បើកវគ្គបណ្តុះ​បណ្តាល​ពីវិធីសាស្ត្រ​ត្រួតពិនិត្យ​គុណភាព​ឱសថតាមរយៈ​MINILAB

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល​ សហការ​ជាមួយគណៈកម្មការ​ប្រយទ្ធប្រឆាំង​ផលិតផល​ក្លែង​​​ក្លាយ​ ដែលបង្ក​គ្រោះថ្នាក់​មានហានិភ័យ​ខ្ពស់ដល់​សុខភាព ​និង​សុវត្តិភាពសង្គម បានបើកវគ្គ​បណ្តុះបណ្តាល​ពីវិធីសាស្ត្រត្រួតពិនិត្យ​គុណភាព​ឱសថតាមរយៈ​ MINILAB​ ក្នុងគោលបំណង​ចូលរួមចំណែក​ក្នុងការលើកកំពស់​ធនធានមនុស្ស ​នៅប្រទេសកម្ពុជា​ឲ្យមាន​លទ្ធភាព​ប្រឆាំង​ទប់ស្កាត់ នឹង​ឱសថក្លែង​ក្លាយ​ ឱសថ​អន់គុណភាណ​ និង​ឱសថក្លែងបន្លំ​​ ដែលធ្វើឲ្យ​ប៉ះពាល់ដល់​សុខភាព ​ប្រជនជន​កម្ពុជាធ្ងន់ធ្ងរ​។

2វគ្គបណ្តុះបណ្តាល​នេះ​មានរយៈ​ពេល២ថ្ងៃ​គឺចាប់ពី​ថ្ងៃទី២៦​ដល់​​​ថ្ងៃ​ទី២៧​​ឧសភា​​ ឆ្នាំ​២០១៥ ក្រោម​​អធិបតីភាព​​លោកសាស្ត្រាចារ្យ​ ធា គ្រុយ ​រដ្ឋលេខា​​ធិការ​ក្រសួង​សុខភិបាល​ និង​លោក​ ប៉ុក ម៉ាន់នី​ អនុរដ្ឋលេខា​ធិការ​ក្រសួង​យុត្តិធម៌​ និង​ជាអនុប្រធាន​គណៈកម្មការ​ប្រយទ្ធប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ ដែលបង្ក​គ្រោះថ្នាក់​​មាន​ហានិភ័យ​​ខ្ពស់​ ​ដល់សុខភាព​ និង​​សុវត្តិភាព​សង្គម​ដោយមាន​សិក្ខា​កាម​ចូលរួម​ចំនួន៧០នាក់​។

លោកសាស្ត្រាចារ្យ ​សាផុន វឌ្ឍនៈ ​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​មានប្រសាសន៍​ថា​ កន្លង​មក​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ធ្លាប់បាន​បើកសិក្ខាសាលា​ និង​បើកវគ្គបណ្តុះ​បណ្តាល​ផ្សេងៗ​ទាក់ទិននឹងឱសថ​។ ដោយឡែកវគ្គ​បណ្តុះបណ្តាល​ស្តីពីវិធីសាស្ត្រ​ត្រួតពិនិត្យ​គុណភាពឱសថ​ តាមរយៈ​ MINILAB ​នេះ​គឺជាលើកទី២​ ដោយមាន​សិក្ខាកាមចំនួន​៧០នាក់​ ចូលរួមដែលជានិស្សិត​សាកលវិទ្យាល័យ ​និង​មកពីគណៈកម្មការ​ប្រយទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ដែលបង្កគ្រោះ​ថ្នាក់មានហានិភ័យ​ខ្ពស់ដល់សុខភាព​ និង​សុវត្តិភាពសង្គម​។ លោក​សាស្ត្រាចារ្យ​ បានបន្តថា​គោលបំណង​នៃវគ្គបណ្តុះ​បណ្តាល​នាពេលនេះ​ គឺដើម្បី​ចូលរួមចំណែក​ក្នុងការលើក​កំពស់ធនធាន​មនុស្ស​នៅប្រទេសកម្ពុជា​ ឲ្យមានលទ្ធភាព​ប្រឆាំង​ទប់ស្កាត់​នឹងឱសថក្លែងក្លាយ​ឱសថ​អន់គុណភាព និង​ឱសថ​ក្លែងបន្លំ​ដែលធ្វើ​ឲ្យប៉ះពាល់​ដល់សុខភាព​ប្រជាជន​កម្ពុជា​ធ្ងន់ធ្ងរតាម​រយៈការ​បំពញសមត្ថភាព​​ដល់និស្សិត​ និងមន្ត្រី​មកពីក្រសួងមហា​ផ្ទៃ​អាច​ប្រើប្រាស់​តេស្ត​បឋម​ MINILAB ​ក្នុងការវិភាគគុណភាព​ឱសថ។

លោកសាស្ត្រាចារ្យ​ ធា គ្រុយ​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា​បានចាត់ទុកវិស័យសុខាភិបាល​ ជាវិស័យ​អាទិភាព និង​បានយកចិត្ត​ទុកដាក់ខ្ពស់​ក្នុងការកាត់​បន្ថយភាព​ក្រីក្រ​ របស់ប្រជាជន​កម្ពុជា​ ​តាមរយៈការ​លប់បំបាត់​ឱសថក្លែងក្លាយ ​និងសេវាសុខភិបាល​ខុសច្បាប់​។ ក្នុងនោះ​រដ្ឋាភិបាល ​បានសំរេច​បង្កើតគណៈកម្មកាធិការ​អន្តរក្រសួងលុប​បំបាត់​ឱសថ​ក្លែង​ក្លាយ​ និងសេវាសុខាភិបាល​ខុសច្បាប់​កាល​ ពីថ្ងៃទី២៩​ ខែសីហា ​ឆ្នាំ២០០៥​។ ជាងនេះ​ទៅទៀត​ថ្មីៗ​នេះ​ កាលពីថ្ងៃទី​១៦​ ខែ​មករា ​ឆ្នាំ២០១៥​ ក្រសួងសុខាភិបាល​សហកា​រជាមួយ​ក្រសួង​មហាផ្ទៃ ​បានដាក់​ចេញនូវ​យុទ្ធសាស្ត្រ​ក្នុងការគ្រប់គ្រង​នូវគុណភាព​សេវាកម្ម​ និងវិធានការ​លប់បំបាត់​ផលិតផល​សុខាភិបាល​ខុសច្បាប់ ​និងសេវាសុខាភិបាល​ខុសច្បាប់​ ដើម្បីការពារ​ និង​លើក​កំពស់សុខភាព​សាធារណៈ​សុវត្តិភាព​ និង​កាត់បន្ថយភាព​ក្រីក្រ​របស់ប្រជាពលរដ្ឋ​ស្របតាមកម្មវិធី​នយោបាយ​ របស់​រាជ​រដ្ឋាភិបាល​។

លោកសាស្ត្រាចារ្យ​ ធា គ្រុយ ​បានបន្ថែមថា​«ក្នុងគោលដៅរួម​ក្នុងប្រឆាំង​នឹងឱសថ​ក្លែងក្លាយ​ ការកសាង​ធនធាន​មនុស្ស​ដែលមានសមត្ថភាព​ក្នុងការត្រួត​ពិនិត្យឱសថក្លែងក្លាយ​ទាំងនោះជា​កក្តាចាំបាច់បំផុត​»។ ​លោកសាស្រ្តាចារ្យ​បញ្ជាក់ថា​ ក្រសួង​សុខាភិ​បាន​យកចិត្តទុកដាក់បំ​ផុតលើការកសាង​ធនធានមនុស្ស​លើវិស័យសុខាភិបាល​ប្រកបដោយ​សមត្ថភាពខ្ពស់​។

លោក​រដ្ឋលេខាធិការ ​បានឲ្យដឹងទៀតថា​«ក្នុងនាមក្រសួង​សុខាភិបាល​ខ្ញុំសូមលើក​ទឹកចិត្តដល់សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្នុងការរៀបចំការ​បណ្តោះបណ្តាល​ទាំងនេះ​បន្តទៀត​ ដើម្បីពង្រឹង​នូវសមត្ថភាព​របស់ក្មួយៗ​និស្សិត​ ក៏ដូចជា​មន្ត្រីរាជការ​ផ្សេងៗ ​ដែលធ្វើការងារ​ការប្រយុទ្ធ​ប្រឆាំង​នឹងឱសថក្លែងក្លាយនេះ​»។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative