ក្រសួងសង្គមកិច្ច​បង្កើត​សមាគមមនុស្សចាស់​ទី៩ ​នៅស្រុក​ព្រៃកប្បាស​ ខេត្ដតាកែវ​

ក្រសួងសង្គមកិច្ច​អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ កាលពីពេលថ្មីៗ​នេះបានបង្កើត​​ និង​គ្រប់គ្រង​​ សមាគម​មនុស្ស​​ចាស់​​ នៅ​ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្ដតាកែវ​ ក្រោមអធិបតីភាព​លោក ងួន លឹមហេង​ រដ្ឋលេខា​ធិការ​ទីស្ដីការគណៈ​រដ្ឋមន្ដ្រី​។​

3បើតាម​លោក ចេង ដារ៉ាវុធ​ ប្រធានស្ដី​ទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្សចាស់​ នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិ​សម្បទា​ បានឱ្យដឹង​ថា​​នេះគឺជា​សមាគមទី៩​ ហើយ​ដែលសមាគម​​មនុស្សចាស់​ ត្រូវបានបង្កើត​ឡើងជា​ផ្លូវការ​ និង​តាមបទដ្ឋានត្រឹមត្រូវ ​ហើយ​នឹង​​បង្កើត​ជាបន្តបន្ទាប់​ទៀតនៅទូទាំងប្រទេស​ ។

លោក ចេង ដារ៉ាវុធ​ បានបន្តថា​ កន្លងមកក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​​ និង​ យុវនីតិ​សម្បទា​ បានចេញ​គោលការណ៍​ណែនាំ​សម្រាប់មន្ដ្រីសង្គមកិច្ច​ និង​អាជ្ញាធរ ​ដោយមាន​សៀវភៅ​គោលការណ៍ណែនាំ​ស្ដីពី​ការបង្កើត​ និងគ្រប់គ្រង​សមាគម​មនុស្សចាស់​ ប៉ុន្ដែ​មិនសូវ​​មានសកម្មភាព​ការបង្កើត​សមាគមមនុស្ស​ចាស់​ឡើយ រីឯកន្លែងខ្លះ​​បង្កើតសមាគម​​មនុស្ស​ចាស់​ (ក្រៅពី​សមាគមទាំង៩​ ដែលលោកបានបង្កើត​) ឡើងខុស​ពីសៀវភៅ​ គោល​ការណ៍​​ទើប​នាំឱ្យ​សមាគមទាំង​នោះបង្កើតហើយ​ដំណើការមិនល្អប្រសើរ​។

លោក ចេង ដារ៉ាវុធ​ បានមានប្រសាសន៍​បន្ថែមថា ​សមាគមមនុស្សចាស់​ បើកទូលាយ​​សម្រាប់មនុស្ស​ចាស់​នៅក្នុង​សហគមន៍ដែល​មានអាយុចាប់ពី៥៥ឆ្នាំ​ឡើង​ ដោយមិនប្រកាន់​​ពីនិន្នាការនយោបាយ​ សាសនា​ ឬពូជសាសន៍អ្វី​ឡើយ​។ សមាគមមាន​គោល​បំណងសាមគ្គី​​ជួយ​គ្នាផ្ដល់​នូវសុខុមាលភាព​ និងជួយទុកលំបាក​ ពិសេសសមាគម​ជួយដល់មនុស្សចាស់​​ក្រីក្រគ្មាន​លទ្ធភាពចូលជាសមាជិក ប៉ុន្ដែក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ព្រោះសមាគម​មនុស្សចាស់​ប្រមូលប្រាក់ពីសមាជិក និងសប្បុរសជនធ្វើឥណទានប្រាក់កម្ចី និងអាជីវកម្ម​ខ្នាតតូច ដើម្បីទ្រទ្រង់ ។

លោក ងួន លឹមហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិ​បាល​កម្ពុជាអាណត្ដិទី៥ បានដាក់ចេញនូវយុទ្ធសាស្ដ្រស្ដីពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម​ និង​ការជម្រុញគោលនយោបាយជាតិប្រជាជនប្រកបដោយសមភាពយែនឌ័រ បានបង្ហាញយ៉ាង​ច្បាស់អំពីការយកចិត្ដទុកដាក់ក្នុងការជួយជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដូចជាកុមារកំព្រា ស្ដ្រីមេម៉ាយ ជនពិការ និងមនុស្សចាស់ជរាគ្មានទីពឹងជួបការលំបាក ហើយការបង្កើត​ និងគ្រប់គ្រងសមាគមមនុស្សចាស់ គឺជាកត្ដាសំខាន់សម្រាប់ជួយក្រុមគ្រួសារមនុស្សចាស់ និងជនចាស់ជរានៅតាមសហគមន៍ ។

លោក រដ្ឋលេខាធិការ បានផ្ដាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន​ឱ្យរៀបចំ​ផ្សព្វ​ផ្សាយលក្ខន្ដិកៈរបស់មន្ដ្រីជំនាញក្រសួងសង្គមកិច្ចដល់មនុស្សចាស់នៅតាមសហគមន៍ ដើម្បីចូលជាសមាជិក និងបានទទួលអត្ថប្រយោជន៍។ ចំពោះគណៈកម្មាធិការសមាគម​ត្រូវគ្រប់គ្រងសមាគម ប្រកបដោយតម្លាភាព និងមាននិរន្ដភាពយូអង្វែង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative