អង្គការ​មូលនិធិ​កុមារកម្ពុជា​ នឹង​​សាងសង់​​សាលារៀន​​ សម្រាប់​សិស្សក្រីក្រ​កម្ពុជា​

អង្គការ​​មូលនិធិកុមារ​​កម្ពុជា​ គ្រោង​នឹង​​សាងសង់​​សាលារៀន ​​ដែលមានដល់ថ្នាក់​វិទ្យាល័យ​ និង​​ថ្នាក់​មហាវិទ្យាល័យ​​​ នៅ​​តំបន់ចាក់​សម្រាមស្ទឹងមានជ័យ​​ ដើម្បីអោយកុមារ​​ក្រីក្រ​នៅតំបន់​នោះអាចបន្តការ​​សិក្សា​ថ្នាក់ខ្ពស់​​ និងងាយស្រួលស្វែង​រកការងារធ្វើ​។

2អង្គការ​​នេះត្រូវ​បានគេស្គាល់ថា​ ជាអង្គការមួយ​ដែលតែងធ្វើ​សកម្មភាពជួយកុមារ​​ក្រីក្រ​ នៅតំបន់​ចាក់សម្រាមស្ទឹងមានជ័យ​ អោយចូលរៀន​​ និង​ផ្ដល់អោយ​គ្រួសារ​​របស់ពួកគេ​មានផ្ទះសម្បែង​ត្រឹមត្រូវដោយ​សាង​សង់​​ផ្ទះ​ជូន​ផងដែរ​។​

លោក​​ Scott Neeson​ ប្រធាន​ ​និងជាស្ថានិក​អង្គការ​​មូលនិធិកុមារ​កម្ពុជា​ បាន​​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​​មួយនៅ​ភោជនីយដ្ឋាន​​ Bamboo ​ស្តីពីដំណើរ​ការ​គម្រោង​​សាងសង់​សាលារៀន​​កាលពីព្រឹកថ្ងៃ​ទី ២៦ ឧសភា​ ២០១៥​ ថា​សាលារៀន​​ដែលត្រូវសាងសង់នេះ​ មានឈ្មោះថាវិទ្យាល័យ​ The Neeson-Cripps Academy​ នឹងត្រូវចាប់ផ្ដើម​​សាងសង់​នៅ ​ខែសីហា ឆ្នាំ២០១៥​ នេះហើយ​នឹង​​បញ្ចប់ការ​សាងសង់​ ​ក៏ដូចជាចាប់ផ្ដើម​អោយសិស្សចូលរៀន​នៅខែកញ្ញា​ ឆ្នាំ​២០១៦​ ជាពេលដែល​​សិស្សា​សិស្ស​ចាប់ផ្ដើម​​បវេសនកាល​ថ្មី​។ វិទ្យាល័យ​ The Neeson-Crepps Academy ​នឹងផ្ដល់​​ដល់កុមារ​​ទីទាល់ក្រ​​ នូវឱកាស​ក្នុងការ​ទទួល​​ការ​អប់រំប្រកបដោយ​គុណភាពខ្ពស់​ តាមរយៈទីតាំង​​សម្រាប់កា​ររៀន​សូត្រ​​ដ៏គាប់​ប្រសើរ​ ការ​តភ្ជាប់​​ទៅនឹងប្រពន្ធ័​​បច្ចេកវិទ្យាឌីជីថល​ចុងក្រោយ​បំផុត​ វិក្រិត​ការ​គ្រូការ​ផ្ដោត​​ទៅកា​រអប់រំ​ជាដើមទង​ រួមមានវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ វិស្វកម្ម ​និងគណិតសាស្ត្រ​។

លោកបន្តថា​ អគា​រផ្ទាល់ខ្លួន​​មួយនេះ ​នឹងផ្ដល់នូវ​កម្មវិធី​​អប់រំមួយប្រកប​​ដោយ​វឌ្ឍនភាព ​និង​ចំគោលដៅ​ នៅក្នុងកម្រិត​​ទូទៅ​ មួយ​ដែលប្រហាក់ប្រហែល​​នឹងសាលាឯកជន​នានា​។ វិទ្យាល័យនេះ​ នឹងបំពេញតម្រូវ​​ការ​ផ្នែកទីធ្លាសម្រាប់​កា​រសិក្សារៀន​​សូត្រ​ប្រកប​ដោយ​សុវត្ថិភាព​​ ការអភិវឌ្ឍធនធាន​គ្រូបង្រៀន​ និងបច្ចេកវិទ្យាឌីជីថល​ ព្រមទាំងផ្ដល់ជាមជ្ឈមណ្ឌល​សម្រាប់​សហគមន៍​ក្នុងស្រុក​។​ កត្តាទាំងអស់​​ដែល​មាននៅក្នុងកា​រអប់រំ​ជាន់ខ្ពស់ ​នឹងស្វែងរក​វិថី​ដ៏រាបស្មើឆ្ពោះ​ទៅរកការទទួល​​បាន​សញ្ញាបត្រ​ផ្នែកវិទ្យាសាស្ត្រ​​ វិស្វកម្ម​​ និង​​​បច្ចេកវិទ្យា ​និង​ឆ្លើយ​តបទៅ​នឹង​តម្រូវការ​ដ៏ខ្ពស់​​នៃបរិស្ថាន​ការងារ​។​

លោកស្រី​ ​Tracy France ​ប្រធានផ្នែកអប់រំនៃសាលាថ្មីនេះ​បានប្រសាសន៍ដែរថា សាលាដែលនឹង​បើក​ដំណើរការ​ថ្មី​នេះ អាចចាត់ទុកថា ជាសាលាមួយលំដាប់ខ្ពស់ និងទី១នៅកម្ពុជា សម្រាប់កា​រអប់រំ​បែបខ្ពស់ ដោយមាន​កម្មវិធីល្អៗ ប្រកបដោយគុណភាព ហើយសិស្ស​ដែលរៀនពូកែយើងក៏អាច​រកដាក់ពាក្យជូនពួកគាត់​ដើម្បីបន្តការ​សិក្សា​នៅក្រៅស្រុកដូចជាអាមេរិកជាដើម ។ ចំពោះ​គ្រូបង្រៀន​នៅក្នុងសាលា​នេះ យើង​មានទាំងគ្រូបរទេស និងគ្រូជនជាតិខ្មែរ ដែលមានបទពិសោធក្នុងការ​អប់រំដើម្បីអោយសិស្ស​ដែលរៀននៅសាលា​នេះ​មានសមត្ថភាពពិត​ៗ ។

គួរបញ្ជាក់ថា សាលារៀនដែលអង្គការ​មូលនិធិកុមារកម្ពុជា គ្រោងនឹង​សាងសង់​ឡើង​នេះ ចំណាយទឹកប្រាក់​ប្រមាណ៤លានដុល្លារ​មិនគិតថ្លៃដីសាងសង់ មានកំពស់​៥ជាន់ ដែលអាច​អោយសិស្សរៀន​បានចន្លោះពី៣០០ទៅ៣៥០នាក់ ក្នុងជំហ៊ានដំបូង ។ សម្រាប់សិស្ស​ដែលចូលរៀនក្នុងសាលានេះ ត្រូវជាសិស្ស​ដែលក្រីក្រ​គ្មានលទ្ធភាពផ្គត់ផ្គង់ការរៀន​សូត្រ និងជាសិស្ស​ដែល​មាន​ចិត្ត​ចង់រៀន​សូត្រ​ពិតប្រាកដ​ ។

បច្ចុប្បន្ននេះអង្គការ​មូលនិធិកុមារកម្ពុជា​​ បានជួយកុមារក្រីក្រកម្ពុជា​បានចំនួន​២.៣០០នាក់​ ហើយនឹង​បន្តជួយជាបបន្តបន្ទាប់ទៀត ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative