រយៈពេល​៣៦ឆ្នាំ​ ប្រជាជនកម្ពុជាស្លាប់​៦៥០០០នាក់​ ដោយសារ​យុទ្ឋភ័ណ្ឌ​អាមេរិក​

ចាប់តាំង​​​ពី​ការ​កត់​ត្រា​​​បាន​ចាប់​ផ្តើម​​​នៅ​ឆ្នាំ​១៩៧៩​​​មក ប្រជា​ពលរដ្ឋ​​​ខ្មែរ​​៦៤.០០០​នាក់​ ​បាន​បាត់​បង់​ជីវិត​​ ដោយសារ​គ្រឿង​​យុទ្ធ​ភណ្ឌ​​ និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​មួយ​ផ្នែក​ដោយ​សារ​កេរដំណែល​​ព្រៃផ្សៃ​​នៃ​យុទ្ធសាស្ត្រ​​អាមេរិក​​ ដើម្បី​ឈ្នះ​សង្គ្រាម​​របស់​​ខ្លួន​ជាមួយ​​ប្រទេស​វៀតណាម​ ដោយ​បាន​ទម្លាក់​​គ្រាប់បែក​រាប់​​លាន​តោន​​លើ​ប្រទេស​ជិត​ខាង​។

1យោង​តាមរបាយការណ៍ ​របស់មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅកាត់ថា​ស៊ីម៉ាក់ ​បាន​ឲ​គេហទំព័រ​​សុខភាព​កម្ពុជា​​ដឹង​កាលពីពេលថ្មីៗ​នេះ​ថា នៅ​បាត​ទន្លេ​មេគង្គ​ មាន​គ្រាប់​រំសេវ​​ប្រ​មាណ​ជាង​​២.០០០​តោន​​ កប់​ក្រោម​​ទឹក​ល្អក់​ ដែល​បាន​​លិច​ក្រោម​​ការ​បាញ់​ប្រហារ ​នៅ​ពេល​ដែល​​នាវា​អាមេរិក​ដឹក​គ្រឿង​​ផ្គត់​​ផ្គង់​​យោធា​ពី​​ព្រំដែន​វៀតណាម​ តាម​បណ្តោយ​​កំណាត់​​ផ្លូវ​ទឹក​​ដ៏​គ្រោះ​ថ្នាក់​​ប្រវែង​១០០​​គីឡូ​ម៉ែត្រ​​ មក​ក្រុង​ភ្នំពេញ​។

ទោះ​ជា​ការ​ខំ​ប្រឹងប្រែង​​បាន​ជោគជ័យ​ ​ពី​សំណាក់​រដ្ឋាភិបាល​​ និង​អង្គការ​ដោះ​មីន​​ ដើម្បី​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​​បាត់​បង់​ជីវិត​​ក៏​ដោយ​ ក៏​យុទ្ធភណ្ឌ​មិន​ទាន់​​ផ្ទុះ​បន្ត​សម្លាប់​ ​និង​ធ្វើ​ឲ្យ​​ពិការ​ដោយ​មាន​​ជន​រងគ្រោះ​​១៥៧​នាក់​ ​ត្រូវ​បាន​កត់ត្រា​​ក្នុង​ឆ្នាំ​២០១៤​ ក្នុង​នោះ​​ស្លាប់​២១​នាក់។

​លោក សា រ៉ាតេះ​ ជាបុគ្គលិក​ស៊ីម៉ាក់​ ដែលបានទទួល​ការបណ្តុះ​បណ្តាល​ហែលទឹក​ និងមុជទឹកដោះមីន​នៅក្នុងទឹកពី​មន្រ្តី​ជំនាញ​​សហរដ្ឋអាមេរិក​ បាន​និយាយ​ឲ្យដឹងកាលពី​ពេលថ្មីៗនេះ​ថា​ “នៅ​ពេល​ខ្ញុំ​ចុះ​ទឹក​ ខ្ញុំ​ស្វែង​រក​គ្រាប់​បែក​ ហើយ​បន្ទាប់​​មក​យើង​​ភ្ជាប់​ទៅ​នឹង​​បាឡុង​​មួយ​ហើយ​ខ្ញុំ​បាន​​ជីក​ជុំ​វិញ​​កាយ​​ភក់​​រុំ​គ្រាប់​បែក​ចេញ​។ ខ្ញុំ​មិន​ខ្លាច​ទេ​ ពីព្រោះ​ខ្ញុំ​បាន​​ហ្វឹកហាត់​​ជា​ច្រើន​​​លើក​ និង​ស្គាល់​វិធី​សា​ស្ត្រ​ និង​បច្ចេកទេស​​របៀប​ដោះ​គ្រាប់​បែក​”។

​លោក​បាន​​បន្តថា​ “មុន​ពេល​ខ្ញុំ​​ត្រូវ​គេ​ជ្រើស​​រើស​ធ្វើ​​ជា​អ្នក​មុជ​ទឹក​ស៊ីម៉ាក​ ខ្ញុំ​មិន​​ចេះ​ហែល​ទឹក​ទេ​។ គេ​បង្រៀន​​យើង​ហែល​ទឹក​ ព្រ​ម​ទាំង​​បច្ចេក​វិជ្ជា​​ដោះ​មីន ​ប៉ុន្តែ​ក្រោយ​ពេល​មួយ​ខែ​ ខ្ញុំ​ចេះ​ហែល​ទឹក​ហើយ​ក្នុង​​រយៈពេល​​បួន​​ទៅ​ប្រាំ​ខែ​ ខ្ញុំ​ចេះ​កាន់​តែ​ច្រើន​ឡើង​”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative