមូលហេតុ​នោះទេ និង​គួរតែ​ទទួលទាន​សត្វមាន់​ទាដែល​ចម្អិនបាន​ឆ្អិនល្អ។

រួមគ្នាការពារទប់​ស្កាត់ជម្ងឺ​ផ្ដាសាយ​បក្សី

ថ្មីៗនេះ​ក្រោមកិច្ច​សហការណ៍​របស់ក្រសួង​សុខាភិបាល​ជាមួយ​អង្គការ​ឃែរកម្ពុជា និងសហគមន៍​អឺរ៉ុប ផ្ទាំងរូបភាព​មួយត្រូវ បាន​បោះពុម្ភ​ផ្សាយ។ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើ​ការដក​ស្រង់ខ្លឹម​សារ។ ហេតុនេះ ដើម្បីចៀស​វាងជម្ងឺ​ផ្ដាសាយបក្សី យើងត្រូវ អនុវត្ដ​សកម្មភាព​ដូចខាង​ក្រោម ៖

  • មិនត្រូវយកសត្វបក្សី (មាន់ ទា…) ឈឺ ឬងាប់មក​ធ្វើអាហារទេ
  • ត្រូវចម្អិតអាហារឱ្យបានឆ្អិនល្អមុន​ពេល​បរិភោគ
  • ត្រូវលាងដៃឱ្យបានស្អាត ដោយប្រើសាប៊ូ ឬផេះពី១០ ទៅ១៥នាទី បន្ទាប់ពី​បានប៉ះពាល់​សត្វបក្សី (មាន់ ទា…) ក្អក ឬកណ្ដាស់
  • ត្រូវពាក់ម៉ាស់​ការពារ​បើអ្នក​មានជម្ងឺ​ផ្ដាសាយ
  • ត្រូវខ្ទប់មាត់ និងច្រមុះពេល​កំពុងក្អក ឬកណ្ដាស់ ដោយប្រើក្រមា កន្សែង ឬក្រដាស​អនាម័យ។ល។
  • ត្រូវជូតដៃឱ្យស្ងួតនឹង​កូនកន្សែង ក្រម៉ា ឬក្រដាស​អនាម័យ
  • ត្រូវបោសលាងសម្អាតសម្ភារៈ​ប្រើប្រាស់​ដោយសាប៊ូ ឬដាក់ចូល​ក្នុងធុង​សម្រាម កប់ ឬដុតចោល

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative