រយៈពេល៥ខែ​នេះ​សមត្ថកិច្ច​បង្ក្រាបករណី​គ្រឿងញៀន​​ចំនួន៩៩៦​ករណី​ ឃាត់ខ្លួន​១៨៨៩​នាក់​

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ​អគ្គ​ស្នង​ការរង​នគរបាល​ជាតិ​ទទួលបន្ទុក​​គ្រឿងញៀន​ បាន​ថ្លែង​ថានៅក្នុង​រយៈ​​៥ខែឆ្នាំ​​២០១៥​នេះ​ កម្លាំង​សមត្ថកិច្ច​​ បាន​បង្ក្រាប​​ក​រ​ណី​គ្រឿងញៀន​​ចំនួន៩៩៦​​ករណី​ ឃាត់ខ្លួន​១៨៨៩​នាក់​ និង​​ដកហូត​​គ្រឿង​ញៀន​​គ្រប់​ប្រភេទ​​ជាង​១៨​គីឡូ​។ នេះបើយោងតាម​គេហទំព័រអគ្គស្នង​ការនគរបាលជាតិ ​បានកាលពី​ថ្ងៃទី២៧ឧសភា​។

2ដើម្បី​បង្ការ​បង្ក្រាប​​បទល្មើស​​គ្រឿងញៀន​ លោកឧ​ត្ត​ម​សេនីយ៍​​ឯក​ ម៉ក់ ជី​តូ​ ​បានឲ្យដឹងទៀត​ថាមន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន​នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​ផ្អែក​លើ​វិធានការ​​ចំនួន​៥​ ទី​១. ​ការកាត់​បន្ថយ​តម្រូវ​ការ​គ្រឿងញៀន​​ ទី​២.​ ការកាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​​​គ្រឿង​ញៀន​​ ​ទី​៣.​ ការព្យាបាល​ស្តា​នីតិ​​សម្បទា​ និង​សមាហរណកម្ម​ ទី​៤.​ ការអនុវត្តន៍​ច្បាប់​ និង​ទី​៥. ​ការធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ។​

លោក​អគ្គ​ស្នងការរង​ បាន​បន្តថា​បញ្ហា​គ្រឿងញៀន​​ មិនមែនជា​​រឿង​របស់​កម្ពុជា​​តែមួយ​នោះទេ​ តែ​វា​ជា​បញ្ហា​​របស់​សកល​​ដែល​ទាមទារ​​ឲ្យ​មានការ​​សហការគ្នា​ដែល​កន្លងទៅ​ ភ្នាក់ងារ​ស៊ើប​អង្កេត​ត្រួតពិនិត្យ​​គ្រឿងញៀន​​អាមេរិក​ (DEA) ​ក៏បាន​​ចាត់ចែង​​ឲ្យ​យើង​មាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) ចំនួន​១៥​កន្លែង ហើយ​ក្នុងនោះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​មាន​ចំនួន៩​កន្លែង ហើយ​នៅពេល​ថ្មីៗ​កន្លងទៅ​យើង​បាន​សហការ​ជាមួយ BLO កម្ពុជា និង​ឡាវ ចាប់បាន​គ្រឿងញៀន​រាប់​គីឡូ គ្រាន់តែ​ឆ្នាំ​២០១៤ កន្លងទៅ​យើង​ចាប់បាន​គ្រឿងញៀន (ICE) ជាង១០​គីឡូ ហើយ​ថ្មីៗ​នេះ​យើង​សហការ​ជាមួយ​ឡាវ​ចាប់បាន​ជាង ៣​គីឡូ និង​បាន​អូស​មក​ចាប់​នៅ​កម្ពុជា​បាន​ចំនួន​២​គីឡូ។ ដោយឡែក​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​តំបន់​ភូមិ​បឹង​ឈូក​ទល់មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់បាន​គ្រឿងញៀន (ICE) ចំនួន​កន្លះ​គីឡូ ។​

លោក​អគ្គ​ស្នងការរង​ បាន​បន្ត​ឲ្យ​ដឹងថាបច្ចុប្បន្ននេះ​សមត្ថកិច្ច​ ចាប់​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ច្រើន ដូច្នេះហើយ​ធ្វើ​ឲ្យ​បទល្មើស​ព្រហ្មទណ្ឌ​ មានការ​ថយចុះ​ និង​ធ្វើ​ឲ្យ​សង្គម​ មាន​សន្តិសុខ សុវត្ថិភាព។ ចំពោះ​អ្នកប្រើប្រាស់​គ្រឿងញៀន​ ​ក្នុង​ច្បាប់​ស្តីពី​គ្រឿងញៀន អ្នកប្រើប្រាស់​ត្រូវបាន​ចាត់ទុក​ដូចជា​​អ្នក​​រងគ្រោះ ក៏ប៉ុន្តែ​យើង​មាន​វិធានការ​ច្បាប់​ចំពោះ​គាត់ក្នុងពេលដែល​គាត់​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់បាន ក្នុង​ច្បាប់​មាត្រា៤៥ និង​៥៣បានកំណត់​ច្បាស់​ថា អ្នក​​ដែល​ប្រើប្រាស់​​គ្រឿង​ញៀន​​ដំបូង​ត្រូវ​ផន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ ទៅ​៦​ខែ ក្នុងករណី​មិន​រាងចាល​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ថែមទៀត ។ ប៉ុន្តែ​បើសិនជា​គាត់​ស្ម័គ្រចិត្ត​ទៅ​ព្យាបាល ស្តា​នីតិសម្បទា គឺ​យើង​មិន​យកទោស​ពៃ​រ៍ទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​ការតាមដាន​ថា​ តើ​គាត់​បាន​ព្យាបាលស្តា​នីតិសម្បទា​ចប់សព្វគ្រប់​ឫ​អត់ បើ​មិន​ចប់សព្វគ្រប់​ទេ​យើង​នឹង​កំណត់​ទោស​គាត់។

លោកបានបញ្ជាក់ថា ម្យ៉ាងវិញទៀត​ចំពោះ​អ្នកញៀន​គ្រឿងញៀន​ ដែល​អាណាព្យាបាល​យកមក​ឲ្យ​សមត្ថកិច្ច​នោះ​យើង​អនុវត្ត​ដូចគ្នា បើសិនជា​សា​ម៉ី​ខ្លួន​ស្ម័គ្រចិត្ត​ទៅ​ព្យាបាល ស្តា​នីតិសម្បទា​ យើង​ទទួល​គាត់លើកទឹកចិត្ត​គាត់ តែ​ក្នុងករណី​បើសិនជា​គាត់​បាត់បង់​ស្មារតី​លែង​ដឹងអី ត្រង់​នឹង​មាត្រា​១០៧ និង​១០៨ បានកំណត់​ហើយ​ព្រះរាជអាជ្ញា ឫ​ក៏​ចៅក្រម​ជា​អ្នកចេញ​ដីកា​បង្ខំ​ឲ្យ​គាត់​ទៅ​ព្យាបាល ស្តា​នីតិសម្បទា។ ជារួម​យើង​មិន​ចង់​ដាក់ពន្ធនាគារ​ពួកគាត់​នោះទេ គឺ​យើង​ចង់​ឲ្យ​ពួកគាត់​ទទួលយក​ការព្យាបាល ស្តា​នីតិសម្បទា ។​

លោក​ អគ្គ​ស្នងការរង ​បាន​បន្តែម​ឲ្យ​ដឹង​ទៀតថា ក​បច្ចុប្បន្ននេះនៅតាម​បណ្តា​ខេត្ត​ធំៗ ពិសេស​រាជធានី​ភ្នំពេញ យើង​សង្កេតឃើញថា​ ហាក់ដូច​ជាមាន​ការចាត់​តាំង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ ដូចជាក្លិប​ឌី​ស្កូ កា​រា​អូ​ខេ ផ្ទះសំណាក់ សណ្ឋាគារ និង​កន្លែង​សប្បាយភាព​ខ្លះ ​បណ្តែតបណ្តោយ​ឲ្យ​មានការ​ប្រើប្រាស់​ចាក់​ជក់​ ជាដើម ហើយ​កន្លែង​ទាំងនេះ​ដែល​អនុញ្ញាត ឫ​ក៏​សម្រួល​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ក៏មាន​ទោស​ដែរ។ ដូច្នេះហើយ​កន្លងទៅនេះ​យើង​បាន​ខិតខំ​ស្រាវជ្រាវ​បង្ក្រាប និង​បាន​អប់រំ​បណ្តា​ផ្ទះសំណាក់ កា​រា​អូ​ខេ ក្លិប​ឌី​ស្កូ មួយចំនួន កុំ​ឲ្យ​មានការ​ប្រ​ប្រាស់​គ្រឿងញៀន ហើយ​បើ​នៅតែមាន​យើង​ចាត់ទុកថា បានរៀបចំ​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។

ទោះបីជាយ៉ាងណាក៏ដោយ លោក​ អគ្គ​ស្នងការរង ​បានបញ្ជាក់​ទៀតថាចំពោះ​កម្លាំង​ជំនាញ​អនុវត្ត​ច្បាប់​ ក្នុងពេល​បច្ចុប្បន្ននេះ​បាន​ជួប​បញ្ហាប្រឈម​មួយចំនួនដូចជា ​ខ្វះ​ធនធានមនុស្ស មធ្យោបាយ​សម្ភារៈ ពិសេស​ថវិកា​សម្រាប់​ត​ស៊ូ​ករណី និង​លើកទឹកចិត្ត​ដល់​កងកម្លាំង ក៏ដូចជា​ភ្នាក់ងារ តែ​ទោះជា​យ៉ាងណាក៏ដោយ​សារ​ជា​មនសិការ និង​ឆន្ទៈ​កងកម្លាំង​របស់​យើង​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative