ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ជាកក្តា​ដ៏សំខាន់​នាំឲ្យពលរដ្ឋ​បាត់​បង់​ជំនឿ​លើការព្យាបាល​ក្នុងស្រុក​

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បានឲ្យដឹងថាឱសថ​ក្លែងក្លាយ​ឱសថអន់គុណភាព និង​ឱសថក្លែងបន្លំ​ដែលកំពុងធ្វើ​ចរាចរណ៍​ នៅលើទីផ្សា​ប្រទេស​កម្ពុជា​គឺជាកក្តាដ៏សំខាន់​ដែល​ធ្វើឲ្យប្រជាពលរដ្ឋ​បាត់បង់ជំនឿ​ទុកចិត្ត​លើការព្យាបាល​ក្នុងស្រុក។

2នេះគឺ​ជាលើក​ឡើងរបស់​លោក​សាស្ត្រាចារ្យ ​ធា គ្រុយ​ រដ្ឋលេខា​ធិការ​ក្រសួង​សុខភិបាល​ ក្នុងពិធី​​បើកវគ្គ​បណ្តុះ​​បណ្តាល​​ពីវិធីសាស្ត្រ​ត្រួតពិនិត្យ​គុណ​ភាព​ឱសថ​ តាមរយៈ​​ MINILAB ​រយៈ​ពេល​២ថ្ងៃ​គឺចាប់ពី ​ថ្ងៃ​ទី២៦​​ដល់​ថ្ងៃ​ទី២៧​​ ឧសភា​ ឆ្នាំ​២០១៥​ នៅសាកល​​វិទ្យាល័យ​​វិទ្យាសាស្ត្រ​​សុខាភិបាល​។

លោកសាស្ត្រាចារ្យ ធា គ្រុយ​ បានមានប្រសាសន៍​ថា​«ឱសថ​ប្រៀបបីដូចជា​គឺជាអាវុធមុខពីរ​អញ្ចឹង​ប្រសិនបើឱសថ​មានគុណភាព​ល្អត្រឹមត្រូវវា​ជួយឲ្យយើង​ជា​សះ​ស្បើយពីជំងឺ​។ ផ្ទុយទៅវិញ​បើ​ឱសថ​ក្លែងក្លាយ​ឱសថអន់គុណភាព​ និង​ឱសថ​ក្លែងបន្លំនោះ​ បណ្តាល​ឲ្យខាតបង់​ថវិកាព្រមទាំង​បង្កគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់អាយុជីវិត​ និង​ខឿនសេដ្ឋកិច្ច​យើង​ទាំងមូលទៀតផង​»។​

លោករដ្ឋលេខាធិការ​ បានលើក​ឡើង​របាយការណ៍​មកបញ្ជាក់ថា ​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​នៅឆ្នាំ២០០៩​ បានឲ្យដឹងថា​ ពិភពលោកបាន​បាត់បង់​ថវិកាចំនួន​ប្រហែល​៧៥​លាន​​​ដុល្លា​​ក្នុង១ឆ្នាំ​ ដោយសារ​បញ្ហាឱសថ​ក្លែង​ក្លាយ​។ លោកបានបន្ថែមថា​«ឱសថ​ក្លែង​ក្លាយ​ឱសថ​អន់គុណភាព​ និងឱសថក្លែងបន្លំ​គឺជាកក្តាដ៏សំខាន់​ដែលធ្វើឲ្យប្រជា​ពលរដ្ឋ​បាត់​បង់​ជំនឿ​​ទុក​ចិត្ត​​លើការព្យាបាល​ក្នុងស្រុក​ដោយសារការព្យាល​ពុំជាសះស្បើយ​ និងលើសពីនេះ​អាច​​បណ្តាល​​​ឲ្យមានភាព​ស៊ាំ​ប្រសិន​បើឱសថក្លែងក្លាយ​ឱសថអន់គុណភាព​ និងឱសថក្លែងបន្លំនោះ​ជាប្រភេទថ្នាំផ្សះ​(Antibiotics)​»​។

ក្នុងគោលបំណង​ចូលរួមចំណែក​ក្នុងការលើក​កំពស់​ធនធានមនុស្ស​នៅប្រទេសកម្ពុជា​​ឲ្យ​មាន​លទ្ធភាព​ប្រឆាំង​ទប់ស្កាត់​នឹង​ឱសថ​ក្លែងក្លាយ​ ឱសថអន់គុណភាណ​ និង​ឱសថក្លែងបន្លំដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់សុខភាព​ប្រជនជនកម្ពុជា​ធ្ងន់ធ្ងរក្រសួង​សុខភិបាល​ដែលមានសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ តែងតែ​ធ្វើករបណ្តុះ​បណ្តាល​ដល់និស្សិតផ្នែក​ឱសថ​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យពួកគេ​មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការត្រួតពិនិត្យ​ឱសថនៅលើទីផ្សារ​។

លោក ​ប៉ុក ម៉ាន់នី ​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ​និង​ជាអនុប្រធាន​គណៈកម្មការ​ប្រយទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្កគ្រោះថ្នាក់​មានហានិភ័យខ្ពស់​ដល់សុខភាព​ និងសុវត្តិភាព​សង្គមបាន​មានប្រសាសន៍ថា​ ដោយមើល​ឃើញពីបញ្ហា​នេះហើយ​ទើបបានជា​រដ្ឋាភិបាលបារាំង​ បាន​ផ្តល់​ម៉ាស៊ីន​​ត្រួត​ពិនិត្យឱសថដល់​ប្រទេសកម្ពុជា​ ដើម្បីជាប្រយោជន៍​ដល់ការត្រួតពិនិត្យ​ឱសថបំរើ​ដល់វិស័យសុខាភិបាល ​ពិសេស​បំរើ​ដល់​ការសិក្សា​របស់និស្សិតពេទ្យ​។ លោកបាន​បន្តថាមិន​តែ​ប៉ុណ្ណោះ​​ម៉ាស៊ីន​នេះថែមទាំងជួយ​សំរួលដល់​ការងារមន្ត្រីជំនាញ​អនុវត្តច្បាប់​ ដែលពាក់ព័ន្ធនានា ងាយ​ស្រួល​ទទួល​បាន​ឆាប់​នូវ​​លទ្ធផល​ពីការធ្វើពិសោធន៍​ ដើម្បី​បញ្ជួន​លទ្ធផល​ទាំងងនោះ​ទៅ​តុលាការ​បាន​ទាន់​ពេល​​វេលា​​ផង​ដែរ។

4លោកសាស្ត្រាចារ្យ ធា គ្រុយ ​បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​វិស័យ​សុខាភិបាល​​ ជា​វិស័យ​​អាទិភាព​​​ និង​បាន​យក​ចិត្ត​ទុក​​ដាក់ខ្ពស់​ក្នុង​​ការ​កាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជាជន​​កម្ពុជា​តាមរយៈការ​លប់​បំបាត់​​ ឱសថ​ក្លែង​ក្លាយ​​ និង​សេវា​សុខភិបាល​​ខុស​ច្បាប់​​។ ក្នុងនោះ​រដ្ឋា​ភិបាល​បាន​សំរេច​បង្កើត​គណៈកម្មកាធិការ​អន្តរក្រសួង​ លុបបំបាត់​ឱសថ​ក្លែងក្លាយ​ និងសេវាសុខាភិបាល​ខុសច្បាប់​ កាលពីថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០០៥​។ ជាងនេះ​ទៅទៀតថ្មីៗ​នេះកាលពីថ្ងៃទី១៦ ​ខែមករា​ ឆ្នាំ២០១៥​ ក្រសួងសុខាភិបាល​ សហកា​ជាមួយក្រសួងមហាផ្ទៃ ​បានដាក់ចេញនូវយុទ្ធសាស្ត្រ​ក្នុងការគ្រប់គ្រងនូវគុណភាព​សេវាកម្ម ​និងវិធានការលប់បំបាត់​ផលិតផលសុខាភិបាល​ខុសច្បាប់​ និងសេវាសុខាភិបាល​ខុសច្បាប់ ​ដើម្បីការពារ​ និងលើកកំពស់​សុខភាពសាធារណៈសុវត្តិភាព​ និងកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ស្របតាមកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល។

លោកសាស្ត្រាចារ្យ ​ធា គ្រុយ ​បានបន្ថែមថា​«ក្នុងគោលដៅរួម​ក្នុងការប្រឆាំង​នឹងឱសថក្លែងក្លាយ​ការ​កសាងធនធាន​មនុស្ស​ដែលមាន​សមត្ថភាព​ក្នុងការត្រួតពិនិត្យ​ឱសថក្លែងក្លាយ​ទាំងនោះជាកក្តាចាំបាច់បំផុត​»។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative